គោ​ក្របី​ងាប់​ចំនួន​១៥​ក្បាល​នៅ​ខេត្ត​កណ្ដាល

នៅ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​កន្លង​មក​នេះ មាន​សត្វ​គោ ក្របី​បាន​ងាប់​រាប់​សិប​ក្បាល​នៅ​ក្នុង​ខែត្រ​កណ្ដាល ដែល​ធ្វើ​ឲ្យ​ប្រជា​កសិករ​មាន​ក្ដី​បារម្ភ​ចំពោះ​គោ ក្របី​របស់​ពួក​គាត់។
ដោយ ទីន ហ្សាការីយ៉ា
2010-10-31
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
គោ​ដែល​ជា​មធ្យោបាយ​អូស​ទាញ​ដ៏​សំខាន់ ក្នុង​របរ​ស្រែ​សម្រាប់​កសិករ
គោ​ដែល​ជា​មធ្យោបាយ​អូស​ទាញ​ដ៏​សំខាន់ ក្នុង​របរ​ស្រែ​សម្រាប់​កសិករ
Photo courtesy of travelpod.com

មន្ត្រី​ពេទ្យ​សត្វ​ប្រចាំ​ឃុំ​សន្លុង​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​៣១ តុលា ថា​គោ ក្របី​រាប់​ពាន់​ក្បាល​បាន​ឈឺ​ឆ្លង​រាតត្បាត និង​ងាប់​ជាង ១៥​ក្បាល​នៅ​ក្នុង​ឃុំ​មួយ​ចំនួន ក្នុង​ស្រុក​ខ្សាច់​កណ្ដាល ខែត្រ​កណ្ដាល ដោយ​សន្និដ្ឋាន​ថា​ជា​ជំងឺ​សារទិក និង​ជំងឺ​អុត​ក្ដាម។

លោក គយ គួក ពេទ្យ​សត្វ​នៅ​ឃុំ​សន្លុង បាន​មាន​ប្រសាសន៍​ថា នៅ​ខែ​តុលា​នេះ គោ និង​ក្របី​បាន​ងាប់​ជា​បន្ត​បន្ទាប់ ដោយ​សារ​ព្យាបាល​មិន​ទាន់ ដែល​កើត​មាន​ស្ទើរ​តែ​នៅ​គ្រប់​ឃុំ ក្នុង​ស្រុក​ខ្សាច់​កណ្ដាល។ លោក គយ គួក បាន​បន្ថែម​ថា កន្លង​មក​ខាង​ក្រសួង​កសិកម្ម​បាន​ផ្ដល់​វ៉ាក់សាំង​ការពារ​ជំងឺ​សារទិក រី​ឯ​ជំងឺ​អុត​ក្ដាម ក្រសួង​មិន​ទាន់​ផ្ដល់​ជួន​នៅ​ឡើយ ហើយ​គោ និង​ក្របី​បាន​កើត​ជំងឺ​អុត​ក្ដាម​ច្រើន​ជាង​គេ ៖ «ខ្លះ​វា​ចេញ​មក របៀប​ហៀរ​ទឹក​មាត់ ក្រោយ​មក​វា​មាន​ចេញ​ដំបៅ​លើ​គល់​ចុង​អណ្ដាត ហើយ​វា​ចាប់​ផ្ដើម​តាម​ស្បែង​ជើង​វា ចេញ​ដំបៅ​តាម​ស្បែក​ហ្នឹង ទី​ពីរ​រោគ​សញ្ញា​ខ្លះ​វា​ចេញ​ជា​ទល់​ពោះ ហើយ​ពោះ​វា​ចេញ​ទឹក​មាត់​ដូច​គ្នា»

អ្នក​ភូមិ​មួយ​ចំនួន​នៅ​ក្នុង​ឃុំ​វិហារ​សួគ៌ និង​ឃុំ​សន្លុង បាន​សម្ដែង​ការ​ព្រួយ​បារម្ភ​ថា ពួក​គាត់​ប្រកប​របរ​កសិកម្ម ពឹង​អាស្រ័យ​លើ​គោ និង​ក្របី​សម្រាប់​ភ្ជួរ​រាស់ និង​អូស​រទេះ ប៉ុន្តែ​គោ​ឈឺ និង​ងាប់​នេះ បាន​បណ្ដាល​ឲ្យ​ពួក​គាត់​មាន​ការ​លំបាក​ក្នុង​ការ​ប្រកប​មុខ​របរ​កសិកម្ម ហើយ​គ្មាន​លទ្ធភាព​ទិញ​គោ ឬ​ក្របី​វិញ​ទេ ៖ «ងាប់​ជិត​អស់​ក៏​មាន​ដែរ អា​មិន​ទាន់​ងាប់​ហ្នឹង​ឈឺ​បន្ត​ទៀត (ស្រី) ក្របី​ខ្ញុំ​ចាក់​ថ្នាំ​ទាន់​ហ្នឹង​អត់​អី​ទេ តែ​វា​នៅ​ដើរ​អត់​រួច វា​ឈឺ​ជើង​ចង់​ល្បើក​ក្រចក​អ៊ីចឹង»

លោក គយ គួក បាន​បន្ថែម​ថា លោក​បាន​ស្នើ​សុំ​វ៉ាក់សាំង​សម្រាប់​ចាក់​គោ និង​ក្របី ពី​ការិយាល័យ​កសិកម្ម​ស្រុក​សន្លុង​កន្លង​មក ប៉ុន្តែ​គេ​មិន​ទាន់​បាន​ផ្ដល់​ជួន​នៅ​ឡើយ។ លោក​បញ្ជាក់​ថា ជំងឺ​អុត​ក្ដាម ជា​ជំងឺ​មួយ​ដែល​កើត​រាល​ដាល​ទៅ​លើ​គោ និង​ក្របី ស្ទើរ​តែ​ទាំង​អស់​នៅ​ក្នុង​ស្រុក​ខ្សាច់​កណ្ដាល ហើយ​ចំពោះ​ជំងឺ​សារទិក​មិន​សូវ​កើត​មាន​ច្រើន​ទេ។ ហើយ​ថ្នាំ​ព្យាបាល​ផ្សេងៗ លោក​បាន​ទិញ​ពី​ខាង​ក្រៅ ដើម្បី​យក​ទៅ​ព្យាបាល​គោ ប៉ុន្តែ​ចំពោះ​គោ​ណា​ព្យាបាល​មិន​ទាន់ គឺ​បណ្ដាល​ឲ្យ​ងាប់​ភ្លាមៗ ៖ «ថ្នាំ​ដែល​ត្រូវ​ការ​ទប់​ស្កាត់​ជា​មុន​អត់​មាន ហើយ​យើង​ខ្ញុំ​បាន​ស្នើ​សុំ​ទៅ​បណ្ដា​ឃុំ​ទាំង​អស់ សូម​ឲ្យ​ក្រសួង​កសិកម្ម​ឲ្យ​ជួយ​ធ្វើ​វ៉ាក់សាំង​អុត​ក្ដាម​ហ្នឹង»

វិទ្យុ​អាស៊ី​សេរី​បាន​ព្យាយាម​ទាក់​ទង​ទៅ​លោក តាំង ឡេង ជា​ប្រធាន​ពេទ្យ​សត្វ​ស្រុក ទទួល​បន្ទុក​កសិកម្ម​ស្រុក​ខ្សាច់​កណ្ដាល ជា​ច្រើន​លើក​តាម​ទូរស័ព្ទ​នៅ​ថ្ងៃ​ទី​៣១ តុលា ប៉ុន្តែ​គ្មាន​អ្នក​លើក​ទូរស័ព្ទ។

មេ​ឃុំ​វិហារសួគ៌ លោក ឈិន ឈាន ក៏​បាន​សំដែង​នូវ​ការ​ព្រួយ​បារម្ភ​ផង​ដែរ ចំពោះ​ករណី​គោ ក្របី​ឈឺ​នេះ ហើយ​លោក​ក៏​បាន​ស្នើ​ទៅ​ខាង​អភិបាល​ស្រុក ដើម្បី​ឲ្យ​ជួយ​រក​មធ្យោបាយ​ទប់​ស្កាត់​អំពី​ជំងឺ​អុត​ក្ដាម និង​ជំងឺ​សារទិក​នេះ​ដែរ ប៉ុន្តែ​មិន​ទាន់​មាន​ដំណោះ​ស្រាយ​នៅ​ឡើយ។

ទោះ​ជា​យ៉ាង​ណា មន្ត្រី​ពេទ្យ​សត្វ​ដដែល បាន​អះអាង​ថា អ្នក​ភូមិ​ក្នុង​ស្រុក​ខ្សាច់​កណ្ដាល​បាន​ចិញ្ចឹម​គោ ក្របី​ក្នុង​ឃុំ​នីមួយៗ មាន​ចន្លោះ​ពី ១៧​ពាន់​ក្បាល ទៅ​២​ពាន់​ក្បាល ដែល​គោ ក្របី​ទាំង​នេះ​កំពុង​ឆ្លង​ជំងឺ​អុត​ក្ដាម​ពី​មួយ​ទៅ​មួយ។

កាល​ពី​ពេល​ថ្មីៗ នេះ សត្វ​គោ ក្របី​នៅ​ក្នុង​ខែត្រ​កំពង់​ចាម និង​ខែត្រ​ក្រចេះ រាប់​រយ​ក្បាល​ក៏​កើត​ជំងឺ​អុត​ក្ដាម​ដូច​គ្នា​នេះ​ដែរ ប៉ុន្តែ​គ្មាន​ប្រភព​ណា​មួយ​បញ្ជាក់​ថា គោ ក្របី​កើត​ជំងឺ​ទាំង​នេះ បណ្ដាល​មក​ពី​អ្វី​ពិត​ប្រាកដ​នោះ​ទេ៕

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល