ជម្លោះ​នៅ​ផ្សារ​ឈូក​ខែត្រ​កំពត​ត្រូវ​បាន​ដោះស្រាយ

អាជ្ញាធរ​ខេត្ត​កំពត​និង​អភិបាល​ស្រុក​ឈូក​បាន​ដោះស្រាយ​តាម​ការ​ទាមទារ​របស់​អាជីវករ​ផ្សារ​ឈូក​ហើយ​នៅ​ថ្ងៃ​អង្គារ ទី​១៩ ខែ​មករា។
ដោយ អ៊ុក សាវបូរី
2010-01-20
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ផ្សារ​ឈូក នៅ​ក្នុង​ស្រុក​ឈូក ខែត្រ​កំពត
ផ្សារ​ឈូក នៅ​ក្នុង​ស្រុក​ឈូក ខែត្រ​កំពត
RFA/Ouk Savborey

ការ​ដោះស្រាយ​នេះ​បាន​ធ្វើ​ឡើង​ក្រោយ​ពេល​ដែល​ក្រុម​អាជីវករ​ច្រើន​នាក់​ឡើង​ទៅ​តវ៉ា​កាល​ពី​ថ្ងៃ​ច័ន្ទ នៅ​មុខ​ផ្ទះ​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន ហើយ​ខុទ្ទកាល័យ​នាយក​រដ្ឋមន្រ្តី​បាន​បញ្ជា​ឲ្យ​អាជ្ញាធរ​ខេត្ត​ធ្វើ​ការ​ដោះស្រាយ។

អភិបាល​រង​ខេត្ត​កំពត លោក ហេង វណ្ណថា មាន​ប្រសាសន៍​ថា អភិបាល​ខេត្ត​បាន​បញ្ជា​ឲ្យ​រុះរើ​ឆ្អឹង​ដែក​គ្រោង​សង់​តូប​នៅ​ទីធ្លា​បេន​ឡាន​ពី​មុខ​ផ្សារ​ឈូក​ទាំង​អស់​ហើយ នៅ​រសៀល​ថ្ងៃ​អង្គារ។

លោក​បន្ត​ថា ៖ «បាន​គោលការណ៍​ឯកឧត្ដម​អភិបាល​ខេត្ត គាត់​ថា​ឲ្យ​ផ្អាក​ធ្វើ​ទៅ ឲ្យ​គាត់​ដោះ​អា​ហ្នឹង​ចោល​សិន ទុក​កន្លែង​ហ្នឹង​ធ្វើ​ជា​បេន​ឡាន​សម្រាប់​ឲ្យ​ឡាន​អី​រៀបចំ​បាន​ស្រួល​បួល សោភ័ណ​ភាព​នៅ​មុខ​ផ្សារ​ឈូក​ឲ្យ​បាន​ស្អាត ដោយ​ឲ្យ​គេ​ដាក់​លូ​ដាក់​អី រៀបចំ​ប្រព័ន្ធ​ធ្វើ​ម៉េច​ឲ្យ​បាន​ស្អាតបាត​សិន»

អភិបាល​ស្រុក​ឈូក លោក ខឹម ហម បាន​យល់ព្រម​ជាមួយ​អាជីវករ​ដោយ​មិន​ឲ្យ​សង់​តូប​លើ​ដី​បេន​ឡាន​មុខ​ផ្សារ​នោះ។

ក្រុម​អាជីវករ​ផ្សារ​ឈូក​បាន​ឲ្យ​ដឹង​ថា ការ​ជួយ​អន្តរាគមន៍​ដ៏​មាន​ប្រសិទ្ធភាព​ពី​ខុទ្ទកាល័យ​នាយក​រដ្ឋមន្រ្តី​ធ្វើ​ឲ្យ​ពួក​គាត់​រីករាយ ៖ «គេ​សម្រេច គេ​កាត់​ឆ្អឹង​កាត់​អី​ចោល ហើយ​គេ​សាងសង់​ជា​បេន​ឡាន អត់​មាន​សាងសង់​ជា​តូប​ទេ»

អ្នក​ស្រី វួច បូរ ជា​ជន​រងគ្រោះ​មួយ​រូប​ដែល​រង​នូវ​ការ​ចោទ​ពី​បទ​បរិហារ​កេរ្តិ៍ ដោយសារ​តែ​រឿង​តវ៉ា​ពី​ការ​សង់​តូប​លើ​ដី​បេន​ឡាន​នោះ បាន​អះអាង​ថា អភិបាល​រង​ខេត្ត​និង​អភិបាល​ស្រុក​ឈូក​បាន​កោះ​ហៅ​អាជីវករ​ទៅ​ប្រជុំ​នៅ​រសៀល ថ្ងៃ​អង្គារ ទី​១៩ ខែ​មករា។ អាជ្ញាធរ​បាន​ដោះស្រាយ​បាន​មួយ​ចំណុច គឺ​រុះរើ​ដែក​គ្រោង​ឆ្អឹង​តូប​នៅ​លើ​ដី​បេន​ឡាន​នោះ​ហើយ ប៉ុន្តែ​តូប​សង់​នៅ​ក្បែរ​ដង​ទង់​ជាតិ​ចំ​ពី​មុខ​ផ្សារ​ដែរ​មិន​ទាន់​ដោះស្រាយ​ទេ។ រីឯ​លូ​ស្ទះ​ស្អុយ​នៅ​គ្រប់​កន្លែង​មិន​ទាន់​បាន​បូម​ដែរ។

ចំណែក​ឯ​អាជីវករ​ម្នាក់​ទៀត​បាន​ឲ្យ​ដឹង​ថា ក្នុង​បណ្តឹង​របស់​អាជីវករ​សុំ​ឲ្យ​អាជ្ញាធរ​ដោះស្រាយ​មាន ៤​ចំណុច​ធំៗ ៖ ទី​១ ហាម​សង់​តូប​លើ​ដី​បេន​ឡាន, ទី​២ សុំ​រៀបចំ​ប្រព័ន្ធ​លូ បូម​លូ និង​រៀបចំ​ចំណត​យាន​យន្ត​ឲ្យ​បាន​ស្អាត, ទី​៣ សុំ​ឲ្យ​អ្នក​គ្រប់គ្រង​ផ្សារ​ជួយ​សម្រួល​ដល់​អ្នក​លក់​ដូរ​ក្រីក្រ​លក់​ក្រៅ​របង​ផ្សារ​ឲ្យ​មាន​កន្លែង​លក់​ដូរ​សមរម្យ, ទី​៤ សុំ​បញ្ឈប់​រាល់​គម្រោង​សង់​តូប​បន្ថែម​ទាំង​ខាង​ក្នុង​ និង​ខាង​ក្រៅ​ព័ទ្ធ​ជុំវិញ​ផ្សារ។

លោក​បន្ត​ថា ៖ «គាត់​និយាយ​នៅ​ពេល​ជួប​គ្នា​នៅ​ម៉ោង ២:១៥​នាទី អម្បាញ់​មិញ​នេះ លោក​អភិបាល​រង​ខេត្ត​និង​ចៅហ្វាយ​ស្រុក​គាត់​និយាយ​ថា សុំ​ត្រឹម​តែ​ឲ្យ​រុះរើ​គ្រោង​ឆ្អឹង​ដែល​សង់​នៅ​បេន​ឡាន​ហ្នឹង​ហើយ​ចេញ ហើយ​ក្រៅ​ពី​នោះ​ទៀត​គាត់​មិន​អាច​ដោះ​បាន​ទេ ចាំ​និយាយ​គ្នា​ក្រោយ​ទៀត»

ផ្សារ​ឈូក​មាន​តូប​លក់​ក្នុង​ផ្សារ​ចំនួន ៣៦៧​តូប សង់​ដោយ​ក្រុមហ៊ុន សិលា​ឧត្តម ពី​ឆ្នាំ​១៩៩៥។ ក្រុមហ៊ុន​បាន​លក់​តូប​នោះ​ឲ្យ​អាជីវករ​បាន​លក់​ដូរ​មាន​របៀប​រៀបរយ​ពី​ឆ្នាំ​នោះ​មក ហើយ​នៅ​ឆ្នាំ​២០០៧ មាន​ក្រុមហ៊ុន​មួយ​ដែល​គេ​ស្គាល់​ឈ្មោះ​មិន​ច្បាស់​ពិត​ប្រាកដ​បាន​មក​សុំ​សង់​តូប​ជិត ៥០​លើ​ដី​បេន​ឡាន​ចំ​ពី​មុខ​ផ្សារ​នោះ ទើប​មាន​ការ​តវ៉ា​រហូត​មាន​កិច្ច​អន្តរាគមន៍​ពី​ខុទ្ទកាល័យ​នាយក​រដ្ឋមន្រ្តី ហើយ​មាន​ការ​ដោះស្រាយ​នៅ​ថ្ងៃ​ទី​១៩ មករា​នេះ៕

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល