មន្ត្រី​គយ​ច្រក​បឹងត្រកួន​រង​ការ​ចោទ​ថា​ជំរិត​ប្រាក់​ពី​អ្នក​ភូមិ​ក្រីក្រ

ក្រុម​អ្នក​ភូមិ​ក្រីក្រ​ដែល​ប្រកប​របរ​ដឹក​ទំនិញ​បន្តិច​បន្តួច​ឆ្លង​ដែន​ទៅ​លក់​ក្នុង​ប្រទេស​ថៃ បាន​ចោទ​មន្ត្រី​គយ​ប្រចាំ​ច្រក​បឹងត្រកួន ក្នុង​ឃុំ​គោករមៀត ស្រុក​ថ្មពួក ខេត្ត​បន្ទាយមានជ័យ ថា បាន​ជំរិត​ទារ​លុយ​ពី​ពួក​គេ​ទើប​អនុញ្ញាត​ឲ្យ​ដឹក​ទំនិញ​ចូល​ក្នុង​ទឹក​ដី​ថៃ​បាន។
ដោយ សួន សុផលមុន្នី
2010.01.17
ព្រំដែន ឧត្ដរមានជ័យ ៣០៥ ក្មេង​ស្រី​អូស​រទេះ​ផ្លែ​ឈើ​ខណៈ​ម្ដាយ​រុញ​ពី​ក្រោយ ចេញ​ពី​ទឹក​ដី​ថៃ​តាម​ច្រក​ជាំស្រងាំ ក្នុង​ស្រុក​អន្លង់វែង ខែត្រ​ឧត្ដរមានជ័យ។
RFA/Hang Savyouth

ថ្លែង​ប្រាប់​វិទ្យុ​អាស៊ីសេរី​នា​ព្រឹក​អាទិត្យ ទី​១៧ ខែ​មករា អ្នក​ភូមិ​ខ្មែរ​ទាំង​នោះ​បាន​បញ្ជាក់​ថា គយ​ប្រចាំ​ស្នាក់ការ​ច្រក​បឹងត្រកួន​បាន​ជំរិត​ទារ​លុយ​ពី​ក្រុម​អ្នក​ភូមិ​ដែល​ដឹក​ទំនិញ​តិចតួច​ចេញ​ចូល​ទឹក​ដី​ខ្មែរ​ថៃ។

ក្រុម​អ្នក​ភូមិ​ដដែល​បាន​ឲ្យ​ដឹង​ថា ៖ «ខាង​គយ​គ្រាន់​តែ​គ្នា​ដឹក​ទឹក​សុទ្ធ​យក​មក​ផឹក​ផង យក​មក​លក់​តិចតួច លក់​នៅ​មុខ​ផ្ទះ​ជជុះ​តិចតួច​ក៏​តាក់សេ។ អា​ដឹក​ធ្យូង​លក់​ទៅ​ថៃ​បួន​ប្រាំ​បាវ បួន​ដប់​បាវ​ហ្នឹង ក៏​តាក់សេ។ ធ្វើ​បាប​ប្រជាពលរដ្ឋ បើ​ទៅ​សុំ​វា​ស៊ី វា​មិន​ឲ្យ​ស៊ី។ គ្នា​ដឹក​តិចតួច​យក​ទៅ​ចំណេញ​១​បាវ ៥​បាត ១០​បាត វា​ថា "តាក់សេ ១​បាវ ៥​បាត បើ​មិន​បង់​ឲ្យ​អញ អញ​មិន​ឲ្យ​ចេញ!"»

លោក ជា ប៊ុនថន ប្រធាន​ស្នាក់ការ​គយ​ប្រចាំ​ច្រក​បឹងត្រកួន បាន​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​របស់​ក្រុម​អ្នក​ភូមិ។ លោក​បញ្ជាក់​ថា មន្ត្រី​លោក​មិន​បាន​ទារ​លុយ​កាក់​ទេ។

លោក ជា ប៊ុនថន បាន​អះអាង​ថា ៖ «អត់​មាន​បញ្ហា​អ៊ីចឹង​ផង គ្រាន់​តែ​មាន​ការ​ណែនាំ​ប្រជាពលរដ្ឋ​ចេញ​ចូល​បើ​ថា រកស៊ី​ឲ្យ​មាន​ការ​បង់​ពន្ធ​ខ្លះ»

លោក ឌួន ឌុល មេ​ឃុំ​គោករមៀត បាន​មាន​ប្រសាសន៍​ថា មន្ត្រី​គយ​នៅ​ច្រក​បឹងត្រកួន​មាន​ការ​ទារ​លុយ​កាក់​ពិត​ប្រាកដ​មែន។ លោក​បញ្ជាក់​ថា សូម្បី​តែ​រូប​លោក​ជា​មេ​ឃុំ​ទិញ​លូ​ពី​ស្រុក​ថៃ​ចំនួន ១០០​លូ​មក​ដាក់​តាម​ផ្លូវ​នៅ​ផ្សារ​បន្ទាយមានឫទ្ធិ ដើម្បី​រំដោះ​ទឹក ក៏​គយ​ទារ​ឲ្យ​បង់​លុយ​ចំនួន ១​លាន​រៀល​ដែរ។

លោក ឌួន ឌុល បាន​បញ្ជាក់​ថា ៖ «លូ​ទាំងអស់​វា​ចូល​ខ្ទង់ ១០០​កង់​ដែរ ដូច្នេះ​ពេល​ដែល​ខ្ញុំ​សុំ​គេ​ចេញ​មក គេ​យក​លុយ ប៉ុន្តែ​ខ្ញុំ​ត្រៀម​ឯកសារ​ឲ្យ​គាត់​ស៊ីញ៉េ ព្រោះ​ខ្ញុំ​ចាយ​លុយ​នេះ​ជា​លុយ​បដិភាគ​របស់​ពលរដ្ឋ។ ខ្ញុំ​ត្រូវតែ​មាន​ឯកសារ បើ​ពលរដ្ឋ​គាត់​សួរ ខ្ញុំ​មាន​ឯកសារ​សម្រាប់​តម្កល់»

លោក នូ យ៉ត់ ប្រធាន​គណៈកម្មការ​ច្រក​បឹងត្រកួន បាន​មាន​ប្រសាសន៍​ទទួល​ស្គាល់​ថា មន្ត្រី​គយ​បាន​ទារ​លុយ​ដូច​ការ​ចោទ​របស់​ក្រុម​អ្នក​ភូមិ​មែន។ លោក​បញ្ជាក់​ថា កន្លង​មក​លោក​បាន​ធ្វើ​ការ​ហាម​ឃាត់​ដែរ តែ​ក្រុម​គយ​មិន​ស្តាប់។

លោក នុ យ៉ត់ បាន​ថ្លែង​ថា ៖ «គឺ​ខ្ញុំ​បាន​ផ្សព្វផ្សាយ​ហើយ អ្វី​ដែល​បន្តិច​បន្តួច ហាម​ដាច់ខាត​កុំ​ឲ្យ​ប៉ះពាល់ ប៉ុន្តែ​អ្វី​ដែល​ខុស​ឆ្គង គេ​ចេះ​តែ​ប្រព្រឹត្ត​ទៅ។ អ៊ីចឹង​ខ្ញុំ​ជឿជាក់​ថា វា​មាន​យក​មែន ប៉ុន្តែ​ឆ្នាំ​បន្ទាប់​នេះ​ខ្ញុំ​នឹង​ពង្រឹង​ការងារ​ហ្នឹង​ឲ្យ​បាន​ល្អ​ថែម​ទៀត»

សមាគម​ការពារ​សិទ្ធិ​មនុស្ស អាដហុក បាន​ចាត់ទុក​ករណី​ខាង​លើ​នេះ​ថា ជា​ការ​រំលោភ​សិទ្ធិ​សេដ្ឋកិច្ច។ លោក ស៊ុម ចាន់គា បាន​ស្តី​បន្ទោស​ថា ៖ «អ៊ីចឹង​ហើយ យើង​គិត​ថា នេះ​ជា​ករណី​រំលោភ​សិទ្ធិ​មនុស្ស​ទាក់ទង់​ទៅ​លើ​សិទ្ធិ​សេដ្ឋកិច្ច​ដែល​គាត់​ត្រូវការ​ចាំបាច់​ចិញ្ចឹម​ជីវិត»

លោក​បាន​ជំរុញ​ឲ្យ​លោក អ៊ុង អឿន អភិបាល​ខេត្ត​បន្ទាយមានជ័យ ជួយ​អន្តរាគមន៍​ចំពោះ​មន្ត្រី​គយ​ប្រចាំ​ច្រក​បឹងត្រកួន​ដែល​បាន​ជំរិត​ទារ​លុយ​ពី​ប្រជាពលរដ្ឋ​នេះ។

កន្លង​ទៅ​ថ្មីៗ​នេះ ក្រុម​មន្ត្រី​គយ​ប្រចាំ​ច្រក​បឹងត្រកួន​ត្រូវ​បាន​ក្រុម​អ្នក​រកស៊ី​ដឹក​ស្រូវ​ឆ្លង​ចូល​ទឹក​ដី​ថៃ​ចោទ​ថា បាន​យក​លុយ​ជា​ច្រើន​ម៉ឺន​រៀល ប៉ុន្តែ​ពុំ​មាន​ធ្វើ​វិក្កយបត្រ​ដើម្បី​បង្វិល​លុយ​ទាំង​នោះ​ចូល​ជា​ថវិកា​រដ្ឋ​ទេ៕

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។