អ្នក​ភូមិ​សុំ​ឲ្យ​សិទ្ធិ​មនុស្ស​ជួយ​រក​យុត្តិធម៌​ក្នុង​ករណី​ចាប់​មនុស្ស​៣​នាក់

បុរស​ជា​អ្នក​ភូមិ​ពីរ​នាក់​បាន​មក​ដល់​ការិយាល័យ​សមាគម​អាដហុក ខេត្ត​រតនគិរី នៅ​ព្រឹក​ថ្ងៃ​១៥ ឧសភា​នេះ ប្រយោជន៍​សុំ​ឲ្យ​ស្ថាប័ន​ការពារ​សិទ្ធិ​មនុស្ស​មួយ​នេះ​ជួយ​អន្តរាគមន៍​រក​យុត្តិធម៌​ឲ្យ​កូន​ចៅ​របស់​គាត់ ដោយ​អះអាង​ថា មាន​ការ​ចាប់​ខ្លួន និង​ឃុំ​ខ្លួន​ដោយ​អយុត្តិធម៌។
ដោយ រដ្ឋា វីសាល
2010-05-16
អ៊ីម៉ែល
មតិ
Share
បោះពុម្ព

បុរស​អ្នក​ភូមិ​រូប​នោះ​មាន​ឈ្មោះ ដាំ ឌិន និង​ឈ្មោះ ឃុត វ៉ា រស់​នៅ​ឃុំ​ត្រពាំងក្រហម ស្រុក​កូនមុំ ខេត្ត​រតនគិរី រៀបរាប់​ថា កូន​គាត់​ទើប​ត្រឡប់​ពី​ខេត្ត​កំពង់ចាម​មក​លេង​ផ្ទះ​បាន​ពីរ​យប់ ក៏​ត្រូវ​កង​រាជ​អាវុធ​ហត្ថ​មួយ​ក្រុម​នៅ​ស្រុក​កូនមុំ​ចាប់​ខ្លួន​កូន​ប្រុស​គាត់​ពីរ​នាក់ និង​កូន​អ្នក​ភូមិ​ជាមួយ​គ្នា​ម្នាក់ ទាំង​កណ្ដាល​អធ្រាត្រ កំពុង​ដេក​លក់​លើ​ផ្ទះ​អ្នក​ជិត​ខាង ហើយ​ឃុំ​ខ្លួន​ប្រមាណ ៤​ថ្ងៃ ទើប​តុលាការ​សម្រេច​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​ខេត្ត​បន្ត​ទៀត ៖ «មនុស្ស​កំពុង​តែ​ដេក​លក់​ដាក់​ខ្នោះ។ ទះ​កំផ្លៀង​កូន​ខ្ញុំ​មួយ​ដៃ ហើយ​និង​ឆក់​ទៀត! ខ្ញុំ​ចង់​សួរ​ថា តើ​កំហុស​ហ្នឹង​វា​ធ្លាក់​ទៅ​ដល់​កម្រិត​ណា? ហើយ​ភស្តុតាង​នៅ​កន្លែង​ណា? ខ្ញុំ​ថា អត់​ត្រឹមត្រូវ អ៊ីចឹង​បាន​ខ្ញុំ​តវ៉ា!»

មេបញ្ជាការ​កង​រាជ​អាវុធ​ហត្ថ​ស្រុក​កូនមុំ លោក ទុយ គឹមហួន មាន​ប្រសាសន៍​ថា ក្រុមហ៊ុន​ចិន​ឈ្មោះ សៀងហៃ សាង​សង់​ផ្លូវ​ជាតិ​នៅ​តំបន់​នោះ​បាន​ប្ដឹង​ពី​ករណី​មាន​ក្រុម​ចោរ​បាន​លួច​បូម​ប្រេង​ពី​រថយន្ត និង​ស៊ីទែន ហើយ​ពេល​ខ្លះ​ក៏​មាន​ការ​ប្រើប្រាស់​អាវុធ​គំរាម​បុគ្គលិក​ក្រុមហ៊ុន​នៅ​វេលា​យប់​ជា​ញឹកញាប់។

លោក​បន្ត​ថា នៅ​យប់​កើត​ហេតុ​ក្រុមហ៊ុន​ចិន​បាន​ដេញ​ចាប់​ចោរ​ដែល​ចូល​លួច​ប្រេង​ទៀត ហើយ​សមត្ថកិច្ច​លោក​បាន​សហការ​ដេញ​តាម​ក្រុម​ចោរ ក៏​ប្រទះ​ឃើញ​ប៊ីដុង​ជ័រ​ដាក់​ប្រេង​ចំនួន​ពីរ នៅ​មុខ​ផ្ទះ​ដែល​យុវជន​ទាំង​បី​ដេក និង​ដោយ​មាន​ម្ចាស់​ផ្ទះ​យល់​ព្រម​នោះ ទើប​អាវុធ​ហត្ថ​ហៅ​ជន​សង្ស័យ​ទាំង​បី​ដើម្បី​សាកសួរ និង​ឃាត់​ខ្លួន​ពួក​គេ ៖ «សាក្សី​បញ្ជាក់​គឺ​ម្ចាស់​ផ្ទះ​ហ្នឹង។ហេតុការណ៍​ទាំង​អស់​គាត់​អ្នក​ផ្ដល់​ឲ្យ»

ឈ្មោះ វ៉ា វ៉ាន់ដា អាយុ ១៩​ឆ្នាំ, ឈ្មោះ ឌិន ឆៃ អាយុ ២៣​ឆ្នាំ និង​ឈ្មោះ ឆេង គង្គា អាយុ ១៩​ឆ្នាំ ពួក​គេ​គឺ​ជា​កម្មករ​នៅ​ស្រុក​សួង ខេត្ត​កំពង់ចាម ទើប​មក​លេង​ផ្ទះ​ពី​ថ្ងៃ​ទី​១០ ខែ​ឧសភា ឆ្នាំ​២០១០ ត្រូវ​សមត្ថកិច្ច​ចាប់​ខ្លួន​កាល​ពី​វេលា​ម៉ោង ១១​យប់ ថ្ងៃ​ទី​១០ ខែ​ឧសភា ហើយ​នាំ​មក​ឃុំ​ខ្លួន​នៅ​បញ្ជា​ការដ្ឋាន​កង​រាជ​អាវុធ​ហត្ថ​ខេត្ត រហូត​ដល់​ថ្ងៃ​ទី​១៤ ខែ​ឧសភា ឆ្នាំ​២០១០ ទើប​សមត្ថកិច្ច​អយ្យការ​សម្រេច​ឲ្យ​ឃុំ​ខ្លួន​បណ្ដោះ​អាសន្ន​នៅ​ពន្ធនាគារ​ខេត្ត​បន្ត​ទៀត ពី​បទ​ប្លន់។

ព្រះរាជអាជ្ញា​រង​អម​តុលាការ​ខេត្ត​រតនគិរី លោក រស់ សារ៉ាំ មាន​ប្រសាសន៍​ថា ក្រុម​អាវុធ​ហត្ថ​អនុវត្ត​ត្រឹមត្រូវ​តាម​នីតិ​វិធី​ឃាត់​ខ្លួន និង​ឃុំ​ខ្លួន ហើយ​ដោយសារ​លោក​ពិនិត្យ​ឃើញ​មាន​វត្ថុ​តាង​ដាក់​បន្ទុក​លើ​ជន​ជាប់​ចោទ​បាន ទើប​សម្រេច​ឲ្យ​ឃុំ​ខ្លួន​បណ្ដោះ​អាសន្ន​ដើម្បី​ចៅក្រម​ស៊ើបសួរ​បន្ត​នីតិ​វិធី។

លោក រស់ សារ៉ាំ បាន​បញ្ជាក់​ថា ៖ «គេ​បញ្ជូន​មក​តុលាការ​ត្រឹម​រយៈ​ពេល ៤៨​ម៉ោង​នៃ​ការ​ឃាត់​ខ្លួន​ហ្នឹង​ណា៎! យើង​គ្រាន់​តែ​ធ្វើ​ការ​ឃុំ​ខ្លួន​គាត់​បណ្ដោះ​អាសន្ន​សិន ហើយ​យើង​នឹង​ធ្វើ​ការ​ស៊ើប​អង្កេត»

អ្នក​សម្រប​សម្រួល​សមាគម​អាដហុក ខេត្ត​រតនគិរី លោក ប៉ែន ប៊ុណ្ណារ៍ មាន​ប្រសាសន៍​ថា ការ​អង្កេត​បឋម​របស់​លោក​ឃើញ​មាន​ភាព​មិន​ប្រក្រតី​ខ្លះ ទាក់ទិន​នឹង​នីតិ​វិធី​ចាប់​ខ្លួន ពីព្រោះ​មិន​មាន​ភស្តុតាង​សមរម្យ​សម្រាប់​ការ​ចាប់​ឃាត់​ខ្លួន​នោះ​ទេ។

លោក​បន្ត​ថា នឹង​ធ្វើ​កិច្ច​អន្តរាគមន៍​ការ​តវ៉ា​របស់​ក្រុម​គ្រួសារ​ជន​ជាប់​ចោទ និង​ជួយ​ស្នើ​សុំ​មេធាវី​សម្រាប់​រឿង​ក្ដី​នេះ ៖ «វា​ហាក់​ដូច​មិន​មែន​ជា​បទល្មើស​ជាក់ស្ដែង! គួរ​ណាស់​តែ​ខាង​កង​រាជ​អាវុធ​ហត្ថ​ហ្នឹង​ស្រាវជ្រាវ​បន្ត​ទៀត មុន​នឹង​ធ្វើ​ការ​ចាប់​ខ្លួន។ ចៀសវាង​ដាក់​កំហុស​ទៅ​លើ​ជន​សង្ស័យ​ហ្នឹង»

សាក្សី​ជា​ភរិយា​ម្ចាស់​ផ្ទះ​ដែល​យុវជន​ទាំង​បី​នាក់​ដេក មាន​ឈ្មោះ ឡែន ចាន់រឿង មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា យុវជន​ទាំង​បី​បាន​មក​ដល់​ផ្ទះ​គាត់​នៅ​វេលា​ម៉ោង​ប្រមាណ ៨ ទៅ ៩​យប់ ហើយ​បន្ទាប់​មក​មាន​អ្នក​ភូមិ​មួយ​ក្រុម​ទៀត​មាន​គ្នា ៤​នាក់​បាន​មក​ដល់​ក្រោយ ក៏​បបួល​គ្នា​ទិញ​ស្រា​ផឹក​ជាមួយ​ប្ដី​គាត់ ហើយ​ស្រវឹង​ដេក​នៅ​ទី​នោះ។ ចំណែក​ក្រុម ៤​នាក់​មក​ក្រោយ​ក៏​ចេញ​បាត់​ទៅ ហើយ​បន្តិច​ក្រោយ​មក​ក៏​ឃើញ​ក្រុមហ៊ុន​ចិន និង​អាវុធ​ហត្ថ​មក​ដល់​ផ្ទះ​គាត់ និង​ចាប់​យុវជន​ទាំង​បី​នាក់​នោះ​ទៅ៕

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល