បក្ស​សិទ្ធិ​មនុស្ស​ប្ដឹង​អាជ្ញាធរ​ស្រុក​កោះធំ​ថា​ ឲ្យ​វៀតណាម​បោះឆ្នោត

ជន​អន្តោប្រវេសន៍​វៀតណាម តែង​ត្រូវ​បាន​បក្ស​ប្រឆាំង និង​អង្គការ​សង្គមស៊ីវិល ដែល​ឃ្លាំ​មើល​ការ​បោះឆ្នោត​នៅ​កម្ពុជា អះអាង​ថា អាច​មាន​សិទ្ធិ​បោះឆ្នោត​នៅ​កម្ពុជា​បាន។
ដោយ ម៉ម មុនីរតន៍
2012.10.30
វៀតណាម កោះធំ ៣០៥ ២៩-តុលា-២០១២៖ ភូមិ​វៀតណាម ដែល​បាន​បោះ​ទីតាំង​យ៉ាង​រឹងមាំ​ក្នុង​ទឹកដី​ខ្មែរ​ស្ថិត​ក្នុង​ភូមិ​ចុងខ្សាច់ ឃុំ​ឈើខ្មៅ ស្រុក​កោះធំ ខេត្ត​កណ្ដាល។
RFA/Morm Moniroth

ដោយឡែក មន្ត្រី​គណបក្ស​សិទ្ធិមនុស្ស នៅ​ស្រុក​កោះធំ ខេត្ត​កណ្ដាល ជាប់​នឹង​ខេត្ត​អាន​យ៉ាង (An Giang) ប្រទេស​វៀតណាម ចោទ​ប្រកាន់​មេឃុំ​ឈើ​ខ្មៅ មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា ​ក្នុង​មូលដ្ឋាន​នេះ​ថា បាន​ផ្ដល់​សិទ្ធិ​ឲ្យ​ជន​អន្តោប្រវេសន៍​វៀតណាម​មាន​សិទ្ធិ​បោះឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់ កាល​ពី​ពេល​កន្លង​ទៅ​ថ្មីៗ នេះ។

សកម្ម​ជន​គណបក្ស​សិទ្ធិមនុស្ស​ប្រចាំ​ស្រុក​កោះធំ ខេត្ត​កណ្ដាល បាន​ដាក់​បណ្ដឹង​ប្រឆាំង​មេឃុំ​ឈើ​ខ្មៅ ក្នុង​ស្រុក​មួយ​នេះ ដោយ​ចោទ​ប្រកាន់​ថា បាន​អនុញ្ញាត​ឲ្យ​ជន​អន្តោប្រវេសន៍​វៀតណាម ប្រមាណ ១ រយ​នាក់ មាន​សិទ្ធិ​បោះឆ្នោត​ក្នុង​អាណត្តិ​នៃ​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់ ឆ្នាំ ២០១២ ដូច​ពលរដ្ឋ​កម្ពុជា។

លោក ឡេង ញ៉ ជា​អ្នក​សង្កេតការណ៍ និង​សកម្ម​ជន​គណបក្ស សិទ្ធិមនុស្ស នៅ​ភូមិ​ចុង​ខ្សាច់ ស្រុក​កោះធំ ខេត្ត​កណ្ដាល។ លោក​មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី ២៩ ខែ​តុលា​ថា ក្នុង​អាណត្តិ​នៃ​បោះឆ្នោត​ជ្រើសរើស​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់ ដែល​បាន​បញ្ចប់​កាល​ពី​ពេល​កន្លង​ទៅ​ថ្មីៗ នេះ មាន​ជន​អន្តោប្រវេសន៍​វៀតណាម​ជិត ២ រយ​នាក់ បាន​បោះឆ្នោត​ដោយ​ពុំ​មាន​ឧបសគ្គ​ណា​មួយ ដូច​ពលរដ្ឋ​កម្ពុជា​នោះ​ឡើយ។

លោក​បន្ត​ថា បណ្ដឹង​របស់​លោក ប្រឆាំង​នឹង​មេឃុំ និង​មន្ត្រី​ដែល​បម្រើការ​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា​ក្នុង​យុទ្ធនាការ និង​ថ្ងៃ​បោះឆ្នោត មិន​ត្រូវ​បាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត ឬ​គ.ជ.ប ចាត់​វិធានការ​ទេ។

ទោះ​ជា​យ៉ាង​នេះ​ក្ដី លោក​បញ្ជាក់​ជំហរ​ថា លោក​នៅ​តែ​ទាមទារ​សិទ្ធិ​ជា​ដើម​បណ្ដឹង​រហូត​ដល់​ថ្ងៃ​បោះឆ្នោត​ជាតិ​២០១៣។

លោក ឡេង ញ៉៖ «កាល​ឆ្នាំ ២០១២ ការ​បោះឆ្នោត​មេឃុំ​ហ្នឹង ខ្ញុំ​អ្នក​សង្កេតការណ៍ ខ្ញុំ​តាម​ដាន​ទៅ មាន​ប្រជាជន​វៀតណាម​បោះឆ្នោត​ប្រហែល​ជា​ចំនួន ១ រយ​នាក់ ជិត ២ រយ​នាក់ នៅ​ក្នុង​មណ្ឌល​វត្ត​សំរោង »។

លោក ឡេង ញ៉ បាន​ដាក់​បណ្ដឹង​ជា​ថ្មី​ម្ដង​ទៀត កាល​ពី​ថ្ងៃ​ទី ២៥ ខែ​តុលា។ លោក​ទទួល​បាន​ការ​ឆ្លើយ​តប​ពី​មន្ត្រី​អាជ្ញាធរ​ឃុំ​ឈើ​ខ្មៅ នៅ​ថ្ងៃ​ទី ២៨ ខែ​តុលា ដោយ​ស្នើសុំ​ឲ្យ​លោក​រង់ចាំ​ដំណោះ​ស្រាយ​នៅ​ពេល​ក្រោយ។

នៅ​ក្នុង​បណ្ដឹង​ចុង​ក្រោយ ប្រឆាំង​មេឃុំ​ឈើ​ខ្មៅ គឺ​លោក ហាំង អឿង ដោយ​ចោទ​ប្រកាន់​ថា បាន​អនុញ្ញាត​ឲ្យ​ជន​អន្តោប្រវេសន៍​វៀតណាម មាន​សិទ្ធិ​បោះឆ្នោត​ដូច​ពលរដ្ឋ​កម្ពុជា​ដែរ។ ក្នុង​បណ្ដឹង​នោះ មាន​ភ្ជាប់​ឈ្មោះ​ពលរដ្ឋ​វៀតណាម​ចំនួន ២៩ រូប ខណៈ​ជាង ១ រយ​នាក់​ផ្សេង​ទៀត លោក​អះអាង​ថា ត្រូវ​បាន​អាជ្ញាធរ​ឃុំ​ផ្លាស់​ប្ដូរ​អត្តសញ្ញាណ​ទៅ​ជា​ឈ្មោះ​ខ្មែរ​វិញ។

វិទ្យុ​អាស៊ី​សេរី​ពុំ​អាច​ស្នើ​សុំ​ការ​អត្ថាធិប្បាយ​ពី​មន្ត្រី គ.ជ.ប បាន​ទេ នៅ​ថ្ងៃ​ទី ៣០ ខែ​តុលា ឆ្នាំ ២០១២។

ចំណែក​លោក ហាំង អឿង មេឃុំ​ឈើខ្មៅ ក៏​យើង​ពុំ​អាច​ស្នើ​សុំ​ការ​ឆ្លើយ​តប​បាន​ផង​ដែរ។ ក៏​ប៉ុន្តែ លោក ឃាង ម៉េង ប្រធាន​ក្រុម​ទី ១១ នៅ​ភូមិ​ចុង​ខ្សាច់ ទទួល​ស្គាល់​ថា ពិត​ជា​មាន​ជនអន្តោប្រវេសន៍​វៀតណាម​បោះ​ឆ្នោត ដូច​ការ​រក​ឃើញ​ពិត​ប្រាកដ​មែន។ លោក​បន្ត​ថា តែ​អ្នក​ដែល​មាន​សិទ្ធិ​បោះឆ្នោត​នោះ គឺ​ពុំ​មែន​ជា​អ្នក​ចំណូល​ថ្មី​ទេ ពោល​គឺ​អ្នក​ដែល​បាន​រស់​នៅ​ក្រោយ​ឆ្នាំ ១៩៧៩។

លោក ឃាង ម៉េង៖ «បាទ! នេះ​មាន​តែ​គេ​រស់​នៅ​ក្នុង​ក្រុម​ទី ១១ ចាស់។ អា​ហ្នឹង​គេ​មាន​បោះ​ឆ្នោត​តាំង​ពី​សម័យ ៩៣។ ឥឡូវ​ក៏​នៅ​មាន​ដែរ នៅ​តាម​គ្រួសារ​ណា ដែល​ធ្លាប់​រស់នៅ​តាំង​ពី​រដ្ឋកម្ពុជា​មក​ណា៎»។

បើ​ទោះជា​មាន​ការ​បកស្រាយ​យ៉ាង​នេះ​ក្ដី ស្ត្រី​ជន​ជាតិ​វៀតណាម ដែល​មិន​បង្ហាញ​អត្តសញ្ញាណ និង​ជួល​ដី​ខ្មែរ​ធ្វើ​កសិកម្ម នៅ​ភូមិ​ចុង​ខ្សាច់​ឲ្យ​ដឹង​តាម​រយៈ​អ្នក​បកប្រែ​ថា ខ្លួន​បោះឆ្នោត​ជា​រៀងរាល់​អាណត្តិ បើ​ទោះ​ជា​ពុំ​មាន​ឯកសារ​ផ្លូវ​ច្បាប់​គ្រប់គ្រាន់ និង​មក​តាំង​ទីលំនៅ​ថ្មី​យ៉ាង​ណា​ក្ដី។

នាយក​ប្រតិបត្តិ​គណៈកម្មាធិការ ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​សេរី និង​យុត្តិធម៌ នៅ​កម្ពុជា លោក គល់ បញ្ញា មាន​ប្រសាសន៍​ថា អ្នក​ដែល​មាន​សិទ្ធិ​បោះឆ្នោត លុះ​ត្រា​តែ​គេ​រក​ឃើញ​ថា អ្នក​ដែល​មាន​សិទ្ធិ​បោះឆ្នោត​នោះ​មាន​សញ្ជាតិ​ជា​ខ្មែរ ដោយ​មាន​អត្តសញ្ញា​ប័ណ្ណ​ត្រឹមត្រូវ។ លោក​គិត​ថា ការ​បោះ​ឆ្នោត ដែល​មិន​មាន​ភាព​សេរី មិន​តម្លាភាព និង​ពុំ​មាន​យុត្តិធម៌ វា​នឹង​ជះឥទ្ធិពល​ដល់​លទ្ធផល​នៃ​សំឡេង​ឆ្នោត។

លោក គល់ បញ្ញា បន្ត​ថា៖ «វា​ប៉ះពាល់​ទៅ​នឹង​លទ្ធផល​បោះឆ្នោត​ដែរ បើ​សិន​ជា​មាន​អ្នក​ខុស​ច្បាប់​ខុស​អី​ច្រើន​អញ្ចឹង ហើយ​បោះឆ្នោត​សម្រាប់​គាំទ្រ​គណបក្ស​ណាមួយ​អញ្ចឹង វា​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ទៅ​លើ​លទ្ធផល​បោះឆ្នោត​ដែរ។ ទី​មួយ រឿង​ខុស​ច្បាប់ ច្បាប់​បោះឆ្នោត​ហ្នឹង។ ទីពីរ រឿង​ប៉ះពាល់​លទ្ធផល​បោះឆ្នោត»។

មន្ត្រី​អង្គការ​សង្គម​ស៊ីវិល និង​បក្ស​ប្រឆាំង តែង​រិះគន់​ថា ដំណើរការ​នៃ​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា ពី​មួយ​អាណត្តិ ទៅ​មួយ​អាណត្តិ ត្រូវ​គេ​រក​ឃើញ​ថា មាន​ជន​អន្តោប្រវេសន៍​វៀតណាម​បោះឆ្នោត​នៅ​កម្ពុជា​ដោយ​សេរី ដូច​ពលរដ្ឋ​ខ្មែរ។ ក៏​ប៉ុន្តែ ទាំង​មន្ត្រី គ.ជ.ប និង​មន្ត្រី​រដ្ឋាភិបាល ដែល​គ្រប់គ្រង​ដោយ​គណ​បក្ស​ប្រជាជន​កម្ពុជា តែង​បដិសេធ​បញ្ហា​នេះ​ថា ពុំ​មែន​ជា​ការ​ពិត​នោះ​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។