កម្ពុជា​ស្នើ​ឲ្យ​ចិន​ជួយ​បណ្ដុះ​បណ្ដាល​មន្ត្រី​ប្រឆាំង​គ្រឿង​ញៀន

ប្រទេស​កម្ពុជា​បាន​សុំ​ឲ្យ​ចិន​បន្ត​ជួយ​ដល់​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​​ប្រឆាំង​គ្រឿងញៀន​កម្ពុជា​បន្ត​ទៅ​ទៀត ដូច​ជា​ហ្វឹក​ហាត់​បច្ចេកទេស​មន្ត្រី គ្រឿងញៀន​ខ្មែរ និង​សុំ​ឲ្យ​ជួយ​សង់​អគារ​បី​កន្លែង​ដល់​មន្ត្រី​ប្រយុទ្ធ​ប្រឆាំង​​គ្រឿងញៀន​កម្ពុជា។
ដោយ វោហារ ជាតិ
2010-05-18
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
២១-ធ្នូ-២០០៩: ក្រុម​យុវជន​ដែល​មក​ទទួល​ការ​ព្យាបាល​និង​បន្សាប​ការ​ញៀន​គ្រឿង​ញៀន​នៅ​ក្នុង​មជ្ឈមណ្ឌល​មួយ នា​ជាយ​រាជធានី​ភ្នំពេញ
២១-ធ្នូ-២០០៩: ក្រុម​យុវជន​ដែល​មក​ទទួល​ការ​ព្យាបាល​និង​បន្សាប​ការ​ញៀន​គ្រឿង​ញៀន​នៅ​ក្នុង​មជ្ឈមណ្ឌល​មួយ នា​ជាយ​រាជធានី​ភ្នំពេញ
RFA/Sok Serey

នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​នៃ​មន្ត្រី​ជាន់​ខ្ពស់​ចិន​មួយ​ក្រុម ដឹក​នាំ​ដោយ​លោក លឿ យឿជិន (Lie Yuejin) អគ្គលេខាធិការ​រង និង​ជា​តំណាង​គណៈកម្មាធិការ​ត្រួត​ពិនិត្យ​គ្រឿងញៀន​ប្រទេស​ចិន នៅ​ក្នុង​ប្រទេស​កម្ពុជា​រយៈ​ពេល​មួយ​សប្ដាហ៍ គិត​ចាប់​តាំង​ពី​ថ្ងៃ​ទី​១៧ ឧសភា ដល់​ថ្ងៃ​ទី​២២ ឧសភា ភាគី​កម្ពុជា​មាន​គម្រោង​ស្នើ​សុំ​ឲ្យ​ប្រទេស​ចិន​ជួយ​បន្ត​ហ្វឹក​ហាត់​បច្ចេកទេស​ខាង​ត្រួត​ពិនិត្យ​គ្រឿង​ញៀន​មន្ត្រី​កម្ពុជា ផ្នែក​ច្បាប់ និង​សុំ​ឲ្យ​ចិន​ជួយ​សង់​អគារ​ដល់​មន្ត្រី​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន​កម្ពុជា​រួម​ទាំង​ផ្ដល់​សម្ភារៈ​មួយ​ចំនួន​ទៀត​ផង។

លោក មឹក ដារា អគ្គលេខាធិការ​នៃ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន​កម្ពុជា មាន​ប្រសាសន៍​ក្នុង​កិច្ច​ប្រជុំ​ជា​មួយ​ភាគី​ចិន នៅ​សណ្ឋាគារ​កាំបូឌីយ៉ាណា (Cambodiana) នៅ​ថ្ងៃ​ទី​១៨ ឧសភា ថា​មន្ត្រី​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន​កម្ពុជា​នៅ​ខ្វះ​ខាត​ច្រើន ក្នុង​ការអនុវត្ត​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន​នៅ​កម្ពុជា ទាំង​បច្ចេកទេស ទាំង​ផ្លូវ​ច្បាប់ ៖ «សមត្ថភាព​មន្ត្រី​របស់​យើង​នៅ​មាន​កម្រិត គ្នា​តិច។ ទី​២​ត្រង់​ថា មន្ទីរ​ពិសោធន៍​របស់​យើង​មាន​តែ​មួយ ប៉ុន្តែ​តាម​ជា​ទស្សនវិស័យ យើង​ត្រូវ​ការ​បី នៅ​ភូមិភាគ​ពាយ័ព្យ​មួយ ឦសាន​ថែម​មួយ​ទៀត ដើម្បី​ងាយ​ស្រួល​ដល់​ការ​ធ្វើ​វិភាគ​ឲ្យ​ទាន់​ពេល​វេលា​ដល់​ការ​កាត់​ក្ដី»

យ៉ាង​ណា​ក្ដី​លោក មឹក ដារា មិន​បាន​បញ្ជាក់​ឲ្យ​ដឹង​អំពី​ចំនួន​ទឹក​ប្រាក់​សរុប នៃ​ជំនួយ​នោះ​ទេ​នៅ​រសៀល​ថ្ងៃ​ទី​១៨ ឧសភា​នេះ។ លោក​ថា ប្រទេស​ចិន​កន្លង​មក​បាន​ផ្ដល់​ថ្នាំ​ព្យាបាល​អ្នក​ញៀន​ប្រភេទ​អាភៀន និង​បង្ហាត់​បង្រៀន​ខាង​ច្បាប់​ដល់​មន្ត្រី​នៃ​អាជ្ញាធរ​គ្រឿង​ញៀន​កម្ពុជា។

ឯកសារ​របស់​អាជ្ញាធរ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន​កម្ពុជា នៅ​ថ្ងៃ​ទី​១៨ ឧសភា​នេះ បង្ហាញ​ថា ភាគី​កម្ពុជា បាន​សុំ​ឲ្យ​ភាគី​ចិន​ជួយ ដូចជា ស្នើ​សុំ​ផ្លាស់​ប្ដូរ​ទស្សន​កិច្ច​របស់​ថ្នាក់​ដឹក​នាំ​ជាន់​ខ្ពស់ ស្ថាប័ន​គ្រឿង​ញៀន កម្ពុជា- ចិន សុំ​បង្កើត​ឲ្យ​មាន​គម្រោង​ទ្វេភាគី កម្ពុជា-ចិន សម្រាប់​ត្រួត​ពិនិត្យ​គ្រឿង​ញៀន​ដើម្បី​ពង្រឹង​សមត្ថភាព​មន្ត្រី​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន​កម្ពុជា និង​អគារ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន​មួយ​កន្លែង សុំ​ឲ្យ​ចិន​ផ្ដល់​វគ្គ​បណ្ដុះបណ្ដាល​ដល់​មន្ត្រី​អនុវត្ត​ច្បាប់​កម្ពុជា​ នឹង​ផ្ដល់​វគ្គ​ផ្សេង​ទៀត​ពាក់ព័ន្ធ​នឹង​ការ​ត្រួត​ពិនិត្យ​សារធាតុ​គីមី​ផ្សំ ការ​ប្រមូល​និង​គ្រប់គ្រង​ព័ត៌មាន ការងារ​ផ្សព្វផ្សាយ​អប់រំ​ ការ​ព្យាបាល​និង​ស្ដារ​នីតិសម្បទា​អ្នក​ញៀន​គ្រឿងញៀន  និង​សុំ​ផ្ដល់​មធ្យោបាយ​សម្ភារៈ​ បម្រើ​ក្នុង​វិស័យ​អនុវត្ត​ច្បាប់ ព្យាបាល និង​ស្ដារ​នីតិសម្បទា។

នៅ​ក្នុង​កិច្ច​ប្រជុំ​ជា​មួយ​ប្រតិភូ​ចិន​នោះ លោក មឹក ដារា មាន​ប្រសាសន៍​ទៅ​កាន់​លោក លឿ យឿជិន ថា មាន​ជន​ជាតិ​ចិន​ដី​គោក​ច្រើន​នាក់​ដែរ ដែល​ពាក់ព័ន្ធ​រក​ស៊ី​គ្រឿង​ញៀន​នៅ​កម្ពុជា ហើយ​ប្រទេស​កម្ពុជា​ចង់​សហការ​ជា​មួយ​ចិន ក្នុង​ការ​ផ្លាស់​ប្ដូរ​ព័ត៌មាន​ជាមួយ​គ្នា ឲ្យ​បាន​ទាន់​ពេល​វេលា ដើម្បី​បង្ក្រាប​ឲ្យ​បាន​ប្រសិទ្ធភាព។ លោក លឿ យឿជិន មាន​ប្រសាសន៍​ថា ភាគី​ចិន​នឹង​ពិចារណា​លើ​សំណើ​នេះ ហើយ​នឹង​ឆ្លើយ​តប​វិញ​ដ៏​ឆាប់​បំផុត។

របាយការណ៍​របស់​អាជ្ញាធរ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន​កម្ពុជា​បាន​បង្ហាញ​ថា មក​ទល់​ពេល​នេះ គ្រឿង​ញៀន​បាន​ជ្រាប​ចូល​ដល់​សង្គម​ខ្មែរ​ស្ទើរ​គ្រប់​ច្រកល្ហក គ្រប់​ខេត្ត​ក្រុង​ ហើយ​ជន​រង​គ្រោះ ឬ​អ្នក​ប្រើ​ថ្នាំញៀន​ភាគ​ច្រើន​មាន​អាយុ​ចាប់​ពី ១០​ឆ្នាំ ដល់​៣៥​ឆ្នាំ ក្នុង​នោះ​មាន​កុមារ​និង​យុវជន​ដែល​មាន​អាយុ​ចាប់​ពី​១០​ឆ្នាំ ដល់ ​២៥​ឆ្នាំ​ប្រមាណ ៨០​ភាគរយ។ របៀប​​ប្រើ​ប្រាស់​ថ្នាំ​ញៀន​មាន​ចាប់​តាំង​ពី​លេប ជក់ ហិត និង​ចាក់​បញ្ចូល​តាម​សរសៃឈាម ដែល​នាំ​ឲ្យ​គ្រោះ​ថ្នាក់​បំផុត។ របាយការណ៍​ដដែល​បង្ហាញ​ដែរ​ថា មក​ទល់​បច្ចុប្បន្ន​នេះ មាន​ជន​រងគ្រោះ​ដែល​កំពុង​ស្ថិត​នៅ​ក្រោម​ឥទ្ធិពល​គ្រឿងញៀន​នៅ​ទូទាំង​ប្រទេស​ចំនួន​ប្រមាណ​៦០០០ ទៅ ៧០០០​នាក់ និង​អ្នក​ញៀន​គ្រឿង​ញៀន​ប្រមាណ​១៥០០ ទៅ ២០០០ នាក់​កំពុង​ទទួល​ការ​អប់រំ​និង​បន្សាប​គ្រឿង​ញៀន​នៅ​តាម​មជ្ឈមណ្ឌល​នានា៕

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល