ចម្ការ​ដំឡូង​មី​របស់​អ្នក​ភូមិ​នៅ​រតនគិរី​ខូច​ខាត​ព្រោះ​គ្មាន​ទឹក​ភ្លៀង

អ្នក​ភូមិ​ជា​កសិករ​នៅ​ឃុំ​លំជ័រ ស្រុក​អូរយ៉ាដាវ ខេត្ត​រតនគិរី ឲ្យ​ដឹង​ថា ចម្ការ​ដំឡូង​មី​អ្នក​ភូមិ​ស្ទើរ​គ្រប់​គ្នា​ដែល​បាន​ដាំ​កាល​ពី​ខែ​មេសា ដើម​រដូវ​វស្សា​ឆ្នាំ​២០១០ កំពុង​រង​ការ​ខូចខាត​ដោយ​គ្មាន​ទឹក​ភ្លៀង។
ដោយ រដ្ឋា វីសាល
2010-05-18
អ៊ីម៉ែល
មតិ
Share
បោះពុម្ព

កសិករ​កំណើត​ជនជាតិ​ដើម​ភាគ​តិច​គ្រឹង​នៅ​ភូមិ​អុន ស្រុក​អូរយ៉ាដាវ បញ្ជាក់​ឲ្យ​ដឹង​នៅ​ថ្ងៃ​ច័ន្ទ ទី​១៧ ខែ​ឧសភា ឆ្នាំ​២០១០ ថា ដើម​ដំឡូង​មី​ដែល​អ្នក​ភូមិ​ដាំ​ក្នុង​មួយ​គ្រួសារ​ចាប់​ពី កន្លះ​ហិកតារ​ដល់ ២​ហិកតារ​ត្រូវ​ក្រៀម​ស្វិត ហើយ​សត្វ​ល្អិត​បាន​ស៊ី​បំផ្លាញ​ដើម​ដែល​ដាំ​ស្ទើរ​ទាំង​អស់​គ្មាន​សល់ នៅ​តាម​ចម្ការ​អ្នក​ភូមិ ៖ «ខ្ញុំ​ដាំ ក្រៀម​ទាំង​អស់ ក្រៀម​តែម្ដង! ហើយ​មេ​ស៊ី​ខ្ទេច​អស់! ឥឡូវ​ហ្នឹង​ដាំ​បាន​កន្លះ​ហិកតារ»

មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​ឃុំ​លំជ័រ មិន​ទាន់​បាន​ស្រង់​តួលេខ​នៃ​ការ​ខូច​ខាត​ដំណាំ​ដំឡូង​មី​របស់​ប្រជា​ពលរដ្ឋ​នៅ​ក្នុង​មូលដ្ឋាន​របស់​ខ្លួន​នោះ​ទេ ក៏​ប៉ុន្តែ​ទទួល​ស្គាល់​ថា ប្រជា​ពលរដ្ឋ​ជា​អ្នក​ភូមិ​ប្រមាណ ២០០​គ្រួសារ​អ្នក​ដាំ​ដំឡូង​មី​ពី​ដើម​រដូវ​មាន​ធ្លាក់​ភ្លៀង​បន្តិច​បន្តួច ពិត​ជា​រង​ការ​ខូច​ខាត​ដោយសារ​គ្មាន​ទឹក​ភ្លៀង​ក្រោយ​ពេល​អ្នក​ភូមិ​ដាំ​រួច។

មេ​ឃុំ​លំជ័រ លោក សេវ ថ្វាន មាន​ប្រសាសន៍​ថា នៅ​ស្ទើរ​គ្រប់​ភូមិ​ក្នុង​មូលដ្ឋាន​របស់​លោក កសិករ​ជួប​ហេតុការណ៍​អាក្រក់​ដូច​គ្នា ក៏​ប៉ុន្តែ​មាន​កសិករ​មួយ​ចំនួន​ធំ​ដែរ​មិន​បាន​រង​ផល​ប៉ះពាល់ ដោយ​ពួក​គាត់​មិន​ទាន់​បាន​ដាំ។

លោក សេវ ថ្វាន បាន​បញ្ជាក់​ថា ៖ «ឥឡូវ​ខ្ញុំ​ដោះស្រាយ​ម៉េច​អ៊ីចឹង? នៅ​ក្នុង​ឃុំ​យើង​គេ​ដាំ​ដំឡូង​ទាំង​អស់​ណា៎! អា​ខ្លះ​គេ​បាន​ដុះ​វា​ត្រូវ​ទឹក​ភ្លៀង​ម្ដង ជួនកាល​អា​ខ្លះ​វា​អត់​ដុះ វា​ចេះ​តែ​ខូច​ក្នុង​ដី កណ្ដៀរ​ស៊ី​ផង​អី​ផង ធ្វើ​ម៉េច? យើង​ដោះស្រាយ​ម៉េច​បាន​ទឹក​ភ្លៀង!»

មិន​មែន​មាន​តែ​ឃុំ​លំជ័រ​នោះ​ទេ មន្ត្រី​កសិកម្ម​ខេត្ត​រតនគិរី​ឲ្យ​ដឹង​ថា តាម​បណ្ដា​ស្រុក​ផ្សេង​ទៀត​ក៏​មាន​សេចក្ដី​រាយ​ការណ៍​ពី​ការ​ក្រៀម​ស្វិត និង​សត្វ​ល្អិត​ស៊ី​ដើម​ដំឡូង​មី​ដែល​កសិករ​ដាំ​ដូច​គ្នា ដោយសារ​គ្មាន​ភ្លៀង​ធ្លាក់។

ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​រតនគិរី លោក សយ សូណា មាន​ប្រសាសន៍​បញ្ជាក់​ពី​ករណី​នេះ​ថា ៖ «កាល​គាត់​ដាំ ដោយសារ​ថា​រដូវ​វស្សា​ចូល​មក​ហើយ ដាំ​មួយ​ចំនួន មួយ​ចំនួន​ចាប់ផ្ដើម​ដាំ​ហ្នឹង! ដល់​អ៊ីចឹង​វា​រាំង​រហូត ឃើញ​ភ្លៀង​ធ្លាក់​មួយ​មេ​ពីរ​ណា៎!»

តម្លៃ​ដំឡូង​មី​ក្រៀម​នា​ចុង​ឆ្នាំ​២០០៩ នៅ​ទីផ្សារ​ខេត្ត​រតនគិរី កើន​ឡើង​ពី ៥០០​រៀល​រហូត​ដល់ ៧២០​រៀល​ក្នុង ១​គីឡូក្រាម។

តួលេខ​ស្រង់​ដោយ​មន្ទីរ​កសិកម្ម​ខេត្ត​ឲ្យ​ដឹង​ថា បរិមាណ​ដំឡូង​មី​ដែល​កសិករ​ដាំ​បាន​កាល​ពី​ឆ្នាំ​២០០៨ មាន​ចំនួន ៧​ម៉ឺន​តោន ក៏​ប៉ុន្តែ​ដោយសារ​តម្លៃ​ទីផ្សារ​នៃ​ប្រទេស​ជិត​ខាង​ចុះ​ទាប​ធ្វើ​ឲ្យ​កសិករ​ដាំ​ដំឡូង​ខាត ឈប់​ដាំ ហើយ​បរិមាណ​ផល​ដំឡូង​មី​នា​ឆ្នាំ​២០០៩ ធ្លាក់​ចុះ​នៅ​ត្រឹម​តែ​ជាង ៣​ម៉ឺន​តោន​តែ​ប៉ុណ្ណោះ។

ក្រសួង​ឧតុនិយម​នៃ​ប្រទេស​កម្ពុជា​បាន​ព្យាករណ៍​ថា ចាប់​ពី​ដើម​ខែ​ឧសភា ឆ្នាំ​នេះ ភ្លៀង​នឹង​ចាប់ផ្ដើម​ធ្លាក់​សម្រាប់​ការ​ដាំ​ដុះ។

យ៉ាង​នេះ​ក្តី​សម្រាប់​កសិករ ឈ្មោះ អេ វឿន មាន​ចម្ការ​ដំឡូង​មី​នៅ​ស្រុក​អូរយ៉ាដាវ ឲ្យ​ដឹង​ដែរ​ថា គាត់​បាន​ដាំ​ដើម​ដំឡូង​ពី​ខែ​មេសា ពេល​ធ្លាក់​ភ្លៀង​លើក​ដំបូង​ដូច​គ្នា ក៏​ប៉ុន្តែ​ដើម​ដំឡូង​មី​នៅ​ចម្ការ​គាត់​ប្រមាណ ២​ហិកតារ​បាន​ដុះ​លូត​លាស់​ល្អ ដោយសារ​គាត់​បាន​ប្រើប្រាស់​ថ្នាំ​បំប៉ន​ដើម។

គាត់​បន្ត​ថា ថ្នាំ​បំប៉ន​ដើម​ដំឡូង​មាន​លក់​នៅ​គ្រប់​ទីផ្សារ​នៃ​ប្រទេស​កម្ពុជា។ថ្នាំ​នេះ​មាន​តម្លៃ ១៥០០០​រៀល​ក្នុង​មួយ​ដប ដែល​អាច​លាយ​ជាមួយ​ទឹក​បាន​ចំនួន ៥០​លីត្រ។ កសិករ​អាច​យក​ដើម​ដំឡូង​មុន​ដាំ ជ្រលក់​ទឹក​ថ្នាំ​លាយ​នោះ អាច​ការពារ​ដើម​ដំឡូង​មិន​ឲ្យ​សត្វ​ល្អិត​ស៊ី អាច​ទ្រាំ​ទ្រ​នឹង​កង្វះ​ទឹក​ពី ១០​ថ្ងៃ ទៅ ១៥​ថ្ងៃ​ក្រោយ​ពេល​ដាំ​រួច និង​អាច​ជួយ​បំប៉ន​ដើម​ដំឡូង​ឲ្យ​លូត​លាស់​ល្អ៕

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល