អាមេរិក៖ ​លទ្ធិ​ប្រជា​ធិបតេយ្យ​និង​សិទ្ធិ​មនុស្សនៅកម្ពុជា​ធ្លាក់ចុះ

រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​ស្នើ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ធ្វើ​ការ​កែ​លម្អ​ចំណុច​ខ្វះ​ខាត​មួយ​ចំនួន​ទាក់​ទង​ទៅ​នឹង​ការ​អនុវត្ត​លទ្ធិ​ប្រជា​ធិបតេយ្យ និង​ការ​គោរព​សិទ្ធិ​មនុស្ស​​ដែល​កម្ពុជា​មិន​ទាន់​អនុវត្ត​ឲ្យ​ស្រប​តាម​តម្រូវ​ការ​បទដ្ឋាន​អន្តរជាតិ​នៅឡើយ។ 
ដោយ ដែន អយុធ្យា
2010-01-31
អ៊ីម៉ែល
មតិ
Share
បោះពុម្ព

ឯក​អគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​ប្រទេស​កម្ពុជា​ បាន​​ជំរុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​បំពេញ​បន្ថែម​នូវ​ចំណុច​ខ្វះ​ខាត​ទាក់​ទង​លទ្ធិ​ប្រជា​ធិបតេយ្យ និង​ការ​គោរព​សិទ្ធិ​មនុស្ស​ដែល​កម្ពុជា​មិន​ទាន់​បាន​អនុវត្ត​ឲ្យ​ស្រប​តាម​បទ​ដ្ឋាន​អន្តរជាតិ​នៅ​ឡើយ។ ទោះ​យ៉ាង​នេះ​ក្តី លោក​ស្រី ខារ៉ល រ៉ដលី (Carol Rodley) បាន​ទទួល​​ស្គាល់​ថា សិទ្ធិ​មនុស្ស​និង​លទ្ធិ​ប្រជា​ធិបតេយ្យ​មាន​ចំណុច​ខ្លះ​រដ្ឋាភិបាល​អនុវត្ត​បាន​មួយ​ចំនួន​ដែរ។

លោក​ស្រី ខារ៉ល រ៉ដលី មាន​ប្រសាសន៍​ថា ៖ "យើង​សូម​សរសើរ​នូវ​វិស័យ​ណា​ដែល​រីក​ចម្រើន​ ទាក់​ទង​វិស័យ​សិទ្ធិ​មនុស្ស​និង​ប្រជា​ធិបតេយ្យ ​​ហើយ​យើង​ក៏​មាន​ការ​សោក​ស្តាយ​នូវ​វិស័យ​មួយ​ចំនួន​ទៀត ​ដែល​វិស័យ​សិទ្ធិ​មនុស្ស​មាន​ការ​ដើរ​ថយ​ក្រោយ​ ឬ​ក៏​ប្រជា​ធិបតេយ្យ​មាន​ការ​ដើរ​ថយ​ក្រោយ​"

ប្រទេស​កម្ពុជា​ត្រូវ​បាន​ក្រុម​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​និង​មន្ត្រី​បក្ស​ប្រឆាំង​ធ្វើ​ការ​រិះគន់​ពី​ការ​រំលោភ​សិទ្ធិ​ទាក់​ទង​នឹង​ការ​បណ្តេញ​​ចេញ​​ដោយ​បង្ខំ ការ​រឹប​អូស​យក​ដី​ធ្លី ការ​គំរាម​កំហែង​​និង​បំភិត​បំភ័យ​អ្នក​ការពារ​សិទ្ធិ​មនុស្ស ​ចាប់​ខ្លួន​អ្នក​តវ៉ា ឬ​សកម្មជន​សហគមន៍​ចំពោះ​ការ​តវ៉ា​ប្រឆាំង​នឹង​ការ​រំលោភ​សិទ្ធិ​ផ្សេងៗ និង​ការ​បំបិទ​សិទ្ធិ​សេរី​ភាព​នៃ​ការ​បញ្ចេញ​មតិ និង​កាត់​ទោស​តំណាង​រាស្ត្រ​គណបក្ស​ប្រឆាំង និង​ប្រព័ន្ធ​តុលា​ការ​មិន​ឯករាជ្យ។

លោក ឱម យ៉ិនទៀង ប្រធាន​គណៈ​កម្មាធិការ​សិទ្ធិ​មនុស្ស​របស់​រដ្ឋាភិបាល​ ត្រូវ​បាន​សារ​ព័ត៌​មាន​ដក​ស្រង់​សម្តី​មក​ចុះ​ផ្សាយ​ថា ប្រទេស​កម្ពុជា​មិន​មែន​ជា​ឋាននរក​ ហើយ​កម្ពុជា​ក៏​មិន​ទាន់​ក្លាយ​ជា​ឋាន​សួគ៌​មួយ​នៃ​សិទ្ធិ​មនុស្ស​នោះ​ដែរ។ លោក​បញ្ជាក់​ថា វិស័យ​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​រដ្ឋាភិបាល​កំពុង​ធ្វើការ​​ដោះ​ស្រាយ និង​ពង្រឹង​នូវ​ចំណុច​ខ្វះ​ខាត​ឲ្យ​មាន​ភាព​ប្រសើរ​ឡើង​ទៅ​ថ្ងៃ​ខាង​មុខ។

ទោះ​ជា​បែប​ណា​ក៏​ដោយ លោក​ស្រី ខារ៉ល រ៉ដលី មិន​បាន​បញ្ជាក់​ឲ្យ​បាន​ច្បាស់​ថា ចំណុច​ខ្វះ​ខាត​អ្វី​ខ្លះ​ទាក់​ទង​ទៅ​នឹង​​លទ្ធិ​ប្រជា​ធិបតេយ្យ និង​ការ​គោរព​សិទ្ធិ​មនុស្ស​ដែល​រដ្ឋាភិបាល​ត្រូវ​ធ្វើ​ការ​កែ​តម្រូវ​​និង​កែ​លម្អ​នោះ​ទេ ដោយ​គ្រាន់​តែ​បញ្ជាក់​ខ្លី​តាម​រយៈ​អ្នក​បកប្រែ​ភាសា​ថា ត្រូវ​កែ​លម្អ​ចំណុច​មួយ​ចំនួន​នៃ​សិទ្ធិ​មនុស្ស និង​លទ្ធិ​ប្រជា​ធិបតេយ្យ​ដែល​បាន​ដើរ​ថយ​ក្រោ​យ​ប៉ុណ្ណោះ។

លោក​ស្រី​ឯក​អគ្គ​រដ្ឋទូត​ ខារ៉ល រ៉ដលី បន្ថែម​ថា ៖ "​មាន​វិស័យ​ខ្លះ​ដំណើរ​ការ​ទៅ​បាន​ល្អ​ និង​វិស័យ​ខ្លះ​បាន​ដើរ​ថយ​ក្រោយ​"

លទ្ធិ​ប្រជា​ធិបតេយ្យ​និង​ការ​គោរព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ ត្រូវ​បានលោក ស៊ូយ៉ា ស៊ូប៊ែឌី (Surya Subedi) អ្នក​រាយការណ៍​ពិសេស​អង្គការ​សហ​ប្រជាជាតិ​វាយ​តម្លៃ​ថា រដ្ឋាភិបាល​កម្ពុជា​បាន​បង្ហាញ​​​ឆន្ទៈ​ក្នុង​ការ​ពង្រឹង​វិស័យ​សិទ្ធិ​មនុស្ស​នេះ​ដែរ។ ក៏ប៉ុន្តែ​ស្ថាន​ភាព​សិទ្ធិ​មនុស្ស​នៅ​ប្រទេស​កម្ពុជា​បច្ចុប្បន្ន​​មិន​ទាន់​អនុវត្ត​ស្រប​តាម​តម្រូវ​ការ​បទដ្ឋាន​អន្តរជាតិ​ដែល​ប្រទេស​កម្ពុជា​បាន​ផ្តល់​សច្ចាប័ន និង​បាន​ទទួល​យក​ដើម្បី​អនុវត្ត​តាម ពិសេស​ទាក់ទង​នឹង​បញ្ហា​សិទ្ធិ​មនុស្ស។ លោក ស៊ូប៊ែឌី មាន​ប្រសាសន៍​ដូច្នេះ​ ធ្វើ​ឡើងក្នុង​​បេសកម្ម​​ស្វែង​យល់​ពី​ស្ថាន​ភាព​​សិទ្ធិ​​មនុស្ស​លើក​ទី​២ ​នៅ​កម្ពុជា​ដែល​ត្រូវ​បញ្ចប់​នៅ​ថ្ងៃ​ទី​៣០ ខែ​មករា៕

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល