គ្រួសារ​ខ្មែរ​កម្ពុជា​ក្រោម​ត្រូវ​គេ​គំរាម​ដេញ​ចេញ​ពី​ភូមិ​នៅ​បន្ទាយមានជ័យ

មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា មាន​តួនាទី​ជា​ប្រធាន​មណ្ឌល​នៅ​សង្កាត់​ផ្សារ​កណ្ដាល ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ រង​ការ​ចោទ​ប្រកាន់​ថា បាន​គំរាម​បណ្ដេញ​ខ្មែរ​កម្ពុជា​ក្រោម​មួយ​គ្រួសារ​ចេញ​ពី​ភូមិ។
ដោយ សួន សុផលមុន្នី
2012-06-12
Share

ការ​គំរាម​កំហែង​នេះ គឺ​ដោយ​សារ​តែ​គ្រួសារ​ខ្មែរ​កម្ពុជា​ក្រោម​នោះ ជា​សកម្មជន​គណបក្ស​ប្រឆាំង និង​បាន​ធ្វើ​សកម្មភាព​ឃោសនា​ឲ្យ​គណបក្ស សម រង្ស៊ី កាល​ពី​អំឡុង​ពេល​យុទ្ធនា​ការ​ឃោសនា​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់ ដែល​ទើប​បាន​បញ្ចប់​ទៅ​កាល​ពី​ពេល​ថ្មីៗ​នេះ។

លោក លី យ៉ាន អាយុ ៣៥​ឆ្នាំ ជា​សកម្មជន​គណបក្ស សម រង្ស៊ី មាន​ដើម​កំណើត​ខ្មែរ​កម្ពុជា​ក្រោម​នៅ​ភូមិ​ប្រជា​ធម្ម សង្កាត់​ផ្សារ​កណ្ដាល ក្រុង​ប៉ោយប៉ែត។ លោក​ថ្លែង​នៅ​ថ្ងៃ​ទី​១១ ខែ​មិថុនា ថា​ នៅ​ថ្ងៃ​ទី​៥ ខែ​មិថុនា លោក អ៊ុន ប៊ុនណា ជា​ប្រធាន​មណ្ឌល​នៅ​សង្កាត់​ផ្សារ​កណ្ដាល​បាន​ចុះ​ទៅ​ផ្ទះ​អ្នក​ភូមិ​ជិត​ខាង​មួយ​គ្រួសារ ឈ្មោះ ពៅ ហើយ​បាន​ហៅ​លោក​ទៅ​ជួប។ លោក អ៊ុន ប៊ុនណា បាន​សួរ​ដោយ​សម្ដី​អសុរោះ​ថា តើ​គណបក្ស សម រង្ស៊ី ហ្នឹង​ឲ្យ​ស្អី​ខ្លះ? រស់​នៅ​សព្វ​ថ្ងៃ​នេះ។

ក្រោយ​មក លោក លី យ៉ាន ត្រូវ​បាន​គេ​គំរាម​ដក​ប័ណ្ណ​ក្រីក្រ​ថែម​ទៀត។ ការ​គំរាម​នេះ​បាន​ធ្វើ​ឡើង​តាម​មិត្តភ័ក្ដិ លោក លី យ៉ាន ម្នាក់​ឈ្មោះ រ៉ន។ លុះ​ដល់​រសៀល​ថ្ងៃ​ទី​១០ ខែ​មិថុនា លោក យ៉ាន បាន​យក​ប័ណ្ណ​ក្រីក្រ​នោះ​ទៅ​ប្រគល់​ឲ្យ លោក អ៊ុន ប៊ុនណា៖ «ខ្ញុំ​ក៏​យក​ប័ណ្ណ​ក្រីក្រ​ហ្នឹង​ទៅ​ឲ្យ​ប្រធាន​មណ្ឌល​ហ្នឹង ខ្ញុំ​ថា​ឥឡូវ​បង​ឯង​ចង់​ដក​ប័ណ្ណ​ក្រីក្រ​ខ្ញុំ បង​ឯង​មិន​ចាំ​បាច់​ចុះ​មក​ដល់​ផ្ទះ​ខ្ញុំ​ទេ ខ្ញុំ​យក​ប័ណ្ណ​ក្រីក្រ​ហ្នឹង​ទៅ​ឲ្យ​បង​អ្ហែង​ផ្ទាល់ គេ​ឆ្លើយ​មក គេ​ថា អញ​មិន​ដក​របស់​អ្ហែង​ទេ ចាំ​ដាច់​អាណត្តិ​ចាំ​អញ​ដក​របស់​ឯង»

លោក​បន្ត​ថា លោក អ៊ុន ប៊ុនណា បាន​ចាប់​យក​ប័ណ្ណ​ក្រីក្រ​ពី​លោក ទៅ​បោះ​ចោល​ទៅ​លើ​ដី។ លោក​ខឹង​ពេក ក៏​ស្ដី​ថា អាណា​ក៏​ដូច​អាណា​ដែរ។ សំដី​នេះ​ហើយ ដែល​ធ្វើ​ឲ្យ​ក្រុម​គ្រួសារ លោក អ៊ុន ប៊ុនណា ចេញ​ពី​ផ្ទះ​មក​ព្រោង​ព្រាត​ប្រុង​ប្រើ​អំពើ​ហិង្សា​ទៅ​លើ​លោក​ទៀត៖ «ឲ្យ​ខ្ញុំ​រើ​ផ្ទះ​ចេញ​ទៅ ព្រោះ​អី​ម្ចាស់​ដី​ហ្នឹង​គេ​ឲ្យ​ខ្ញុំ​ចេញ​ហើយ គេ​អត់​អោយ​យើង​នៅ​ហ្នឹង​ទេ គេ​ឲ្យ​យើង​នៅ​ហ្នឹង​ទេ គេ​ឲ្យ​យើង​ទៅ​រក​នៅ​ណា​នៅ​ទៅ ខ្ញុំ​សព្វ​ថ្ងៃ​ទៅ​អូស​រទេះ បាន​មួយ​ថ្ងៃ ១០០ ទៅ ២០០​បាត មក​ចិញ្ចឹម​កូន​ កូន ៦ និង​ប្អូន​កំព្រា មក​នៅ​ជា​មួយ​ខ្ញុំ​ហ្នឹង ៣​នាក់​ទៀត ហើយ​បើ​ឲ្យ​ខ្ញុំ​រើ​ទៅ ឲ្យ​ទៅ​នៅ​ឯណា ដី​នៅ​ឯណា ពិបាក​ណាស់»

វិទ្យុ​អាស៊ី​សេរី នៅ​មិន​ទាន់​អាច​សុំ​សេចក្ដី​បញ្ជាក់​បញ្ហា​នេះ​ពី លោក អ៊ុន ប៊ុនណា ជា​ប្រធាន​មណ្ឌល​ នៅ​សង្កាត់​ផ្សារ​កណ្ដាល និង​ជា​មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ទេ។

លោក គី គឹមសេង ប្រធាន​គណៈកម្មាធិការ​រៀបចំ​ការ​បោះ​ឆ្នោត​ខេត្ត​បន្ទាយមានជ័យ យល់​ឃើញ​ថា ប្រជាពលរដ្ឋ​មាន​សិទ្ធិ​ជ្រើស​រើស​គ្រប់​គណបក្ស​នយោបាយ។ ករណី​នេះ ប្រធាន​មណ្ឌល​មិន​អាច​ទៅ​គំរាម​កំហែង​ប្រជាពលរដ្ឋ​បាន​នោះ​ទេ។

លោក​ស្រី ឃុន ចាន់ទី ដែល​ទើប​ជាប់​ឆ្នោត​ជា​ចៅ​សង្កាត់​រង សង្កាត់​ប៉ោយប៉ែត មក​ពី​គណបក្ស សម រង្ស៊ី បាន​ថ្លែង​ថា ករណី​នេះ ជា​ការ​រើស​អើង​គណបក្ស​នយោបាយ​មួយ នៅ​ក្នុង​ប្រទេស​កម្ពុជា៖ «សិទ្ធិ​នៃ​ការ​ជ្រើស​រើស​របស់​ប្រជាពលរដ្ឋ គាត់​ជា​ខ្មែរ​កម្ពុជា​ក្រោម​មែន ប៉ុន្តែ​គាត់​ជា​ប្រជាពលរដ្ឋ​ ខ្មែរ គាត់​មាន​សិទ្ធិ​រើស​គណបក្ស​នយោបាយ​ណា​ដែល​គាត់​ពេញ​ចិត្ត ហើយ​ប្រទេស​យើង​មាន​រដ្ឋធម្មនុញ្ញ ប្រទេស​មួយ​ដែល​សេរី​ពហុបក្ស មិន​អាច​មក​គាប​សង្កត់​គំរាម​កំហែង​លើ​គណបក្ស​ណា​ដែល​គាត់​មិន​ពេញ​ចិត្ត​ទេ មិន​អាច​ទេ»

ប្រធាន​សម្រប​សម្រួល​សមាគម អាដហុក ប្រចាំ​ខេត្ត​បន្ទាយមានជ័យ លោក ស៊ុម ច័ន្ទគា បាន​ថ្លែង​ថា ភ្នាក់​ងារ​របស់​រដ្ឋាភិបាល​បាន​យក​យន្តការ​សិទ្ធិ​មនុស្ស​អន្តរជាតិ​មក​អនុវត្ត​នៅ​ក្នុង​ប្រទេស​កម្ពុជា មាន​គោល​ដៅ​ជួយ​ការពារ​ផល​ប្រយោជន៍​ប្រជាពលរដ្ឋ។ ករណី​នេះ ជា​ការ​រើស​អើង​ខាង​ផ្នែក​នយោបាយ និង​ជា​ការ​គំរាម​កំហែង​ទៅ​សិទ្ធិ​ធ្វើ​នយោបាយ​របស់​ប្រជាពលរដ្ឋ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល