ភរិយាលោក ជា វិជ្ជា ទាមទាររកយុត្តិធម៌ជូនស្វាមី
2012.01.21
រយៈពេល ៨ឆ្នាំបានកន្លងផុតទៅហើយ ប៉ុន្តែភាពរន្ធត់ និងភាពសោកសៅនៃក្រុមគ្រួសាររបស់លោក ជា វិជ្ជា មេដឹកនាំសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា ដែលត្រូវឃាតកបាញ់សម្លាប់កាលពីឆ្នាំ២០០៤ នោះ នៅតែដក់ជាប់ក្នុងអារម្មណ៍របស់ពួកគេគ្រប់វិនាទី នៅពេលយុត្តិធម៌នៅមិនទាន់ត្រូវបានគេផ្ដល់ឲ្យនោះ។
អ្នកស្រី ជា គឹមនី ជាភរិយារបស់លោក ជា វិជ្ជា កំពុងរស់នៅក្នុងប្រទេសហ្វាំងឡង់ (Finland) ជាមួយកូនស្រីតូចៗពីរនាក់។ កូនស្រីច្បងអាយុ ១០ឆ្នាំ រៀនថ្នាក់ទី៤ ហើយកូនស្រីប្អូន អាយុ ៧ឆ្នាំ។
អ្នកស្រី ជា គឹមនី មានប្រសាសន៍ទាំងអួលដើមកត្អូញត្អែរអំពីសុខភាពទន់ខ្សោយរបស់អ្នកស្រី និងកូនស្រីច្បងរបស់អ្នកស្រី ដែលអ្នកទាំងពីរកំពុងមានវិបត្តិផ្លូវចិត្ត និងជំងឺតានតឹងក្នុងអារម្មណ៍ធ្ងន់ធ្ងរ បង្កឲ្យមានការឈឺចុកចាប់ទាំងកាយ ទាំងចិត្ត។
អ្នកស្រីមានប្រសាសន៍បន្តថា បើទោះបីជាសុខភាពរបស់អ្នកស្រីទន់ខ្សោយយ៉ាងណាក៏ដោយ ក៏អ្នកស្រីនៅតែខិតខំព្យាយាមបីបាច់ថែរក្សាកូនស្រីទាំងពីរឲ្យបានល្អតាមបណ្ដាំប្ដីរបស់អ្នកស្រី។
កូនស្រីច្បងរបស់លោក ជា វិជ្ជា បាននិយាយតាមទូរស័ព្ទនឹកឃើញកាលពេលឪពុករបស់ខ្លួននៅរស់ តែងនាំទៅលេងកន្លែងធ្វើការ និងទៅតូបលក់កាសែតក្បែរវត្តលង្កា។
លោក ជា វិជ្ជា ត្រូវបានជនមិនស្គាល់មុខបាញ់សម្លាប់កណ្ដាលទីក្រុងភ្នំពេញ កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០០៤ ក្រោយពីលោករងការគំរាមកំហែងតាមទូរស័ព្ទជាច្រើនដង ដោយសារលោកបានការពារសិទ្ធិរបស់កម្មករពីការជិះជាន់ ធ្វើបាបដោយថៅកែរោងចក្រកាត់ដេរជាច្រើននៅកម្ពុជា។
កាលពីឆ្នាំ២០០៤ កម្ពុជា ជាប្រទេសមួយក្នុងចំណោមប្រទេសដែលនាំចេញផលិតផលសំលៀកបំពាក់ធំជាងគេក្នុងពិភពលោក។ រោងចក្ររាប់រយត្រូវបានបង្កើតដោយក្រុមហ៊ុនវិនិយោគទុនបរទេសដែលជួលកម្មករខ្មែរក្រីក្ររាប់ម៉ឺននាក់ ភាគច្រើនជានារីពីតាមជនបទស្រែចំការ។
របាយការណ៍របស់អង្គការពលកម្មពិភពលោក កាលពីឆ្នាំ២០០៥ បង្ហាញថា នៅអំឡុងឆ្នាំ២០០៤ សហរដ្ឋអាមេរិក គឺជាទីផ្សារធំជាងគេដែលទិញផលិតផលសំលៀកបំពាក់ពីកម្ពុជា មានតំលៃ ២ពាន់លានដុល្លារក្នុង១ឆ្នាំៗ ខណៈកម្មករអាចទទួលប្រាក់ខែបានត្រឹមតែ ៤៥ ទៅ ៥០ដុល្លារក្នុង១ខែប៉ុណ្ណោះ។
លោក ជា វិជ្ជា ត្រូវបានកម្មករប្រសិទ្ធិនាមឈ្មោះជា វីរជនកម្មករ ដែលទាមទារការដំឡើងប្រាក់ខែសមរម្យដល់ពួកគេ។ លោកអាចហៅកម្មកររាប់ម៉ឺននាក់ឲ្យចេញធ្វើបាតុកម្មអហិង្សាតាមដងផ្លូវដោយពុំចាំបាច់សុំការអនុញ្ញាត។
បើទោះបីជាលោកបានចែកឋានទៅហើយក៏ដោយ ក៏កិត្តិនាម និងកិត្តិយសរបស់លោកសម្រាប់មជ្ឈដ្ឋានជាតិ និងអន្តរជាតិ នៅតែដក់ជាប់សម្រាប់បុព្វហេតុទាមទារសិទ្ធិសេរីភាព និងការរស់នៅសមរម្យរបស់កម្មករខ្មែរក្រីក្រដដែល។
ក្រៅពីឃាតកម្មទៅលើលោក ជា វិជ្ជា ប្រធានសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជានោះ នៅឆ្នាំ២០០៧ សមាជិករបស់លោក ២រូបទៀត គឺលោក ហ៊ី វុទ្ធី និងលោក រស់ សុវណ្ណារ៉េត ក៏ត្រូវបានឃាតកបាញ់សម្លាប់ផងដែរ។ រហូតមកទល់សព្វថ្ងៃសមត្ថកិច្ចកម្ពុជា នៅមិនទាន់អាចនាំខ្លួនជនដៃដល់ទាំងនោះយកមកផ្ដន្ទាទោសបាននោះឡើយ។
លោក ជា មុនី ដែលជាប្រធានសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា ស្នងតំណែងពីបងប្រុសរបស់លោក គឺលោក ជា វិជ្ជា នោះ មានប្រសាសន៍ថា រដ្ឋាភិបាលកម្ពុជា ជាអ្នកនៅពីក្រោយខ្នងឃាតកដែលសម្លាប់ក្រុមមេដឹកនាំសហជីពទាំងនោះ។ ប៉ុន្តែមន្រ្តីជាន់ខ្ពស់របស់រដ្ឋាភិបាលកម្ពុជា បានបដិសេធចំពោះការចោទប្រកាន់របស់លោក ជា មុនី ដោយបញ្ជាក់ថា សមត្ថកិច្ចកម្ពុជា នៅបន្តចាត់វិធានការតាមផ្លូវច្បាប់ក្នុងបញ្ហានេះ។
អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោកឧត្តមសេនីយ៍ ខៀវ សុភ័គ មានប្រសាសន៍ថា នគរបាលកម្ពុជា នៅមិនទាន់បិទការស៊ើបអង្កេតករណីលោក ជា វិជ្ជា លោក រស់ សុវណ្ណារ៉េត និងលោក ហ៊ី វុទ្ធី នោះឡើយ។
ទោះបីជាយ៉ាងណាក៏ដោយ លោក ជា មុនី មានប្រសាសន៍ថា ចំលើយរបស់លោក ខៀវ សុភ័គ គ្រាន់តែជាការឆ្លើយដោះសា ហើយថា រដ្ឋាភិបាលបានបិទករណីនេះទុកមិនចាត់ការ។
ប៉ុន្តែលោក ផៃ ស៊ីផាន អ្នកនាំពាក្យនៃទីស្ដីការគណៈរដ្ឋមន្ត្រី មានប្រសាសន៍ថា រដ្ឋាភិបាលកម្ពុជា មិនបានព្រងើយកន្តើយក្នុងការតាមចាប់ជនដៃដល់យកមកផ្ដន្ទាទោសតាមផ្លូវច្បាប់នោះឡើយ ហើយថា ការសង្ស័យណាមួយដែលថា រដ្ឋាភិបាលជាអ្នកនៅពីក្រោយខ្នងនៃឃាតកម្មលោក ជា វិជ្ជា នោះ មានតែតុលាការទេ ដែលអាចកំណត់ និងរកយុត្តិធម៌លើបញ្ហានេះបាន។
នៅក្រោយឃាតកម្មលោក ជា វិជ្ជា បន្តិច គេឃើញសមត្ថកិច្ចក្រុងភ្នំពេញ ដែលកាលណោះដឹកនាំដោយលោក ហេង ពៅ អតីតស្នងការនគបាល បានចាប់ឃាតកសិប្បនិមិត្តពីររូប ឈ្មោះ ប៊ន សំណាង និង សុខ សំអឿន ពីទីកន្លែងខុសគ្នា។
ក្រុមការពារសិទ្ធិមនុស្សឲ្យដឹងថា អ្នកពីរត្រូវបានសមត្ថកិច្ចបង្ខំឲ្យឆ្លើយសារភាពថា ជាអ្នកសំលាប់លោក ជា វិជ្ជា ហើយក្រោយមកតុលាការក្រុងភ្នំពេញ បានកាត់ទោសអ្នកទាំងពីរឲ្យជាប់ពន្ធនាគាររយៈពេល ២០ឆ្នាំ។
នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០០៨ តុលាការកំពូលបានសម្រេចដោះលែង ប៊ន សំណាង និង សុខ សំអឿន ឲ្យនៅក្រៅឃុំជាបណ្តោះអាសន្ន ហើយស្នើឲ្យសាលាឧទ្ធរណ៍បើកការស៊ើបអង្កេតបន្ត។
នៅពាក់កណ្ដាលខែមករា ឆ្នាំ២០០៩ អង្គការការពារសិទ្ធិមនុស្សលីកាដូ (Licadho) បានរាយការណ៍ថា ការចោទប្រកាន់ និងឃុំឃាំងអ្នកទាំងពីររយៈពេលជិតប្រាំឆ្នាំថា បានសំលាប់លោក ជា វិជ្ជា នោះ គឺជាការចោទប្រកាន់ដ៏ខុសឆ្គងជាទីបំផុត។
បើទោះបីជាមានការឃុំឃាំងមនុស្សរយៈពេលជិតប្រាំឆ្នាំធ្វើឲ្យអ្នកទាំងពីរខូចអនាគតយ៉ាងណាក៏ដោយ ក៏រហូតមកទល់ពេលនេះ គេនៅមិនទាន់ឃើញសមត្ថកិច្ច និងតុលាការកម្ពុជា ទទួលខុសត្រូវចំពោះការកាត់ទោសមិនត្រឹមត្រូវនោះឡើយ។
ប្រធានអង្គការលីកាដូ អ្នកស្រី ពុង ឈីវកេក បានអំពាវនាវឲ្យអាជ្ញាធរខ្មែរបន្តចាត់វិធានការតាមចាប់ជនដៃដល់ពិតប្រាកដឲ្យបាន ដើម្បីកុំឲ្យនិទណ្ឌភាព ឬអំពើគ្មានទោសពៃរ៍នៅកម្ពុជា មានកម្រិតធំធេង ដែលអាចបណ្ដាលឲ្យច្បាប់របស់ប្រទេសលែងមានប្រសិទ្ធភាព និងខ្វះការជឿទុកចិត្តពីមហាជន។
ចាប់តាំងពីឆ្នាំ១៩៩៨ មក គេសង្កេតឃើញឧក្រិដ្ឋកម្មធំៗនៅកម្ពុជា ទៅលើតារាភាពយន្ត តារាចម្រៀង ប្រធាន និងសមាជិកសហជីពកម្មករ អ្នកកាសែត ព្រះសង្ឃ និងសកម្មជននយោបាយជាច្រើន ដែលសមត្ថកិច្ចកម្ពុជា នៅមិនទាន់បានចាប់ជនដៃដល់យកមកផ្ដន្ទាទោសតាមផ្លូវច្បាប់នោះឡើយ៕