គណបក្ស​ប្រជាជន​បង្កើត​បណ្ដាញ​ប្រតិកម្ម​រហ័ស​នៅ​តាម​ខេត្ត​ក្រុង

ប្រភព​ពី​ទីស្ដីការ​គណៈ​រដ្ឋមន្ត្រី​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៨ ខែ​ឧសភា ថា គណបក្ស​ប្រជាជន​កម្ពុជា​គ្រោង​នឹង​បង្កើត​ក្រុម​ប្រតិកម្ម​រហ័ស​នៅ​តាម​បណ្ដា​ខេត្ត​នានា។
ដោយ មុំ សុផុន
2010-05-18
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
អ្នកគាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​នាំគ្នា​ដង្ហែ​ក្បួន​ដើម្បី​ឃោសនា​រក​សំឡេង​ឆ្នោត​សម្រាប់​ការបោះឆ្នោត​ឃុំ​សង្កាត់​កាលពី​ខែ​មេសា ២០០៧។
អ្នកគាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​នាំគ្នា​ដង្ហែ​ក្បួន​ដើម្បី​ឃោសនា​រក​សំឡេង​ឆ្នោត​សម្រាប់​ការបោះឆ្នោត​ឃុំ​សង្កាត់​កាលពី​ខែ​មេសា ២០០៧។
RFA file photo

លោក ទឹត្យ សុធា មន្ត្រី​នាំ​ពាក្យ​អង្គភាព​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស​របស់​ទីស្ដីការ​គណៈរដ្ឋមន្ត្រី មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា ក្រុម​ប្រតិកម្ម​រហ័ស​របស់​គណបក្ស​ប្រជាជន​កម្ពុជា គឺ​មាន​យូរ​មក​ហើយ ដើម្បី​ប្រមូល​ទំនាក់​ទំនង​ព័ត៌មាន និង​ការ​បំភ្លឺ​ដល់​មហាជន ឲ្យ​ដឹង​អំពី​ផែនការ​អភិវឌ្ឍន៍​របស់​រដ្ឋាភិបាល និង​បំភ្លឺ​ដល់​សាធារណ​ជន​ទាក់ទង​នឹង​មតិ​អវិជ្ជមាន​ប៉ះពាល់​ដល់​កិត្យានុភាព​រដ្ឋាភិបាល ដែល​មិន​មាន​ការពិត​នោះ។

លោក ទឹត្យ សុធា បាន​បញ្ជាក់​ថា ៖ «ប្រតិកម្ម​រហ័ស​របស់​គណបក្ស​ប្រជាជន​នោះ គឺ​មាន​នៅ​ជា​ច្រើន​កន្លែង​នៅ​តាម​ខេត្ត​មួយ​ចំនួន​ហើយ គឺ​មាន​យូរ​ហើយ សម្រាប់​ចលនា​យុវជន​របស់​គណបក្ស​ប្រជាជន ដែល​គេ​ធ្វើ​ដើម្បី​នឹង​ធ្វើ​ការ​ទាក់ទង​នូវ​ការ​ផ្សព្វផ្សាយ​ព័ត៌មាន ពង្រីក​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ហ្នឹង​ឲ្យ​បាន​ទូលំ​ទូលាយ។ ប៉ុន្តែ​ខ្ញុំ​គ្រាន់​តែ​ដឹង​ថា នេះ​គឺ​គេ​មាន​ហើយ​សម្រាប់​ពង្រឹង​ស្មារតី​នៃ​ទំនាក់​ទំនង​ផ្លាស់​ប្ដូរ​ព័ត៌មាន​រវាង​យុវជន និង​ថ្នាក់​មូលដ្ឋាន ថ្នាក់​ក្រោម​ជាតិ​ហ្នឹង ដើម្បី​ធ្វើ​ការ​ផ្សព្វផ្សាយ​នូវ​ព័ត៌មាន​ទាំង​ឡាយ​ណា​ដែល​បម្រើ​ឲ្យ​ផល​ប្រយោជន៍​នយោបាយ​របស់​គណបក្ស​ប្រជាជន និង​នយោបាយ​របស់​រាជ​រដ្ឋាភិបាល ដែល​បាន​និង​កំពុង​ធ្វើ ដែល​ជា​ទិសដៅ​មួយ​ក្នុង​ការ​ចូលរួម​ចំណែក​អភិវឌ្ឍ​ប្រទេស​ជាតិ»

ការ​បង្កើត​នេះ​ត្រូវ​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស សម រង្ស៊ី រិះគន់​ដោយ​លើក​ឡើង​ថា រដ្ឋាភិបាល​គួរ​តែ ​ដោះស្រាយ​ដោយ​ផ្ទាល់​ចំពោះ​ការ​ប្រឈម​មុខ​របស់​ប្រជា​ពលរដ្ឋ ដូច​ជា​វិបត្តិ​ដី​ធ្លី ការ​បំផ្លាញ​ធនធាន​ធម្មជាតិ និង​បញ្ហា​អំពើ​ពុក​រលួយ​ជាដើម ជាជាង​បង្កើត​អង្គភាព​មួយ​ដើម្បី​ឆ្លើយ​តប​ការ​រិះគន់​របស់​ក្រុម​អង្គការ​សង្គម​ស៊ីវិល ក្រុម​បក្ស​ប្រឆាំង និង​ម្ចាស់​ជំនួយ។

លោក យឹម សុវណ្ណ អ្នក​តំណាង​រាស្ត្រ និង​ជា​អ្នក​នាំ​ពាក្យ​របស់​គណបក្ស សម រង្ស៊ី ផង​នោះ មាន​ប្រសាសន៍​ដូច្នេះ ៖ «វា​មិន​មែន​ជា​ការ​ដោះស្រាយ​ឫស​គល់​ពិត​ប្រាកដ​ទេ! យើង​ដឹង​ថា ប្រទេស​កម្ពុជា​យើង​ជួប​ប្រទះ​នូវ​បញ្ហា​ពុក​រលួយ ជួប​ប្រទះ​នូវ​បញ្ហា​ដី​ធ្លី ការ​បំផ្លិច​បំផ្លាញ​ធនធាន​ធម្មជាតិ ភាព​ក្រី​ក្រ​របស់​ប្រជា​ពលរដ្ឋ។ អា​នេះ​ជា​បញ្ហា​ពិត​ប្រាកដ​ដែល​រដ្ឋាភិបាល​ត្រូវតែ​យក​ចិត្ត​ទុក​ដាក់​ដោះស្រាយ​ឲ្យ​បាន​ឆាប់​ជា​ទី​បំផុត ព្រោះ​បើ​សិន​ជា​បណ្ដែត​បណ្ដោយ​ឲ្យ​បញ្ហា​ហ្នឹង​កាន់​តែ​ជ្រៅ​ទៅ យើង​មិន​អាច​ដោះស្រាយ​ភាព​ក្រី​ក្រ​ជូន​ពលរដ្ឋ​យើង​បាន​ទេ! ហើយ​វិបត្តិ​ដី​ធ្លី​ហ្នឹង​កាន់​តែ​ខ្លាំង​ឡើង​ៗ ហើយ​យើង​មិន​ទាន់​គិត​ទៅ​ដល់​វិបត្តិ​សង្គម​ផ្សេង​ៗ​ទៀត។ យើង​ត្រូវ​សិក្សា​ឫស​គល់​ទាំង​អស់​ហ្នឹង ហើយ​ទទួល​ស្គាល់​ការ​ពិត ត្រូវតែ​ដោះស្រាយ!»

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល