អ្នក​ភូមិ​នៅ​ប៉ៃលិន​ចោទ​ក្រុមហ៊ុន​អគ្គិសនី​ថា​លួច​កែ​កុងទ័រ

អ្នក​ភូមិ​រស់​នៅ​ខេត្ត​ប៉ៃលិន​បាន​ត្អូញត្អែរ​ថា ក្រុមហ៊ុន​អគ្គិសនី​ខេត្ត​បាន​លួច​កែ​ឆ្នៃ​កុងទ័រ​ភ្លើង​អគ្គិសនី​ឲ្យ​ដើរ​​លឿន ដើម្បី​កេង​ចំណេញ​ប្រាក់។
ដោយ សួន សុផល មុន្នី
2010-08-29
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ក្មេង​ៗ​បរិភោគ​អាហារ​ក្នុង​អំឡុង​ពេល​ដាច់​ភ្លើង​អគ្គិសនី​ក្នុង​ក្រុង​ភ្នំពេញ​នា​ថ្ងៃ​១៧ មិថុនា ២០០៨។ ទំនប់​វារី​អគ្គិសនី​ដែល​ឧបត្ថម្ភ​ដោយ​ចិន ត្រូវ​បាន​រាយការណ៍​ថា ផ្ដល់​ទាំង​ក្ដី​សង្ឃឹម​និង​ក្ដី​បារម្ភ​ដល់​ពលរដ្ឋ​កម្ពុជា។
ក្មេង​ៗ​បរិភោគ​អាហារ​ក្នុង​អំឡុង​ពេល​ដាច់​ភ្លើង​អគ្គិសនី​ក្នុង​ក្រុង​ភ្នំពេញ​នា​ថ្ងៃ​១៧ មិថុនា ២០០៨។ ទំនប់​វារី​អគ្គិសនី​ដែល​ឧបត្ថម្ភ​ដោយ​ចិន ត្រូវ​បាន​រាយការណ៍​ថា ផ្ដល់​ទាំង​ក្ដី​សង្ឃឹម​និង​ក្ដី​បារម្ភ​ដល់​ពលរដ្ឋ​កម្ពុជា។
AFP Photo/Tang Chhin Sothy

អតីត​អ្នក​គ្រួសារ​ខ្មែរ​ក្រហម រាប់​រយ​គ្រួសារ​នៅ​ខេត្ត​ប៉ៃលិន បាន​រអ៊ូរទាំ​នៅ​ថ្ងៃ​ទី​២៩ សីហា​ថា ក្រុមហ៊ុន​អគ្គិសនី​ខេត្ត​ប៉ៃលិន បាន​ប្រើ​ល្បិច​កល​ក្នុង​ការ​លួច​កែ​ឆ្នៃ​កុងទ័រ​ភ្លើង​អគ្គិសនី ឲ្យ​មាន​ល្បឿន​ដើរ​លឿន ប្រយោជន៍​ដើម្បី​កិប​កេង​ប្រាក់​ចំណេញ​យ៉ាង​ច្រើន​សន្ធឹក​សន្ធាប់​ពី​ក្រុម​អ្នក​ភូមិ។

លោក ប៊ុន សន អាយុ​៤៨​ឆ្នាំ ប្រជា​ពល​រដ្ឋ​រស់​នៅ​ក្រុង​ប៉ៃលិន បាន​ថ្លែង​ថា ករណី​ក្រុមហ៊ុន​អគ្គិសនី​ខេត្ត​ប៉ៃលិន​បាន​ប្រើ​ល្បិច​លួច​ធ្វើ​កុងទ័រ​ភ្លើង​ឲ្យ​ដើរ​លឿន​នេះ បាន​កើត​មាន​ជា​យូរ​មក​ហើយ រហូត​មាន​ការ​តវ៉ា​សុំ​ឲ្យ​អាជ្ញាធរ​ខេត្ត​ប៉ៃលិន​ជួយ​ដោះ​ស្រាយ ប៉ុន្តែ​ពុំ​មាន​លទ្ធផល ៖ «ភ្លើង​នៅ​ប៉ៃលិន​តម្លៃ​ខ្ពស់ ប្រៀបធៀប​នឹង​ខេត្ត​បន្ទាយ​មាន​ជ័យ​អី ដែល​គេ​នាំ​ពី​ថៃ​មក​ដែរ ភ្លើង​គេ​ថ្លៃ​តែ​៨​រយ​រៀល ឬ​ប្រាំ​បី​រយ​ម្ភៃ​រៀល ខាង​យើង​នេះ មួយ​យក​លុយ​បាត គេ​៨​បាត​កន្លះ ទី​២ ប្រជា​ពល​រដ្ឋ​យើង​មាន​បញ្ហា​លំបាក​ទាំង​អស់​គ្នា​ហ្នឹង គឺ​បញ្ហា​គីឡូ​ភ្លើង អា​កុងទ័រ​ភ្លើង​គឺ​យើង​មិន​អាច​ទិញ​ពី​ទីផ្សារ​មក​ដាក់​ទេ បើ​យើង​ទិញ​ពី​ទីផ្សារ ទាល់​តែ​យក​ទៅ​ឲ្យ​ក្រុមហ៊ុន គាត់​សេរ៉េ មិន​ដឹង​ជា​គាត់​ធ្វើ​យ៉ាង​ម៉េច​ទេ គឺ​មួយ​ថ្ងៃ ពីរ​ថ្ងៃ យើង​មើល​ទៅ​ការ​ស៊ី​ភ្លើង​ដូច​ជា​ច្រើន ការ​ប្រើ​តិច​តូច ប៉ុន្តែ​អស់​ភ្លើង​ច្រើន អស់​លុយ​ច្រើន»

ប្រជា​ពល​រដ្ឋ​នៅ​ក្រុង​ប៉ៃលិន​ខ្លះ​ទៀត បាន​ត្អូញ​ត្អែរ​ថា អ្នក​ភូមិ​ដែល​ជា​អ្នក​ជៀវ​ភ្លើង​អគ្គិសនី​ពី​ក្រុម​ហ៊ុន​អគ្គិសនី​ប៉ៃលិន បាន​ធ្វើ​ការ​តវ៉ា​ទៅ​អាជ្ញាធរ​ខេត្ត និង​ទាមទារ​ឲ្យ​ក្រុមហ៊ុន​អគ្គិសនី​ធ្វើ​ការ​កែ​តម្រូវ នូវ​ល្បិច​កល់​របស់​ខ្លួន ដែល​បាន​លួច​ឆ្នៃ​កុងទ័រ​ភ្លើង​ពី​ការ​ដើរ​លឿន មក​ជា​ដើរ​ធម្មតា ត្រឹម​ត្រូវ​វិញ ប៉ុន្តែ​ត្រូវ​បាន​ក្រុមហ៊ុន​គំរាម​កំហែង ៖ «សុំ​អ្នក​ថ្លឹង​កុងទ័រ​មក​មើល វាស់​វែង​ឲ្យ​ស្រួល​បួល ថ្លៃ​ស៊ី​ចុក ដេក​ប្រជា​ជន​គេ​សហ​ការ​គ្នា​ចេញ​ឲ្យ តែ​ក្រុមហ៊ុន​និយាយ​វិញ​ថា បើ​តវ៉ា​ខ្លាំង ភូមិ​ណា​មិន​ពេញ​ចិត្ត​ដាក់​ផ្ដាច់​ចោល​ទៅ​ការ​ប្រើ​ខុស​មួយ​ជា​ពីរ កុងទ័រ​យក​ទៅ​ធ្វើ​ហ្នឹង កែ​ឲ្យ​ដើរ​លឿន ប្រជា​ជន​ឮ​តែ​កុងទ័រ​ស៊ី​ហ្នឹង លួច​ហ្នឹង ខាង​ភ្លើង​អគ្គិសនី​ធ្វើ​តែ​របៀប​ហ្នឹង​ចប់​ហើយ​ប្រជា​រាស្ត្រ»

ក្រុមហ៊ុន​អគ្គិសនី​ខេត្ត​ប៉ៃលិន​បាន​លក់​ភ្លើង​ទៅ​អ្នក​ភូមិ​ប្រើ​ប្រាស់​នៅ​ក្នុង​ក្រុង​ប៉ៃលិន ក្នុង​មួយ​គីឡូ​វ៉ាត់ ថ្លៃ​៨​បាត​កន្លះ ស្មើ​នឹង​ប្រាក់​រៀល​ខ្មែរ ជាង​១០០​រៀល។ ចំណែក​ឯ​ក្រុមហ៊ុន​អគ្គិសនី​វិញ បាន​ជៀវ​ភ្លើង​មក​ពី​ប្រទេស​ថៃ ក្នុង​១​គីឡូ​វ៉ាត ថ្លៃ​តែ​៣​បាត​ប៉ុណ្ណោះ។

អ្នក​ជៀវ​ភ្លើង​អគ្គិសនី​ប្រើប្រាស់​នៅ​ក្នុង​ខេត្ត​ប៉ៃលិន បាន​ត្អូញត្អែរ​ថា តម្លៃ​ភ្លើង​អគ្គិសនី​ដែល​ក្រុមហ៊ុន​បាន​ចែក​ចាយ​ទៅ​ឲ្យ​អ្នក​ភូមិ​ប្រើ​ប្រាស់ គឺ​មាន​តម្លៃ​ថ្លៃ។ ទោះ​ជា​មាន​តម្លៃ​ដូច​នេះ​ក្តី ប៉ុន្តែ​ពួក​គេ​ស្នើ​កុំ​ឲ្យ​ក្រុមហ៊ុន​លួច​កែ​ឆ្នៃ​កុងទ័រ​ភ្លើង​អគ្គិសនី​របស់​អ្នក​ប្រើប្រាស់ ៖ «តែ​ទូរទស្សន៍​១ ភ្លើង​អំពូល​១ អស់ ២០, ៣០​គីឡូ​ក្នុង​១​ខែ ហើយ​អ៊ីចឹង​បើ​ធ្លាប់​ដូច​ដែរ​ប្រើ​ដាក់​ច្រើន ដូច​ពី​មុន​មាន​ដាក់​ខារ៉ាអូខេ ច្រៀង​តាម​ផ្ទះ​អស់​ច្រើន​គីឡូ ដល់​ពេល​ឈប់​ដាក់​អា​ហ្នឹង​ហើយ គីឡូ​នៅ​តែ​អស់​ច្រើន​អ៊ីចឹង​ដដែល»

លោក ឃុន វណ្ណះ ប្រធាន​ក្រុមហ៊ុន​អគ្គិសនី​ខេត្ត​ប៉ៃលិន មិន​ទាន់​អាច​ទាក់​ទង​ដើម្បី​សុំ​ការ​អត្ថាធិប្បាយ​ជុំវិញ​ការ​អះអាង​របស់​អ្នក​ស្រុក​ក្នុង​ខេត្ត​ប៉ៃលិន ដែល​ថា ក្រុមហ៊ុន​ប្រើ​ល្បិច​កែ​ឆ្នៃ​កុងទ័រ​ភ្លើង​ឲ្យ​ដើរ​លឿន ដើម្បី​កេង​ប្រាក់​ចំណេញ​ពី​អ្នក​ប្រើ​ប្រាស់​នេះ​ទេ។

លោក មៀវ សាម៉ៃ នាយ​រង​ខុទ្ទកាល័យ​សាលា​ខេត្ត​ប៉ៃលិន បាន​មាន​ប្រសាសន៍​ថា បញ្ហា​កុងទ័រ​ភ្លើង​អគ្គិសនី​ខាង​លើ​នេះ អាជ្ញាធរ​ខេត្ត​បាន​ប្រាប់​ឲ្យ​ខាង​ក្រុមហ៊ុន​អគ្គិសនី ធ្វើ​ការ​ត្រួត​ពិនិត្យ​ឡើង​វិញ ប៉ុន្តែ​រហូត​មក​ទល់​ពេល​នេះ អាជ្ញាធរ​ខេត្ត​នៅ​មិន​ដឹង​ពី​លទ្ធផល ៖ «កន្លង​មក​យើង​ដូច​ធ្លាប់​បាន​ដោះ​ស្រាយ​ជា​មួយ​ក្រុមហ៊ុន​រួច​ហើយ ឲ្យ​គាត់​ពិនិត្យ​កែ​សម្រួល ត្រួត​ពិនិត្យ​ឡើង​វិញ គីឡូ​ណា​មិន​ប្រក្រតី​អី​តាម​សាមី​ខ្លួន ដែល​គេ​តវ៉ា​ហ្នឹង តែ​ការ​ដោះ​ស្រាយ យើង​អត់​ទាន់​ដឹង​ថា​យ៉ាង​ម៉េច»

ទោះ​យ៉ាង​ណា លោក មៀវ សាម៉ៃ បាន​ជំរុញ​ឲ្យ​សួរ​ករណី​ភ្លើង​អគ្គិសនី​ខាង​លើ​នេះ ទៅ​មន្ទីរ​ឧស្សាហកម្ម រ៉ៃ និង​ថាមពល​ខេត្ត​ប៉ៃលិន។ ប៉ុន្តែ លោក លឹម សំអាត អនុ​ប្រធាន​មន្ទីរ​ឧស្សាហកម្ម រ៉ែ និង​ថាមពល​ខេត្ត​ប៉ៃលិន​បាន​មាន​ប្រសាសន៍​ថា បញ្ហា​ក្រុមហ៊ុន​លួច​ធ្វើ​ឲ្យ​កុងទ័រ​ភ្លើង​ដើរ​លឿន​នេះ ខាង​មន្ទីរ​ឧស្សាហកម្ម រ៉ែ និង​ថាមពល​មិន​អាច​ជួយ​ដោះ​ស្រាយ​បាន​ទេ ព្រោះ​ការ​ងារ​ខាង​លើ ជា​ភារកិច្ច​របស់​អគ្គិសនី​កម្ពុជា ៖ «អា​ហ្នឹង​ផុត​ដែន​សមត្ថកិច្ច​របស់​មន្ទីរ ព្រោះ​អា​ហ្នឹង​នៅ​ខាង (អឺ​ដេ​សេ) អគ្គិសនី​កម្ពុជា មាន​ការ​អី​យ៉ាង​ម៉េចៗ ខាង (អឺ​ដេ​សេ) គាត់​ចុះ​មក​មើល​ផ្ទាល់ ខាង​យើង​អត់​មាន​អី​មើល​ការ​ងារ​ពាក់ព័ន្ធ​ផ្នែក​ខាង​ផ្លូវ​ច្បាប់​កន្លង​មក យើង​ជួយ​ដោះ​ស្រាយ​បាន ប៉ុន្តែ​មិន​ជួយ​បាន​ការ​ងារ​ពាក់ព័ន្ធ​បច្ចេកទេស»

ទោះ​យ៉ាង​នេះ​ក្ដី ក្រុម​អ្នក​ភូមិ​បាន​ចោទ​ខាង​ក្រុម​ហ៊ុន​អគ្គិសនី​ប៉ៃលិន កំពុង​លួច​ធ្វើ​កុងទ័រ​ភ្លើង​ឲ្យ​ដើរ​លឿន ដើម្បី​កេង​ចំណេញ​ថវិកា​ពី​ពួក​គាត់ ដែល​ជា​អ្នក​ប្រើ​ប្រាស់ ៖ «បើ​សិន​ណា​ប្រជា​ពល​រដ្ឋ​លួច​ភ្លើង​អា​ហ្នឹង​មាន​ទោស តែ​អ្នក​ភ្លើង​លួច​គីឡូ​អត់​មាន​ទោស អា​ហ្នឹង​វា​អយុត្តិធម៌​ចំពោះ​ប្រជា​ពល​រដ្ឋ​ដែរ»

ទាក់​ទិន​បញ្ហា​ភ្លើង​អគ្គិសនី​នៅ​ខេត្ត​ប៉ៃលិន​នេះ លោក​ស្រី មួ សុខ​ហួរ តំណាង​រាស្ត្រ​គណ​បក្ស​សម​រង្ស៊ី​បាន​មាន​ប្រសាសន៍​ថា ការ​ជៀវ​ភ្លើង​អគ្គិសនី​ប្រើ​ប្រាស់ បាន​កើត​មាន​បញ្ហា​ដល់​ប្រជា​ពល​រដ្ឋ​ស្ទើរ​គ្រប់​ទី​កន្លែង ក្នុង​ប្រទេស​កម្ពុជា។ លោក​ស្រី​ថា ប្រជា​ពល​រដ្ឋ​ភាគ​ច្រើន​មិន​ហ៊ាន​ចេញ​មុខ​រួម​គំនិត​គ្នា​ធ្វើ​ការ​តវ៉ា​ទាមទារ ខុស​ពី​សិទ្ធិ​ដែល​ពួក​គេ​មាន ៖ «សូម​ឲ្យ​បង​ប្អូន​ប្រជា​ពល​រដ្ឋ ដែល​ជា​ម្ចាស់​ឆ្នោត ទាមទារ​ឲ្យ​បាន​នូវ​គុណភាព និង​សេវា ហើយ​នឹង​តម្លៃ​ឲ្យ​បាន​សម​រម្យ បើ​សិន​ជា​មាន​ការ​កិប​កេង បើ​សិន​ជា​មាន​អំពើ​រពុក​រលួយ​របៀប​នេះ ប្រជា​ពល​រដ្ឋ​ត្រូវ​តែ​រួម​គ្នា​ទៅ​ជួប​ជា​មួយ​លោក​មេ​ឃុំ ជួប​ជា​មួយ​ក្រុម​ប្រឹក្សា​ស្រុក ក្រុម​ប្រឹក្សា​ខេត្ត ហើយ​គេ​ហៅ​ថា ការ​ទទួល​ខុស​ត្រូវ គេ​ហៅ​ថា​តម្លាភាព​ពី​រដ្ឋាភិបាល ពី​មន្ត្រី​រដ្ឋាភិបាល​ទាំង​អស់ ដែល​ត្រូវ​តែ​ផ្ដល់​សេវា​ទៅ​ដល់​ប្រជា​ពល​រដ្ឋ ឲ្យ​មាន​គុណភាព ដោយ​មាន​ភាព​សមរម្យ អត់​មាន​ការ​កិប​កេង»

ប្រជា​ពល​រដ្ឋ​នៅ​ខេត្ត​ប៉ៃលិន ជា​មួយ​គ្នា​នេះ ក៏​បាន​ស្នើ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា និង​អាជ្ញាធរ​អគ្គិសនី​កម្ពុជា ចុះ​ត្រួត​ពិនិត្យ​មើល​ករណី​ដែល​ក្រុមហ៊ុន​អគ្គិសនី​ខេត្ត​ប៉ៃលិន​លួច​កែ​ឆ្នៃ ធ្វើ​ឲ្យ​កុងទ័រ​ភ្លើង​ដើរ​លឿន​នេះ​ឡើង​វិញ។

អភិបាល​ខេត្ត​ប៉ៃលិន លោក អ៊ី ឈាន មិន​ទាន់​អាច​ទាក់​ទង​សុំ​ការ​បញ្ជាក់​ជុំវិញ​បញ្ហា​ដែល​ក្រុម​អ្នក​ភូមិ​ត្អូញ​ត្អែរ​ពី​រឿង​កុងទ័រ​ភ្លើង​អគ្គិសនី​ខាង​លើ​នេះ​បាន​ទេ។ លោក អ៊ី ឈាន នៅ​ពេល​ធ្វើ​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​ជ្រើស​រើស​តំណាង កាល​ពី​ឆ្នាំ​១៩៩៨ ធ្លាប់​បាន​ប្រកាស​សន្យា​ថា បើ​សិន​ប្រជា​ពល​រដ្ឋ​បោះ​ឆ្នោត​ឲ្យ​លោក​ជាប់​ជា​អភិបាល​ខេត្ត​មួយ​អាណត្តិ​ទៀត លោក​នឹង​អភិវឌ្ឍ​ខេត្ត​ប៉ៃលិន ឲ្យ​ដូច​ខេត្ត​ចាន់​បូរី ប្រទេស​ថៃ និង​ធ្វើ​ការ​បញ្ចុះ​តម្លៃ​ភ្លើង​អគ្គិសនី ពី​ថ្លៃ​៥​បាត​ក្នុង​មួយ​គីឡូ​វ៉ាត់ មក​ថ្លៃ​ត្រឹម​៣​បាត ក្នុង​មួយ​គីឡូ​វ៉ាត់។ ចំណែក​ក្រុម​អ្នក​ភូមិ​វិញ បាន​ថ្លែង​ថា ទោះ​បី​លោក អ៊ី ឈាន អភិបាល​ខេត្ត​ប៉ៃលិន​មិន​អាច​បញ្ចុះ​តម្លៃ​ភ្លើង​អគ្គិសនី​បាន​តាម​កិច្ច​សន្យា​ក៏​ដោយ ប៉ុន្តែ​ពួក​គេ​ស្នើ​ឲ្យ​ចាត់​វិធានការ​ចំពោះ​ករណី​ដែល​ក្រុមហ៊ុន​អគ្គិសនី​ប៉ៃលិន លួច​កែ​ឆ្នៃ ធ្វើ​កុងទ័រ​ភ្លើង​អគ្គិសនី​ដើរ​លឿន មក​ដើរ​ត្រឹម​ត្រូវ​ឡើង​វិញ៕

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល