អាជ្ញាធរ​បញ្ចប់​ការស៊ើប​អង្កេត​ករណី​ជំរិត​ប្រាក់​ពលរដ្ឋ​ពី​សំណាក់​មន្ត្រី​សូរិយោដី

ក្រសួង​ដែនដី នគរូបនីយកម្ម​និង​សំណង់ បាន​បញ្ចប់​ការស៊ើប​អង្កេត​របស់​ខ្លួន​ហើយ​ជុំវិញ​ការចោទ​ប្រកាន់​នូវ​រឿង​អាស្រូវ​ជំរិត​ទារ​ប្រាក់​ពី​ប្រជាពលរដ្ឋ​ដោយ​មន្រ្តី​សូរិយោដី​មួយចំនួន​នៅ​ក្នុង​ខេត្ត​កណ្តាល​និង​ព្រៃវែង​កាលពី​ពេល​កន្លង​ទៅ​នេះ ជាមួយនឹង​ការសន្យា​ថា​នឹង​ចាត់​វិធានការ​តាម​ផ្លូវ​ច្បាប់​ចំពោះ​មន្រ្តី​សូរិយោដី​ណា​ដែល​បាន​ប្រព្រឹត្ត​ខុស​ឆ្គង។
ដោយ សុខ សេរី
2009.01.24

លោក នូ ម៉ានិត ប្រធាន​ផែ្នក​ទំនាក់​ទំនង​សាធារណៈ គម្រោង​រៀបចំ​ដែនដី​និង​រដ្ឋបាល​ដី​ធ្លី​របស់​ក្រសួង​ដែនដី នគរូបនីយកម្ម​និង​សំណង់ បាន​មាន​ប្រសាសន៍​បញ្ជាក់​ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា  ការធ្វើ​បញ្ជី​ក្បាល​ដី​ជូន​ប្រជាពលរដ្ឋ​ខែ្មរ​បាន​ចំនួន​១៤​ខេត្ត​ក្រុង​ហើយ។ លោក​បាន​បន្ត​ថា ៖ «ឥឡូវ​វា​១៤​ខេត្ត​ក្រុង​ហើយ»

សុខ សេរី ៖ ហើយ​មន្ត្រី​ប៉ុន្មាន​នាក់​ដែល​យើង​ប្រើប្រាស់​ក្នុង​ការវាស់វែង​ហ្នឹង? នូ ម៉ានិត ៖ ប្រហែល​ជា​៨០០​នាក់។

សុខ សេរី ៖ ទាក់ទង​នឹង​ករណី​ប្រជាពលរដ្ឋ​ចោទ​ប្រកាន់​បង​ធ្វើការ​ស្រាវជ្រាវ​យើង​បញ្ចប់​សព្វ​គ្រប់​ហើយ​ឬ​ក៏​នៅ​បន្ត​ទៀត? នូ ម៉ានិត ៖ បាទ យើង​ធ្វើ​បញ្ចប់​ហើយ។ ដាក់​ហ្នឹង​ដាក់​បញ្ចប់​ហើយ។

ផែ្អក​តាម​លិខិត​បំភ្លឺ​មួយ​ច្បាប់​ស្តីពី​លទ្ធផល​នៃ​កិច្ច​ស៊ើបអង្កេត​ដែល​វិទ្យុ​អាស៊ីសេរី​ទទួល​បាន​ពី​មន្រ្តី​សូរិយោដី​មួយ​រូប លិខិត​នោះ​គ្មាន​ចុះ​ថៃ្ង​ខែ​និង​ហត្ថលេខា​ឬ​ត្រា​អ្វី​ទ្បើយ​បាន​និយាយ​បដិសេធ​ថា គ្មាន​ករណី​ជំរិត​ទារ​ប្រាក់​ពី​ប្រជាពលរដ្ឋ​ខែ្មរ​នៅ​ក្នុង​ភូមិ​៣ ឃុំ​ស្វាយរលំ ស្រុក​ស្អាង ខេត្ត​កណ្តាល និង​នៅ​ក្នុង​ភូមិ​តងទ្បង២ ឃុំ​ព្រៃខ្លា ស្រុក​ព្រៃវែង ខេត្ត​ព្រៃវែង​នោះ​ទេ។

ប៉ុនែ្ត​លិខិត​ដដែល​បាន​និយាយ​ទទួល​ស្គាល់​ថា មាន​ម្ចាស់​ដី​មួយចំនួន​ក្នុង​ភូមិ​៤​និង​ភូមិ​៥ ស្រុក​ស្អាង ខេត្ត​កណ្តាល​នោះ បាន​ជួយ​ឧបត្ថម្ភ​ប្រាក់​ត្រឹម​តែ​១​ម៉ឺន​រៀល​ប៉ុណ្ណោះ​ជា​មនោសញ្ចេតនា​ដល់​ក្រុម​មន្រ្តី​សូរិយោដី​ដែល​បាន​ចុះ​ធ្វើ​បញ្ជី​ក្បាល​ដី​ជូន​ប្រជាពលរដ្ឋ​នៅ​ទី​នោះ។

លោក យឹម សុវណ្ណ តំណាង​រាស្រ្ត​គណបក្ស​សមរង្ស៊ី​ដែល​បាន​តាមដាន​រឿង​នេះ​ផងដែរ​បាន​មាន​ប្រសាសន៍​ថា ៖ «ដូច្នេះ​លិខិត​ហ្នឹង​គ្រាន់តែ​ជា​លិខិត​របស់​បុគ្គល​ណា​ម្នាក់ គ្រាន់​តែ​ឲ្យ​មក​ស្រាយ​បំភ្លឺ​ដោយ​គ្មាន​ហេតុផល ហើយ​ជា​លិខិត​ដែល​មិន​ស្រប​ច្បាប់​ទេ។ បញ្ហា​ទី​២ គឺ​ថា​អ្វី​ដែល​ជា​បញ្ហា​ពុក​រលួយ​គាប​សង្កត់​ប្រជាពលរដ្ឋ​យក​លុយ​យក​កាក់​មុន​ពេល​ដែល​ចេញ​ប័ណ្ណ​កម្មសិទ្ធិ​ឬ​មួយ​ក៏​ធ្វើ​លិខិត​ស្រប​ច្បាប់​កាន់កាប់​ដី​ធ្លី​ផ្ទះ​សម្បែង​អី​ទាំងអស់​ហ្នឹង​ជា​ការ​ពិត​ណាស់​ដែល​មាន​ការជំរិត​ទារ​ប្រាក់​យ៉ាង​ពិត​ប្រាកដ។ គេ​មាន​របៀប​របស់​គេ​ចាប់​ជំរិត ដោយសារ​បើ​សិន​ជា​ប្រជាពលរដ្ឋ​មិន​ព្រម​បង់​ប្រាក់​ឲ្យ​ទេ អត់​បញ្ហា​ដែរ ប៉ុន្តែ​គ្រាន់​តែ​ថា​មិន​ដឹង​ជា​អង្កាល់​បាន​គេ​ចេញ​ប័ណ្ណ​កម្មសិទ្ធិ​នោះ​ឲ្យ ហើយ​មិន​ដឹង​ជា​អង្កាល់​បាន​គេ​ទៅ​វាស់​ដី​នោះ​ឲ្យ។ គ្មាន​ការជំរិត​ដោយ​ផ្ទាល់​ទេ ប៉ុន្តែ​ធ្វើ​របៀប​ជា​ប្រយោល»

ការបដិសេធ​របស់​ក្រសួង​ដែនដី នគរូបនីយកម្ម​និង​សំណង់​ខាង​លើ​នេះ ក្រោយ​ពី​មាន​ការចោទ​ប្រកាន់​ពី​ប្រជាពលរដ្ឋ​រស់​នៅ​ក្នុង​ខេត្ត​កណ្តាល​និង​ព្រៃវែង​កាលពី​ខែ​ធ្នូ ឆ្នាំ​២០០៨ ថា មាន​មន្រ្តី​សូរិយោដី​មួយចំនួន​ដែល​បាន​ចុះ​ទៅ​ធ្វើ​បញ្ជី​ក្បាល​ដី​កម្មសិទ្ធិ​ជូន​ប្រជាពលរដ្ឋ​ខែ្មរ​នោះ​បាន​ជំរិត​ទារ​ប្រាក់​ពី​ប្រជាពលរដ្ឋ​រវាង​ពី​១​ម៉ឺន​រៀល​រហូត​ដល់​២០​ម៉ឺន​រៀល​ក្នុង​មួយ​គ្រួសារៗ​ជា​ថ្នូរ​នឹង​ការចេញ​ប្លង់​កម្មសិទ្ធិ​ដី​ធ្លី​ជូន​ប្រជាពលរដ្ឋ​នៅ​ទី​នោះ។

ការិយាល័យ​នៃ​ធនាគារ​ពិភពលោក​ប្រចាំ​ក្នុង​ប្រទេស​កម្ពុជា​ដែល​ជា​ម្ចាស់​ជំនួយ​ចំនួន​ប្រមាណ​៣៣​លាន​ដុល្លារ​អាមេរិក​សម្រាប់​គម្រោង​ខាង​លើ​នេះ បាន​ចេញ​សេចក្ដី​ប្រកាស​អំពាវនាវ​កាលពី​ខែ​ធ្នូ​កន្លង​ទៅ​នេះ​សុំ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​បើក​ការស៊ើបអង្កេត​ដោយ​ឯករាជ្យ​ជុំវិញ​ការចោទ​ប្រកាន់​ថា មាន​អំពើ​ពុក​រលួយ​និង​ការកេង​បន្លំ​ក្នុង​គម្រោងការ​ប្រតិបត្តិការ​នោះ៕

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។