ផល​ប្រយោជន៍​នៃ​ការ​គាំពារ​និង​ការ​អប់រំ​កុមារ​តូច​ៗ

ការ​គាំពារ​និង​ការ​អប់រំ​តូច អាច​បង្កើត​មូលដ្ឋាន​គ្រឹះស្ថាន​សម្រាប់​ការ​ពង្រីក​ឱកាស​ជីវិត។

0:00 / 0:00

អ្នក​ធ្វើ​ការ​ក្នុង​វិស័យ​អប់រំ​កុមារ​តូច​បាន​អះអាង​ថា កុមារ​នឹង​ទទួល​បាន​ការ​គាំពារ​ប្រកប​ដោយ​គុណភាព​ខ្ពស់​នៅ​ឆ្នាំ​ដំបូង និង​មាន​សន្ទុះ​ចាប់​ផ្ដើម​ដ៏​ជោគជ័យ​សម្រាប់​ការ​ចូល​រៀន​នៅ​ធ្វើ​ឲ្យ​កុមារ​អាច​ដោះស្រាយ​ការ​លំបាក​ទាក់ទង​ទៅ​នឹង​ផ្នែក​សង្គម សេដ្ឋកិច្ច និង​ភាសា ជា​ពិសេស​សម្រាប់​កុមារ​ងាយ​រងគ្រោះ និង​កុមារ​ជួប​ការ​លំបាក។

អ្នក​ជំនាញ​ធ្វើ​ការ​ក្នុង​វិស័យ​អប់រំ បាន​អះអាង​ថា ការ​គាំពារ​និង​ការ​អប់រំ​កុមារ​តូច ពិត​ជា​មាន​សារ​ប្រយោជន៍ ហើយ​មាន​ឥទ្ធិពល​ល្អ​ទៅ​ដល់​ការ​ចូល​រៀន​នៅ​ថ្នាក់​បឋមសិក្សា។

ប្រធាន​គ្រប់គ្រង​ផ្នែក​អប់រំ​នៃ​អង្គការ​សង្គ្រោះ​កុមារ​នៅ​កម្ពុជា ហៅ​ថា​សេវឌឹឆៀលឌ្រិន (Save The Children) លោក កែវ សារ៉ាត់ មាន​ប្រសាសន៍​ថា ការ​អប់រំ​កុមារ​តូច​ពិត​ជា​មាន​សារ​សំខាន់​ណាស់។ លោក​ថា អង្គការ​នេះ​បាន​ជំរុញ​ចំពោះ​វិធានការ​អប់រំ​កុមារ​តូច​នេះ មិន​មែន​មាន​តែ​មត្តេយ្យ​សហគមន៍ មត្តេយ្យ​រដ្ឋ គឺ​បាន​គិត​រហូត​ដល់​ការ​អប់រំ​កុមារ​តូច​នៅ​តាម​ខ្នង​ផ្ទះ​ទៀត ដែល​មាន​លក្ខណៈ​ងាយ​តាមរយៈ​ម្ដាយៗ ដែល​ធ្វើ​បាន​តាម​រយៈ​សកម្មភាព​ប្រចាំ​ថ្ងៃ​របស់​គាត់។

លោក កែវ សារ៉ាត់៖ «យើង​ក៏​បាន​ធ្វើការ​ប្រមូល​ព័ត៌មាន​គ្រាន់​ជា​ការងារ​ប្រៀបធៀប​មើល​តើ​កុមារ​ដែល​បាន​ឆ្លង​កាត់​វគ្គ​សិក្សា​កុមារ​តូច​តាម​ខ្នង​ផ្ទះ​ក៏​ដោយ កុមារ​តូច​តាម​សហគមន៍​ក៏​ដោយ មត្តេយ្យ​រដ្ឋ មត្តេយ្យ​នៅ​តាម​ឯកជន​ណា​ក៏​ដោយ ឲ្យ​តែ​បាន​ឆ្លង​កាត់​កម្មវិធី​បែប​នេះ តើ​លទ្ធផល​រៀន​បែប​ម៉េច​ដែរ? ជា​ទូទៅ​គឺ​លទ្ធផល​នៃ​ការ​សិក្សា ឥរិយាបថ​សីលធម៌​ក្មេង​អស់​នោះ មាំទាំ ហើយ​រៀន​ប្រាកដ​ប្រជា​មែន​ទែន ប្រៀបធៀប​នឹង​កុមារ​ដែល​បាន​ឆ្លង​កម្មវិធី​អប់រំ​កុមារ​តូច​នេះ។ អ៊ីចឹង​កិច្ចការ​អស់​នេះ​គឺ​យើង​សហការ​ជា​មួយ​មន្ទីរ​អប់រំ ក្រសួង​អប់រំ គាត់​បាន​មើល​ឃើញ​ខ្លួន​គាត់​ថា​នេះ​គឺ​ជា​មូលដ្ឋាន​គ្រឹះ​មួយ​ដែល​ជា​ទូទៅ​ទាំង​គេ​ទាំង​យើង​មិន​សូវ​បាន​គិត​ថា​សំខាន់​ទេ ព្រោះ​អី​វា​ហាក់​ដូច​ជា​ការ​ធ្វើ​វិនិយោគ​ទៅ វា​អត់​សូវ​មាន​ប្រយោជន៍​អី ដោយសារ​នឹក​ឃើញ​ថា​ក្មេង​តូចៗ​ណា យើង​បាន​ដឹង​តែ​យើង​មិន​ដឹង​ធ្វើ​ម៉េច​ដើម្បី​រៀបចំ​កិច្ចការ​ហ្នឹង។ អ៊ីចឹង​នាំ​ឲ្យ​សង្គម​នាំ​គ្នា​គិត​ថា​បញ្ហា​នេះ​សំខាន់»

លោក កែវ សារ៉ាត់ បាន​បន្ត​ថា ការ​អប់រំ​កុមារ​តូច គឺ​ឪពុកម្ដាយ​មាន​តួនាទី​សំខាន់​បំផុត។ ដូច្នេះ​ហើយ​អង្គការ​សង្គ្រោះ​កុមារ​កម្ពុជា​យក​ចិត្ត​ទុកដាក់​ផ្ដល់​សេវា​អប់រំ​កុមារ​តូច​តាម​ខ្នង​ផ្ទះ មាន​ន័យ​ថា ទោះ​បី​នៅ​តំបន់​ដាច់​ស្រយាល ឬ​ឪពុកម្ដាយ​មិន​បាន​រៀន​ចេះ​លេខ​ឬ​អក្សរ​ក៏​ដោយ​ក៏​គាត់​អាច​រួម​ចំណែក​ជួយ​កូន​គាត់​មាន​ការ​អភិវឌ្ឍន៍​បាន​ក្នុង​កម្រិត​ណាមួយ​ប្រសើរ​ជាង​គ្មាន​ការ​អប់រំ​កុមារ​តូច​នៅ​តាម​ផ្ទះ​នោះ​ដែរ។ លោក​បញ្ជាក់​ថា នេះ​ជា​វិធី​សាស្ត្រ​មួយ​អាច​ធ្វើ​នៅ​ប្រទេស​កម្ពុជា​បាន​យ៉ាង​ងាយ​បំផុត។

លោក កែវ សារ៉ាត់៖ «ហើយ​រឿង​អស់​នេះ មិន​មែន​ពិសោធ​ស្រុក​ខ្មែរ នៅ​ឥណ្ឌា នៅ​នេប៉ាល់ នៅ​បង់ក្លាដេស ប្រទេស​ក្រីក្រ​ក៏​គេ​អនុវត្ត​បែប​ហ្នឹង​ដែរ។ គឺ​គេ​ជួយ​ឪពុកម្ដាយ​ឲ្យ​យល់​នៅ​ពេល​ណា​ដែល​គាត់​ហាន់​បន្លែ ពេល​ណា​គាត់​បេះ​បន្លែ ពេល​ណា​គាត់​លាង​ចាន គាត់​និយាយ​ជាមួយ​កូន​ដើម្បី ពង្រឹង​ភាសា។ ដូច្នេះ​អប់រំ​កុមារ​តូច​ដែល​ខ្ញុំ​បញ្ជាក់​ជូន​នេះ គិត​ថា វា​អត់​មាន​អី​ត្រូវ​ថ្លៃ​សោះ អត់​មាន​អស់​លុយ​អី​សោះ ឲ្យ​តែ​ឪពុកម្ដាយ​បាន​និយាយ​ជាមួយ​កូន ជជែក​ជាមួយ​កូន​សួរ​ទំនាក់ទំនង​ប្រាស្រ័យ​រវាង​កូន​និង​ម្ដាយ​ឲ្យ​បាន​មាំទាំ គឺ​កិច្ចការ​នេះ​ដំណើរ​ការ​បាន​ហើយ»

កាល​ពី​ខែ​មីនា ឆ្នាំ​២០១២ ក្រសួង​អប់រំ​យុវជន កីឡា បាន​បង្ហាញ​សមិទ្ធផល​អប់រំ​ថា ផ្នែក​អប់រំ​កុមារ​តូច​ក្នុង​ឆ្នាំ​សិក្សា​២០១០ ឆ្នាំ​២០១១ បាន​សម្រេច​លើស​ពី​ចំណុច​គោលដៅ​ដែល​មាន​កុមារ​ចាប់​ពី​អាយុ​០ ទៅ​ក្រោម​អាយុ ៦​ឆ្នាំ បាន​ទទួល​សេវា​អប់រំ​ជាង ២៧​ម៉ឺន​នាក់។ ហើយ​ថា កន្លង​មក​នេះ​មាន​មត្តេយ្យ​សិក្សា​គ្រប់​រូបភាព​ជាង​៥​ពាន់​សាលា ឬ​កន្លែង។ មត្តេយ្យ​សិក្សា​រដ្ឋ​មាន​ជាង ២.៥០០​កន្លែង ឬ​សាលា​មត្តេយ្យ​សិក្សា​ឯកជន​មាន​ចំនួន ២៣១​សាលា និង​មត្តេយ្យ​សិក្សា​សហគមន៍​ជាង ២.៣០០​កន្លែង។

ទាក់ទង​បញ្ហា​នេះ ប្រធាន​នាយកដ្ឋាន​ការ​អប់រំ​កុមារ​តូច​នៃ​ក្រសួង​អប់រំ​យុវជន និង​កីឡា អ្នកស្រី យឹម ច័ន្ទស្រី បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​ទេ។

ប៉ុន្តែ​រដ្ឋ​មន្ត្រី​ក្រសួង​អប់រំ​យុវជន និង​កីឡា លោក អ៊ឹម សិទ្ធី ថ្លែង​នៅ​ក្នុង​សន្និបាត​ការងារ​អប់រំ​កាល​ពី​ពេល​កន្លង​ទៅ​ថា ការ​ចូល​រៀន​របស់​កុមារ​នៅ​កម្រិត​មត្តេយ្យ​សិក្សា​ទាំង​សាលា​រដ្ឋ សហគមន៍ និង​ឯកជន មាន​ចំនួន​កើន​ឡើង ដែល​ឆ្លុះ​បញ្ចាំង​ពី​ប្រសិទ្ធភាព​នៃ​ការ​អប់រំ​កុមារ​តូច និង​ការ​ចូលរួម​ពី​ក្រុម​គ្រួសារ សហគមន៍ និង​​អាជ្ញាធរ​ដែនដី​កាន់​តែ​រីក​ចម្រើន​ជា​វិជ្ជមាន៖ «ការ​រីក​ចម្រើន​ផ្នែក​មត្តេយ្យ​សិក្សា បាន​ជះ​ឥទ្ធិពល​ល្អ​មក​លើ​ការ​ចុះ​ឈ្មោះ​ចូល​រៀន​របស់​កុមារ​អាយុ​៦​ឆ្នាំ ដែល​នាំ​ឲ្យ​អត្រា​ពិត​នៃ​ការ​សិក្សា​នៅ​បឋមសិក្សា​កើន​ឡើង​ជាពិសេស​កុមារ​រីក»

របាយការណ៍​សកលលោក​តាមដាន​ការ​អប់រំ​សម្រាប់​ទាំង​អស់​គ្នា របស់​អង្គការ​អប់រំ វិទ្យាសាស្ត្រ និង​វប្បធម៌ នៃ​សហប្រជាជាតិ ហៅ​កាត់​ថា យូណេសស្កូ (UNESCO) បាន​បង្ហាញ​ថា ការ​គាំពារ​កុមារ​និង​ការ​អប់រំ​ដែល​កុមារ​ដែល​ទទួល​បាន​ក្នុង​ឆ្នាំ​ដំបូង ផ្ដល់​អត្ថប្រយោជន៍​ដល់​ពួកគេ​ពេញ​មួយ​ជីវិត។ ការ​គាំពារ និង​ការ​អប់រំ​កុមារ​តូច​ប្រកប​ដោយ​ប្រសិទ្ធភាព អាច​ផ្ដល់​ឱកាស​យ៉ាង​ប្រសើរ​ដល់​កុមារ ដើម្បី​ចៀស​ផុត​ពី​ភាព​ក្រីក្រ និង​ដើម្បី​ជម្នះ​ភាព​លំបាក។ រហូត​មក​ដល់​បច្ចុប្បន្ន ជា​រៀងរាល់​ឆ្នាំ​កុមារ​រាប់​លាន​នាក់ ចាប់​ផ្ដើម​ទទួល​ការ​រៀន​សូត្រ​ទាំង​ខ្លួន​ពិការ ដោយសារ​តែ​ខ្លួន​បាន​ឆ្លង​កាត់​បទពិសោធន៍​នៃ​កង្វះ​អាហារូបត្ថម្ភ សុខភាព​មិន​អំណោយ​ផល និង​ភាព​ក្រីក្រ។ ឱកាស​ទទួល​បាន​ការ​អប់រំ​កម្មវិធី​មត្តេយ្យ​សិក្សា​មិន​ប្រកប​ដោយ​សមធម៌​នៅ​តែ​ជា​ឧបសគ្គ​មួយ​សម្រាប់​ប្រទេស​អ្នក​មាន និង​ប្រទេស​ក្រីក្រ។

ទន្ទឹម​នឹង​គ្នា​នេះ សម្រាប់​កុមារ​ដែល​ពុំ​មាន​លទ្ធភាព​ទទួល​បាន​ការ​អប់រំ​នៅ​មត្តេយ្យសាលា នៅ​តែ​ជួប​បញ្ហា​ប្រឈម​ខ្លះ​ដែរ។

លោក កែវ សារ៉ាត់ បាន​ថ្លែង​ទៀត​ថា មាន​បញ្ហា​ប្រឈម​បី​សំខាន់​ចំពោះ​ការងារ​អប់រំ​កុមារ​តូច។ លោក​ថា ទី​១ គឺ​ការ​ផ្លាស់ប្ដូរ​ផ្នត់​គំនិត​របស់​ឪពុក​ម្ដាយ និង​អ្នក​ធ្វើ​ពាក់ព័ន្ធ​កុមារ​តូច​ត្រូវ​យល់​ពី​សារសំខាន់​នៃ​ការ​អប់រំ​កុមារ​តូច។ បញ្ហា​ប្រឈម​ទី​២ ចំពោះ​ថវិកា​វិនិយោគ​សម្រាប់​ការងារ​អប់រំ​កុមារ​តូច របស់​រដ្ឋាភិបាល អង្គការ​ជាតិ អន្តរជាតិ នៅ​មាន​កម្រិត និង​ចំណុច​ចុងក្រោយ គឺ​ទាមទារ​ឲ្យ​មាន​ការ​ចូលរួម​ទាំងអស់​គ្នា​ក្នុង​ការងារ​អប់រំ​កុមារ​តូច។

អ្នក​ជំនាញ​ធ្វើ​ការ​ក្នុង​វិស័យ​អប់រំ​ដដែល បាន​បញ្ជាក់​ថា ការ​អប់រំ​កុមារ​តូច​មិន​មែន​ត្រឹម​តែ​ទទួល​បាន​លទ្ធផល​ជួយ​ក្មេង​ឲ្យ​ទទួល​បាន​អភិវឌ្ឍន៍​នោះ​ទេ អ្វី​ដែល​ពិសេស​ជាង​នេះ​ទៅ​ទៀត កម្មវិធី​នេះ​បាន​ធ្វើ​ឲ្យ​ឪពុកម្ដាយ​នាំ​គ្នា​ខ្វល់ខ្វាយ​ពី​កូន កាត់​បន្ថយ​អំពើ​ហិង្សា​ក្នុង​គ្រួសារ និង​ទំនាស់​រវាង​ប្ដី​ប្រពន្ធ និង​ធ្វើ​ឲ្យ​ពួកគាត់​ចេះ​ស្រលាញ់​គ្នា​មាន​សុភមង្គល​ក្នុង​ក្រុម​គ្រួសារ៕

កំណត់​ចំណាំ៖ ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ ដើម្បី​រក្សា​សេចក្ដី​​ថ្លៃថ្នូរ យើង​​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា​ដែល​មិន​​ជេរ​​ប្រមាថ​​ដល់​​អ្នក​​ដទៃ​តែ​ប៉ុណ្ណោះ។