អ្នកសម្របសម្រួលសមាជិកសកម្មសិទ្ធិជនជាតិដើមភាគតិច អាយរ៉ាម លោក អ៊ំ ម៉ិច បានឲ្យដឹងនៅថ្ងៃទី៧ សីហា ថា ជនជាតិដើមចំនួន ១៥ ខែត្រ ក្រុង នឹងរៀបចំទិវាអន្តរជាតិជនជាតិដើមភាគតិចពិភពលោកនៅថ្ងៃទី៩ សីហា ដែលធ្វើឡើងនៅក្នុងវត្តងន ឃុំងន ស្រុកសណ្ដាន់ មានជនជាតិដើមភាគតិចចូលរួមជាង ៤០០នាក់ និងមានអភិបាលខែត្រចូលរួមផងដែរ។
លោកបញ្ជាក់ថា ការរៀបចំកម្មវិធីនេះ ក្នុងគោលបំណងសំខាន់ឲ្យតំណាងជនជាតិដើមនានា លើកបញ្ហាប្រឈមទាំងឡាយដែលពួកគាត់កំពុងជួបប្រទះ ដូចជាការកាប់បំផ្លាញព្រៃឈើធ្វើឲ្យប៉ះពាល់ដល់មុខរបរប្រចាំថ្ងៃរបស់ពួកគាត់ ដោយសារតែរដ្ឋាភិបាលបានផ្ដល់ដីសម្បទានសេដ្ឋកិច្ចជូនក្រុមហ៊ុនកន្លងមកជាដើម៖ «គាត់មានព្រៃសម្រាប់ដើរបោចវល្លិ ដងជ័រ នៅពេលកាប់ព្រៃនោះអស់មានន័យថា សម្លាប់មុខរបរគាត់ហើយ»។
លោក អ៊ំ ម៉ិច បានអះអាងទៀតថា ការប្រារព្ធខួបនេះដែរ ក៏ជាការចែករំលែកនូវវប្បធម៌ ទំនៀមទំលាប់របស់ជនជាតិដើមភាគតិចឲ្យស្គាល់អំពីវប្បធម៌ប្រពៃណីរបស់ខ្លួនទៅវិញទៅមក ពិសេសលើកអំពីបញ្ហាដែលប្រឈមរបស់ជនជាតិដើម មានដូចជាវប្បធម៌ បញ្ហាអប់រំ បញ្ហាសុខភាព សិទ្ធិមនុស្ស បរិស្ថាន អភិវឌ្ឍន៍សង្គម និងសេដ្ឋកិច្ច។
ទិវាអន្តរជាតិជនជាតិដើមភាគតិចពិភពលោកខួបលើកទី១៨ និងជាខួបលើកទី៨ សម្រាប់កម្ពុជា ឆ្នាំ២០១២ ក្រោមប្រធានបទស្ដីអំពី "ព័ត៌មានជនជាតិដើម ដើម្បីផ្ដល់អំណាចសំឡេងដល់ជនជាតិដើម"។
ភ្ជាប់ទៅនឹងបញ្ហានេះដែរ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក បាន គីមូន (Ban Ki-moon) បានផ្ញើសារមួយនៅថ្ងៃទិវាអន្តរជាតិជនជាតិដើមភាគតិចពិភពលោកថ្ងៃទី៩ សីហា។ លោក បាន គីមូន ប្ដេជ្ញានូវការគាំទ្រឲ្យមានប្រព័ន្ធសហប្រតិបត្តិការនៃអង្គការសហប្រជាជាតិ ដើម្បីជួយដល់ជនជាតិដើមភាគតិច ក្នុងនោះរួមមានទាមទារឲ្យមានប្រព័ន្ធផ្សព្វផ្សាយ ទាមទារឲ្យដែលជាភាគីលើកស្ទួយឲ្យមានការអនុវត្តពេញលេញទៅលើសេចក្ដីប្រកាសស្ដីពីសិទ្ធិជនជាតិភាគតិច។
ប្រព័ន្ធផ្សព្វផ្សាយនៅក្នុងប្រទេសនីមួយៗ ត្រូវបង្កើតកម្មវិធី និងផ្ដល់ឱកាសដល់ជនជាតិដើមភាគតិច ដើម្បីឲ្យពួកគេបានបង្ហាញពីទស្សនៈ សេចក្ដីត្រូវការ និងចក្ខុវិស័យរបស់ពួកគេទៅថ្ងៃអនាគត។
នាយកប្រតិបត្តិនៃអង្គការគាំទ្រសហគមន៍ជនជាតិដើមភាគតិច (ICSO)។ លោក សៅ វណ្ណសី មានប្រសាសន៍ថា បញ្ហាប្រឈមរបស់ជនជាតិដើមភាគតិចនៅកម្ពុជា ខ្លាំងជាងគេនោះ គឺបញ្ហាដីធ្លី និងបញ្ហាធនធានធម្មជាតិ ឬព្រៃឈើ ដែលពួកគាត់ប្រកបមុខរបរបោចវល្លិ និងរកជ័រអាស្រ័យផលប្រចាំថ្ងៃ ការកាប់ព្រៃឈើជាការផ្ដាច់មុខរបររបស់ជនជាតិដើម។
លោក សៅ វណ្ណសី៖ «ក្នុងតំបន់ជនជាតិដើមភាគតិច មិនទាន់មានប័ណ្ណកម្មសិទ្ធិទាំងសហគមន៍ ទាំងបុគ្គល ដូច្នេះរដ្ឋាភិបាលបានអភិវឌ្ឍន៍កំណើនសេដ្ឋកិច្ចតាមរយៈផ្ដល់ដីសម្បទានសេដ្ឋកិច្ចឲ្យទៅក្រុមហ៊ុនឯកជននោះ បានធ្វើឲ្យប៉ះពាល់ជាអន្លើ ដែលអាស្រ័យផលលើអនុផលព្រៃឈើនោះ»។
រដ្ឋាភិបាលកម្ពុជា បានផ្ដល់ដីសម្បទានសេដ្ឋកិច្ចនៅខែត្រកំពង់ធំ ឲ្យទៅក្រុមហ៊ុនចំនួន ២៩ មានទាំង ក្រុមហ៊ុនក្នុងស្រុក និងក្រុមហ៊ុនបរទេស ដែលមានផ្ទៃដីសរុបជាង ១សែនហិកតារ។
ការផ្ដល់ដីសម្បទានសេដ្ឋកិច្ចនេះ បានធ្វើឲ្យប៉ះពាល់ដីប្រជាពលរដ្ឋមួយចំនួន ពិសេសជនជាតិដើមភាគតិច ដែលពួកគាត់រស់នៅអាស្រ័យលើអនុផលព្រៃឈើ។ ទោះបីជារដ្ឋាភិបាលបានអះអាងថា ការផ្ដល់ដីសម្បទានសេដ្ឋកិច្ចនេះអាចឲ្យជនជាតិដើមភាគតិចមានការងារធ្វើតាមរយៈធ្វើការឲ្យក្រុមហ៊ុនទាំងនោះក្ដី។
របាយការណ៍របស់អង្គការគាំទ្រសហគមន៍ជនជាតិដើមភាគតិច បានឲ្យដឹងថា ជនជាតិដើមភាគតិចនៅកម្ពុជា មានប្រមាណ ២សែននាក់ ក្នុងចំណោមប្រជាពលរដ្ឋខ្មែរមាន ១៤លាននាក់។
ស្របពេលជាមួយគ្នានោះដែរ នៅថ្ងៃទី៩ សីហា នោះ ជនជាតិភាគតិចនៅទូទាំងពិភពលោកនឹងប្រមូលផ្ដុំគ្នា ប្រារព្ធទិវាជនជាតិភាគតិចអន្តរជាតិពិភពលោក ដើម្បីបង្ហាញពីគោលជំហររួមមួយក្នុងគោលបំណងលើកកម្ពស់សិទ្ធជនជាតិដើមភាគតិច ដូចដែលមានចែងនៅក្នុងសេចក្ដីប្រកាសរបស់អង្គការសហប្រជាជាតិដែលរដ្ឋភាគីទាំងអស់បានទទួលស្គាល់រួចហើយនោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
