និស្សិត​ពេទ្យ និង​អ្នក​ជំងឺ​ដាស់​ស្មារតី​គ្រូពេទ្យ​ខ្មែរ​ឲ្យ​គោរព​វិជ្ជាជីវៈ

និស្សិត​ពេទ្យ និង​អ្នក​ជំងឺ ជំរុញ​ឲ្យ​គ្រូ​ពេទ្យ​តាម​មន្ទីរ​ពេទ្យ​រដ្ឋ និង​ឯកជន​ទូទាំង​ប្រទេស​កម្ពុជា គោរព​វិជ្ជាជីវៈ​របស់​ខ្លួន​ឲ្យ​បាន​ខ្ជាប់​ខ្ជួន ដើម្បី​ឲ្យ​ពលរដ្ឋ​មាន​ទំនុក​ចិត្ត និង​ងាក​មក​រក​សេវា​ព្យាបាល​ក្នុង​ស្រុក ជា​ជាង​រក​សេវា​ព្យាបាល​នៅ​បរទេស។

0:00 / 0:00

ពលរដ្ឋ​ឲ្យ​ដឹង​ថា ការ​ព្យាបាល​អ្នក​ជំងឺ​ដោយ​គ្មាន​ជំនាញ​ច្បាស់​លាស់ និង​ការ​អនុវត្ត​ផ្ទុយ​ពី​ក្រម​សីលធម៌​របស់​គ្រូ​ពេទ្យ​ក្នុង​សង្គម​កម្ពុជា ជា​ដើម​ចម​នាំ​ឲ្យ​ពលរដ្ឋ​ដក​សេចក្តី​ទុក​ចិត្ត និង​ងាយ​ទៅ​រក​សេវា​ព្យាបាល​នៅ​ក្រៅ​ប្រទេស។

កន្លង​មក ក្រុម​គ្រូ​ពេទ្យ​តាម​មន្ទីរ​ពេទ្យ​នានា​ក្នុង​ប្រទេស​កម្ពុជា ពិសេស​មន្ទីរ​ពេទ្យ​រដ្ឋ​ទទួល​រង​ការ​រិះគន់​ធ្ងន់ធ្ងរ​ពី​សាធារណៈ​ថា បាន​ប្រើ​អាកប្បកិរិយា​មិន​សមរម្យ​ទៅ​លើ​អ្នក​ជំងឺ និង​មាន​ពេទ្យ​ខ្លះ​ទៀត គ្មាន​ជំនាញ​ពិត​ប្រាកដ។

បញ្ហា​នេះ និស្សិត​ពេទ្យ និង​អ្នក​ជំងឺ​មួយ​ចំនួន បាន​ដាស់​ស្មារតី​ឲ្យ​ក្រុម​គ្រូ​ពេទ្យ​រូប​ណា​បាន​អនុវត្ត​ផ្ទុយ​វិជ្ជាជីវៈ​គ្រូ​ពេទ្យ ឲ្យ​ងាក​មក​រក​ផ្លូវ​ត្រូវ ដើម្បី​ឲ្យ​ពលរដ្ឋ​មាន​ទំនុក​ចិត្ត និង​ផ្តល់​តម្លៃ​ជា​ថ្មី។

យុវជន ទូច សត្យា ជា​និស្សិត​ពេទ្យ​ឆ្នាំ​ទី​៤ នៃ​សកល​វិទ្យាល័យ​អន្តរជាតិ អាយ.យូ (IU) ក្នុង​ចំណោម​មិត្តភ័ក្ដិ​ជា​និស្សិត​ពេទ្យ​រាប់​រយ​នាក់​ទៀត លោក​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​សុក្រ ទី​១០ ខែ​សីហា ថា សង្គម​ខ្មែរ​សព្វ​ថ្ងៃ​នេះ គ្រូ​ពេទ្យ​កំពុង​បម្រើ​ការ​តាម​មន្ទីរ​នានា ពិសេស​បុគ្គលិក​មន្ទីរ​ពេទ្យ​រដ្ឋ ត្រូវ​អ្នក​ជំងឺ​រិះគន់​ថា ប្រើ​អាកប្បកិរិយា​មិន​សមរម្យ ឬ​ប្រមាថ​អ្នក​ជំងឺ និង​ប្រើប្រាស់​តួនាទី​ផ្ទុយ​វិជ្ជាជីវៈ​គ្រូ​ពេទ្យ។

លោក​ថា សព្វ​ថ្ងៃ​នេះ​មាន​គ្រូ​ពេទ្យ​ខ្លះ​គ្មាន​ឯកទេស​ពិត​ប្រាកដ ហើយ​វិនិច្ឆ័យ​រោគ​បំភ័យ​អ្នក​ជំងឺ ដើម្បី​ឲ្យ​អ្នក​ជំងឺ​ចំណាយ​ថវិកា​កាន់​តែ​ច្រើន ក្នុង​មន្ទីរ​ពេទ្យ ឬ​គ្លីនិក​ឯកជន​របស់​ខ្លួន។

និស្សិត​ពេទ្យ​រូប​នេះ​សង្កត់​ធ្ងន់​ថា ការ​ដែល​គ្រូ​ពេទ្យ​គ្មាន​ជំនាញ​ច្បាស់​លាស់ ឬ​ក៏​គ្រូ​ពេទ្យ​គ្មាន​សីលធម៌​របស់​ពេទ្យ​ខ្មែរ ជា​ដើម​ហេតុ​នាំ​ឲ្យ​ពលរដ្ឋ​អស់​ជំនឿ និង​ងាក​ទៅ​រក​សេវា​ព្យាបាល​ជំងឺ​ជាមួយ​មន្ទីរ​ពេទ្យ​ប្រទេស​ជិត​ខាង​កម្ពុជា។

យុវជន​រូប​នេះ​ឲ្យ​ដឹង​ថា គ្រូ​ពេទ្យ​មាន​តួនាទី​ជួយ​សង្គ្រោះ​ជីវិត​មនុស្ស ទោះ​អ្នក​ជំងឺ​ស្ថិត​ក្នុង​គ្រួសារ​តោកយ៉ាក ឬ​គ្រួសារ​អ្នក​មាន​ទ្រព្យ​ធន​បែប​ណា​ក្តី ក៏​ត្រូវ​ទទួល​បាន​ការ​ព្យាបាល​ស្មើ​ភាព​គ្នា ដោយ​មិន​ត្រូវ​រើសអើង ឬ​មើល​ឃើញ​តែ​លុយ​កាក់​ជា​ធំ​នោះ​ទេ។

ទាក់​ទិន​បញ្ហា​នេះ ស្ត្រី​អ្នក​ជំងឺ​ឈ្មោះ ថេង វិចិត្រ ពលរដ្ឋ​រស់នៅ​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹង​ថា រូប​គាត់​បាន​ធ្លាក់​ខ្លួន​ឈឺ កាល​ពី​២​ឆ្នាំ​មុន និង​បាន​ទៅ​ពិនិត្យ​ព្យាបាល​ជំងឺ​នៅ​មន្ទីរ​ពេទ្យ​មួយ​ក្នុង​ទីក្រុង​ភ្នំពេញ ប៉ុន្តែ​ត្រូវ​គ្រូ​ពេទ្យ​ប្រាប់​ថា ជំងឺ​គាត់​មិន​អាច​ព្យាបាល​បាន និង​ទាម​ទារ​វះ​កាត់។ គ្រូ​ពេទ្យ​បាន​បន្លាច​ថា ជំងឺ​គាត់​ជា​ជំងឺ​មហារីក ដូច្នេះ​បើ​មិន​វះ​កាត់​ទេ មិន​អាច​ព្យាបាល​ឲ្យ​ជា​សះ​ស្បើយ​ទេ។

ដោយ​សង្កេត​ឃើញ​គ្រូ​ពេទ្យ​ហាក់​មើល​ប្រាក់​ជា​ធំ ស្ត្រី​អ្នក​ជំងឺ​រូប​នេះ បាន​ងាក​ទៅ​រក​សេវា​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​​ប្រទេស​វៀតណាម។ នៅ​មន្ទីរ​ពេទ្យ​ប្រទេស​វៀតណាម បន្ទាប់​ពី​គ្រូ​ពេទ្យ​ពិនិត្យ​រោគ​សញ្ញា ដោយ​យក​ចិត្ត​ទុក​ដាក់​រួច​មក គ្រូ​ពេទ្យ​វៀតណាម បញ្ជាក់​ថា ជំងឺ​គាត់​អាច​ព្យាបាល​មិន​ចាំ​បាច់​វះ​កាត់ និង​មិន​មែន​ជា​ជំងឺ​មហារីក​ដូច​គ្រូ​ពេទ្យ​ខ្មែរ​វិនិច្ឆ័យ​រោគ​សញ្ញា​ទេ។

ស្ត្រី​រូប​នេះ​បាន​ថ្លែង​ថា រូប​គាត់​ស្ទើរ​អស់​ជំនឿ និង​ស្ទើរ​អស់​ទំនុក​ចិត្ត និង​គ្មាន​ជំនឿ​ទៅ​លើ​ការ​វិនិច្ឆ័យ​រោគ​របស់​គ្រូ​ពេទ្យ​ស្រុក​ខ្មែរ​ទៀត​ហើយ ព្រោះ​យល់​ថា គ្រូ​ពេទ្យ​ស្រុក​ខ្មែរ​ភាគ​ច្រើន ហាក់​មិន​មាន​ជំនាញ​ពិត​ប្រាកដ គ្មាន​សីលធម៌ និង​អនុវត្ត​ផ្ទុយ​ពី​វិជ្ជាជីវៈ​ជា​គ្រូ​ពេទ្យ។

លោកស្រី​ស្នើ​ឲ្យ​មន្ត្រី​ក្រសួង ឬ​ស្ថាប័ន​ពាក់ព័ន្ធ ជួយ​ជំរុញ​ឲ្យ​គ្រូ​ពេទ្យ​កំពុង​បម្រើ​ការ​នៅ​តាម​មន្ទីរ​ពេទ្យ​នានា​ក្នុង​ប្រទេស​កម្ពុជា ត្រូវ​ប្រកាន់​ខ្ជាប់​ក្រម​សីលធម៌ និង​វិជ្ជាជីវៈ​ជា​គ្រូ​ពេទ្យ​ឲ្យ​បាន​ត្រឹមត្រូវ ដើម្បី​ឲ្យ​ពលរដ្ឋ​ផ្តល់​ទំនុក​ចិត្ត និង​រក្សា​សេចក្តី​ថ្លៃ​ថ្នូរ​របស់​គ្រូ​ពេទ្យ។

អ្នកស្រី ថេង វិចិត្រ មាន​សេចក្តី​តក់ស្លុត​ពេល​ដឹង​ថា ការ​វិនិច្ឆ័យ​រោគ​សញ្ញា​របស់​គ្រូ​ពេទ្យ នៃ​មន្ទីរ​ពេទ្យ​មួយ​ក្នុង​ទីក្រុង​ភ្នំពេញ ទៅ​លើ​ជំងឺ​របស់​គាត់ គ្មាន​ជំនាញ​ច្បាស់​លាស់។

សាធារណជន ឬ​គ្រួសារ​សាច់ញាតិ​ជន​រង​គ្រោះ បាន​ចោទ​ប្រកាន់​ថា បុគ្គលិក​នៃ​មន្ទីរ​ពេទ្យ​រដ្ឋ​មិន​បាន​យក​ចិត្ត​ទុក​ដាក់​ថែ​រក្សា​ចំពោះ​អ្នក​ជំងឺ​ទាំង​ឡាយ​ណា ដែល​ស្ថិត​ក្នុង​គ្រួសារ​ក្រីក្រ ឬ​អ្នក​ជំងឺ​គ្រោះ​ថ្នាក់​ចរាចរណ៍ ដែល​គ្មាន​សាច់ញាតិ​មក​ជួយ​ធានា​នោះ​ទេ ដោយ​គ្រូ​ពេទ្យ​បាន​ទុក​ឲ្យ​អ្នក​ជំងឺ​នៅ​ឯកោ និង​គ្មាន​ការ​ព្យាបាល។

លោក​វេជ្ជបណ្ឌិត ហេង តៃគ្រី ជា​រដ្ឋលេខាធិការ​ក្រសួង​សុខាភិបាល លោក​ថ្លែង​ថា ពេល​ខ្លះ​ក្រុម​គ្រូ​ពេទ្យ​មិន​សូវ​យក​ចិត្ត​ទុក​ដាក់​ជាមួយ​អ្នក​ជំងឺ ដូច​ការ​ចោទ​ខ្លះ​មែន ប៉ុន្តែ​លោក​ថា ការ​ឆក់​កណ្ដៀត​នេះ ដោយ​សារ​តែ​ក្រុម​គ្រូ​ពេទ្យ​ទាំង​នោះ ធ្វើ​ការ​ច្រើន​ម៉ោង ឬ​ក៏​មាន​បុគ្គលិក​ពេទ្យ​ខ្លះ​ធ្វើ​ការ​ស្ទើរ​ពេញ​២៤​ម៉ោង ព្រោះ​ត្រូវ​វេន​យាម និង​មាន​អ្នក​ជំងឺ​ច្រើន​​ជា​ដើម។

ករណី​នេះ​ដែរ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់​បាន​ព្រមាន និង​ស្នើ​ឲ្យ​គ្រូ​ពេទ្យ ទោះ​បម្រើ​ការងារ​តាម​មន្ទីរ​ពេទ្យ​ឯកជន ឬ​មន្ទីរ​ពេទ្យ​រដ្ឋ​ក្តី ត្រូវ​គោរព​វិជ្ជាជីវៈ​គ្រូ​ពេទ្យ​ឲ្យ​បាន​ខ្ជាប់​ខ្ជួន និង​មិន​ត្រូវ​សួរ​រក​ប្រាក់​ពី​អ្នក​ជំងឺ មុន​ការ​ព្យាបាល​នោះ​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។