សហ​ភាព​អឺរ៉ុប​ផ្សព្វ​ផ្សាយ​គោល​នយោបាយ​នៅ​កម្ពុជា

មាន​ការ​ជួប​ជុំ​មួយ​នៅ​ថ្ងៃ​ទី​២៩ កក្កដា រវាង​អ្នក​ការ​ទូត​មក​ពី​ប្រទេស​សមាជិក​សហ​ភាព​អឺរ៉ុប ជា​មួយ​និស្សិត​កម្ពុជា ដើម្បី​ផ្សព្វ​ផ្សាយ​ពី​សកម្មភាព​របស់​ប្រទេស​សមាជិក​សហ​ភាព​អឺរ៉ុប​នៅ​​កម្ពុជា។
ដោយ កែវ និមល
2010-07-29
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
និមិត្ត​សញ្ញា​សហ​ភាព​អឺរ៉ុប
និមិត្ត​សញ្ញា​សហ​ភាព​អឺរ៉ុប
Photo courtesy of wikipedia.org

សិស្ស និស្សិត មន្ត្រី​រាជការ អ្នក​ការ​ទូត សមាជិក​អង្គការ​មិន​មែន​រដ្ឋាភិបាល សរុប​ប្រមាណ​១៦០​នាក់ បាន​ជួប​ជុំ​គ្នា នៅ​ថ្ងៃ​ទី​២៩ កក្កដា នៅ​ក្រុង​ភ្នំពេញ ដើម្បី​ពិភាក្សា​គ្នា​អំពី​ប្រសិទ្ធភាព​នៃ​ជំនួយ​ប្រទេស​សហ​ភាព​អឺរ៉ុប​មក​កម្ពុជា ក្នុង​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ និង​តួនាទី​របស់​យុវវ័យ​ក្នុង​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ​នៅ​កម្ពុជា។

លោក​ស្រី ពូន ប៉ុក បុគ្គលិក​ទទួល​បន្ទុក​ព័ត៌មាន​របស់​សហ​ភាព​អឺរ៉ុប នៅ​ការិយាល័យ​ក្រុង​ភ្នំពេញ បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា នៅ​ក្នុង​ការ​ជួប​ជុំ​គ្នា​នោះ អ្នក​ការ​ទូត​មក​ពី​ប្រទេស​សមាជិក​សហ​ភាព​អឺរ៉ុប ជា​អ្នក​ធ្វើ​អត្ថាធិប្បាយ និង​ឆ្លើយ​សំណួរ​ផ្សេងៗ របស់​អ្នក​ចូល​រួម ៖ «យើង​ឲ្យ​វាគ្មិន​៨​នាក់ គាត់​ពិភាក្សា​លើ​ប្រធាន​បទ​ខុស​ៗ​គ្នា អ្នក​ខ្លះ​ពិភាក្សា​លើ​អប់រំ អ្នក​ខ្លះ​ពិភាក្សា​លើ​អភិវឌ្ឍ​ជន​បទ អ្នក​ខ្លះ​ជជែក​លើ​រឿង​វប្បធម៌ និយាយ​ទៅ​វា​មាន​ប្រធាន​បទ​ខុស​គ្នា រឿង​សិទ្ធិ​ស្ត្រី រឿង​អី​ហ្នឹង និយាយ​ទៅ ប្រធាន​បទ​ខុស​គ្នា ទូត​អ៊ីយួ (EU) មួយៗ គាត់​កាន់​ប្រធាន​បទ​ខុស​គ្នា»

លោក​ស្រី ពូន ប៉ុក បាន​ឲ្យ​ដឹង​ថា នៅ​ក្នុង​ការ​ជួប​ជុំ​គ្នា​នោះ មាន​ការ​ចែក​ផ្សាយ​សៀវ​ភៅ​ខៀវ ដែល​ជា​របាយ​ការណ៍​របស់​សហ​ភាព​អឺរ៉ុប​ប្រចាំ​ឆ្នាំ លើក​ទី​៦ ទាក់​ទង​ជា​មួយ​កិច្ច​សហ​ប្រតិបត្តិការ​របស់​ប្រទេស​សមាជិក​សហ​ភាព​អឺរ៉ុប​ជា​មួយ​កម្ពុជា​ផង​ដែរ ៖ «ធម្មតា​សៀវ​ភៅ​នោះ យើង​ចេញ​ប្រចាំ​ឆ្នាំ ហើយ​១​ឆ្នាំ យើង​ចេញ​តែ​ម្តង​ទេ»

សៀវ​ភៅ​ខៀវ​បាន​បង្ហាញ​ឲ្យ​ដឹង​ថា នៅ​ក្នុង​ឆ្នាំ​២០០៩ កន្លង​មក​នេះ សហ​ភាព​អឺរ៉ុប​បាន​ផ្ដល់​ជំនួយ​អភិវឌ្ឍ​ផ្លូវ​ការ មាន​ចំនួន​ប្រមាណ​១៥៧​លាន​អឺរ៉ូ ឬ​ត្រូវ​ជា​២១២​លាន​ដុល្លារ​អាមេរិក មក​ឲ្យ​កម្ពុជា ហើយ​ចំនួន​នេះ​បាន​ធ្វើ​ឲ្យ​សហ​ភាព​អឺរ៉ុប ជា​ប្រទេស​ផ្ដល់​ជំនួយ​ធំ​បំផុត​មួយ​នៅ​កម្ពុជា។

លោក រ៉ាហ្វា​អែល ដូឆាវ ម៉ូរ៉េណូ (Rafael Dochao Moreno) ភារធារី​នៃ​គណៈ​ប្រតិភូ​សហ​ភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា បាន​មាន​ប្រសាសន៍​ថា សៀវភៅ​ខៀវ​នេះ​បាន​រៀប​រាប់​ច្បាស់​លាស់​អំពី​អ្វី​ដែល​ប្រទេស​សមាជិក​សហ​ភាព​អឺរ៉ុប​បាន​ជួយ​ដល់​ប្រទេស​កម្ពុជា ក្នុង​ការ​ប្រយុទ្ធ​នឹង​ការ​ប្រែ​ប្រួល​អាកាស​ធាតុ។

និស្សិត​ឈ្មោះ ទៀង ពិសិដ្ឋ ដែល​បាន​ចូល​រួម​ស្ដាប់​ការ​ពិភាក្សា​ទាក់​ទង​ជំនួយ និង​កិច្ច​សហការ​របស់​ប្រទេស​អឺរ៉ុប​នៅ​កម្ពុជា បាន​ឲ្យ​ដឹង​ថា លោក​មាន​ការ​ចាប់​អារម្មណ៍​ចំពោះ​កិច្ច​ពន្យល់​នានា​របស់​អ្នក​ការ​ទូត​នៃ​ប្រទេស​អឺរ៉ុប ៖ «ជា​ការ​ពិត​ណាស់ ប្រទេស​កម្ពុជា​ទើប​ឆ្លង​កាត់​ពី​សង្គ្រាម ប្រទេស​កម្ពុជា​មិន​អាច​ងើប​ឡើង​ខ្លួន​ឯង​បាន ប្រទេស​កម្ពុជា​ប៉ះ​ពាល់​ជា​ខ្លាំង​លើ​វិស័យ​សេដ្ឋកិច្ច ដោយ​ប្រទេស​កម្ពុជា​ប៉ះ​ពាល់​ជាង​២​ទសវត្ស​មក​ហើយ កម្ពុជា​មិន​អាច​ងើប​បាន​ទេ ដូច្នេះ​បើ​តាម​យោបល់​ខ្ញុំ​ផ្ទាល់ ជំនួយ​ប្រទេស​អឺរ៉ុប មាន​តម្លៃ​ណាស់​សម្រាប់​កម្ពុជា»

លោក​ស្រី ឡឺ បោ​ណឺ​ស៊ី​ផា ជំនួយ​ការ​អគ្គ​លេខាធិការ​ព្រឹទ្ធ​សភា ដែល​បាន​ចូល​រួម​នៅ​ក្នុង​ការ​ជួប​ជុំ​គ្នា​នោះ បាន​មាន​ប្រសាសន៍​ថា កិច្ច​ប្រជុំ​នោះ​មាន​ប្រយោជន៍ ព្រោះ​ជា​ឱកាស​មួយ​ឲ្យ​យុវជន អាច​សាក​សួរ​ដោយ​ផ្ទាល់ ជា​មួយ​អ្នក​ការ​ទូត​ប្រទេស​សហ​ភាព​អឺរ៉ុប។

កិច្ច​ជួប​ប្រជុំ​រវាង​មន្រ្តី​ការ​ទូត​ប្រទេស​សមាជិក​សហ​ភាព​អឺរ៉ុប ជា​មួយ​សិស្ស និស្សិត និង​មន្ត្រី​រាជ​ការ​កម្ពុជា នៅ​ថ្ងៃ​ទី​២៩ កក្កដា​នេះ ជា​ការ​ជួប​ជុំ​លើក​ទី​២​ហើយ ក្នុង​ឆ្នាំ២០១០៕

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល