ប្រជា​សហគមន៍​ចោទ​ប៉ូលិស​ប៉ុស្តិ៍​ថា​មិន​ឲ្យ​លើក​ផ្លាក​សម្គាស់​តំបន់​ព្រៃ​ឈើ

អ្នក​ភូមិ​នៃ​សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​ព្នង​នៅ​ឃុំ​ដាក់ដាំ ស្រុក​អូររាំង ខេត្ត​មណ្ឌលគិរី ចោទ​ប្រកាន់​នាយ​ប៉ូលិស​ប៉ុស្តិ៍​ឃុំ ថា​បាន​រារាំង​ក្រុម​សហគមន៍​មិន​ឲ្យ​លើក​ផ្លាក​សម្គាល់​តំបន់​ព្រៃ​ឈើ សហគមន៍​ការពារ​និង​ផ្ទាំង​ផែនទី​ទីតាំង​ព្រៃ​ឈើ​ដែល​សហគមន៍​អភិរក្ស​នោះ​ទេ។
ដោយ រដ្ឋា វីសាល
2010.01.29

ការ​ចោទ​ប្រកាន់​នេះ​ធ្វើ​ឡើង​នៅ​ក្នុង​កិច្ច​សម្ភាសន៍​ជាមួយ​វិទ្យុ​អាស៊ីសេរី​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​២៩ ខែ​មករា ឆ្នាំ​២០១០ បន្ទាប់​ពី​អ្នក​ភូមិ​ចំនួន ១៥​នាក់​មក​ពី​ភូមិ​ពូត្រែង​និង​ភូមិ​ពូឆប ខកខាន​មិន​បាន​លើក​ផ្លាក​សម្គាល់​តំបន់​ព្រៃ​ការពារ​ចំនួន ១៥​ផ្លាក និង​ផែន​ទី​បង្ហាញ​ពី​ទីតាំង​តំបន់​ព្រៃ​ការពារ​របស់​សហគមន៍ ២​ផ្លាក​កាល​ពី​ថ្ងៃ​ពុធ​កន្លង​ទៅ។

តំណាង​សហគមន៍ លោក ង៉ែត វ៉ាន់ឌី បញ្ជាក់​ពី​ហេតុការណ៍ ៖ «មេប៉ុស្តិ៍​ថ្មី​ហ្នឹង​គាត់​ប្រុង​គាប​សង្កត់​យើង គាត់​ថា សហគមន៍​ហ្នឹង​គ្មាន​ការ​អនុញ្ញាត​ពី​រដ្ឋាភិបាល ហើយ​មិន​អាច​ធ្វើ​បាន»

ប្រជា​សហគមន៍​ឲ្យ​ដឹង​ដែរ​ថា អ្នក​ភូមិ​រួម​នឹង​អង្គការ​សង្គម​ស៊ីវិល​នៅ​មូលដ្ឋាន​បង្កើត​ជា​តំបន់​ព្រៃ​សហគមន៍​ការពារ​ដោយ​មាន​លិខិត​អនុញ្ញាត និង​ទទួលស្គាល់​ពី​មន្ត្រី​មូលដ្ឋាន​ពី​ភូមិ​ដល់​ខេត្ត និង​មន្ត្រី​ជំនាញ​ព្រៃ​ឈើ​តាំង​ពី​ឆ្នាំ​២០០៨​មក។

នាយ​ប៉ូលិស​ប៉ុស្តិ៍​ឃុំ​ដាក់ដាំ លោក វុធ ប៉ុនឈឿង មាន​ប្រសាសន៍​បញ្ជាក់​ថា លោក​ធ្វើ​តាម​បញ្ជា​ពី​ស្នងការ​ប៉ូលិស​ដោយសារ​ក្រុម​សហគមន៍​លើក​ផ្លាក​សម្គាល់​ហួស​ថ្ងៃ​ដែល​សុំ​ការ​អនុញ្ញាត ៖ «លិខិត​ហ្នឹង​តាំង​ពី​ឆ្នាំ​២០០៨ ហើយ​គាត់​អត់​លើក​ផ្លាក ហើយ​គាត់​ទើប​តែ​មក​លើក​ផ្លាក​ឥឡូវ!»

មន្ត្រី​សម្រប​សម្រួល​អង្គការ​ភូមិ​ខ្ញុំ មាន​មូលដ្ឋាន​នៅ​ខេត្ត​មណ្ឌលគិរី លោក យ៉ូ រ៉ា មាន​ប្រសាសន៍​បញ្ជាក់​ថា ការ​លើក​ផ្លាក​សម្គាល់​នេះ​ធ្វើ​ឡើង​ដើម្បី​បង្ហាញ​កុំ​ឲ្យ​មាន​ការ​រំលោភ​ទន្ទ្រាន​ទៅ​លើ​តំបន់​ព្រៃ​ឈើ។ លោក​បន្ត​ថា កំពុង​ស្វែងរក​កិច្ច​អន្តរាគមន៍​ពី​អាជ្ញាធរ​ខេត្ត​និង​មន្ត្រី​ជំនាញ​ព្រៃ​ឈើ​ដើម្បី​ជួយ​អ្នក​ភូមិ​ឲ្យ​អាច​លើក​ផ្លាក​សម្គាល់​តំបន់​ព្រៃ​សហគមន៍​ការពារ​នេះ​បាន។

លោក យ៉ូ រ៉ា បាន​បញ្ជាក់​ថា ៖ «យើង​មាន​លិខិត​អនុញ្ញាត​ពី​ខេត្ត​ប្រគល់​ដី​ហ្នឹង​ទៅ​ឲ្យ​សហគមន៍។ ម៉្យាង​ទៀត​យើង​ធ្លាប់​បាន​ដាក់​លិខិត​ហ្នឹង​ទៅ​ខេត្ត​ដើម្បី​សុំ​ចុះ​ដាក់​ផ្លាក​ហ្នឹង​កាល​ពី​ខែ​មុន ក៏​ប៉ុន្តែ​កាល​ពី​ខែ​មុន​ហ្នឹង​យើង​អត់​បាន​ធ្វើ តែ​ឥឡូវ​យើង​ទើប​តែ​ចុះ​ធ្វើ។ អ៊ីចឹង​មាន​ន័យ​ថា ទាំង​លិខិត​ប្រគល់​សិទ្ធិ​ការ​គ្រប់គ្រង​ដី​ទៅ​ឲ្យ​សហគមន៍ ទាំង​លិខិត​អនុញ្ញាត​សុំ​ទៅ​ធ្វើ​សកម្មភាព យើង​មាន​ទាំង​អស់»

នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃ​ឈើ​ខេត្ត​មណ្ឌលគិរី លោក សុង ឃាង មាន​ប្រសាសន៍​ថា នាយ​ប៉ូលិស​ប៉ុស្តិ៍​ទើប​ផ្លាស់​មក​កាន់​ភារកិច្ច​នៅ​តំបន់​នេះ​នា​ពេល​ថ្មីៗ​នេះ​មិន​បាន​ដឹង​រឿង ទើប​កើត​មាន​បញ្ហា។

លោក​ថា នឹង​អន្តរាគមន៍​ទៅ​ស្នងការ​ប៉ូលិស​ដើម្បី​សម្រួល​បញ្ហា​នេះ​ឲ្យ​បាន​ប្រសើរ​ឡើង​វិញ ហើយ​ប្រជា​សហគមន៍​អាច​នឹង​ធ្វើ​ការ​លើក​ផ្លាក​សម្គាល់​ព្រៃ​ការពារ​នៅ​សប្តាហ៍​ក្រោយ​បាន។

លោក សុង ឃាង បាន​អះអាង​ថា ៖ «ដោយសារ​តែ​ម្សិលមិញ​ហ្នឹង​គាត់​អត់​បាន​ហៅ​មន្ត្រី​រដ្ឋបាល​ព្រៃ​ឈើ​អី​ចូលរួម​អ៊ីចឹង​ណា៎! អ៊ីចឹង​ថ្ងៃ​ហ្នឹង​ខ្ញុំ​បាន​ទាក់ទង​ជាមួយ​ស្នងការ​ប៉ូលិស​ជូន​ដំណឹង​ទៅ​ខេត្ត​ហើយ ហើយ​ដំណើរការ​ហ្នឹង​អត់​បញ្ហា​ទេ!»

ប្រជា​សហគមន៍​ឃុំ​ដាក់ដាំ​រាយ​ការណ៍​ថា តំបន់​ព្រៃ​ឈើ​ដែល​អ្នក​ភូមិ​ធ្លាប់​អភិរក្ស​ដើម្បី​គោរព​បូជា​តាម​ជំនឿ និង​ថែ​រក្សា​អាស្រ័យ​ផល​តាម​លក្ខណៈ​ប្រពៃណី​ជនជាតិ​ដើម និង​ជា​ផ្នែក​មួយ​ដ៏​សំខាន់​នៃ​កិច្ច​ការពារ​បរិស្ថាន​នៅ​ក្នុង​មូលដ្ឋាន​នេះ កំពុង​រង​ការ​កាប់​ទន្ទ្រាន​យក​ដី​និង​ធ្វើ​អាជីវកម្ម​ឈើ​ប្រណីត៕

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។