ក្រុម​គ្រួសារ​អំពាវនាវ​ឲ្យ​ដោះលែង​ហង្សចក្រា

ក្រុម​គ្រួសារ​របស់​លោក ហង្ស ចក្រា ចាងហ្វាង​កាសែត​ខែ្មរ​ម្ចាស់​ស្រុក ដែល​កំពុងតែ​ជាប់​នៅ​ក្នុង​គុក​ព្រៃ​ស នៅ​ថៃ្ង​២៧ កុម្ភៈ បាន​ទទូច​សុំ​ឲ្យ​ដោះលែង​លោក ហង្ស ចក្រា ដើម្បី​ជួបជុំ​គ្នា​ជាមួយ​នឹង​ក្រុម​គ្រួសារ​នៅ​មុន​ពេល​ចូល​ឆ្នាំ​ខែ្មរ​ដែល​នឹង​ឈាន​មក​ដល់​នៅ​ពេល​ឆាប់ៗ​នេះ។
ដោយ សុខ សេរី
2010-02-27
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក ហង្ស ចក្រា ចាងហ្វាង​កាសែត​ខ្មែរ​ម្ចាស់​ស្រុក នៅ​ពេល​ត្រូវ​នាំ​ខ្លួន​ចូល​ស្ដាប់​សវនាការ​សាលា​ឧទ្ធរណ៍​នា​ថ្ងៃ​ទី​១១ សីហា ២០០៩។
លោក ហង្ស ចក្រា ចាងហ្វាង​កាសែត​ខ្មែរ​ម្ចាស់​ស្រុក នៅ​ពេល​ត្រូវ​នាំ​ខ្លួន​ចូល​ស្ដាប់​សវនាការ​សាលា​ឧទ្ធរណ៍​នា​ថ្ងៃ​ទី​១១ សីហា ២០០៩។
RFA/Sok Serey

មន្រ្តី​អ្នក​នាំ​ពាក្យ​របស់​រដ្ឋាភិបាល​កម្ពុជា​បាន​បង្ហើប​ឲ្យ​ដឹង​ថា គេ​កំពុង​តែ​រៀបចំ​សំ​ណុំ​ឯកសារ​នានា ដើម្បី​ដោះលែង​លោក ហង្ស ចក្រា នៅ​ពេល​ឆាប់ៗ​នេះ ដោយ​មាន​ការ​យល់ព្រម​ពី​ដើម​បណ្ដឹង​គឺ​លោក សុខ អាន ជា​រដ្ឋមន្រ្តី​ទទួល​បន្ទុក​ទីស្តីការ​គណៈរដ្ឋមន្រ្តី​និង​ជា​ឧប​នាយករដ្ឋមន្រ្តី។

កូនស្រី​របស់​លោក ហង្ស ចក្រា កញ្ញា ហង្ស ពិសី បាន​ថ្លែង​ប្រាប់​វិទ្យុ​អាស៊ី​សេរី នៅ​ថៃ្ង​សៅរ៍ ទី​២៧ កុម្ភៈ​នេះ នៅ​ក្នុង​ពិធី​តូច​មួយ ទទួល​អំណោយ​ជា​ប្រាក់​មួយចំនួន​ពី​ម្ចាស់​អំណោយ​បរទេស​តាម​រយៈ​ក្លឹប​អ្នកកាសែត​កម្ពុជា​ថា ៖ «សូម​ឲ្យ​ព្រះមហាក្សត្រ ក៏​ដូចជា​រដ្ឋាភិបាល​សុំ​ឲ្យ​គាត់​ដោះលែង​ប៉ា​ខ្ញុំ​ឲ្យ​បាន​ឆាប់ បាន​មុន​ពេល​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ ឲ្យ​គាត់​មក​ជួបជុំ​ក្រុម​គ្រួសារ​វិញ​ព្រោះ​ពួកខ្ញុំ​រាល់​ថ្ងៃ​ពិបាក ចង់​ឲ្យ​គាត់​មក​រស់​នៅ​ក្បែរ។ និយាយ​រួម​ទោះ​ជា​អត់​មាន​អី​ក៏ដោយ ឲ្យ​តែ​មាន​ប៉ា​នៅ​ក្នុង​ផ្ទះ»

ភរិយា​របស់​លោក ហង្ស ចក្រា លោកស្រី ស៊ឹម សួគ៌ា អាយុ​៥៤​ឆ្នាំ បាន​ថែ្លង​ថា ៖ «បើ​សិន​ជា​ដោះលែង​វិញ ខ្ញុំ​មិន​ដឹង​ជា​រក​អ្វី​មក​ប្រៀប​បាន​ទេ បើ​ថា បាន​ដោះលែង​ខ្ញុំ​សប្បាយ​មែនទែន​តែម្ដង»

ទាក់ទង​នឹង​ការ​ទទួច​ស្នើ​សុំ​របស់​ក្រុម​គ្រួសារ​ខាង​លើ​នេះ រដ្ឋមន្រ្តី​ក្រសួង​ព័ត៌មាន​និង​ជា​មន្រ្តី​អ្នក​នាំ​ពាក្យ​របស់​រដ្ឋាភិបាល​កម្ពុជា លោក ខៀវ កាញារីទ្ធ បាន​មាន​ប្រសាសន៍​ថា មាន​សញ្ញា​វិជ្ជាមាន​ក្នុង​ការ​ដោះលែង​ឆាប់ៗ​នេះ។

លោក ខៀវ កាញារីទ្ធ មាន​ប្រសាសន៍​ដូច្នេះ ៖ «ចាំ​ខ្ញុំ​ជជែក​ជាមួយ​ឯកឧត្ដម​រដ្ឋមន្រ្តី​ក្រសួង​យុត្តិធម៌​ហើយ ប៉ុន្តែ​ខ្ញុំ​បាន​សួរ​ឯកឧត្ដម សុខ អាន ហើយ យើង​នឹង​រៀបចំ​សម្រួល​ការងារ​ហ្នឹង។ ប៉ុន្តែ​សូម​ជម្រាប​ថា គឺ​ខុស​អំពី​ការ​និយាយ​បកស្រាយ​របស់​អ្នក​កាសែត​គ្មាន​ព្រំដែន​ដែល​សរសេរ​បង្កាច់​ថា ស្អី​ឯ​ណា​ទៅ​បង្ខំ​ឲ្យ ហង្ស ចក្រា ត្រូវ​ចូល​ជាមួយ​គណបក្ស​ប្រជាជន ជាមួយ​រដ្ឋាភិបាល គឺ​អត់​មាន​ទេ។ អ្នក​ដែល​និយាយ​ហ្នឹង បើ​និយាយ​តាម​ពិត ជា​ជំហរ​រដ្ឋាភិបាល​គេ​ចង់​បន្ត​ឲ្យ​គ្រប់​១២​ខែ​ឯ​ណោះ អ៊ីចឹង​អ្នក​ដែល​និយាយ​ហ្នឹង​អត់​បាន​ចំណេញ​អី​ទាំង​អស់ ហើយ​គ្មាន​យល់​សភាពការណ៍​អី​ទាំង​អស់ ប៉ុន្តែ​ឯកឧត្ដម សុខ អាន គាត់​យល់​អំពី​មនុស្សធម៌ គាត់​យល់​អំពី​ការ​លំបាក​ហ្នឹង គាត់​បាន​និយាយ​ផ្ទាល់​មាត់​ជាមួយ​ខ្ញុំ​ហ្នឹង គឺ​គាត់​អនុគ្រោះ»

លោក ប៉ែន សមិទ្ធិ ប្រធាន​ក្លឹប​អ្នក​កាសែត​កម្ពុជា​បាន​មាន​ប្រសាសន៍​ថា ៖ «...​ហាក់​ដូចជា​មាន​ច្រក​វិជ្ជមាន​ច្រើន... ដែល​អាច​មាន​ការ​ដោះលែង...»

លោក ហង្ស ចក្រា ជា​ចាងហ្វាង​កាសែត​ខ្មែរ​ម្ចាស់​ស្រុក ត្រូវ​បាន​តុលាការ​រាជធានី​ភ្នំពេញ បាន​កាត់​ទោស​ឲ្យ​ជាប់​គុក​រយៈពេល​១​ឆ្នាំ កាល​ពី​ថៃ្ង​ទី​២៦ ខែ​មិថុនា ឆ្នាំ​២០០៩​កន្លង​ទៅ ក្រោម​បទ​ផ្សាយ​ព័ត៌មាន​មិន​ពិត​និង​បទ​បរិហារ​កេរ្តិ៍ ដោយសារ​តែ​កាសែត​របស់​លោក​បាន​ផ្សាយ​ព័ត៌មាន​មួយចំនួន​កាល​ពី​ខែ​មេសា​និង​ខែ​ឧសភា ឆ្នាំ​២០០៩​កន្លង​ទៅ ចោទ​ប្រកាន់​ថា មន្រ្តី​និយម​លោក សុខ អាន ប្រឈម​មុខ​នឹង​ការ​ដក​ចេញ​ពី​តំណែង​ជា​ច្រើន​នាក់ និង​អត្ថបទ​និយាយ​ថា លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន បាន​បំបែក​សំបុក​មន្រ្តី​អាក្រក់​និង​ពុក​រលួយ​នៅ​ជុំវិញ​លោក សុខ អាន។

លោក សុខ អាន ឧបនាយរដ្ឋមន្រ្តី​និង​ជា​រដ្ឋមន្រ្តី​ទទួល​បន្ទុក​ទីស្តីការ​គណៈរដ្ឋមន្រ្តី ធ្លាប់​បាន​បដិសេធ​នៅ​ក្នុង​សភា​ជាតិ​កាល​ពី​ឆ្នាំ​២០០៩​កន្លង​ទៅ ចំពោះ​ការ​ចោទ​ប្រកាន់​នោះ។

ប្រភព​ពី​គ្រួសារ​បាន​ឲ្យ​ដឹង​ថា លោក ហង្ស ចក្រា កំពុង​តែ​មាន​ជំងឺ​ហត់ លើស​ឈាម​និង​ជំងឺ​កន្ទុយ​ថ្លែន​នៅ​ក្នុង​ភ្នែក៕

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល