ក្រុមហ៊ុន​ឌីអ៊ឺម​ហ្គ្រូប​ហាម​ជន​ជាតិ​ដើម​ភាគ​តិច​នៅ​រតនគិរី​ចូល​ព្រៃ​រក​ជ័រ

អ្នក​ភូមិ​នៅ​ខេត្ត​រតនគិរី​មួយ​ចំនួន គឺ​ជា​អ្នក​រស់​ចិញ្ចឹម​ជីវិត​ជា​មួយ​មុខ​របរ​ធ្វើ​ជ័រ​ទឹក​ពី​ព្រៃ​ឈើ ដែល​ជា​មុខ​របរ​ប្រពៃណី​របស់​សហគមន៍​ជន​ជាតិ​ដើម​ភាគ​តិច​ជា​ច្រើន​ជំនាន់​​មក​ហើយ។
ដោយ រដ្ឋា វីសាល
2010-06-29
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ភូមិ​ជន​ជាតិ​ដើម​ភាគ​តិច​នៅ​រតនគិរី
ភូមិ​ជន​ជាតិ​ដើម​ភាគ​តិច​នៅ​រតនគិរី
Photo courtesy of wikipedia.org

អ្នក​ភូមិ​ជា​សមាជិក​សហគមន៍​ជន​ជាតិ​ដើម​ភាគ​តិច ភូមិ​ប៉ាតាង ស្រុក​លំផាត់ ខេត្ត​រតនគិរី​ឲ្យ​ដឹង​ថា អ្នក​ភូមិ​ជាង ៤០​គ្រួសារ​កំពុង​ប្រឈម​មុខ​នឹង​ការ​បាត់​បង់​មុខ​របរ​ជា​អ្នក​ដង​ជ័រ​ឈើ​ក្នុង​ព្រៃ សម្រាប់​ចិញ្ចឹម​ជីវភាព​ក្រុម​គ្រួសារ។

ការ​អះអាង​នេះ​ធ្វើ​ឡើង​តាម​រយៈ​អ្នក​ភូមិ​មាន​គ្នា​ជាង ១០​នាក់ កាល​ពី​ថ្ងៃ​ច័ន្ទ ទី​២៨ ខែ​មិថុនា ឆ្នាំ​២០១០ បាន​នាំ​គ្នា​មក​កាន់​ការិយាល័យ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក ខេត្ត​រតនគិរី ឲ្យ​ជួយ​អន្តរាគមន៍​ទៅ​អាជ្ញាធរ​ពាក់ព័ន្ធ​ជួយ​ដោះ​ស្រាយ​បញ្ហា​ដល់​អ្នក​ភូមិ។

តំណាង​អ្នក​ភូមិ​ប៉ាតាង ឈ្មោះ យ៉ាង ថន មាន​ប្រសាសន៍​បញ្ជាក់​ថា កម្មករ​ប្រចាំ​ការដ្ឋាន​ដាំ​កៅស៊ូ​របស់​ក្រុមហ៊ុន​ឈ្មោះ ឌី អ៊ឹម ហ្រ្គូប មាន​ទីតាំង​នៅ​តំបន់​ព្រៃ​ម៉ៃ ឃុំ​ប៉ាតាង​បាន​ចូល​ព្រៃ​ហាម​ឃាត់​មិន​ឲ្យ​អ្នក​ភូមិ​ចូល​ព្រៃ​ដង​ជ័រ​ដូច​មុន​បាន​ទៀត​ទេ ចាប់​តាំង​ពី​ពាក់​កណ្ដាល​ខែ​មិថុនា ឆ្នាំ​២០១០ មក ដោយ​សំអាង​ថា ព្រៃ​ឈើ​នៅ​តំបន់​នោះ ក្រុមហ៊ុន​ជា​អ្នក​គ្រប់គ្រង។

លោក  យ៉ាង ថន មាន​ប្រសាសន៍​ដូច្នេះ ៖ «ដី​របស់​គេ គេ​មិន​ឲ្យ​ចូល ហើយ​យើង​ឃើញ​អ្វី​មួយ​នៅ​ក្នុង​ហ្នឹង គេ​អារ​ឈើ ដូច​ជា​ម៉ាស៊ីន​ប្រដាប់​ឆក់​ក្នុង​ហ្នឹង គឺ​គេ​អត់​ឲ្យ។ ហាម​កន្លែង​ហ្នឹង​មិន​ឲ្យ​យើង​ចូល។ព្រួយ​បារម្ភ​ណាស់​ភូមិ​ប៉ាតាង​យើង​ខ្ញុំ»

អ្នក​ភូមិ​ដែល​ឋិត​ក្នុង​ហេតុ​ការណ៍​ផ្ទាល់​បញ្ជាក់​បន្ថែម ៖ «ឈើ​ហ្នឹង​ខ្ញុំ​ធ្វើ​ជាង ១០​ឆ្នាំ​ហើយ គេ​ក្រុមហ៊ុន​គេ​កាន់​កាប់​ទាំង​អស់​ហើយ។ ក្រុមហ៊ុន​គេ​ចូល​ធ្វើ​គេ​ហាម។ អូ! ច្រើន​ណាស់​ជាង១០០ ជាង​២០០​ដើម​ក៏​មាន។ ឈប់​ធ្វើ​ហ្នឹង​វា​អត់​បាយ​ហូប​ហើយ»

មេការ​ក្រុមហ៊ុន ឌី អ៊ឹម ហ្គ្រូប លោក មាស ម៉ុន បដិសេធ​ថា បុគ្គលិក​ក្រុមហ៊ុន​មិន​មាន​ពាក់ព័ន្ធ​ការ​ហាម​ប្រាម​អ្នក​ភូមិ​មិន​ឲ្យ​ចូល​ព្រៃ​ដង​ជ័រ​នោះ​ទេ។ លោក​បញ្ជាក់​ថា ក្រុមហ៊ុន​មិន​មាន​ផែនការ​ឲ្យ​ធ្វើ​បែប​នេះ​ឡើយ ៖ «គេ​យក​របស់​គេ​រាល់​តែ​ថ្ងៃ ហើយ​មក​ចេះ​តែ​បង្ខូច​តែ​គេ​អ៊ីចឹង បាទ​អត់​មាន​ទេ​ខ្ញុំ ខ្ញុំ​មិន​បាន​ហាម​ឃាត់​ទេ»

វិទ្យុ​អាស៊ី​សេរី​មិន​អាច​ទាក់​ទង​មេ​ភូមិ និង​មេ​ឃុំ​ប៉ាតាង​ដើម្បី​បញ្ជាក់​ពី​បញ្ហា​នេះ​បាន​ទេ នៅ​ថ្ងៃ​ច័ន្ទ​ទី​២៨ ខែ​មិថុនា ឆ្នាំ​២០១០។ ប៉ុន្តែ​អភិបាល​ស្រុក​លំ​ផាត់ លោក គង់ ស្រ៊ុន មាន​ប្រសាសន៍​ថា អ្នក​ភូមិ​គួរ​ធ្វើ​សេចក្ដី​រាយការណ៍​មក​អាជ្ញាធរ​មូលដ្ឋាន ប្រសិន​កើត​មាន​ករណី​បែប​នេះ​មែន ដើម្បី​ជួយ​ចាត់​វិធានការណ៍។

លោក គង់ ស្រ៊ុន មាន​ប្រសាសន៍​ដូច្នេះ ៖ «តែ​ខ្ញុំ​ចង់​ថា​ឲ្យ​គាត់​បាន​មក​ជួប​ខ្ញុំ ទើប​ខ្ញុំ​នឹង​អញ្ជើញ​ក្រុមហ៊ុន​មក ដើម្បី​ត​ទល់​គ្នា ដល់​អ៊ីចឹង​ខ្ញុំ​មិន​ដឹង​អញ្ជើញ​ក្រុមហ៊ុន​មក​និយាយ​រឿង​អ្វី»

អ្នក​សម្របសម្រួល​សមាគម​អាដហុក​ខេត្ត​រតនគិរី លោក ប៉ែន ប៊ុណ្ណារ៍ អំពាវនាវ​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ធ្វើ​ការ​ពិនិត្យ​សេចក្ដី​រាយការណ៍​របស់​ប្រជា​ពលរដ្ឋ​នេះ ៖ «ច្បាប់​ព្រៃ​ឈើ​អនុញ្ញាត​ឲ្យ​ជន​ជាតិ​ដើម​ភាគ​តិច មាន​សិទ្ធិ​ក្នុង​ការ​ប្រមូល​យក​អនុផល​ព្រៃ​ឈើ ដើម្បី​យក​មក​ប្រើ​ប្រាស់។ យើង​ឃើញ​ថា សកម្មភាព​ហ្នឹង​គាត់​ធ្វើ​បាន​ច្រើន​ឆ្នាំ​ហើយ ក៏​ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ ស្រាប់​តែ​មាន​ក្រុមហ៊ុន​បាន​បិទ​អា​សិទ្ធិ​ហ្នឹង»

អ្នក​ភូមិ​ប៉ាតាង​ឲ្យ​ដឹង​ថា តំបន់​ព្រៃ​ម៉ៃ ភ្នំ​គន្ធីរ​អូរប៉ប៉ូរ និង​ព្រៃ​អូរ​សង់គោល ក្នុង​ភូមិសាស្ត្រ​ឃុំ​ប៉ាតាង ស្រុក លំផាត់ រង​ការ​កាប់​រាន​ដើម្បី​យក​ដី និង​កាប់​ឈើ​ធ្វើ​អាជីវកម្ម​តាំង​ពី​ឆ្នាំ​២០០៨ មក អ្នក​ភូមិ​ប៉ាតាង​ចោទ​ប្រកាន់​ទៅ​លើ​ក្រុមហ៊ុន ឌី អ៊ឹម ហ្គ្រូប ដែល​ចូល​មក​បោះ​ទី​តាំង​កាន់​កាប់​លើ​ចម្ការ​អ្នក​ភូមិ ហើយ​បាន​កាប់​រាន និង​ធ្វើ​អាជីវកម្ម​ឈើ​ខុស​ច្បាប់​នៅ​តំបន់​នោះ ក៏​ប៉ុន្តែ​តំណាង​ក្រុមហ៊ុន​បដិសេធ​ថា ក្រុមហ៊ុន​មិន​បាន​រំលោភ​ដី​អ្នក​ភូមិ និង​កាប់​រាន​ព្រៃ​ឈើ​ទេ គឺ​ក្រុមហ៊ុន​បាន​ទិញ​ដី​នៅ​តំបន់​នោះ មាន​ឯកសារ​បញ្ជាក់​ពី​អាជ្ញាធរ​ភូមិ​ឃុំ និង​ស្រុក៕

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល