មន្រ្តី​ជំនាញ​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ផ្អាក​ការ​ធ្វើ​ដំណើរ​តាម​ផ្លូវ​ទឹក​និង​អាកាស

មន្ត្រី​ជំនាញ​នៃ​ក្រសួង​ធនធាន​ទឹក អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ឲ្យផ្អាក​ការ​ធ្វើ​ដំណើរ​តាម​ផ្លូវ​ទឹក​និង​ផ្លូវ​អាកាស​ជា​បណ្តោះ​អាសន្ន​ដើម្បី​ចៀស​វាង​គ្រោះ​ថ្នាក់​ដែល​បង្ក​ឡើង​ដោយ​ឥទ្ធិពល​សម្ពាធ​អាកាសធាតុ​ថ្មី​ដែល​ប្រទេស​កម្ពុជា​កំពុង​ទទួល​រង​ឥទ្ធិពល​ពី​សមុទ្រ​ចិន​ខាង​ត្បូង។
ដោយ ដែន អយុធ្យា
2010-01-20
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ពលរដ្ឋ​ធ្វើ​ដំណើរ​តាម​ដង​វិថី​មួយ​ក្នុង​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​២១ មករា ២០១០
ពលរដ្ឋ​ធ្វើ​ដំណើរ​តាម​ដង​វិថី​មួយ​ក្នុង​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​២១ មករា ២០១០
RFA/Den Ayuthyea

នាយក​ខុទ្ទកាល័យ​ក្រសួង​ធនធាន​ទឹក លោក ចាន់ យុត្ថា មាន​ប្រសាសន៍​ឲ្យ​វិទ្យុ​អាស៊ី​សេរី​ឲ្យ​ដឹង​ថា ចាប់​ពី​ថ្ងៃ​ទី​១៩ ខែ​មករា​នេះ​ត​ទៅ ប្រទេស​កម្ពុជា​បាន​ទទួល​រង​នូវ​ឥទ្ធិពល​សម្ពាធ​ទាប​ថ្មី​មួយ​ទៀត​ពី​សមុទ្រ​ចិន​ខាង​ត្បូង​ដែល​បង្ក​​ឲ្យ​ប្រទេស​កម្ពុជា​មាន​ភ្លៀង​ធ្លាក់​ច្រើន ខ្យល់​បក់​ខ្លាំង​និង​ត្រជាក់ ឥទ្ធិពល​នេះ​អាច​បណ្តាល​​ឲ្យ​ប្រជាពលរដ្ឋ​ជួប​នូវ​គ្រោះថ្នាក់។

លោក ចាន់ យុត្ថា អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ដែល​ធ្វើ​ដំណើរ​តាម​ផ្លូវ​ទឹក​ឬ​ផ្លូវ​អាកាស ជា​ពិសេស​អ្នក​នេសាទ​គួរ​បញ្ឈប់​សកម្មភាព​មួយ​រយៈ ព្រោះ​ឥទ្ធិពល​សម្ពាធ​ថ្មី​នេះ​អាច​បណ្តាល​ឲ្យ​មាន​គ្រោះ​ថ្នាក់​ដល់​អាយុ​ជីវិត។

លោក ចាន់ យុត្ថា មាន​ប្រសាសន៍​ដូច្នេះ ៖ «នៅ​ព្រឹក​នេះ​យើង​នឹង​ធ្វើ​សេចក្ដី​ជូន​ដំណឹង​បន្ថែម​ទៀត ដើម្បី​អំពាវនាវ​ក៏​ដូច​ជា​ជូន​ដំណឹង​ដល់​អាជ្ញាធរ​ដែនដី​ជាមួយ​នឹង​ប្រជាពលរដ្ឋ ជា​ពិសេស​គឺ​នៅ​តំបន់​មាត់​សមុទ្រ​និង​តំបន់​ទន្លេ​សាប​បើ​សិន​ជា​អាច បើ​មិន​មាន​ការ​ចាំបាច់​ទេ​សូម​កុំ​ចេញ​ធ្វើ​ដំណើរ​នៅ​តំបន់​ហ្នឹង ក៏​ដូច​ជា​ការ​នេសាទ​គួរ​តែ​ផ្អាក រង់ចាំ​ដល់​ថ្ងៃ​ទី​២២ អាកាសធាតុ​អាច​នឹង​ល្អ​ប្រសើរ​ឡើង​វិញ។ បន្ថែម​លើ​ហ្នឹង​ទៀត​គឺ​អាច​មាន​ភ្លៀង​ច្រើន»

ក្រសួង​ធនធាន​ទឹក​បាន​ឲ្យ​ដឹង​ថា ឥទ្ធិពល​សម្ពាធ​ថ្មី​នេះ​បាន​បណ្តាល​ឲ្យ​មាន​​ភ្លៀង​ច្រើន​នៅ​ខេត្ត​ព្រះវិហារ ឧត្តរមានជ័យ រតនគិរី ស្ទឹងត្រែង ក្រចេះ មណ្ឌលគិរី កំពង់ចាម ស្វាយរៀង ព្រៃវែង​កណ្តាល ពិសេស​ខេត្ត​នៅ​តំបន់​មាត់​សមុទ្រ ដូច​ជា​ខេត្ត​ព្រះសីហនុ កំពត កោះកុង និង​ខេត្ត​កែប ដោយ​រលក​សមុទ្រ​មាន​កម្ពស់​ពី​១,៥០​ម៉ែត្រ​ទៅ​២​ម៉ែត្រ។

លោក ហង្ស សុទ្ធ អគ្គនាយក​អាជ្ញាធរ​ជាតិ​ប្រាសាទ​ព្រះវិហារ មាន​ប្រសាសន៍​ឲ្យ​វិទ្យុ​អាស៊ី​សេរី​ដឹង​នៅ​ថ្ងៃ​ទី​២០ ខែ​មករា​នេះ​ថា បច្ចុប្បន្ន​អាកាសធាតុ​នៅ​ខេត្ត​ព្រះវិហារ មាន​សីតុណ្ហភាព​១៦​អង្សា​នៅ​ពេល​រាត្រី និង​មាន​អព្ភ​ចុះ​រហូត​ដល់​ម៉ោង​៩​ទៅ​ដប់​ព្រឹក​ទើប​រលាយ​ទៅ​វិញ។ លោក​ឲ្យ​ដឹង​ថា អាកាសធាតុ​ត្រជាក់​ខ្លាំងនេះ បាន​បណ្តាល​ឲ្យ​ប្រជាពលរដ្ឋ​រស់​នៅ​ក្នុង​ខេត្ត​នេះ​ពិបាក​ក្នុង​ការ​រស់​នៅ ព្រោះ​ខ្វះខាត​នូវ​សម្ភារៈ​សម្រាប់​ដណ្តប់​ដូច​ជា​អាវ​រងា​ឬ​ភួយ​ជាដើម។

លោក ហង្ស សុទ្ធ បាន​ឲ្យ​ដឹង​ដូច្នេះ ៖ «យប់​ឡើង​១៦​អង្សា ថ្ងៃ​២៨-​២៩​អង្សា​អី។ អាប់​ចង់​ងងឹត​ថ្មើរ​ហ្នឹង​មើល​ឃើញ​ផ្លូវ​ព្រឹលៗ​នៅ​ឡើយ»

ប្រជាពលរដ្ឋ​រស់​នៅ​ខេត្ត​កំពត​មាន​ប្រសាសន៍​ឲ្យ​ដឹង​ដែរ​ផង​ថា ក្នុង​រយៈ​ពេល​ជាង​មួយ​សប្តាហ៍​កន្លង​មក​នេះ អាកាសធាតុ​នៅ​ខេត្ត​កំពត បាន​ត្រជាក់​ប្លែក​ខុស​ពី​ថ្ងៃ​ធម្មតា ពោល​គឺ​មាន​ភ្លៀង​ធ្លាក់​និង​ខ្យល់​ប្រជាក់​បក់បោក​មក​ជា​រៀងរាល់​ថ្ងៃ ៖ «ខ្យល់​រងា​ប៉ុន្មាន​ថ្ងៃ​ហ្នឹង ត្រជាក់»

សេចក្តី​ជូន​ដំណឹង​របស់​ក្រសួង​ធនធាន​ទឹក​និង​ឧតុនិយម កាល​ពី​ថ្ងៃ​ទី​១៩ ខែ​មករា បាន​ប្រកាស​ដល់​អាជ្ញាធរ​ដែន​ដី​និង​ប្រជាពលរដ្ឋ​ដែល​រស់​នៅ​តាម​បណ្តា​ខេត្ត-​ក្រុង​តាម​តំបន់​ភ្នំ តំបន់​មាត់​សមុទ្រ​និង​ប្រជាពលរដ្ឋ អ្នក​ដំណើរ​តាម​ផ្លូវ​ទឹក​ផ្លូវ​គោក ឬ​ផ្លូវ​អាកាស ត្រូវ​បង្កើន​ការ​យក​ចិត្ត​ទុក​ដាក់​និង​ប្រុង​ប្រយ័ត្ន​ខ្ពស់ ពិសេស​នៅ​តំបន់​​មាត់​សមុទ្រ​គួរ​ផ្អាក​​ការ​នេសាទ​ឬ​ការ​ធ្វើ​ដំណើរ ដើម្បី​ចៀស​វាង​នូវ​រាល់​គ្រោះ​ថ្នាក់​ផ្សេងៗ​ដែល​អាច​កើត​មាន​ឡើង​ជាយថា​ហេតុ៕

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល