មេធាវី​ការពារ​ជន​ជាប់​ចោទ​បដិសេធ​ឯកសារ​ប្រើ​ក្នុង​សំណុំ​រឿង​០០២

ដំណើរការ​សវនាការ​សាលាដំបូង​នៃ​សាលាក្ដី​ខ្មែរ​ក្រហម សម្រាប់​សំណុំរឿង​លេខ ០០២ បាន​ឈាន​ចូល​ដល់​លើក​ទី ១៥ ហើយ និង​បាន​ពិភាក្សា​គ្នា​ជា​សំខាន់​លើ​ឯកសារ​ភស្តុតាង ដែល​ដាក់​ដោយ​ភាគី​នានា តើ​ឯកសារ​ទាំង​នេះ​អាច​ទទួល​យក​បាន ឬ​ក៏​មិន​អាច​ទទួល​យក​បាន​ទេ។
ដោយ ឡេង ម៉ាលី
2012-01-16
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
អតីត​មេ​ដឹក​នាំ​ជាន់​ខ្ពស់​ខ្មែរ​ក្រហម លោក នួន ជា (ខាង​ឆ្វេង ជ្រុង​ខាង​លើ) លោក អៀង សារី (ខាង​ស្ដាំ ជ្រុង​ខាង​លើ) លោកស្រី អៀង ធីរិទ្ធ (ខាង​ឆ្វេង ជ្រុង​ខាង​ក្រោម) និង​លោក ខៀវ សំផន (ខាង​ស្ដាំ ជ្រុង​ខាង​ក្រោម)
អតីត​មេ​ដឹក​នាំ​ជាន់​ខ្ពស់​ខ្មែរ​ក្រហម លោក នួន ជា (ខាង​ឆ្វេង ជ្រុង​ខាង​លើ) លោក អៀង សារី (ខាង​ស្ដាំ ជ្រុង​ខាង​លើ) លោកស្រី អៀង ធីរិទ្ធ (ខាង​ឆ្វេង ជ្រុង​ខាង​ក្រោម) និង​លោក ខៀវ សំផន (ខាង​ស្ដាំ ជ្រុង​ខាង​ក្រោម)
AFP PHOTO/POOL

ក្នុង​សវនាការ​សាលាដំបូង​នៃ​សាលាក្ដី​ខ្មែរក្រហម នៅ​ថ្ងៃ​ទី ១៦ មករា ឆ្នាំ ២០១២ ក្រុម​មេធាវី​ការពារ​ក្ដី​របស់​ជន​ជាប់​ចោទ នួន ជា ខៀវ សំផន និង អៀង សារី ជា​អតីត​មេ​ដឹកនាំ​ជាន់​ខ្ពស់​ខ្មែរក្រហម មិន​ទទួល​យក​ឯកសារ ដែល​បាន​ប្រើ​នៅ​ក្នុង​សំណុំរឿង ០០២ ទេ។

ការ​ជំទាស់​របស់​ក្រុម​មេធាវី​ការពារ​ក្ដី​ឱ្យ​ជន​ជាប់​ចោទ គឺ​សំដៅ​ឯកសារ​ភស្តុតាង ដែល​បាន​ពី​ការ​និពន្ធ និង​ស្រាវជ្រាវ​របស់​អ្នក​ជំនាញ ហើយ​ភាគ​ច្រើន​បំផុត គឺ​បាន​មក​ពី​ប្រធាន​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា គឺ​លោក ឆាំង យុ ដែល​ផ្ដល់​មក​សាលាក្ដី​ខ្មែរក្រហម សម្រាប់​ចោទ​ប្រកាន់​ជន​ជាប់​ចោទ​ក្នុង​សំណុំ​រឿង ០០២។

មេធាវី​ការពារ​ក្ដី​បាន​ចោទ​ជា​ចំណោទ​មួយ​ចំនួន​ដូច​ជា​ថា តើ​ឯកសារ​ទាំង​នេះ​ប្រមូល​មក​ដោយ​របៀប​ណា? តើ​ធ្វើ​ដូច​ម្ដេច ឬ​មាន​អ្វី​ដែល​អាច​បញ្ជាក់​ច្បាស់​ថា ចំណារ​ផ្សេងៗ ជា​របស់​ខ្មែរ​ក្រហម​ជា​ដើម ។ល។

តាម​រយៈ​អ្នក​បកប្រែ មេធាវី​អន្តរជាតិ​របស់​លោក នួន ជា បាន​ទាមទារ​ថា៖ «ឆាំង យុ ត្រូវ​តែ​មក​បង្ហាញ​ខ្លួន ដើម្បី​ឱ្យ​ភាគី​ទាំង​អស់​សួរ​ដេញដោល ឱ្យ​ឆ្លើយ​ពី​បរិបទ​សំខាន់​នេះ។ ប្រសិន​បើ​គាត់​មិន​បាន​មក​ទេ អង្គ​ជំនុំជម្រះ​គប្បី​កោះ​ហៅ​គាត់។ បើ​គាត់​មិន​មក​ទៀត គឺ​ថា​អ្វីៗ ចេញ​ពី ឌី.ស៊ី.ខែម (DC-Cam= មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា) មិន​អាច​ចាត់​ទុក​ថា ជា​ភស្តុតាង​យក​មក​ដេញដោល ឬ​ក៏​យក​មក​ប្រើ​ជា​មូលដ្ឋាន​របស់​តុលាការ ដើម្បី​ដេញដោល​ធ្វើ​ជា​ភស្តុតាង​នៃ​រឿង​ក្ដី​នោះ​ឡើយ»

លោក​មេធាវី​ថ្លែង​ថា ឯកសារ​ដែល​បាន​ដាក់​នៅ​ចំពោះ​មុខ​អង្គ​ជំនុំ​ជម្រះ​សុទ្ធ​តែ​មាន​បំណង​ដាក់​ថា ភស្តុតាង​ចោទ​ប្រកាន់​ជន​ជាប់​ចោទ នួន ជា និង​ជន​ជាប់​ចោទ​ផ្សេង​ទៀត​ក្នុង​ឧក្រិដ្ឋកម្ម​នៃ​សំណុំ​រឿង ០០២។

មេធាវី​ជន​ជាប់​ចោទ នួន ជា គឺ​លោក ម៉ៃឃើល ផេសមេន (Michiel Pestman) ថ្លែង​ថា លោក​ជំទាស់​ទៅ​នឹង​ឯកសារ ដែល​ចោទ​ប្រកាន់​កូន​ក្ដី​របស់​លោក រាប់​ទាំង​ឯកសារ​ទង់​បដិវត្តន៍​ផង។

មេធាវី​អន្តរជាតិ​របស់​ជន​ជាប់​ចោទ អៀង សារី គឺ​លោក ម៉ៃឃើល កាណាវ៉ាស (Michael Karnavas) បាន​បន្ថែម​ថា ភាគី​សហ​ព្រះរាជ​អាជ្ញា សម្អាង​តែ​លើ​ឯកសារ​របស់​លោក ឆាំង យុ នៃ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា សម្រាប់​ការងារ​របស់​ខ្លួន៖ «យុ ឆាំង ជា​ប្រធាន​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​ គាត់​ក៏​បាន​ធ្វើ​យថាភាព ហើយ​និង​ភាព​អាច​ទទួល​យក​បាន​លើ​ឯកសារ​មួយ​ចំនួន ដែល​ប្រឆាំង​លើ​កូន​ក្ដី​របស់​ខ្ញុំ ដែល​រាប់​បញ្ចូល​ទាំង​ទង់​បដិវត្តន៍ ដែល​បង្ហាញ​កូន​ក្ដី​របស់​ខ្ញុំ។ រី​ឯ​ការ​ទទួល​ស្គាល់​ឯកសារ​នេះ​នៅ​តុលាការ ត្រូវ​បញ្ជាក់​ចេញ​ពី​មជ្ឈមណ្ឌល ឌី.ស៊ី.ខែម ត្រូវ​តែ​បញ្ជាក់​ដោយ ឆាំង យុ»

លោក​ថា ឯកសារ​ភស្តុតាង​ខ្លះ គឺ​បាន​មក​ពី​ការ​ថ្លែង ឬ​សេចក្ដី​ប្រកាស​របស់​ជន​ជាប់​ចោទ ជាមួយ​អ្នក​កាសែត ឬ​អ្នក​និពន្ធ​នានា ដែល​លោក​ចាត់​ទុក​ថា ជា​ការ​មិន​ត្រឹម​ត្រូវ ហើយ​គួរ​តែ​អញ្ជើញ​ទាំង​នេះ​មក​សួរ​ដេញដោល ៤៩។ បើ​មិន​ដូច្នេះ​ទេ លោក​ថ្លែង​ថា កូន​ក្ដី​របស់​លោក នឹង​បាត់​សិទ្ធិ​មួយ គឺ​សិទ្ធិ​តទល់​ជា​មួយ​អ្នក​ផលិត​ឯកសារ។

មេធាវី​ជន​ជាប់​ចោទ ខៀវ សំផន គឺ​លោក គង់ សំអុន ក៏​មាន​ចំណោទ​ជា​ច្រើន​ដែរ ទាក់ទង​នឹង​ឯកសារ​ភស្តុតាង​បាន​មក​ពី​គុក​ទួល​ស្លែង។

គម្រោង​សវនាការ​ក្នុង​សប្ដាហ៍​នេះ ចាប់​ពី​ថ្ងៃ​ទី ១៦ ដល់​ថ្ងៃ​ទី ១៩ មករា ត្រូវ​បាន​ប្រធាន​អង្គ​ជំនុំជម្រះ​សាលាដំបូង​ គឺ​លោក និល ណុន ប្រកាស​ថា នឹង​មិន​សាកសួរ​ដេញដោល ឬ​ស្ដាប់​សក្ខីកម្ម​សាក្សី និង​ជន​ជាប់​ចោទ​ទេ គឺ​ជា​សវនាការ​ដែល​អង្គ​ជំនុំជម្រះ​នឹង​ស្ដាប់​ការ​ជំទាស់​របស់​ភាគី​នានា ចំពោះ​ឯកសារ​សំខាន់​ទាក់ទង​នឹង​សំណុំ​រឿង ០០២។

សវនាការ​នេះ​នឹង​ត្រូវ​ធ្វើ​ជា​បន្ត​ទៀត ដោយ​ចាប់​ផ្ដើម​នៅ​ម៉ោង ៩ ព្រឹក​ថ្ងៃ​ទី​ ១៧ ខែ​មករា ឆ្នាំ ២០១២៕

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល