កសិករ​នៅ​ស្រុក​សំពៅលូន​ប្រឈម​នឹង​បញ្ហា​ដោយសារ​គ្រោះ​រាំង​ស្ងួត

ឆ្នាំ​នេះ​គ្រោះ​រាំង​ស្ងួត​បាន​បំផ្លាញ​ផល​ដំណាំ​របស់​កសិករ​ជា​ច្រើន​គ្រួសារ នៅ​ស្រុក​សំពៅលូន ខេត្ត​បាត់ដំបង។ កសិករ​ទាំង​នោះ​កំពុង​បារម្ភ​យ៉ាង​ខ្លាំង​ពី​ការ​បាត់​បង់​ផល​ទុន ព្រោះ​ថា អ្នក​ភូមិ​ជិត​ប្រមាណ ៥០% បាន​ខ្ចី​ប្រាក់​ពី​ធនាគារ​យក​ទៅ​ធ្វើ​ដើម​ទុន​ក្នុង​ការ​ដាំ​ដុះ។
ដោយ សួន សុផលមុន្នី
2010-05-16
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
កសិករ​ភ្ជួរ​ដី​នៅ​លើ​វាល​ស្រែ​មួយ​កន្លែង​នៅ​ស្រុក​ត្រាំកក់ ខេត្ត​តាកែវ នា​ថ្ងៃ​ទី​១០ កញ្ញា ២០០៨។
កសិករ​ភ្ជួរ​ដី​នៅ​លើ​វាល​ស្រែ​មួយ​កន្លែង​នៅ​ស្រុក​ត្រាំកក់ ខេត្ត​តាកែវ នា​ថ្ងៃ​ទី​១០ កញ្ញា ២០០៨។
RFA Photo/Ouk Savborey

កសិករ​ស្រុក​សំពៅលូន​បាន​ថ្លែង​ថា អ្នក​ភូមិ​ជា​ច្រើន​គ្រួសារ​អាច​ប្រឈម​មុខ​នឹង​បញ្ហា​ធ្ងន់ធ្ងរ រឿង​ជំពាក់​លុយ​ធនាគារ ដោយសារ​គេ​មិន​សង្ឃឹម​ថា នា​រដូវ​ប្រមូល​ផល​ខាង​មុខ ដំណាំ​កសិ​ផល​នឹង​ទទួល​បាន​ផល ដោយសារ​តែ​គ្រោះ​រាំង​ស្ងួត​នា​ដើម​រដូវ​នេះ​កំពុង​បំផ្លាញ​ដំណាំ​ពោត សណ្ដែក ដំឡូង​មី​រាប់​សិប​ហិកតារ។

លោក អ៊ូ គីម ជំទប់​ទី​២ ឃុំ​សន្តិភាព ស្រុក​សំពៅលូន ខេត្ត​បាត់ដំបង បាន​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​សៅរ៍ ទី​១៥ ខែ​ឧសភា ថា កសិករ​ជា​ច្រើន​គ្រួសារ​បាន​ដាំ​ដំឡូង​មី សណ្ដែក ល្ង ចាប់ តាំង​ពី​ខែ​កុម្ភៈ រហូត​ដល់​ខែ​ឧសភា ឆ្នាំ​២០១០​នេះ ប៉ុន្តែ​ដំណាំ​ទាំង​នោះ​បាន​ទទួល​រង​ការ​ខូច​ខាត​ជា​បន្ត​បន្ទាប់ ដោយសារ​តែ​អត់​មាន​ទឹក​ភ្លៀង។

លោក អ៊ូ គីម បាន​ឲ្យ​ដឹង​ថា ៖ «បញ្ហា​ផល​ដំណាំ​ប្រជា​ពលរដ្ឋ​ខ្លះ គាត់​ដាំ​មួយ​សា ពីរ​សា​ហើយ តែ​ឥឡូវ​នេះ​អត់​មាន​ភ្លៀង​សោះ! ពិសេស​គាត់​ខ្វល់​រឿង​មធ្យោបាយ​ធ្វើ គាត់​យក​លុយ​អង្គការ​អេស៊ីលីដា​(ធនាគារ)​អ៊ីចឹង​ទៅ ដល់​ហើយ​ពោត​អត់​បាន​ទទួល​ផល អត់​បាន​ល្អ​អ៊ីចឹង​ទៅ ខ្លាច​ជាប់​លុយ​អេស៊ីលីដា ខ្លាច​អេស៊ីលីដា​រឹប​យក​ដី យក​ផ្ទះ ឬ​ក៏​គាត់​ត្រូវ​លក់​ដី​សង​អេស៊ីលីដា​វិញ»

អ្នក​ស្រី ញ៉ាញ់ ច័ន្ទ អាយុ ៣០​ឆ្នាំ រស់​នៅ​ភូមិ​អូរ ឃុំ​សន្តិភាព ស្រុក​សំពៅលូន បាន​ប្រាប់​ថា នៅ​ដើម​រដូវ​នេះ​គ្រួសារ​អ្នក​ស្រី​បាន​ទៅ​ខ្ចី​លុយ​ពី​អង្គការ​ប្រាសាក់ នូវ​ទឹក​ប្រាក់​ចំនួន ២​លាន​រៀល យក​មក​ទិញ​គ្រាប់​ពូជ​ពោត​ដាំ​លើ​ដី​ទំហំ ១០​រ៉ៃ ប៉ុន្តែ​ដំណាំ​ពោត​អ្នក​ស្រី​ត្រូវ​គ្រោះ​រាំង​ស្ងួត​បំផ្លាញ​ទាំង​ស្រុង។

អ្នក​ស្រី ញ៉ាញ់ ច័ន្ទ បាន​បញ្ជាក់​ថា ៖ «ខ្ចី​លុយ​ធនាគារ ខ្ចី ២​លាន​រៀល ក្នុង​មួយ​ខែ​បង់​(ការ)​ឲ្យ ក្នុង ១​លាន​រៀល ២​ម៉ឺន​៧​ពាន់ បង់​កំណត់​យក​មួយ​ឆ្នាំ។ ភ័យ​បារម្ភ​ខ្លាច​អស់​ដី យើង​អត់​មាន​លុយ​សង យើង​លក់​ដី​សង!»

លោក​តា នាង លន អាយុ ៧៦​ឆ្នាំ អ្នក​ភូមិ​ម្នាក់​ទៀត បាន​ត្អូញត្អែរ​ថា អ្នក​ភូមិ​ជា​ច្រើន​គ្រួសារ​ដោយសារ​តែ​ការ​ដាំ​ដុះ​នៅ​ដើម​រដូវ​ទទួល​រង​ការ​ខូច​ខាត ពួក​គេ​បាន​នាំ​គ្នា​ទៅ​ខ្ចី​លុយ​ពី​អង្គការ​ផ្សេង​ៗ​មក​ធ្វើ​ការ​ដាំ​ដុះ​នៅ​ចុង​រដូវ​នេះ​បន្ថែម​ទៀត ប៉ុន្តែ​គ្រោះ​អត់​ទឹក​ភ្លៀង​បាន​ធ្វើ​ឲ្យ​ដំណាំ​ទាំង​នោះ​ខូច​ខាត​អស់។

លោក​តា នាង លន បាន​អះអាង​ថា ៖ «គ្នា​ខ្លះ​ក៏​ចំណាយ​ប្រាក់​ម៉ឺន ប្រាក់​សែន​អ៊ីចឹង​ទៅ! ដល់​ទៅ​ជួប​ប្រទះ​ការ​រាំង​ស្ងួត ខ្លះ​ហ្នឹង​ក៏​បន្ត​យក​ជា​ប្រាក់​គេ​ហ្នឹង ដើម្បី​មក​ដាំ​ដុះ​ចុង​ដៃ​ទៀត។ ឥឡូវ​ចុង​ដៃ​ក៏​វា​អស់​សង្ឃឹម​ដែរ!»

អាជ្ញាធរ​ស្រុក​សំពៅលូន​បាន​ឲ្យ​ដឹង​ថា ប្រជា​ពលរដ្ឋ​ក្នុង​ស្រុក​សំពៅលូន​មាន​ចំនួន​ជាង ៦​ពាន់​គ្រួសារ ក្នុង​នោះ​មាន​មនុស្ស​ជាង ៩៥% ជា​កសិករ ដែល​និយម​ធ្វើ​កសិកម្ម​ដាំ​ពោត ដំឡូង​មី សណ្ដែក​បាយ សណ្ដែក​សៀង និង​ដាំ​ល្ង លើ​ផ្ទៃ​ដី​កសិកម្ម​សរុប​ទំហំ ២​ម៉ឺន​១​ពាន់​ហិកតារ​នៅ​ក្នុង​ស្រុក។

ទាក់ទិន​នឹង​បញ្ហា​គ្រោះ​រាំង​ស្ងួត​គ្មាន​ទឹក​ភ្លៀង​នេះ លោក ជុំ ស៊ីប អភិបាល​ស្រុក​សំពៅលូន បាន​មាន​ប្រសាសន៍​ថា ដំណាំ​របស់​ប្រជា​កសិករ​ក្នុង​ស្រុក​សំពៅលូន បាន​ទទួល​រង​ការ​ខូច​ខាត​មួយ​ចំនួន ដោយសារ​តែ​មេឃ​បង្អុរ​ភ្លៀង​ដែរ តែ​ទឹក​ភ្លៀង​នោះ​មិន​បាន​ស្រោចស្រព​សព្វ​ផ្ទៃ​ដំណាំ​ទាំង​នោះ​ទេ។

លោក ជុំ ស៊ើប បាន​មាន​ប្រសាសន៍​ថា ៖ «ភ្លៀង​យើង​ភ្លៀង​ដើម​ឆ្នាំ ប៉ុន្មាន​ឆ្នាំ​ហើយ​វា​តែងតែ​អ៊ីចឹង​ដែរ វា​ធ្លាក់​ម្តុំ​ត្រង់​នេះ វា​ធ្លាក់​ត្រង់​នោះ​ទៅ! ជួនកាល​ខុស​ត្រូវ​គ្នា ៤-៥​គីឡូ​(ម៉ែត្រ) វា​អត់​មាន​ភ្លៀង ចន្លោះ ៤​-​៦​គីឡូ​ហ្នឹង ជួនកាល​មួយ​ខែ​អត់​មាន​ត្រូវ​សោះ​ក៏​មាន!»

លោក​បាន​មាន​ប្រសាសន៍​បន្ត​ថា នៅ​ស្រុក​សំពៅលូន​មាន​កសិករ​ប្រមាណ ៥០% គឺ​នៅ​ពេល​រដូវ​ដាំ​ដុះ​ពួក​គេ​បាន​នាំ​គ្នា​ទៅ​ខ្លី​លុយ​ពី​ធនាគារ ឬ​អង្គការ​ផ្សេង​ៗ​យក​ទៅ​ធ្វើ​ដើម​ទុន ដើម្បី​ទិញ​គ្រាប់​ពូជ ជួល​ការ​ភ្ជួរ​រាស់ និង​ជួល​កម្លាំង​ពលកម្ម​ដាំ​ដុះ។

ទោះ​ជា​យ៉ាង​នេះ​ក្ដី ក្រុម​អាជ្ញាធរ​នៅ​មិន​ទាន់​មាន​វិធានការ​ជួយ​ដល់​អ្នក​ភូមិ​បែប​ណា​ទេ​ចំពោះ​ផល​ដំណាំ​នានា ដែល​កំពុង​រង​ការ​ខូច​ខាត​ដោយសារ​គ្រោះ​រាំង​ស្ងួត​នេះ៕

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល