រោងចក្រ ហ្គូលឌិន ហ្គេន ស៊ូ យល់​ព្រម​ទទួល​លក្ខខណ្ឌ​ថ្មី​មួយ​ទៀត​របស់​កម្មករ

កម្មករ​រោងចក្រ​ស្បែក​ជើង ហ្គូលឌិន ហ្គេន ស៊ូ (Golden Gain Shoe) ប្រមាណ​ជាង ២.០០០​នាក់ នៅ​ភូមិ​ព្រែកទា សង្កាត់​កាកាប ខណ្ឌ​ពោធិ៍សែនជ័យ រាជធានី​ភ្នំពេញ ផ្អាក​ការ​ធ្វើ​កូដកម្ម​បណ្ដោះ​អាសន្ន និង​យល់​ព្រម​ចូល​ធ្វើ​ការ​វិញ​ហើយ។

0:00 / 0:00

ការ​យល់​ព្រម​របស់​កម្មករ បន្ទាប់​ពី​មាន​ការ​សម្រប​សម្រួល​ពី​អាជ្ញាធរ​ឲ្យ​មាន​ការ​ជួប​ចរចា​គ្នា​រវាង​តំណាង​កម្មករ​ជាមួយ​ថៅកែ​រោងចក្រ និង​មាន​ការ​យល់​ព្រម​ទទួល​យក​ចំណុច​សេស​សល់​មួយ​ចំនួន​បន្ថែម​ទៀត​ក្នុង​ចំណោម​ចំណុច​សេស​សល់​ទាំង​៥ ពី​ថៅកែ​រោងចក្រ។

មន្ត្រី​ច្បាប់​នៃ​សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់​ដេរ​កម្ពុជា លោក សាន សុផា អះអាង​នៅ​ថ្ងៃ​ទី​២៤ កក្កដា ថា ថៅកែ​រោងចក្រ ហ្គូលឌិន ហ្គេន ស៊ូ យល់​ព្រម​ទទួល​លក្ខខណ្ឌ​ទាម​ទារ​ថ្មី​មួយ​ទៀត​របស់​កម្មករ ក្នុង​ចំណោម​លក្ខខណ្ឌ​សេស​សល់​ទាំង​៥​ចំណុច។

លោក​បន្ត​ថា លក្ខខណ្ឌ​ថ្មី​ដែល​ថៅកែ​រោងចក្រ​យល់​ព្រម​អនុវត្ត​នេះ ជា​លក្ខខណ្ឌ​ដ៏​សំខាន់​សម្រាប់​កម្មករ ព្រោះ​កន្លង​មក​ថៅកែ​រោងចក្រ​តែង​ប្រើ​លក្ខខណ្ឌ​នេះ ដើម្បី​បង្ខំ​កម្មករ​ឲ្យ​ថែម​ម៉ោង ដោយ​គ្មាន​ការ​យល់​ព្រម​ពី​កម្មករ​នោះ​ឡើយ តែ​បន្ទាប់​ពី​មាន​ការ​ជួប​ចរចា​គ្នា ភាគី​រោងចក្រ​យល់​ព្រម​ឲ្យ​កម្មករ​ធ្វើ​ការ​បន្ថែម​ម៉ោង ដោយ​ផ្អែក​លើ​គោលការណ៍​ស្ម័គ្រចិត្ត។ រី​ឯ​លក្ខខណ្ឌ​ទាម​ទារ​សេស​សល់​ចំនួន ៤​ចំណុច​ទៀត នឹង​ទាម​ទារ​ឲ្យ​មាន​ការ​ដោះស្រាយ​នៅ​ក្រុម​ប្រឹក្សា​អាជ្ញា​កណ្ដាល​ជា​បន្ត​ទៀត។

លោក សាន សុផា៖ «យើង​នឹង​ព្យាយាម​ពន្យល់​បង​ប្អូន​ឲ្យ​ផ្អាក​ការ​ធ្វើ​កូដកម្ម​បណ្ដោះ​អាសន្ន​សិន ចូល​ធ្វើ​ការ​រង់ចាំ​នីតិវិធី​បន្ត នៅ​ក្រុម​ប្រឹក្សា​អាជ្ញា​កណ្ដាល ពីព្រោះ​ថា ទី​មួយ បើ​យើង​បន្ត​ទៅ​ទៀត យើង​នឹង​មាន​ការ​ខាត​បង់​ច្រើន។ យើង​ក៏​ខាត​បង់​ច្រើន ក្រុមហ៊ុន​ក៏​ខាត​បង់​ច្រើន ទីមួយ។ ទី​ពីរ បើ​សិន​យើង​បន្ត​ទៅ​ទៀត កម្មករ​ធ្វើ​បាតុកម្ម​ដើម្បី​បិទ​ផ្លូវ នៅ​ប្រលាន​យន្តហោះ ឬ​ទៅ​ក្រសួង ឬ​ប្រើ​អំពើ​ហិង្សា​ណា​មួយ​ជាមួយ​រោងចក្រ អីចឹង​ដើម្បី​បន្ថយ​ស្ថានការណ៍​ទៅ​ធ្ងន់ ដើម្បី​បញ្ចៀស​បញ្ហា ខ្ញុំ​តំណាង​ឲ្យ​សហជីព ស៊ីខៅឌូ យើង​ខ្ញុំ​នឹង​ព្យាយាម​ពន្យល់​បង​ប្អូន​ផ្អាក​ការ​ធ្វើ​កូដកម្ម​បណ្ដោះ​អាសន្ន រង់ចាំ​ចប់​នីតិវិធី»

លោក សាន សុផា បញ្ជាក់​បន្ថែម​ថា លក្ខខណ្ឌ​សេស​សល់​បួន​ចំណុច​នោះ រួម​មាន​ការ​ទូទាត់​ប្រាក់​បំណាច់​ឆ្នាំ ដោយ​យក​ប្រាក់​ឈ្នួល​មធ្យម​ភាគ​សរុប ១២​ខែ មក​គិត​ជំនួស​ឲ្យ​ការ​យក​ប្រាក់​ខែ​គោល​មក​គិត។ ការ​ទូទាត់​ប្រាក់​លំហែ​មាតុភាព ដោយ​យក​ប្រាក់​ឈ្នួល​មធ្យម​ភាគ​សរុប ១២​ខែ មក​គិត។ ការ​សុំ​ឲ្យ​ផ្ដល់​អាហារ ៣​ពេល ក្នុង​១​ថ្ងៃ​ដល់​កម្មករ កម្មការិនី ឬ​ប្រាក់​៣ដុល្លារ​ក្នុង​ម្នាក់។ ការ​ផ្ដល់​ប្រាក់​ថ្លៃ​ទឹក​ដោះ​គោ​ចំនួន ២០​ដុល្លារ​ក្នុង​១​ខែ សម្រាប់​ទារក​រហូត​ទារក​មាន​អាយុ​១៨​ខែ។

ទាក់​ទង​នឹង​ករណី​នេះ​ដែរ តំណាង​កម្មករ​រោងចក្រ ហ្គូលឌិន ហ្គេន ស៊ូ កម្មការិនី ញឹក ដានី អះអាង​ថា ការ​យល់​ព្រម​របស់​កម្មករ​ឈប់​ធ្វើ​កូដកម្ម​នេះ គឺ​ជា​ការ​ផ្អាក​បណ្ដោះ​អាសន្ន រង់ចាំ​មើល​ដំណោះស្រាយ​នៅ​ក្រុម​ប្រឹក្សា​អាជ្ញា​កណ្ដាល តែ​នាង​ព្រមាន​ថា​នឹង​ធ្វើ​កូដកម្ម​ម្ដង​ទៀត បើ​សិន​ដំណោះស្រាយ​នៅ​ក្រុម​ប្រឹក្សា​អាជ្ញា​កណ្ដាល​មិន​បង្ហាញ​ពី​ភាព​យុត្តិធម៌ សម្រាប់​កម្មករ​ទេ​នោះ៖ «សម្រេច​ថា ចូល​ធ្វើ​ការ​សិន តែ​សំណុំ​រឿង​បួន​ចំណុច​ហ្នឹង ចាំ​ឲ្យ​ខាង​លើ​គេ​ដោះស្រាយ ដោះស្រាយ​ម៉េចៗ​កម្មករ​នឹង​ធ្វើ​ការ​រហូត ប៉ុន្តែ​បើ​សិន​អត់​បាន​ទេ កម្មករ​នឹង​ធ្វើ​កូដកម្ម​បន្ត​ទៀត»

វិទ្យុ​អាស៊ី​សេរី មិន​អាច​ទាក់​ទង​តំណាង​រោងចក្រ ហ្គូលឌិន ហ្គេន ស៊ូ ដែល​បាន​ចូល​ជួប​ចរចា​ជាមួយ​តំណាង​កម្មករ និង​សហជីព ឲ្យ​អធិប្បាយ​ជុំវិញ​បញ្ហា​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី​២៤ កក្កដា នេះ។

កម្មករ​រោងចក្រ ហ្គូលឌិន ហ្គេន ស៊ូ ធ្វើ​កូដកម្ម​ចាប់​ពី​ថ្ងៃ​ទី​១៨ កក្កដា។ ក្រោយ​ពី​ធ្វើ​កូដកម្ម​អស់​ជាច្រើន​ថ្ងៃ ថៅកែ​រោងចក្រ​នៅ​តែ​មិន​ព្រម​ចេញ​មក​ជួប​តំណាង​កម្មករ និង​សហជីព ដើម្បី​រក​ដំណោះស្រាយ ដូច្នេះ​កម្មករ​ទាំង​នោះ​ក៏​សម្រេច​ដង្ហែ​ក្បួន​ចេញ​មក​ធ្វើ​កូដកម្ម​ប៉ុនប៉ង​បិទ​ផ្លូវ​មុខ​ប្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ តែ​សកម្មភាព​នោះ​ត្រូវ​ផ្អាក​ទៅ​វិញ បន្ទាប់​ពី​មាន​ការ​ចុះ​រារាំង​ដោយ​កង​កម្លាំង​សមត្ថកិច្ច​ចម្រុះ​ប្រមាណ ១០០​នាក់ និង​សម្រប​សម្រួល​ឲ្យ​ត្រឡប់​ទៅ​ធ្វើ​កូដកម្ម​នៅ​មុខ​រោងចក្រ​វិញ រង់ចាំ​ការ​ជួប​ដោះស្រាយ​រវាង​ថៅកែ​រោងចក្រ និង​តំណាង​កម្មករ និង​សហជីព។

នៅ​ថ្ងៃ​ទី​២៤ កក្កដា ថៅកែ​រោងចក្រ ហ្គូលឌិន ហ្គេន ស៊ូ ព្រម​ទទួល​អនុវត្ត​លក្ខខណ្ឌ​ទាម​ទារ​ថ្មី​បន្ថែម ក្នុង​លក្ខខណ្ឌ​ទាម​ទារ​សេស​សល់​ទាំង​៥​ចំណុច បន្ទាប់​ពី​មាន​ការ​ជួប​ចរចា​គ្នា​អស់​ជាច្រើន​ម៉ោង ហើយ​កម្មករ​ព្រម​ទទួល​យក​ដំណោះស្រាយ​នោះ​ជា​បណ្ដោះ​អាសន្ន និង​ត្រឡប់​ចូល​ធ្វើ​ការ​វិញ​នៅ​ថ្ងៃ​ទី​២៥ កក្កដា ឆ្នាំ​២០១២៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។