អតីត​យុទ្ធជន​៦៤៧​នាក់​នៅ​បន្ទាយមានជ័យ​ប្ដឹង​ទាមទារ​បើក​ប្រាក់​សោធននិវត្តន៍

អតីត​យុទ្ធជន​ដែល​ត្រូវ​គេ​កាត់​រំសាយ​ក្នុង​ខេត្ត​បន្ទាយមានជ័យ​ចំនួន​៦៤៧​នាក់​បាន​ដាក់​ពាក្យ​ប្តឹង​តាមរយៈ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក​ប្រយោជន៍​ទាមទារ​ឲ្យ​ក្រសួង​សង្គមកិច្ច​ជំរុញ​ការបើក​ប្រាក់​សោធននិវត្តន៍​ឲ្យ​ពួក​គេ​ឲ្យ​បាន​ឆាប់ បន្ទាប់​ពី​ប្រាក់​ខែ​របស់​ពួក​គេ​មិន​ទាន់​បាន​បើក​អស់​រយៈពេល​ជាង​មួយ​ឆ្នាំ​មក​ហើយ។
ដោយ សុផល មុន្នី
2009-06-21
Share

លោក សៅ សាវន អតីត​យុទ្ធជន​បាន​ថ្លែង​នៅ​ថ្ងៃ​អាទិត្យ​ថា ក្រុម​យោធិន​ចូល​និវត្តន៍​ទាំងអស់​៦៤៧​នាក់​ក្រោយ​ពី​ការកាត់​រំសាយ​ចេញ​ពី​ជួរ​កងទ័ព​កាលពី​ថ្ងៃ​ទី​២៧ ខែ​មីនា ឆ្នាំ​២០០៨ ពួក​គេ​បាន​ទន្ទឹង​រង់ចាំ​បើក​ប្រាក់​សោធននិវត្តន៍​ពី​ក្រសួង​សង្គមកិច្ច​អស់​ជា​ច្រើន​ខែ។

លោក សៅ សាវន បាន​ឲ្យ​ដឹង​ថា ៖ «គឺ​យើង​ទាំងអស់​គ្នា​ដើម្បី​តវ៉ា​ពី​រឿង​ប្រាក់​ហ្នឹង ហេតុ​អ្វី​ចូល​ជិត​២​ឆ្នាំ​ហើយ​បាន​ជា​មិន​ទាន់​បើក​ឲ្យ​គ្នា? មិន​ដឹង​ជា​មាន​បញ្ហា​អ្វី»

លោក ឡុង ចំរើន ក្នុង​ចំណោម​អតីត​យុទ្ធជន​ជា​ច្រើន​ទៀត​បាន​ថ្លែង​ថា ក្រុម​យោធិន​ចូល​និវត្តន៍​ទាំងអស់​ខំ​ប្រឹង​តស៊ូ​បម្រើ​ជាតិ​ជា​យូរ​ឆ្នាំ​មក​ហើយ ប៉ុន្តែ​នៅ​ក្រោយ​ពី​មាន​ការកាត់​រំសាយ ពួក​គេ​ទទួល​បាន​តែ​ពាក្យ​សន្យា​ថា​អាច​បើក​បាន​នៅ​ខែ​នេះ ខែ​នោះ ដែល​គិត​មក​ទល់​ពេល​នេះ​១៧​ខែ​ហើយ​នៅតែ​មិន​ទាន់​ទទួល​បាន​ប្រាក់​សោធននិវត្តន៍។

លោក ឡុង ចំរើន បាន​បញ្ជាក់​ថា ៖ «ខំ​ធ្វើការ​បម្រើ​ជាតិ​យូរ​ហើយ ព្រោះ​ដាច់​ហើយ​ឥឡូវ​នេះ ដាច់​ស្បៀង​ខែ​ហ្នឹង រក​តែ​ប្រហុក​ហូប​មិន​បាន​ផង ហើយ​អត់​មាន​ដី​ធ្លី មុខរបរ​ធំ​ដុំ​អី​រក​នឹង​គេ​ទេ»

រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច លោក អ៊ិត សំហេង ម្តង​ហើយ​ម្តង​ទៀត​បាន​លើក​ទូរស័ព្ទ​រួច​និយាយ​ទាំង​មិន​ទាន់​ឮ​សំណួរ​ផង​ថា​ជាប់​រវល់។

ប្រធាន​មន្ទីរ​សង្គមកិច្ច​ខេត្ត​បន្ទាយមានជ័យ លោក ហេង ចំរើន បាន​ថ្លែង​ថា លោក​បាន​បញ្ជូន​ឈ្មោះ​យោធិន​ចូល​និវត្តន៍​ចំនួន​១៣៣៤​នាក់​ទៅ​ក្រសួង​សង្គមកិច្ច ហើយ​កំពុង​រង់ចាំ​ប្រកាស​ពី​ក្រសួង​នេះ​ដើម្បី​ស្នើ​ថវិកា​ទៅ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ។

លោក​បន្ត​ថា មន្ទីរ​សង្គមកិច្ច​ក៏​កំពុង​ស្រង់​ស្ថិតិ​និង​ឲ្យ​ក្រុម​យោធិន​ចូលនិវត្តន៍​ចំនួន​៣០០​នាក់​មក​បង្ហាញ​ខ្លួន​មុន​ដាក់​ឈ្មោះ​អ្នក​ទាំង​នោះ​ទៅ​ឲ្យ​ក្រសួង​សម្រេច។

មន្ត្រី​នៃ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក លោក ស៊ុម ចាន់គា បាន​ថ្លែង​ថា លោក​នឹង​អន្តរាគមន៍​ជុំវិញ​ករណី​នេះ។ លោក​បន្ត​ថា ក្រុម​ទាហាន​កាត់​រំសាយ​ទាំង​នោះ​គួរ​ត្រូវ​ទទួល​បាន​ការយក​ចិត្ត​ទុក​ដាក់​ពី​រាជរដ្ឋាភិបាល​ខ្មែរ។

លោក ស៊ុម ចាន់គា បាន​មាន​ប្រសាសន៍​ថា ៖ «ប៉ុន្តែ​បើ​សិន​ជា​មិន​យក​ចិត្ត​ទុក​ដាក់​ដល់​ពួក​គាត់ ប្រជាពលរដ្ឋ​ជំនាន់​ក្រោយ​បាត់បង់​ទឹក​ចិត្ត​ស្នេហា​ជាតិ ដល់​ខ្លួន​ចាស់​ទៅ​ចូល​និវត្តន៍​ទៅ សោធននិវត្តន៍​ជា​យោធិន​ឬ​ការកាត់​រំសាយ​ទៅ​មិន​ត្រូវ​បាន​គេ​អើពើ អ៊ីចឹង​គាត់​បាត់​តម្លៃ អ៊ីចឹង​គ្មាន​នរណា​ចង់​តស៊ូ អី​ទេ»

យោង​តាម​ប្រភព​ព័ត៌មាន​ពី​មន្ត្រី​ក្រសួង​សង្គមកិច្ច​បាន​ឲ្យ​ដឹង​ថា ឈ្មោះ​ទាហាន​ដែល​បាន​កាត់​រំសាយ​និង​ចូល​និវត្តន៍​ទូទាំង​២៤​ខេត្ត​ក្រុង​មាន​រហូត​ដល់​ជាង​១​ម៉ឺន​នាក់​គឺ​នៅ​មិន​ទាន់​ទទួល​បាន​ប្រាក់​សោធននិវត្តន៍​ទេ។

ក្រុម​អតីត​យុទ្ធជន​ទាំង​នោះ​បាន​ថ្លែង​ថា ពួក​គេ​គឺ​ជា​អ្នក​តស៊ូ​កាលពី​ប្រទេស​ជាតិ​មាន​សង្គ្រាម ប៉ុន្តែ​ក្រោយ​ពី​ត្រូវ​គេ​ត្រូវ​បាន​កាត់​រំសាយ​ពួក​គេ​មាន​អារម្មណ៍​ហាក់​ដូច​ជា​ត្រូវ​បាន​គេ​បោះបង់​ចោល​មិន​គិតគូរ​យក​ចិត្ត​ទុក​ដាក់​ទាល់​តែ​សោះ៕

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល