មនុស្ស​ប្រមាណ​១​ពាន់​នាក់​ប្រារព្ធ​ទិវា​បរិស្ថាន

មនុស្ស​ប្រមាណ​មួយ​ពាន់​នាក់​បាន​នាំគ្នា​ប្រារព្ធ​ទិវា​បរិស្ថាន​ជាតិ និង​បរិស្ថាន​ពិភពលោក ៥ មិថុនា នៅ​ថ្ងៃ​ច័ន្ទ ៣១ ឧសភា ដើម្បី​ពញ្ញាក់​ស្មារតី​ដល់​ប្រជាពលរដ្ឋ​កម្ពុជា គ្រប់​ស្រទាប់​វណ្ណៈ​ទាំង​អស់​ឲ្យ​ចូល​រួម​ថែរក្សា​បរិស្ថាន។
ដោយ ខែ សុណង
2010-05-31
អ៊ីម៉ែល
មតិ
Share
បោះពុម្ព

មន្រ្តី​ក្រសួង​បរិស្ថាន សហគមន៍​អន្តរជាតិ ក្រុម​អង្គការ​មិនមែន​រដ្ឋាភិបាល​ដែល​ធ្វើការ​ពាក់ព័ន្ធ​បញ្ហា​បរិស្ថាន និង​សិស្ស​និស្សិត បាន​ប្រារព្ធ​ទិវា​បរិស្ថាន​ជាតិ និង​បរិស្ថាន​ពិភពលោក​លើក​ទី​១៦ នៅ​សួនច្បារ​ខាង​មុខ​វត្ត​បទុមវតី នៅ​ថ្ងៃ​ច័ន្ទ ទី​៣១ ខែ​ឧសភា។

ថ្លែង​នៅ​ក្នុង​ទិវា​បរិស្ថាន​ជាតិ និង​បរិស្ថាន​ពិភពលោក​លើក​ទី​១៦ ក្រោម​ប្រធានបទ "មនុស្ស​សត្វ​ទាំង​អស់ ពិភពលោក​តែមួយ​អនាគត​តែមួយ" លោក ម៉ុក ម៉ារ៉េត ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តី​ក្រសួង​បរិស្ថាន បាន​ថ្លែង​ថា ការ​ប្រារព្ធ​ទិវា​នេះ​ជា​រៀងរាល់​ឆ្នាំ ក្រសួង​មាន​គោលបំណង​រំឭក​ដល់​មនុស្ស​គ្រប់​រូប​ឲ្យ​នាំ​គ្នា​គិត​គូរ​ពី​គ្រោះ​មហន្តរាយ​បរិស្ថាន​នានា ដែល​តែងតែ​កើត​មាន​ជា​យថាហេតុ។

លោក ម៉ុក ម៉ារ៉េត ថ្លែង​ដូច្នេះ ៖ «ទីក្រុង​ស្អាត រមណីយដ្ឋាន​ស្អាត សេវាកម្ម​ល្អ...។ ធម្មតា​គេ​ចូល​មក​វិនិយោគ​ច្រើន ស្រុកទេស​យើង​កាន់តែ​រីក​ចម្រើន កាត់​បន្ថយ​ភាព​ក្រីក្រ​កាន់​តែ​រហ័ស។ ទឹក​ជំនន់​លិច​នៅ​ឫស្សីកែវ​អី​កុំ​ឲ្យ​មាន​ឮ​និយាយ​ទៀត អាហ្នឹង​ជោគជ័យ​ហើយ»

លោក ម៉ាន់ ឈឿន អភិបាល​រង​រាជ​ធានី​ភ្នំពេញ មាន​ប្រសាសន៍​ក្នុង​ពេល​នោះ​ដែរ​ថា ភ្នំពេញ​សព្វ​ថ្ងៃ​មាន​ប្រជាពលរដ្ឋ​ប្រមាណ ២​លាន​នាក់ មាន​យានយន្ត​ជិត ១​លាន​គ្រឿង ការ​ប្រើប្រាស់​ទឹក​ស្អាត ២០០​ពាន់​ម៉ែត្រ​គូប និង​បញ្ចេញ​សំរាម​ជាង ១​ពាន់​តោន​ក្នុង​មួយ​ថ្ងៃៗ។ លោក​ថា សាលា​រាជធានី​ភ្នំពេញ មាន​ភ្នាក់ងារ​ផាក​ពិន័យ​អ្នក​បោះ​ចោល​សំរាម​គ្មាន​សណ្តាប់​ធ្នាប់​ក្នុង​ខណ្ឌ​ចំនួន​៤ ក្នុង​ក្រុង​ប្រមាណ​ជា ២៥០​នាក់។ ក្នុង​រយៈពេល ៣​សប្តាហ៍​សាលា​រាជធានី​ភ្នំពេញ បាន​ផាក​ពិន័យ​បាន​ប្រាក់​ជិត ២​លាន​រៀល។

លោក ម៉ាន់ ឈឿន មាន​ប្រសាសន៍​ដូច្នេះ ៖ «សូម​ធ្វើការ​អំពាវនាវ​ដល់​បង​ប្អូន​ប្រជាពលរដ្ឋ សូម​ចូល​រួម​ទាំង​អស់​គ្នា​ផ្លាស់​ប្ដូរ​ទម្លាប់​ពី​ការ​បោះ​ចោល​សំរាម​គ្មាន​សណ្ដាប់​ធ្នាប់​ទៅ​ជា​ការ​កាន់​សំរាម​ដើរ​រក​ធុង​ទុក​ដាក់​ឲ្យ​បាន​ត្រឹមត្រូវ។ សាលា​រាជធានី​ភ្នំពេញ មិន​ចង់​បាន​ប្រាក់​ផាក​ពិន័យ​ពី​ប្រជាពលរដ្ឋ​ទេ ប៉ុន្តែ​សូម​ឲ្យ​មាន​ការ​ប្រែប្រួល​ឥរិយាបថ​ខាង​លើ»

ប្រធាន​ក្រុមហ៊ុន​ស៊ីនទ្រី លោក សេង សាវី ដែល​ជា​ក្រុមហ៊ុន​ឯកជន​មួយ​កំពុង​ផ្តល់​សេវា​ប្រមូល សម្អាត និង​ដឹក​ជញ្ជូន​សំណល់​សំរាម​ក្នុង​រាជធានី​ភ្នំពេញ បាន​ថ្លែង​ថា ក្រុមហ៊ុន​បាន​ប្តេជ្ញា​ចិត្ត​រួម​ចំណែក​ឲ្យ​កាន់​តែ​សកម្ម​ថែម​ទៀត​ជាមួយ​ប្រជាពលរដ្ឋ​គ្រប់​ស្រទាប់ ដើម្បី​បំផុស​ស្មារតី​រួម​គ្នា​ការពារ​បរិស្ថាន ស្រប​ពេល​ដែល​មនុស្ស​កំពុង​មាន​សេចក្តី​ត្រូវការ​ចាំបាច់​ចំពោះ​បច្ចេកវិទ្យា​កាន់​តែ​ទំនើប​សម្រាប់​ជីវភាព​រស់​នៅ បញ្ហា​នេះ​បាន​ជះ​ឥទ្ធិពល​ដល់​មនុស្ស​សត្វ និង​ការ​បំផ្លាញ​បរិស្ថាន។

លោក សេង សាវី មាន​ប្រសាសន៍​ថា ៖ «ភាព​ហួតហែង ខ្យល់​ព្យុះ ទឹក​ជំនន់​ដែល​បណ្ដាល​មក​ពី​ភាព​ជឿនលឿន​នៃ​ឧស្សាហកម្ម​ធុន​ធ្ងន់ ធុន​ស្រាល យានជំនិះ​គ្រប់​ប្រភេទ​កំពុង​ចរាចរណ៍ កំពុង​ដឹក​ប្រេង​ឥន្ធនៈ​ឥត​ឈប់ឈរ ដែល​ជា​សេចក្ដី​ចាំបាច់​គ្រប់​យ៉ាង​សម្រាប់​ជីវភាព​រស់​នៅ​របស់​មនុស្ស​ដែល​ជា​ទង្វើ​មួយ​កំពុង​បង្កើន​នូវ​កំណើន​ឧស្ម័ន​ផ្ទះ​កញ្ចក់ ឧស្ម័ន​កាបូនិក មេតាន បង្កើន​កម្ដៅ​យ៉ាង​ខ្លាំង​ដល់​ផែនដី»

ទិវា​បរិស្ថាន​ជាតិ​និង​បរិស្ថាន​ពិភពលោក ៥ មិថុនា ត្រូវ​បាន​ប្រារព្ធ​រយៈ​ពេល​២​ថ្ងៃ គឺ​ថ្ងៃ​ច័ន្ទ ទី​៣១ ខែ​ឧសភា ដល់​ថ្ងៃ​អង្គារ ទី​១ ខែ​មិថុនា ដោយ​មាន​ក្រុម​អង្គការ​សង្គម​ស៊ីវិល និង​ក្រុមហ៊ុន​ឯកជន​បាន​ចូល​រួម​តាំង​ពិព័រណ៍​សមិទ្ធផល​ចំនួន ៤៥​ស្តង់​ផង​ដែរ៕

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល