មន្ត្រី​សេដ្ឋកិច្ច​បារម្ភ​ថា​វិបត្តិ​សេដ្ឋកិច្ច​អាច​នឹង​កើត​ជា​ថ្មី​នៅ​១០​ឆ្នាំ​ខាង​មុខ

មន្ត្រី​អង្គការ​សហ​ប្រជាជាតិ និង​មន្ត្រី​សេដ្ឋកិច្ច​កម្ពុជា បាន​សម្ដែង​ការ​ព្រួយ​បារម្ភ​ថា វិបត្តិ​សេដ្ឋកិច្ច​នឹង​អាច​កើត​មាន​ឡើង​ជា​យថា​ហេតុ​ម្ដង​ទៀត​ក្នុងរយៈ​ពេល ១០​ឆ្នាំ​ខាង​មុខ​នេះ។
ដោយ វោហារ ជាតិ
2010-06-30
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ស្ត្រី​ម្នាក់​ជិះ​ម៉ូតូ​ដឹក​ទំនិញ​ពី​ប្រទេស​វៀតណាម ឆ្លង​កាត់​ប៉ុស្តិ៍​ត្រួត​ពិនិត្យ​ច្រក​ព្រែកចាក ក្នុង​ស្រុក​កំពង់​ត្រាច ខែត្រ​កំពត កាល​ពី​ថ្ងៃ​១៤ ខែ​មីនា ឆ្នាំ​២០១០។ ពាណិជ្ជកម្ម​ឆ្លងដែន​រវាង​​កម្ពុជា និង​វៀតណាម បាន​កើន​ឡើង​ជាង ៣០%​ នៃ​អត្រា​ប្រចាំ​ឆ្នាំ។
ស្ត្រី​ម្នាក់​ជិះ​ម៉ូតូ​ដឹក​ទំនិញ​ពី​ប្រទេស​វៀតណាម ឆ្លង​កាត់​ប៉ុស្តិ៍​ត្រួត​ពិនិត្យ​ច្រក​ព្រែកចាក ក្នុង​ស្រុក​កំពង់​ត្រាច ខែត្រ​កំពត កាល​ពី​ថ្ងៃ​១៤ ខែ​មីនា ឆ្នាំ​២០១០។ ពាណិជ្ជកម្ម​ឆ្លងដែន​រវាង​​កម្ពុជា និង​វៀតណាម បាន​កើន​ឡើង​ជាង ៣០%​ នៃ​អត្រា​ប្រចាំ​ឆ្នាំ។
RFA

វិបត្តិ​សេដ្ឋកិច្ច​ក្នុង​តំបន់​និង​សកល ដែល​បាន​ធ្លាក់​ចុះ​​ជា​បន្ត​បន្ទាប់​ក្នុង​អំឡុង​ពេល​រវាង​តែ ១០​ឆ្នាំ​ម្ដង​កន្លង​មក​នេះ បាន​ធ្វើ​ឲ្យ​អ្នក​ជំនាញ​សេដ្ឋកិច្ច​កម្ពុជា សេដ្ឋវិទូ​អង្គការ​សហ​ប្រជាជាតិ រួម​ទាំង​អ្នក​សេដ្ឋកិច្ច​នៅ​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក ព្រួយ​បារម្ភថា វិបត្តិ​នេះ​ទំនង​ជា​នឹង​អាច​កើត​ឡើង​ម្តង​ទៀត​ក្នុង​រយៈពេល​ប្រហែល ១០​ឆ្នាំ​ខាង​មុខ​នេះ។

ថ្លែង​ទៅ​កាន់​មន្ត្រី​សេដ្ឋកិច្ច​មក​ពី​តំបន់​អាស៊ីប៉ាស៊ីហ្វិក ក្នុង​កិច្ច​ប្រជុំ​មួយ​ដែល​គេ​ហៅ​ថា កិច្ច​ប្រជុំ​ជាន់​ខ្ពស់​ស្តី​អំពី​តួនាទី​ម៉ាក្រូ​សេដ្ឋកិច្ច ក្នុង​ការ​ឆ្លើយ​តប​ទៅ​នឹង​វិបត្តិ​សេដ្ឋកិច្ច​ធ្លាក់​ចុះ​ឆ្នាំ​២០០៨ កន្លង​ទៅ​នេះ លោក​រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញ​វត្ថុ ហង់ ជួនណារ៉ុន បាន​មាន​ប្រសាស្ត្រ​ថា វិបត្តិ​សេដ្ឋកិច្ច​ធ្លាក់​ចុះ​ផ្ទួនៗ​គ្នា​កន្លង​មក ដូច​ជា​វិបត្តិ​សេដ្ឋកិច្ច​ដាំ​ក្បាល​ចុះ​នៅ​តំបន់​អាស៊ី​ឆ្នាំ​១៩៩៧ និង​វិបត្តិ​សេដ្ឋកិច្ច​សកល​ធ្លាក់​ចុះ​នៅ​ឆ្នាំ​២០០៨ ថ្មីៗ​នេះ បាន​ពញ្ញាក់​អារម្មណ៍​អ្នក​សេដ្ឋកិច្ច​ឲ្យ​ចេះ​គិត​ពិចារណា​ថា ស្ថានភាព​សេដ្ឋកិច្ច​សកល​នៅ​បច្ចុប្បន្ន​នេះ ប្រែ​ប្រួល​​ឆាប់​រហ័ស ដូច​ជា​គ្រោះ​មហន្តរាយ​ធម្មជាតិ​ដូច្នោះ​ដែរ។

លោក ហង់ ជួនណារ៉ុន មាន​ប្រសាសន៍​ដូច្នេះ ៖ «វា​មាន​ការ​ផ្លាស់​ប្ដូរ​ច្រើន​ណាស់។ ខ្ញុំ​គិត​ថា ពិភពលោក​បច្ចុប្បន្ន​នេះ​ខុស​ពី​មុន ដូច្នេះ​យើង​ត្រូវ​រៀន​ច្រើន​ថែម​ទៀត ហើយ​វិបត្តិ​បន្ទាប់​អាច​ខុស​ពី​មុន។ យើង​ពិត​ជា​មិន​ដឹង​ថា នឹង​មាន​អ្វី​កើត​ឡើង ប៉ុន្តែ​សំខាន់​នោះ គឺ​យើង​ត្រូវ​ត្រៀម​ខ្លួន​ជា​ស្រេច​ដើម្បី​ឆ្លើយ​តប​វិបត្តិ​លើក​ក្រោយ​នេះ»

ការ​អះអាង​នេះ​ត្រូវ​បាន​អ្នក​សេដ្ឋ​វិទូ​ក្នុង​តំបន់​អាស៊ី និង​មន្ត្រី​សេដ្ឋកិច្ច​នៃ​អង្គការ​សហ​ប្រជាជាតិ​គាំទ្រ។

ប្រធាន​ក្រុម​អ្នក​សេដ្ឋកិច្ច​អង្គការ​សហ​ប្រជាជាតិ ទទួក​បន្ទុក​សេដ្ឋកិច្ច និង​សង្គមកិច្ច​ប្រចាំ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក លោក ណាហ្គេស កុមារ (Nagesh Kumar) ​បាន​អំពាវនាវ​ដល់​មន្ត្រី​សេដ្ឋកិច្ច​បណ្តា​ប្រទេស​ក្នុង​តំបន់​ទាំង​អស់​ឲ្យ​ត្រៀម​ខ្លួន​​ដើម្បី​ទប់​ទល់​វិបត្តិ​នេះ ដែល​នឹង​អាច​កើត​ឡើង​ជា​យថាហេតុ។

លោក ណាហ្គេស កុមារ មាន​ប្រសាសន៍​ថា ៖ “ខ្ញុំ​ចង់​និយាយ​ថា វិបត្តិ​នេះ​អាច​បង្រៀន​ច្រើន​មេ​រៀន ហើយ​ការ​ពិភាក្សា​លើ​ចំណុច​រួម​អាច​ជួយ​យើង​ឲ្យ​រៀបចំ​ខ្លួន​បាន​ល្អ​ប្រសើរ​ទៅ​អនាគត។ លើស​ពី​នេះ​ទៅ​ទៀត អាច​ការពារ​វិបត្តិ​នេះ​មិន​ឲ្យ​កើត​ឡើង​បាន ទោះ​បី​ជា​យើង​មិន​ទាន់​ដឹង​ថា នឹង​មាន​អ្វី​កើត​ឡើង​នៅ​ឡើយ តែ​យ៉ាង​ហោច​ណាស់​ក៏​យើង​អាច​ដោះស្រាយ​បញ្ហា​ដែល​យើង​បាន​ដឹង​មុន"

កិច្ច​ប្រជុំ​រយៈពេល​បី​ថ្ងៃ ដែល​ចាប់​ផ្ដើម​នៅ​ថ្ងៃ​ទី​២២ ហើយ​បាន​បញ្ចប់​នៅ​ថ្ងៃ​ទី​២៤ មិថុនា ដែល​រៀបចំ​ឡើង​ដោយ​អង្គការ​សហ​ប្រជាជាតិ ទទួល​បន្ទុក​សេដ្ឋកិច្ច និង​សង្គមកិច្ច​ប្រចាំ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក  ដែល​គេ​ហៅ​ថា ជា​កិច្ចប្រជុំ​ជាន់​ខ្ពស់​នៅ​សណ្ឋាគារ សាន់វ៉េ (Sunway) នៅ​រាជធានី​ភ្នំពេញ​នោះ បាន​ពិភាក្សា​គ្នា​លើ​ចំណុច​៨ ដើម្បី​ស្វែងរក​មធ្យោបាយ​ដោះស្រាយ​ ស្តារ​សេដ្ឋកិច្ច​នៅ​ក្នុង​តំបន់ និង​បង្ការ​វិបត្តិ​សេដ្ឋកិច្ច​ទៅ​ថ្ងៃ​មុខ​គឺ ចំណាត់​ការ​ត្រួត​ពិនិត្យ​ដំណើរ​ការ​ប្ដូរ​ប្រាក់ ដែល​ប្រាក់​ដុល្លារ​ជះ​ឥទ្ធិពល​លើ​សេដ្ឋកិច្ច ប្រមូល​ធនធាន​ហិរញ្ញវត្ថុ​ក្នុង​ស្រុក​ដើម្បី​បង្កើន​សារពើពន្ធ កំណែ​ទម្រង់​ប្រព័ន្ធ​ហិរញ្ញវត្ថុ និង​ធនាគារ ការ​វិនិយោគ និង​ធ្វើ​ពាណិជ្ជកម្ម យន្តការ​បន្ធូរបន្ថយ​ផល​ប៉ះពាល់​នៃ​ចំណូល​ទុន ពង្រីក​ការ​ប្រកួត​ប្រជែង​សេដ្ឋកិច្ច​កម្ពុជា ស្រាវជ្រាវ​រក​គំរូ​ប្រាក់​ចំណូល​ដើម្បី​រក្សា​លំ​នឹង​សេដ្ឋកិច្ច​លូត​លាស់  និង​គោលការណ៍​ជោគជ័យ​ក្នុង​ហិរញ្ញវត្ថុ សារពើ​ពន្ធ និង​ការ​ប្ដូរ​ប្រាក់។

ចំពោះ​រឿង​វិបត្តិ​សេដ្ឋកិច្ច​ធ្លាក់​ចុះ​កន្លង​មក និង​ទៅ​អនាគត​នេះ លោក ចាន់ សុផល ប្រធាន​សមាគម​សេដ្ឋកិច្ច​កម្ពុជា មាន​ប្រសាសន៍​ថា គឺ​ដោយសារ​តែ​ចំណាត់​ការ​ខ្សោយ​នៃ​អ្នក​គ្រប់​គ្រង​សេដ្ឋកិច្ច ហើយ​សេដ្ឋកិច្ច​ដែល​នឹង​ធ្លាក់​ចុះ​ទៅ​វិញ​នោះ ក៏​ដោយសារ​ចំណាត់​ការ​ខុស ឬ​ខ្សោយ​របស់​អ្នក​សេដ្ឋកិច្ច​ដូច​គ្នា​ដែរ។

លោក ចាន់ សុផល មាន​ប្រសាសន៍​ថា ៖ «ដល់​ពេល​ណា​មួយ​ដែល​វា​ឡើង​ខ្លាំង​ទៅ វា​ត្រូវ​ធ្លាក់​មក​វិញ អា​ហ្នឹង​ហើយ​គេ​ហៅ​ថា វិបត្តិ។ ដល់​ធ្លាក់​មក​វិញ​បាន ៣​ឆ្នាំ​អី​ទៅ​ស្រាប់​តែ​ឡើង​ទៀត​ហើយ ហើយ​ដល់​ឡើង​ខ្ពស់​ហួស​ទៅ ក៏​ធ្លាក់​វិញ​ទៀត អា​ហ្នឹង​គេ​ហៅ​ថា ការ​ឡើង​ចុះ​សេដ្ឋកិច្ច​ដែល​គេ​ពិនិត្យ​ឃើញ​ជាង ១០០​ឆ្នាំ​ហើយ​វា​ច្រើន​តែ​អ៊ីចឹង»

ទាក់​ទង​ទៅ​នឹង​ការ​ស្ដារ​សេដ្ឋកិច្ច​កម្ពុជា​ឡើង​វិញ និង​វិធី​បង្ការ​ទប់ទល់​​សេដ្ឋកិច្ច​ធ្លាក់​ចុះ​ទៅ​ថ្ងៃ​មុខ លោក​ ណាហ្គេស កុមារ មាន​ប្រសាសន៍​ថា កម្ពុជា​ត្រូវ​​បង្កើន​ការ​កៀង​គរ​ពន្ធដារ​ដើម្បី​ប្រមូល​ប្រាក់​ចំណូល​ទាំង​ពន្ធ​វិនិយោគ​លើ​រូបវន្ត និង​ពន្ធ​វិនិយោគ​លើ​សង្គមកិច្ច ដូច​ជា​វិស័យ​សុខាភិបាល សិក្សាធិការ​ជាដើម​ឲ្យ​អស់​លទ្ធភាព ដើម្បី​បង្កើន​ប្រាក់​ចំណូល​ជាតិ​ដែល​​នឹង​អាច​ឆ្លើយ​តប​ទៅ​នឹង​វិបត្តិ​សេដ្ឋកិច្ច​ដែល​គេ​រំពឹង​ថា នឹង​អាច​កើត​ឡើង​ជា​យថា​ហេតុ​នៅ​អនាគត​បាន៕

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល