កម្ពុជា​-​អូស្ត្រាលី​សហការ​គ្នា​ដុត​បំផ្លាញ​សារធាតុ​ញៀន​ជាង​២០​តោន

រដ្ឋាភិបាល​ខ្មែរ​និង​​អូស្ត្រាលី​នៅ​ព្រឹក​ថ្ងៃ​ទី​២៨ ខែ​មករា បាន​សហការ​ដុត​បំផ្លាញ​សារធាតុ​ញៀន​និង​គ្រឿង​ញៀន​ចំនួន​ជាង ២០​តោន​ដែល​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន​បង្រ្កាប និង​រឹបអូស​បាន​ពី​ខេត្ត​ក្រុង​នានា​ក្នុង​ប្រទេស​កម្ពុជា​កាល​ពី​ឆ្នាំ​២០០៩។
ដោយ សួន សុផលមុន្នី
2010-01-28
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
អ្នក​ជំនាញ​រៀបចំ​បំផ្លាញ​សារធាតុ​ញៀន​និង​គ្រឿង​ញៀន នៅ​សាលា​នគរបាល​ជាតិ​ភូមិភាគ​៤ ក្នុង​ស្រុក​សង្កែ ខែត្រ​បាត់ដំបង។
អ្នក​ជំនាញ​រៀបចំ​បំផ្លាញ​សារធាតុ​ញៀន​និង​គ្រឿង​ញៀន នៅ​សាលា​នគរបាល​ជាតិ​ភូមិភាគ​៤ ក្នុង​ស្រុក​សង្កែ ខែត្រ​បាត់ដំបង។
RFA/Soun Sophalmony

ការ​ដុត​សារធាតុ​ញៀន​និង​គ្រឿង​ញៀន​នេះ​បាន​ប្រារព្ធ​ឡើង​នៅ​ទីតាំង​សាលា​នគរបាល​ជាតិ​ភូមិភាគ​៤ ស្ថិត​នៅ​ក្នុង​ស្រុក​សង្កែ ខេត្ត​បាត់ដំបង ដោយ​មាន​ប្រជាពលរដ្ឋ សិស្ស​សាលា និង​អ្នក​ធ្លាប់​ប្រើប្រាស់​ថ្នាំ​ញៀន​ជា​ច្រើន​រយ​នាក់​ចូលរួម។

លោក ម៉ឹក តារា អគ្គ​លេខាធិការដ្ឋាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន បាន​មាន​ប្រសាសន៍​ថា សារធាតុ​ញៀន​និង​គ្រឿង​ញៀន​ដែល​ត្រូវ​ដុត​បំផ្លាញ​នោះ​មាន​ចំនួន​ជា​ច្រើន​តោន។

លោក ម៉ឹក តារា បាន​បញ្ជាក់​ថា ៖ «សារជាតិ​គីមី​ផ្សំ​នឹង​ប្រេង​ម្រះព្រៅ​ភ្នំ​ដែល​ត្រូវ​ធ្វើ​ការ​បំផ្លាញ​នៅ​ពេល​បន្តិច​ទៀត​នេះ​មាន​ចំនួន​សរុប​ស្មើ​នឹង ២០​តោន ៥៨៨​គីឡូក្រាម»

លោក កែ គឹមយ៉ាន ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន បាន​មាន​ប្រសាសន៍​ថា រដ្ឋាភិបាល​ខ្មែរ​និង​រដ្ឋាភិបាល​អូស្ត្រាលី​បាន​ចំណាយ​ថវិកា ១០​ម៉ឺន​ដុល្លារ​សហរដ្ឋ​អាមេរិក​នៅ​ក្នុង​ការ​រៀបចំ​ពិធី​ដុត​បំផ្លាញ​នេះ។

លោក​បាន​មាន​ប្រសាសន៍​ថា កម្ពុជា​កើត​មាន​បញ្ហា​ប្លែកៗ​ជា​ច្រើន​ទាក់ទិន​បញ្ហា​គ្រឿង​ញៀន។ លោក​បន្ត​ថា នៅ​មាន​គ្រឿង​ញៀន​ជា​ច្រើន​ទៀត​ដែល​កំពុង​ចរាចរ​នៅ​កម្ពុជា​ធ្វើ​ឲ្យ​គ្រោះថ្នាក់​ដល់​យុវជន​ខ្មែរ។

លោក កែ គឹមយ៉ាន បាន​ថ្លែង​ថា ៖ «គ្រឿង​ញៀន​មិន​មែន​ជា​ចំណី​អាហារ ហើយ​ក៏​មិន​មែន​ជា​ល្បែង​កម្សាន្ត​ដែល​យើង​ត្រូវ​សាកល្បង​នោះ​ដែរ។ ផ្ទុយ​ទៅ​វិញ វា​ជា​សារធាតុ​ម៉្យាង​ដែល​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​សុខភាព។ វា​បណ្ដាល​ឲ្យ​យើង​ធ្លាក់​ខ្លួន​ញៀន​ខ្លាំង​ដែល​ពិបាក​នឹង​បញ្ឈប់​បាន»

លោក រីឆាត ស្តិនហ្វ័ដ នាយក​គ្រប់គ្រង​កិច្ចការ​អន្តរជាតិ​នៃ​សហព័ន្ធ​អូស្ត្រាលី បាន​មាន​ប្រសាសន៍​ថា នគរបាល​សហព័ន្ធ​អូស្រ្តាលី​នឹង​បន្ត​កិច្ច​សហ​ប្រតិបត្តិការ​ឲ្យ​កាន់​តែ​មាន​ប្រសិទ្ធភាព​ថែម​ទៀត​ជាមួយ​ប្រទេស​ជា​ដៃគូ​ក្នុង​ការ​រួម​ចំណែក​អនុវត្ត​ច្បាប់​លុប​បំបាត់​គ្រឿង​ញៀន។

ចំណែក​ឯ​លោក​ស្រី ម៉ាហ្គារ៉េត អាដាមសុន អគ្គរាជទូត​ប្រទេស​អូស្ត្រាលី​ប្រចាំ​នៅ​កម្ពុជា បាន​ថ្លែង​ការ​កត់​សម្គាល់​របស់​លោក​ស្រី​ថា ការ​ដុត​សារធាតុ​ញៀន​និង​គ្រឿង​ញៀន​នេះ​គឺ​បាន​បង្ហាញ​ពី​កិច្ច​សហការ​គ្នា​បាន​ល្អ​រវាង​រដ្ឋាភិបាល​ប្រទេស​ទាំង​ពីរ។

ប្រទេស​កម្ពុជា​និង​បណ្តា​ប្រទេស​ជា​សមាជិក​អាស៊ាន​មាន​ផែនការ​រួម​គ្នា​ថា នឹង​សហការ​គ្នា​ចាត់​វិធានការ​ធ្វើ​យ៉ាង​ណា​លុប​បំបាត់​គ្រឿង​ញៀន​ឲ្យ​អស់​នា​បំណាច់​ឆ្នាំ​២០១៥។

ការ​ដុត​បំផ្លាញ​សារធាតុ​ញៀន​និង​គ្រឿង​ញៀន​នៅ​ក្នុង​ខេត្ត​បាត់ដំបង​នេះ​គឺ​លើក​ទី​៣ បន្ទាប់​ពី​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន​បាន​ប្រារព្ធ​ពិធី​ដុត​បំផ្លាញ​ដូច​គ្នា​នេះ​នៅ​ខេត្ត ក្រុង​ផ្សេង​ទៀត​ចំនួន​ពីរ​លើក​រួច​មក នៅ​ក្រោយ​ការ​បង្រ្កាប​និង​រឹប​អូស​បាន​ពី​ក្រុម​ឧក្រិដ្ឋ​ជន​ជួញដូរ​គ្រឿង​ញៀន៕

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល