ប្រជា​សហគមន៍​នៅ​រតនគិរី​លើក​ស្លាក​អំពាវនាវ​ឲ្យ​តុលាការ​រក​យុត្តិធម៌

សហគមន៍​ជន​ជាតិ​ដើម​ចារ៉ាយ ក្នុង​ខេត្ត​រតនគិរី ដែល​មាន​ទំនាស់​ដីធ្លី​រ៉ាំរ៉ៃ​ជាមួយ​ជំទាវ គាត កលណី បាន​នាំ​គ្នា​លើក​ស្លាក​ធំ​មួយ​​ដាក់​នៅ​តាម​បណ្ដោយ​ផ្លូវ​ជាតិ​ជិត​ដី​ទំនាស់ ដើម្បី​អំពាវនាវ​ឲ្យ​តុលាការ​ជួយ​រក​យុត្តិធម៌ បន្ទាប់​ពី​ពួកគាត់​បាន​ប្ដឹង​ជា​ច្រើន​ឆ្នាំ​មក​ហើយ តែ​មិន​ត្រូវ​បាន​តុលាការ​ជំនុំ​ជម្រះ។
ដោយ គង់ យុទ្ធនា
2010-07-29
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ភូមិ​របស់​ជនជាតិ​ដើម​ភាគ​តិច នៅ​ខែត្រ​រតនគិរី
ភូមិ​របស់​ជនជាតិ​ដើម​ភាគ​តិច នៅ​ខែត្រ​រតនគិរី
www.wikipedia.org

អ្នក​ភូមិ​ជន​ជាតិ​ដើម​ភាគ​តិច​ចារ៉ាយ នៅ​ភូមិ​គងយុ ឃុំ​ប៉ាតេ ស្រុក​អូរយ៉ាដាវ ប្រមាណ​ជិត ៥០​នាក់ បាន​ប្រមូល​ផ្តុំ​គ្នា​កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៩ ខែ​កក្កដា ដើម្បី​ធ្វើការ​លើក​ស្លាក​ធំ​មួយ អំពាវនាវ​ដល់​តុលាការ​ខេត្ត​រតនគិរី ឲ្យ​ចាត់​ការ​លើ​ពាក្យ​បណ្ដឹង​របស់​អ្នក​ភូមិ​ដែល​បាន​ប្តឹង​ជំទាវ គាត កលណី ភរិយា​មន្រ្តី​រដ្ឋាភិបាល​ជាន់​ខ្ពស់ គឺ​លោក ឆាន់ សាផាន់ រដ្ឋលេខាធិការ​ក្រសួង​រៀបចំ​ដែនដី និង​នគរូបនីយកម្ម ពី​បទ​ចោទ​ប្រកាន់​ថា បាន​រំលោភ​បំពាន​ដី​សហគមន៍​ប្រមាណ ៥០០​ហិកតារ​នៅ​ពេល​កន្លង​មក​នោះ។

តំណាង​សហគមន៍​ភូមិ​គងយុ លោក រម៉ាម ហ្វីល មាន​ប្រសាសន៍​ប្រាប់​បណ្ដាញ​អង្គការ​មិន​មែន​រដ្ឋាភិបាល​នៅ​ខេត្ត​រតនគិរី និង​អ្នក​សារព័ត៌មាន​ជា​ច្រើន​ក្នុង​ពេល​លើក​ស្លាក​នោះ​ថា ឈ្នះ ឬ​ចាញ់​សុំ​ឲ្យ​តុលាការ​ខេត្ត កាត់​ក្តី​ឲ្យ​ចប់​សព្វគ្រប់​ទៅ ព្រោះ​ទំនាស់​បាន​ប្តឹង​យូរ​ឆ្នាំ​ហើយ។

លោក រម៉ាម ហ្វីល បាន​ឲ្យ​ដឹង​ដូច្នេះ ៖ «ចង់​ឲ្យ​តុលាការ​ខេត្ត​រតនគិរី​ដោះស្រាយ។ ប្រជាពលរដ្ឋ​អស់​ដី​ហើយ។ ដី​ហ្នឹង​ដី​សហគមន៍​អត់​លក់​ទេ គេ​រំលោភ​យក។ ប្រជាពលរដ្ឋ​ឲ្យ​ហ្នឹង ឲ្យ​ប្រហែល ៥០​ហិកតា​ទេ។ វា​ឈូស​ពេញ​ព្រៃ​ពេញ​ទឹក​នោះ ប៉ះ​ចម្ការ កន្លែង​គេ​កប់​ខ្មោច ព្រៃ​អារក្ស»

លោក រម៉ាម ថង ជា​សមាជិក​គណៈកម្មការ​សហគមន៍ បាន​បញ្ជាក់​ថា ប្រជាពលរដ្ឋ​មាន​សេចក្ដី​ព្រួយ​បារម្ភ ខណៈ​ដែល​ដីធ្លី​រួម​របស់​សហគមន៍​កាន់​តែ​រួញ​តិច​ទៅ បន្ទាប់​ពី​ក្រុមហ៊ុន​នោះ​បាន​ទិញ និង​បាន​រំលោភ​ទន្ទ្រាន​យក​យ៉ាង​ច្រើន​មក។

លោក រម៉ាម ថង បញ្ជាក់​ថា រឿងរ៉ាវ​ដែល​នាំ​ឲ្យ​មាន​ការ​ប្ដឹង​ផ្ដល់​គ្នា​មក​ទល់​ថ្ងៃ​នេះ បណ្ដាល​មក​ពី​មុន​ដំបូង អ្នក​ភូមិ​បាន​លក់​ដី​ទៅ​ឲ្យ​ក្រុមហ៊ុន​នោះ​ក្នុង​ចំនួន​មួយ​តិចតួច ប៉ុន្តែ​ក្រុមហ៊ុន​បាន​វាត​យក​ធំ​ធេង​ពេក បណ្ដាល​ឲ្យ​សហគមន៍​បាត់​បង់​ដី​ចម្ការ​អចិន្ត្រៃយ៍ និង​ដី​ចម្ការ​វិល​ជុំ ៖ «ពីរ​ម៉ឺន​ដុល្លារ ឲ្យ​មួយ​គ្រួសារ​តែ​បួន​រយ​ទេ»

គង់ យុទ្ធនា ៖ បើ​យើង​ទទួល​លុយ​គេ​ហើយ ហេតុ​អី​បាន​យើង​តវ៉ា? រម៉ាម ថង ៖ តវ៉ា​រឿង​ថា ដី​ហ្នឹង​ត្រឹម​ដំបូក ឥឡូវ​ហ្នឹង​គេ​យ​ទៅ​ដល់​ណោះ។ ម្យ៉ាង​ជន​ជាតិ​ដើម​គាត់​ដឹង​លេខ​ដឹង​អក្សរ​អី អត់​ចេះ​បូក​សរុប​ផង ហើយ​ក្រុមហ៊ុន​វា​ពង្រីក​ទៅៗ។ កូន​ចៅ​ពួក​ខ្ញុំ​ត​ទៅ​មុខ​ទៀត​ទុក​កន្លែង​ណា​ធ្វើ​ចម្ការ?។

អ្នក​សម្រប​សម្រួល​បណ្ដាញ​គាំទ្រ​ជនជាតិ​ដើម​ភាគ​តិច ខេត្ត​រតនគិរី លោក ទេព បូរិន ដែល​ចុះ​ទៅ​ពិនិត្យ​សកម្មភាព​លើក​ស្លាក​បង្ហាញ​គោល​បំណង​របស់​អ្នក​ភូមិ​ជនជាតិ​ដើម​ទាំង​នោះ បញ្ជាក់​ថា ៖ «មាន​រឿង​តាំង​ពី​អត់​ទាន់​ដាំ​កៅស៊ូ ឥឡូវ​រហូត​ដល់​កៅស៊ូ​ធំៗ​អស់ អ៊ីចឹង​ប្រហែល​ជា​មាន​អាថ៌​កំបាំង​អី​នៅ​ពី​ក្រោយ​ខ្នង​ដែល​ជា​ចេតនា​មិន​ដោះស្រាយ​រឿង​ហ្នឹង»

ប្រធាន​តុលាការ​ខេត្ត​រតនគិរី លោក លូ ស៊ូសម្បត្តិ មិន​អាច​សុំ​ការ​ពន្យល់​បាន​ទេ ដោយសារ​អ្នក​លើក​ទូរស័ព្ទ​របស់​លោក​បដិសេធ​ថា មិន​មែន​ជា​រូប​លោក​ទេ។ ប៉ុន្តែ​យ៉ាង​នេះ​ក្តី លោក កែវ វិសុទ្ធ ជា​ក្រឡា​បញ្ជី​របស់​ប្រធាន​តុលាការ បាន​បញ្ជាក់​ថា ករណី​ទំនាស់​នោះ ប្រធាន​តុលាការ​បាន​ចាត់​បញ្ជូន​ឲ្យ​ចៅក្រម​ធ្វើការ​ស៊ើប​អង្កេត និង​ពន្លឿន​ដំណើរ​ការ​ក្តី​ហើយ ហើយ​កន្លង​មក​អ្នក​ភូមិ​បាន​រារាំង​មិន​ឲ្យ​មាន​ការ​វាស់​វែង​ដី​ទំនាស់​នោះ​ផង ដោយសារ​តែ​ពួកគាត់​បារម្ភ​ខ្លាច​គេ​វាស់​យក​ដី​នោះ​ឲ្យ​ទៅ​ខាង​ក្រុមហ៊ុន។

លោក កែវ វិសុទ្ធ ពន្យល់​ថា ៖ «បង​ប្រធាន​គាត់​បាន​ចាត់ការ​ទៅ​ឲ្យ​លោក ឡូញ ច័ន្ទចេតនា ដើម្បី​ធ្វើការ​សិក្សា​មើល​ថា រឿង​ហ្នឹង​គួរ​គប្បី​ថា ត្រូវ​ធ្វើ​យ៉ាង​ម៉េច​ជាមួយ​បង​ប្អូន​ប្រជាជន​ហ្នឹង ព្រោះ​ខាង​មេធាវី​ប្រជាជន​ហ្នឹង គាត់​សុំ​ពន្លឿន​ការងារ​ហ្នឹង​ដែរ»

ទំនាស់​រវាង​អ្នក​ភូមិ​គងយុ ដែល​មាន​ចំនួន​សរុប ៥៦​គ្រួសារ និង​ជំទាវ គាត កលណី ត្រូវ​បាន​អង្គការ​នានា​តាម​ដាន និង​វាយ​តម្លៃ​ថា ជា​រឿង​គំរូ​មួយ ដែល​បាន​ឆ្លុះ​បញ្ចាំង​អំពី​សិទ្ធិ​ដីធ្លី​របស់​ជន​ជាតិ​ដើម​ភាគ​តិច គឺ​នៅ​មិន​ទាន់​ទទួល​បាន​ការ​គោរព​តាម​ច្បាប់​ជាតិ​នៅ​ឡើយ៕

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល