កងកម្លាំងដោះមីនកម្ពុជា៤៨នាក់នៅទ្វីបអាហ្វ្រិកធ្វើមាតុភូមិនិវត្តន៍
2010.06.22
កងកម្លាំងយោធាដោះមីនកម្ពុជាចំនួន ៤៨នាក់ នៅក្នុងប្រទេសស៊ូដង់ និងកម្លាំងតម្រួតយោធាកម្ពុជាចំនួន ៤១នាក់ នៅក្នុងប្រទេសឆាត អាហ្វ្រិកកណ្ដាល សរុបចំនួន ៨៩នាក់ បានវិលត្រឡប់មកដល់ប្រទេសកម្ពុជាវិញហើយ នៅថ្ងៃអង្គារ ទី២២ ខែមិថុនា តាមជើងយន្តហោះពិសេសប្រទេសស៊ូដង់ ក្រោយពីបានបំពេញបេសកកម្មរក្សាសន្តិភាព និងមនុស្សធម៌ របស់អង្គការសហប្រជាជាតិរយពេល ១ឆ្នាំ នៅក្នុងប្រទេសស៊ូដង់ និងរយៈពេល ៧ខែ នៅក្នុងប្រទេសឆាតកន្លងមកនេះ។
គេឃើញមានក្រុមគ្រួសារកងកម្លាំងចម្រុះ និងមន្ត្រីជាន់ខ្ពស់យោធាកម្ពុជានានា សរុបជាច្រើនរយនាក់ កំពុងតែឈរត្រៀមស្វាគមន៍នៅកណ្ដាលភ្លៀង នៅពេលដែលយន្តហោះកំពុងតែចុះចតសំដៅមកមូលដ្ឋានទ័ពអាកាសពោធិ៍ចិនតុង។
កម្លាំងយោធាទាំងនោះ ដែលទើបបានចុះលើយន្តហោះ ត្រូវបានទទួលស្វាគមន៍ដោយកម្រងផ្កាម្លិះស និងខ្លះទៀតត្រូវបានភរិយា និងកូនៗ បានស្ទុះរត់ទៅអោបដោយក្ដីនឹករលឹកយ៉ាងខ្លាំងនៅពេលនោះ។
រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា លោក ទៀ បាញ់ ជាឧបនាយករដ្ឋមន្ត្រី ដែលបានចូលរួមក្នុងពិធីស្វាគមន៍នោះ បានមានប្រសាសន៍ថា ៖ «អស់លោកបានវិលត្រឡប់មកកាន់មាតុភូមិវិញ ប្រកបដោយស្នាដៃ និងជោគជ័យល្អប្រសើរ។ យើងទាំងអស់គ្នា មានមោទនភាពពន់ពេកណាស់។ បន្ថែមលើនេះ កងកម្លាំងរបស់យើងក៏ទទួលបានបទពិសោធន៍ និងបច្ចេកទេសកាន់តែខ្ពង់ខ្ពស់ ក្លាយជាកងកម្លាំងដោះមីនដ៏អាជីព»។
តំណាងអ្នកសម្របសម្រួលអង្គការសហប្រជាជាតិ នៅក្នុងប្រទេសកម្ពុជា លោក ហ្សង់ ព្ជែរ ឌឺ ម៉ាហ្គឺរី (Jean Pierre De Margerie) បានមានប្រសាសន៍ជាភាសាអង់គ្លេស ហើយត្រូវបានអ្នកបកប្រែ បានប្រែសម្រួលជាភាសាខ្មែរថា ៖ «ប្រទេសកម្ពុជា ជាប្រទេសមួយនាំមុខគេ នៅក្នុងចំណោមប្រទេសជាច្រើន ក្នុងបេសកកម្មបោសសំអាតមីនមនុស្សធម៌របស់អង្គការសហប្រជាជាតិ នៅក្នុងប្រទេសនានា ក្រោយបញ្ចប់សង្គ្រាម»។
ប្រទេសកម្ពុជា បានចាប់ផ្ដើមបញ្ជូនកងកម្លាំងយោធាដោះមីន ទៅកាន់ប្រទេសស៊ូដង់ (Sudan) ជាលើកដំបូង ចាប់តាំងពីឆ្នាំ២០០៦ មក និងបានបញ្ជូនកងកម្លាំងតម្រួតយោធាជាលើកដំបូង ទៅកាន់ប្រទេសឆាត អាហ្វ្រិកកណ្ដាល តាំងពីឆ្នាំ២០០៩ មក តាមការស្នើសុំរបស់អង្គការសហប្រជាជាតិ។
កងកម្លាំងយោធាដោះមីនម្នាក់ ជា រិទ្ធី អាយុ៣៩ឆ្នាំ ទើបតែវិលត្រឡប់មកពីប្រទេសស៊ូដង់ (Sudan) ក្នុងកងពល៤០៥ បានថ្លែងថា ៖ «មានការរីករាយដោយសារតែបានមកវិញដោយសុវត្ថិភាព។ ម៉្យាងទៀត ដោយបានបំពេញបេសកកម្មខ្នាតអន្តរជាតិបានជោគជ័យ ហើយមកជួបជុំគ្រួសារ។ សកម្មភាពហ្នឹង គឺយើងរាវរកមីន។ ដោះមីនឲ្យប្រជាជន ហើយនឹងធ្វើផ្លូវ ធ្វើថ្នល់ ដើម្បីឲ្យប្រជាជនមានសុវត្ថិភាព»។
កងកម្លាំងតម្រួតយោធាម្នាក់ ឈ្មោះ ឪក សេរី អាយុ៤១ឆ្នាំ នៅក្នុងកងតម្រួត៣០៦ បានថ្លែងថា ៖ «ខ្ញុំមានសេចក្ដីរីករាយយ៉ាងខ្លាំង ដែលបានវិលត្រឡប់មកពីបំពេញបេសកកម្មនៅអាហ្វ្រិកកណ្ដាល និងប្រទេសឆាត»។
ប្រទេសកម្ពុជាមានគម្រោងការបញ្ជូនកងកម្លាំងដោះមីនចំនួនជាង ២០០នាក់ផ្សេងទៀត នៃកងពលលេខ៥១៣ ទៅកាន់ប្រទេសលីបង់ (Lebanese) នៅខែកក្កដាខាងមុខនេះ សម្រាប់រយៈពេល ១ឆ្នាំ តាមសំណើរបស់អង្គការសហប្រជាជាតិ៕