អ្នកជំនាញផ្នែកព្រៃឈើនៅក្នុងប្រទេសកម្ពុជា បានដាស់តឿនថា បច្ចុប្បន្ននេះគឺជាដំណាក់កាលមួយដែលជនកម្ពុជា គ្រប់រូប ទាំងប្រជាពលរដ្ឋ និងមន្ត្រីរដ្ឋាភិបាលគ្រប់កម្រិត ត្រូវភ្ញាក់ខ្លួន ហើយនាំគ្នាការពារព្រៃឈើ និងធម្មជាតិឡើងវិញ ដោយសារតែកន្លងទៅ កម្ពុជាធ្លាប់បានទទួលរងគ្រោះមហន្តរាយខ្លះៗ ដែលជាសញ្ញាបណ្តាលមកពីឥទ្ធិពលនៃការប្រែប្រួលអាកាសធាតុ ដោយសារតែការបាត់បង់ព្រៃឈើ និងបិរស្ថាននោះ។
ការស្រាវជ្រាវអំពីព្រៃឈើបានបង្ហាញថា ក្នុងរយៈពេលជាង ៣០ឆ្នាំចុងក្រោយនេះ ប្រទេសកម្ពុជា បានបាត់បង់ព្រៃឈើប្រមាណ ១៣% ក្នុងចំណោមផ្ទៃដីជាង ១៣លានហិកតារ ដែលមានព្រៃឈើ កាលពីអំឡុងមុនឆ្នាំ១៩៧០។
លោក វន មុនិន្ទ ជាព្រឹទ្ធបុរសនៃមហាវិទ្យាល័យព្រៃឈើ មកពីសកលវិទ្យាល័យភូមិន្ទកសិកម្ម។ លោកបានមានប្រសាសន៍ថា នៅក្នុងប្រទេសកម្ពុជា ខេត្តមួយចំនួនគឺជាតំបន់ព្រៃឈើដែលមានប្រយោជន៍យ៉ាងខ្លាំង ដូចជាខេត្តស្ទឹងត្រែង មានព្រៃស្រោងស្ដុក ដែលជាធនធានសំខាន់មួយអាចធានាបាននូវនិរន្តរភាពនៃបរិយាកាសល្អ។ នៅខេត្តកំពង់ស្ពឺ គឺជាតំបន់ព្រៃដែលស្ទើរពាក់កណ្ដាលស្រោងស្ដុក និងពាក់កណ្ដាលស្រោង ដែលផ្ដល់ផលប្រយោជន៍ដោយប្រយោលលើការទាក់ទាញទេសចរណ៍។
ចំណែកនៅខេត្តព្រះវិហារវិញ គឺមានតំបន់ព្រៃពាក់កណ្ដាលស្រោង និងកន្លែងខ្លះជាព្រៃរបោះ ហើយស្រទាប់នៃដី គឺមានវាលស្មៅគ្របដណ្ដប់ ដែលបង្កើតជាសក្ដានុពលនៃការរស់នៅ របស់ពពួកសត្វព្រៃជាច្រើនប្រភេទ។ នៅឯខេត្តឧត្តរមានជ័យ មានតំបន់ព្រៃពពួកចុល្លព្រឹក្ស និងជាព្រៃរបោះដែលជាធនធានសំខាន់ និងជាទីសុខដុមរមនារបស់ពពួកសត្វព្រៃ ហើយចំពោះខេត្តសៀមរាប ខេត្តបន្ទាយមានជ័យ និងបាត់ដំបងវិញ គឺជាតំបន់ទំនាប ហើយសំបូរព្រៃលិចទឹក ដែលជាសក្ដានុពលខាងជម្រក និងជាប្រព័ន្ធជីវចម្រុះសំខាន់សម្រាប់មច្ឆាជាតិ។ ក៏ប៉ុន្តែបច្ចុប្បន្នធនធានព្រៃទាំងនោះមួយភាគកំពុងបាត់បង់បន្តបន្ទាប់។
លោក វន មុនិន្ទ បានមានប្រសាសន៍ថា បើទោះបីជាប្រទេសកម្ពុជា ពេលបច្ចុប្បន្នមិនទាន់ស្ថិតក្នុងកម្រិតនៃការប្រកាសអាសន្នទៅលើការគំរាមកំហែងពីគ្រោះធម្មជាតិ ក្នុងរឿងបាត់បង់ធនធានព្រៃឈើធ្ងន់ធ្ងរក៏ដោយ ក៏ត្រូវតែពង្រឹងការថែទាំព្រៃឈើឡើងវិញ។
លោក វន មុនិន្ទ៖ «ព្រោះឥឡូវជាដំណាក់កាលដែលយើងត្រូវភ្ញាក់ខ្លួន ទាំងស្ថាប័នថ្នាក់ទាបតាំងពីកម្រិតមូលដ្ឋាន កម្រិតកណ្ដាល និងថ្នាក់ជាតិ។ យើងត្រូវតែគាំពារ និងការពារធនធានយើង ព្រោះប្រទេសយើងមានជួបគ្រោះមហន្តរាយមួយចំនួន ដូចជាបញ្ហាក្ដៅយើងជួបប្រទះ ហើយបញ្ហាគ្រោះរាំងស្ងួតក៏យើងមាន ហើយការបំផ្លិចបំផ្លាញដោយខ្យល់ព្យុះ។ អ៊ីចឹងធៀបនឹងប្រទេសជិតខាងយើងនៅមានលក្ខណៈមួយនៅទប់ស្កាត់អាចការពារ និងធានាបាន ទោះបីជាមានការប្រែប្រួល ដែលយើងគិតថា ជិតដល់ប្រកាសភាពអាសន្នក៏ដោយ ក៏យើងត្រូវគិតថា យើងជាអ្នកមួយដែលមានទទួលរងឥទ្ធិពលខ្លាំងជាងប្រទេសអ្នកមាន ប្រទេសដែលគេបានអភិវឌ្ឍន៍ហើយ»។
អង្គការក្រៅរដ្ឋាភិបាលមួយ ឈ្មោះ អឹម.អេស.អឹម.អ៊ី កម្ពុជា (M S M E Cambodia) កំពុងផ្ដោតការយកចិត្តទុកដាក់ទៅលើកម្មវិធីអប់រំប្រជាពលរដ្ឋកម្ពុជា នៅតាមសហគមន៍ឱ្យចេះស្រឡាញ់ធនធានធម្មជាតិ ការពារ និងដាំព្រៃឈើឡើងវិញ។
លោក ស៊ុន បូរេត ជាអនុប្រធានគំរោងរបស់អង្គការ M S M E Cambodia។ លោកបានមានប្រសាសន៍ថា ការបាត់បង់ព្រៃឈើនៅតាមតំបន់ គឺបានធ្វើឱ្យសហគមន៍ដែលធ្លាប់តែទទួលផលប្រយោជន៍ពីព្រៃឈើ មានការព្រួយបារម្ភអំពីជីវភាព និងអនាគតរបស់គេ ហើយការព្រួយបារម្ភរបស់សហគមន៍ គឺជាការព្រួយបារម្ភរបស់យើងទាំងអស់គ្នា ហេតុដូច្នេះហើយ ទើបអង្គការរបស់លោក បានចាប់ផ្ដើមធ្វើសកម្មភាពអំពីសារសំខាន់របស់ព្រៃឈើ និងការពារ ដើម្បីឆ្លើយតបទៅតាមតម្រូវការរបស់សហគមន៍ជាច្រើននោះ។
លោក ស៊ុន បូរេត៖ «សព្វថ្ងៃនេះគំរោងរបស់ខ្ញុំធ្វើនៅ ៣១ តំបន់ការពារ ឬក៏សហគមន៍ព្រៃឈើ ធ្វើនៅខេត្តកោះកុង ខេត្តព្រះវិហារ ខេត្តកំពង់ធំ ខេត្តឧត្តរមានជ័យ និងសៀមរាប ជាដើម ដូចជាតំបន់ព្រៃត្បែងខាងលិច។ យើងគិតថា ការព្រួយបារម្ភក៏មាន ក៏ប៉ុន្តែសំខាន់បំផុតនោះ គឺយើងចូលរួមជាមួយខាងគោលនយោបាយរបស់រដ្ឋាភិបាលកម្ពុជាយើង ក្នុងការកាត់បន្ថយភាពក្រីក្រ ធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋយើង មានចំណេះដឹងខ្ពស់ក្នុងការថែរក្សាធនធានដែលគាត់មាន ដើម្បីឱ្យជីវភាពរបស់គាត់រីកចំរើន ដោយសារការថែរក្សា គ្រប់គ្រង និងការដកហូត អនុផលពីព្រៃឈើ ឬក៏ការប្រើប្រាស់ធនធានជីវចម្រុះ»។
សហគមន៍ការពារព្រៃឈើមួយចំនួនបានបង្ហាញឱ្យឃើញថា ព្រៃឈើបានផ្ដល់ផលប្រយោជន៍ជាច្រើនដល់ការរស់នៅប្រចាំថ្ងៃរបស់ពួកគេ។
លោក យាប វណ្ណៈ ជាតំណាងសហគមន៍ព្រៃឈើត្បែងខាងលិច នៅក្នុងភូមិត្បែង ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប។ លោកបានមានប្រសាសន៍ថា ចាប់តាំងពីឆ្នាំ២០០០ មក អ្នកភូមិរបស់លោកបានបង្កើតជាសហគមន៍ការពារព្រៃឈើលើផ្ទៃដីប្រមាណជាង ២០០ហិកតារ ហើយពេលបច្ចុប្បន្ននេះ ព្រៃសហគមន៍របស់លោក ក្រៅតែពីផ្ដល់ផលប្រយោជន៍ឱ្យអ្នកភូមិ គឺបានផ្ដល់ផលប្រយោជន៍សម្រាប់អ្នកសិក្សាស្រាវជ្រាវ និងអ្នកទេសចរណ៍ផង។
លោក យាប វណ្ណៈ៖ «នៅក្នុងព្រៃសហគមន៍របស់ខ្ញុំបាទ សព្វថ្ងៃមានសត្វព្រៃ ឈ្លូស ជ្រូកព្រៃ ហើយតំបន់ទឹកជប់ ដែលមានទឹកខួបប្រាំងវស្សា។ មានភ្ញៀវទេសចរណ៍គាត់ទៅទស្សនាធម្មជាតិ គាត់បានចុះទៅសិក្សានៅក្នុងព្រៃសហគមន៍របស់ខ្ញុំ គាត់ចាប់អារម្មណ៍ខ្លាំង ហើយផលប្រយោជន៍ពីព្រៃ មានផ្សិតឈើ ផ្សិតដំបូក ផ្សិតទន្សោង ផ្សិតក្ងោកអីហ្នឹង អាចមានដុះ ដាក់លក់ហូរហែដែរ ប៉ុន្មានអាទិត្យមុនសំបូរមែនទែន»។
លោក តឹក វណ្ណារ៉ា ជាប្រធានសមាគមថែរក្សាបរិស្ថាន និងវប្បធម៌។ លោកបានមានប្រសាសន៍ថា ធនធានធម្មជាតិសំបូរ គឺអាចផ្ដល់លំនឹងក្នុងការចិញ្ចឹមជីវិតយ៉ាងប្រសើរ ហើយនិងធានាទៅលើការប្រើប្រាស់ផែនដីរបស់ពិភពលោកបានយូរអង្វែងផង។
អ្នកជំនាញព្រៃឈើបានឱ្យដឹងថា ពេលបច្ចុប្បន្ននេះព្រៃឈើនៅក្នុងប្រទេសកម្ពុជា បានថយចុះចំនួន ដោយសារតែប្រជាពលរដ្ឋប្រើប្រាស់ការរុករានយកដីព្រៃធ្វើស្រែចំការ និងកត្តាមួយទៀត គឺការកាប់ឈើធ្វើអាជីវកម្មខុសច្បាប់។
ការសិក្សារបស់ជំនាញព្រៃឈើបានឱ្យដឹងថា កាលពីអំឡុងមុនឆ្នាំ១៩៧០ នៅប្រទេសកម្ពុជា មានគម្របព្រៃឈើប្រមាណ ៧៣% នៃផ្ទៃដីរបស់ប្រទេស បើគិតជាទំហំមានជាង ១៣លានហិកតារ ក៏ប៉ុន្តែ រហូតមកដល់បច្ចុប្បន្ននេះ គំរបព្រៃឈើបានបាត់បង់ គឺនៅសល់ប្រមាណ ៥៩.៩% ប៉ុណ្ណោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
