សិទ្ធិ​មនុស្ស៖ អាជីវករ​ផ្សារ​ឈូក​រង​ការ​គាប់​សង្កត់​បន្ទាប់​ពី​តវ៉ា

សមាគម​ការពារ​សិទ្ធិ​មនុស្ស អាដហុក ប្រចាំ​ខែត្រ​កំពត ឲ្យ​ដឹង​ថា នឹង​ជួយ​រក​មេធាវី​ឲ្យ​ជួយ​ការពារ​ក្រុម​អាជីវករ​ផ្សារ​ឈូក​ដែល​កំពុង​រង​នូវ​ការ​គាប​សង្កត់។
ដោយ អ៊ុក សាវបូរី
2010-01-17
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ផ្សារ​ឈូក នៅ​ក្នុង​ស្រុក​ឈូក ខែត្រ​កំពត
ផ្សារ​ឈូក នៅ​ក្នុង​ស្រុក​ឈូក ខែត្រ​កំពត
RFA/Ouk Savborey

ប្រធាន​សមាគម អាដហុក ប្រចាំ​ខែត្រ​កំពត អ្នកស្រី ទ្រី ឈូន មាន​ប្រសាសន៍​ដូច្នេះ​នៅ​ពេល​ដែល​ក្រុម​អាជីវករ​ផ្សារ​ឈូក បាន​រង​នូវ​ការ​ប្តឹង​ចោទ​ពី​បទ​បរិហារ​កេរ្តិ៍​ពី​សំណាក់​ក្រុមហ៊ុន​ដែល​គ្រោង​រៀបចំ​សាងសង់​តូប​នៅ​ពី​មុខ​ផ្សារ​លើ​ទីធ្លា​ចំណត​រថយន្ត​និង​រ៉ឺម៉ក។

អ្នកស្រី​បន្ត​ថា ៖ «រហូត​ដល់​ចោទ​តំណាង​មួយចំនួន​ហ្នឹង​ជា​អ្នក​ញុះញង់​ទៀត។ អ៊ីចឹង​ហើយ​បាន​យើង​ព្យាយាម​ស្វែងរក​មេធាវី​សម្រាប់​ជូន​ពួក​គាត់ ដោយសារ​ការ​តវ៉ា​របស់​ពួក​គាត់​ហ្នឹង​មិន​មែន​ជា​ការ​បរិហារ​កេរ្តិ៍ ហើយ​មិន​មែន​ជា​រឿង​មួយ​ខុស​ច្បាប់​ទេ»

ក្រុម​អាជីវករ​ផ្សារ​ឈូក​នៅតែ​បន្ត​ការ​តវ៉ា​ដដែល​នា​ថ្ងៃ​នេះ ប្រឆាំង​នឹង​ការ​ចាក់​ដី​សាងសង់​តូប​ថ្មី​លើ​ដី​មុខ​ផ្សារ​ឈូក។ ពួក​គាត់​បាន​អះអាង​ថា តូប​ជិត ៥០ នឹង​សង់​នៅ​ពេល​ដ៏​ខ្លី ក្រោយ​ការ​ចាក់​ដី​លុប​ភក់​ជ្រាំ​មុខ​ផ្សារ​នោះ​រួច ៖ «អាជីវករ​ទាំង​អស់​កើត​ទុក្ខ​មិន​សុខ​ចិត្ត តវ៉ា​ដល់​ណា​ក៏​តវ៉ា​ដែរ!»

ស្រ្តី​ម្នាក់​ទៀត​បន្ថែម​ថា ៖ «ខ្ញុំ​សំណូមពរ​សុំ​ដាច់ខាត​មិន​ឲ្យ​ធ្វើ​តូប​ខាង​មុខ»

អ្នក​រត់​រ៉ឺម៉ក​នៅតែ​ទាមទារ​មិន​ឲ្យ​មាន​ការ​សង់​តូប​ថ្មី​លើ​ដី​ពួក​គាត់​ធ្លាប់​ធ្វើ​ចំណត ៖ «តវ៉ា​តាម​លំដាប់​ថ្នាក់​ត​ទៅ​ទៀត គឺ​ហាម​ផ្ដាច់​អត់​ឲ្យ​សង់​តូប​អី​លក់​នៅ​មុខ​ផ្សារ​ហ្នឹង​ទៀត​ទេ គឺ​អត់​ឲ្យ​ធ្វើ​ទេ!»

ក្រុម​អ្នក​លក់​បន្លែ​ក្រោយ​ផ្សារ​ឈូក​ឲ្យ​ដឹង​ថា បច្ចុប្បន្ន​មិន​ទាន់​មាន​តូប​ជិត ៥០​ពី​មុខ​ផ្សារ​ផង ពួក​គាត់​លក់​មិន​ដាច់​ទៅ​ហើយ។ បើ​សង់​តូប​ពី​មុខ​ផ្សារ​ទៀត ពួក​គាត់​ដែល​លក់​នៅ​ខាង​ក្រោយ គេ​រឹត​តែ​មិន​ចូល​ទិញ ៖ «វា​បង្កើត​តូប​ទៀត ដូច្នេះ​កាន់​តែ​ច្រើន អាជីវករ​ពិបាក​លក់​ដូរ»

កាល​ពី​ថ្ងៃ​សៅរ៍ អភិបាល​ស្រុក​ឈូក លោក ខឹម ហម មាន​ប្រសាសន៍​ថា អាជ្ញាធរ​ចាក់​ដី​លុប​ភក់​ពី​មុខ​ផ្សារ​លើ​ចំណត​រថយន្ត​និង​រ៉ឺម៉ក​មិន​បាន​ចាក់​ដី​ដើម្បី​សង់​តូប​ថ្មី​ទេ។

លោក ខឹម ហម បាន​បញ្ជាក់​ថា ៖ «ប៉ុន្តែ​ខ្ញុំ​នេះ ខ្ញុំ​គ្រាន់​តែ​ធ្វើ​ឲ្យ​មាន​សោភ័ណភាព​ល្អ​ឡើង​វិញ​ទាំង​អស់ ព្រោះ​ខែ​វស្សា​ឡើង​វា​ភក់ វា​ជ្រាំ»

ឯកសារ​ដែល​ក្រុម​អាជីវករ​យក​មក​បង្ហាញ​អ្នក​សារព័ត៌មាន​បាន​ឲ្យ​ដឹង​ថា ចំណត​រថយន្ត​និង​រ៉ឺម៉ក​មុខ​ផ្សារ​ឈូក​នេះ​តាំង​ពី​ឆ្នាំ​១៩៩៥​មក សាលា​ខេត្ត​ហាម​សង់​តូប​លើ​ទីធ្លា​ចំណត​នោះ។ នៅ​ឆ្នាំ​២០០៧ មាន​ក្រុមហ៊ុន​មួយ​បាន​ស្នើសុំ​សង់​តូប​លើ​ចំណត​រថយន្ត​និង​រ៉ឺម៉ក​មុខ​ផ្សារ​ឈូក​នោះ។ ក្រោយ​មាន​ការ​សុំ​ក្រុម​អាជីវករ​និង​បាន​រក​កិច្ច​អន្តរាគមន៍​បាន​ពី​ក្រសួង​មហាផ្ទៃ​កាល​ពី​ខែ​មករា ឆ្នាំ​២០០៨ និង​លិខិត​ពី​អាជ្ញាធរ​ជាតិ​ដោះស្រាយ​ទំនាស់​ដី​ធ្លី កាល​ពី​ខែ​តុលា ឆ្នាំ​២០០៩ និង​លិខិត​អន្តរាគមន៍​ពី​ខុទ្ទកាល័យ​នាយក​រដ្ឋមន្រ្តី កាល​ពី​ខែ​សីហា ឆ្នាំ​២០០៩។

ក្រុម​អាជីវករ​បន្ត​ថា តូប​គ្រោង​សង់​បន្ថែម​ជិត ៥០​នោះ​ហាក់​បិទ​ផ្លូវ​លក់​ដូរ​អ្នក​នៅ​ក្នុង​ផ្សារ​ជាង ៣០០​តូប និង​អ្នក​លក់​បន្លែ​ច្រើន​កន្លែង​ទៀត​ដែល​នៅ​ពី​ក្រោយ​ផ្សារ។ ម្យ៉ាងទៀត​វា​នឹង​ធ្វើ​ឲ្យ​ចង្អៀត​ផ្លូវ​រថយន្ត​ពន្លត់​អគ្គីភ័យ​ពេល​មាន​អាសន្ន។

អ្នកស្រី ទ្រី ឈូន អំពាវនាវ​ថា សុំ​ឲ្យ​តុលាការ​ក្រុមហ៊ុន​និង​អាជ្ញាធរ​មេត្តា​យល់​ពី​សិទ្ធិ​ស្រប​ច្បាប់​នៃ​ការ​ទាមទារ​របស់​អាជីវករ។ អ្នកស្រី​ថា ការ​តវ៉ា​នោះ​មិន​ប្រឆាំង​នឹង​កិច្ច​អភិវឌ្ឍ​របស់​រដ្ឋ​នោះ​ទេ៕

ព័ត៌មាន (1)
Share

អ្នក​អាន​អនាមិក

I always see Power man use their power for the poor people so I did not why it is like this.

Jan 18, 2010 05:19 AM

គេហទំព័រ​ទាំងមូល