សាលា​ក្តី​ខ្មែរ​ក្រហម​គ្រោង​កោះ​ប្រជុំ​ពេញ​អង្គ​លើក​ទី​៧​នៅ​ថ្ងៃ​២ កុម្ភៈ

អង្គ​ជំនុំ​ជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា ហៅ​កាត់​ថា​សាលា​ក្តី​ខ្មែរ​ក្រហម មាន​គម្រោង​កោះ​ប្រជុំ​ពេញ​អង្គ​លើក​ទី​៧ របស់​ខ្លួន ចាប់​ពី​ថ្ងៃ​ទី​២ ដល់​ថ្ងៃ​ទី​១០ ខែ​កុម្ភៈ ខាង​មុខ​នេះ។
ដោយ កែវ និមល
2010-01-28
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
អង្គជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា​បើក​សវនាការ​លើ​ករណី​បណ្ដឹង​ឧទ្ធរណ៍​របស់ ខៀវ សំផន កាលពី​ថ្ងៃ​៤ ធ្នូ ២០០៨។
អង្គជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា​បើក​សវនាការ​លើ​ករណី​បណ្ដឹង​ឧទ្ធរណ៍​របស់ ខៀវ សំផន កាលពី​ថ្ងៃ​៤ ធ្នូ ២០០៨។
AFP Photo

មន្រ្តី​ព័ត៌មាន​របស់​សាលា​ក្តី​ខ្មែរ​ក្រហម បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៨ មករា ថា នៅ​ក្នុង​កិច្ច​ប្រជុំ​ពេញ​អង្គ​លើក​ទី​៧​របស់​ខ្លួន នៅ​ថ្ងៃ​ទី​២ កុម្ភៈ ខាង​មុខ​នេះ មន្ត្រី​សាលា​ក្ដី​នឹង​មាន​ការ​ពិភាក្សា​កែ​វិធាន​ផ្ទៃ​ក្នុង ដោយ​បង្កើត​ឲ្យ​មាន​ដើម​បណ្តឹង​រដ្ឋប្បវេណី​ជា​ក្រុម និង​បង្កើត​សហ​មេធាវី​នាំមុខ​ឯករាជ​មួយ​ជា​ប្រយោជន៍​ដល់​ដើម​បណ្តឹង​រដ្ឋប្បវេណី​ទៀត​ផង។

លោក ឌឹម សុវណ្ណារុំ មន្រ្តី​ទទួល​បន្ទុក​ការងារ​ព័ត៌មាន​របស់​សាលា​ក្តី​ខ្មែរ​ក្រហម បាន​មាន​ប្រសាសន៍​ទាក់ទង​ជាមួយ​ការ​ធ្វើ​វិសោធនកម្ម​វិធាន​ផ្ទៃ​ក្នុង​នោះ​ថា ៖ «ហើយ​ក៏​នឹង​ពិភាក្សា​ពី​ការ​ចូលរួម​របស់​ភាគី​ដែល​ជា​ដើម​បណ្ដឹង​រដ្ឋប្បវេណី​    នៅ​ក្នុង​ដំណើរការ​នីតិ​វិធី​របស់​អ.វ.ស.ក.។ ដូច​លោក​បាន​ជ្រាប​ហើយ​ថា ការ​ដាក់​ពាក្យ​សុំ​ជា​ដើម​បណ្ដឹង​រដ្ឋប្បវេណី​នៅ​ក្នុង​សំណុំ​រឿង​០០២ វា​មាន​ចំនួន​ច្រើន ហើយ​វា​មាន​ភាព​ស្មុគស្មាញ​នៃ​សំណុំរឿង ដែល​ធ្វើ​ឲ្យ​អង្គ​ជំនុំ​ជម្រះ​វិសាមញ្ញ​នៅ​ក្នុង​តុលាការ​កម្ពុជា​ហ្នឹង​ចាំបាច់​ត្រូវ​រៀបចំ​ដើម្បី​ធ្វើ​ម៉េច​ឲ្យ​ដើម​បណ្ដឹង​រដ្ឋប្បវេណី​ហ្នឹង​ចងក្រង​ជា​ក្រុម មុន​នឹង​ចាប់ផ្ដើម​សវនាការ»

ទាក់ទង​ជាមួយ​ការ​បង្កើត​សហ​មេធាវី​នាំ​មុខ​ឯករាជ លោក ឌឹម សុវណ្ណារុំ ក៏​បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ដែរ​ថា ៖ «សហ​មេធាវី​នាំ​មុខ​ឯករាជ​ហ្នឹង​អាច​ថា ជា​កិច្ចការ​មួយ​ថ្មី​ដែល​នឹង​ត្រូវ​យក​មក​ពិភាក្សា។ សហ​មេធាវី​នាំ​មុខ​ឯករាជ​ហ្នឹង​ដូច​មាន​ចែង​នៅ​ក្នុង​វិធាន​ផ្ទៃ​ក្នុង​គឺ​ថា ជា​ការ​ទទួល​ខុស​ត្រូវ​ទាំង​ស្រុង ក៏​ជា​តួនាទី​ទទួល​ខុស​ត្រូវ​ទាំង​ស្រុង​ចំពោះ​ការ​តស៊ូ​មតិ​ទូទៅ ព្រោះ​ការ​លើក​ជា​យុទ្ធសាស្ត្រ ហើយ​និង​ការ​បកស្រាយ​ក្នុង​ពេល​សវនាការ​សម្រាប់​ជា​ប្រយោជន៍​ដល់​ដើម​បណ្ដឹង​រដ្ឋប្បវេណី ព្រោះ​ដើម​បណ្ដឹង​រដ្ឋប្បវេណី​នៅ​ចងក្រង​ជា​ក្រុម។ ការ​ប្រជុំ​ពេញ​អង្គ​លើក​ទី​១ បាន​សម្រេច​ហើយ​ថា សំណុំ​រឿង​០០២ វា​ខុស​ពី​សំណុំ​រឿង​០០១ ព្រោះ​សំណុំ​រឿង​០០១ មេធាវី​ដើម​បណ្ដឹង​រដ្ឋប្បវេណី​មាន​ដល់​ទៅ ៤​ក្រុម​ឯ​ណោះ ដល់​ពេល​សំណុំ​រឿង​០០២ ដើម​បណ្ដឹង​រដ្ឋប្បវេណី​ចងក្រង​ជា​ក្រុម ហើយ​ឥឡូវ​នេះ​យើង​ឃើញ​ហើយ តួលេខ​ចុង​ឆ្នាំ​២០០៩​ហ្នឹង ៣.៥៣៣​ពាក្យ​បណ្ដឹង អ្នក​សុំ​តាំង​ខ្លួន​ជា​ដើម​បណ្ដឹង​រដ្ឋប្បវេណី ហើយ​តាម​ការ​ប្រកាស​បញ្ចប់​ការ​ស៊ើប​អង្កេត​របស់​សហ​ចៅក្រម​ស៊ើប​អង្កេត​ហ្នឹង​គឺ​ថា ពាក្យ​បណ្ដឹង​ដែល​សុំ​តាំង​ខ្លួន​ជា​ដើម​បណ្ដឹង​រដ្ឋប្បវេណី​មាន​ចំនួន ២​ពាន់​ហើយ អ៊ីចឹង​ពេល​ដែល​ប្រជុំ​ពេញ​អង្គ​លើក​ទី​៦ គឺ​បាន​សម្រេច​ថា ដើម​បណ្ដឹង​រដ្ឋប្បវេណី​ត្រូវតែ​តំណាង​ឲ្យ​តែ​មេធាវី​ជាតិ ១​រូប និង​មេធាវី​អន្តរជាតិ ១​រូប»

មន្រ្តី​សាលា​ក្តី​ខ្មែរ​ក្រហម​បាន​ឲ្យ​ដឹង​ទៀត​ថា ការ​ចាប់ផ្តើម​ដំណើរការ​កាត់​ក្តី​សំណុំ​រឿង​០០២​នោះ​អាច​ធ្វើ​ឡើង​នៅ​ខែ​កញ្ញា ឆ្នាំ​២០១០​នេះ ៖ «អ៊ីចឹង​យើង​អាច​សន្និដ្ឋាន​ថា ការ​ជំនុំ​ជម្រះ​សំណុំ​រឿង​០០២ អាច​នឹង​គ្រោង​ធ្វើ​នៅ​ចុង​ឆ្នាំ​២០១០ ឬ​ដើម​ឆ្នាំ​២០១១»

កាល​ពី​ពេល​ថ្មីៗ​នេះ សាលា​ក្តី​ខ្មែរ​ក្រហម​បាន​ឲ្យ​ដឹង​ថា កាលបរិច្ឆេទ​ឈប់​ទទួល​ពាក្យ​បណ្តឹង​ប្រជាពលរដ្ឋ​ក្នុង​សំណុំ​រឿង​លេខ​០០២ លើ​ករណី​កាត់​ទោស​អតីត​មេ​ដឹកនាំ​ខ្មែរ​ក្រហម​សំខាន់ៗ​នោះ គឺ​ថ្ងៃ​ច័ន្ទ ទី​៨ ខែ​កុម្ភៈ ឆ្នាំ​២០១០៕

ព័ត៌មាន (0)
Share
An error occurred while generating this part of the page. (log)
គេហទំព័រ​ទាំងមូល