ជំនួយសរុបជិត ១លាន ៣សែននោះ នឹងផ្តល់ជាអាហារ ទឹកស្អាត និងសម្ភារៈសម្រាប់អប់រំមួយចំនួន។ គម្រោងនេះក៏ផ្តល់ជំនួយគាំទ្រដល់ការស្តារសកម្មភាពកសិកម្មនៅសហគមន៍ដែលរងគ្រោះធ្ងន់ធ្ងរឲ្យមានលទ្ធភាពកែលម្អជីវភាពរស់នៅឲ្យបានប្រសើរឡើងវិញ។ ដៃគូអនុវត្តសំខាន់ៗរួមមានកាកបាទក្រហមបារាំង សម្ព័ន្ធភាពនៃអង្គការសង្គ្រោះកុមារ អង្គការ Oxfam GB និងអង្គការ Concern។
នៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់សហភាពអឺរ៉ុបដែលចេញផ្សាយនៅថ្ងៃទី២១ ខែមករានេះ បានបង្ហាញថា សហភាពអឺរ៉ុបបានផ្តល់ថវិកាបន្ថែមចំនួន ៧លានអឺរ៉ូដែលជាជំនួយមនុស្សធម៌ដល់ជនរងគ្រោះដោយសារខ្យល់ព្យុះកេតសាណា និងម៉ារីណា ក្នុងតំបន់អាស៊ីអាគ្នេយ៍។
មូលនិធិថ្មីនេះរបស់សហភាពអឺរ៉ុបនេះគឺសម្រាប់ផ្តល់ជាជំនួយមនុស្សធម៌ជួយដល់ប្រជាពលរដ្ឋដែលទទួលរងគ្រោះបំផុតនៅប្រទេសកម្ពុជា ប្រទេសលាវ និងប្រទេសវៀតណាម។ ជំនួយទាំងនេះគឺជាជំនួយជួយបន្ថែមទៅលើជំនួយជាថវិកាចំនួន ២លានអឺរ៉ូ ដែលជាមូលនិធិបន្ទាន់ផ្តល់ដោយសហភាពអឺរ៉ុបដែលធ្វើឡើងក្នុងរយៈពេល ៤៨ម៉ោងនៃគ្រោះមហន្តរាយ កេតសាណា នៅតំបន់ឆ្នេរសមុទ្រវៀតណាមកណ្តាល និងបន្ទាប់មកនៅប្រទេសលាវ និងប្រទេសកម្ពុជា កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០០៩កន្លងទៅ៕