កម្ពុជា​ចង់​ឲ្យ​សហគមន៍​អឺរ៉ុប​លើក​លែង​ទិដ្ឋាការ

កម្ពុជា​ត្រៀម​ចរចា​ជា​មួយ​បណ្ដា​ប្រទេស​មួយ​ចំនួន នៅ​ក្នុង​ប្លុក​សហភាព​អឺរ៉ុប ដើម្បី​លើក​លែង​ទិដ្ឋាការ​លើ​លិខិត​ឆ្លង​ដែន ៣​ប្រភេទ។
ដោយ ដែន អយុធ្យា
2010-07-22
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
វ៉ឹបសាយថ៍​របស់​សហភាព​អឺរ៉ុប
វ៉ឹបសាយថ៍​របស់​សហភាព​អឺរ៉ុប
http://europa.eu

មន្ត្រី​ក្រសួង​ការ​បរទេស​កម្ពុជា បាន​អះអាង​ថា បន្ទាប់​ពី​ប្រទេស​កម្ពុជា បាន​ចុះ​ហត្ថលេខា​ទ្វេ​ភាគី​លើក​លែង​ទិដ្ឋាការ​ឆ្លង​ដែន​ធម្មតា ជា​មួយ​ប្រទេស​ឥណ្ឌូណេស៊ី​រួច​មក។ កម្ពុជា​ក៏​គ្រោង​ត្រៀម​ចរចា​ជា​មួយ​បណ្ដា​ប្រទេស​នៅ​សហគមន៍​អឺរ៉ុប ឲ្យ​លើក​លែង​ទិដ្ឋាការ ទៅ​លើ​លិខិត​ឆ្លង​ដែន​ចំនួន ៣​ប្រភេទ។

លោក កុយ គួង មន្ត្រី​នាំ​ពាក្យ និង​ជា​អនុ​រដ្ឋ​លេខាធិការ​ក្រសួង​ការ​បរទេស​កម្ពុជា មាន​ប្រសាសន៍​ឲ្យ​វិទ្យុ​អាស៊ី​សេរី​ដឹង​នៅ​ថ្ងៃ​ទី​២២ ខែ​កក្កដា​ថា ការ​លើក​លែង​ទិដ្ឋាការ សម្រាប់​លិខិត​ឆ្លង​ដែន​ទាំង ៣​ប្រភេទ រួម​មាន​ទិដ្ឋាការ​លិខិត​ឆ្លង​ដែន​ផ្លូវ​ការ លិខិត​ឆ្លង​ដែន​ការ​ទូត និង​លិខិត​ឆ្លង​ដែន​ធម្មតា។ ទោះ​យ៉ាង​នេះ​ក្ដី លោក​មិន​បាន​ប្រាប់​ឈ្មោះ ប្រទេស​នៅ​សហគមន៍​អឺរ៉ុប ដែល​ក្រសួង​កំពុង​ត្រៀម​ចរចា​នៅ​ឡើយ​ទេ ដោយ​គ្រាន់​តែ​បញ្ជាក់​ថា កំពុង​ស្ថិត​ក្នុង​ផែនការ​ប៉ុណ្ណោះ។

លោក កុយ គួង ៖ «ឯកឧត្ដម ហោ ណាំ​ហុង លោក​ធ្លាប់​មាន​ប្រសាសន៍​ក្រោយ​ពី​កម្ពុជា និង​ឥណ្ឌូណេស៊ី​បាន​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​លើក​លែង​ទិដ្ឋាការ សម្រាប់​លិខិត​ឆ្លង​ដែន​ធម្មតា រវាង​កម្ពុជា និង​ឥណ្ឌូណេស៊ី​នោះ។ ឯកឧត្ដម លោក​បាន​បញ្ជាក់​ថា កម្ពុជា​នឹង​មាន​គម្រោង​ដើម្បី​ចរចា ឬ​ក៏​ចុះ​កិច្ច​ព្រមព្រៀង​ជា​មួយ​ប្រទេស​សហភាព​អឺរ៉ុប ក្នុង​ការ​លើក​លែង​ទិដ្ឋាការ​មាន​បី​ប្រភេទ មាន​លិខិត​ឆ្លង​ដែន​ធម្មតា សម្រាប់​ប្រជា​ពលរដ្ឋ ទី​២ លិខិត​ឆ្លង​ដែន​ផ្លូវ​ការ​សម្រាប់​មន្ត្រី​រាជការ និង​ទី​៣ លិខិត​ឆ្លង​ដែន​ការ​ទូត​សម្រាប់​មន្ត្រី​ថ្នាក់​ខ្ពស់។ អ៊ីចឹង​ចំនួន​បី​នេះ យើង​មាន​បំណង​ត្រៀម​ចរចា​ជា​មួយ​ប្រទេស​មួយ​ចំនួន នៅ​សហភាព​អឺរ៉ុប​ហ្នឹង ផ្ដោត​ទៅ​លើ​លិខិត​ឆ្លង​ដែន​ទាំង​បី​ប្រភេទ​នេះ​ឯង»

ការ​លើក​លែង​ទិដ្ឋាការ​នេះ​ដែរ លោក កុយ គួង បាន​ឲ្យ​ដឹង​ដែរ​ថា កន្លង​មក​មាន​ប្រទេស​ចំនួន​៦ នៅ​អាស៊ាន​ដូច​គ្នា បាន​លើក​លែង​ទិដ្ឋាការ​ចំនួន​បី​ប្រភេទ​ទាំង​ស្រុង។ ប៉ុន្តែ​ប្រទេស​ឥណ្ឌូណេស៊ី ទើប​តែ​បាន​ចុះ​កិច្ច​ព្រមព្រៀង មិន​ទាន់​បាន​ចូល​ជា​ធរមាន​នៅ​ឡើយ។ ដោយ​ឡែក​ប្រទេស​អាស៊ាន​បី​ទៀត ដូច​ជា​ភូមា ប្រ៊ុយណេ និង​ថៃ​បាន​លើក​លែង​ទិដ្ឋាការ លើ​លិខិត​ឆ្លង​ដែន​ការទូត និង​ផ្លូវការ និង​កំពុង​ចរចា​ឲ្យ​មាន​ការ​លើក​លែង​ទិដ្ឋាការ​លើ​លិខិត​ឆ្លង​ដែន​ធម្មតា​បន្ត​ទៀត។

លោក កុយ គួង មាន​ប្រសាសន៍ ៖  «កន្លង​មក​កម្ពុជា​មាន​ប្រទេស​ចំនួន​៦ នៅ​ក្នុង​អាស៊ាន​ដូច​គ្នា មាន​វៀតណាម សិង្ហបុរី ហ្វីលីពីន ម៉ាឡេស៊ី លាវ។ ឥណ្ឌូណេស៊ី យើង​ទើប​ចុះ​ហត្ថលេខា ប៉ុន្តែ​មិន​ទាន់​បាន​ចូល​ជា​ធរមាន​នៅ​ទេ សម្រាប់​លិខិត​ឆ្លង​ដែន​ទាំង​បី​ប្រភេទ។ ហើយ​នៅ​អាស៊ាន​ហ្នឹង​ដែរ យើង​មាន​លើក​លែង​ទិដ្ឋាការ​នេះ​ដែរ សម្រាប់​លិខិត​ឆ្លង​ដែន​ផ្លូវ​ការ និង​ការ​ទូត»

ពាក់ព័ន្ធ​ការ​លើក​លែង​ទិដ្ឋាការ​នេះ​ដែរ លោក កុយ គួង ឲ្យ​ដឹង​ថា កម្ពុជា​បាន​ចុះ​ហត្ថលេខា និង​លើក​លែង​ទិដ្ឋាការ សម្រាប់​លិខិត​ឆ្លង​ដែន​ការ​ទូត និង​លិខិត​ឆ្លង​ដែន​ផ្លូវ​ការ ទៅ​លើ​ប្រទេស​ចំនួន​៧ ផ្សេង​ទៀត​នៅ​លើ​ពិភព​លោក រួម​មាន ប្រទេស​ប៊ុលហ្គារី គុយ​បា ហុងគ្រី ឥណ្ឌា រុស្សី ស្លូវ៉ាគី និង​កូរ៉េ​ខាង​ត្បូង ប៉ុន្តែ​សម្រាប់​ទិដ្ឋាការ​លិខិត​ឆ្លង​ដែន​ធម្មតា គឺ​មិន​មាន​ឡើយ៕

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល