ប៉ូលិស​កំពុង​រៀបចំ​ឯកសារ​បញ្ជូន​ជន​សង្ស័យ​សម្លាប់​កូន​បង្កើត​ទៅ​តុលាការ

ប៉ូលិស​ខណ្ឌ​ពោធិ៍សែនជ័យ កំពុង​រៀបចំ​សំណុំ​រឿង​បញ្ជូន​ជន​សង្ស័យ​ដែល​គេ​ជឿ​ថា បាន​សម្លាប់​កូន​បង្កើត​របស់​ខ្លួន​ឯង ទៅ​កាន់​តុលាការ។
ដោយ វិជ័យ អានន្ទ
2012.08.29

ការ​រៀបចំ​បញ្ជូន​ខ្លួន​ជន​សង្ស័យ​នោះ គឺ​ធ្វើ​ឡើង​បន្ទាប់​ពី​ឪពុក​រូប​នោះ​ជាប់​សង្ស័យ​ថា បាន​ច្របាច់​ក និង​ខ្ទប់​ដង្ហើម​សម្លាប់​កូន​ខ្លួន​ឯង​ពីរ​នាក់​របស់​ខ្លួន រួច​ហើយ​ប៉ង​សម្លាប់​ខ្លួន​ឯង​ជា​ក្រោយ ក៏ប៉ុន្តែ ត្រូវ​បាន​គេ​ជួយ​សង្គ្រោះ​យក​ទៅ​មន្ទីរ​ពេទ្យ​ទាន់។

ជន​សង្ស័យ​ឈ្មោះ កែវ ឡាដាំង ដែល​គេ​ជឿ​ថា​សម្លាប់​កូន​ប្រុស​បង្កើត​របស់​ខ្លួន​ពីរ​នាក់ ត្រឡប់​មក​ពី​មន្ទីរ​ពេទ្យ​វិញ​ហើយ​នៅ​ថ្ងៃ​ទី​២៩ សីហា ឆ្នាំ​២០១២ និង​ស្ថិត​នៅ​អធិការដ្ឋាន​ខណ្ឌ​ពោធិ៍សែនជ័យ។

អធិការ​រង​ខណ្ឌ​ពោធិ៍សែនជ័យ លោក វង សេរីវុទ្ធ ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៩ សីហា ថា លោក កែវ ឡាដាំង មាន​សុខភាព​ល្អ​ឡើង​វិញ បន្ទាប់​ពី​បុរស​រូប​នេះ​ត្រូវ​គេ​បញ្ជូន​ទៅ​ដល់​មន្ទីរ​ពេទ្យ​ដើម្បី​សង្គ្រោះ​បន្ទាន់។ លោក កែវ ឡាដាំង បាន​អារ​ក​ដៃ​សម្រក់​ឈាម ប៉ុនប៉ង​សម្លាប់​ខ្លួន ក្រោយ​ពេល​សម្លាប់​កូន​ខ្លួន​ឯង​រួច​មក។

លោក វង សេរីវុទ្ធ បញ្ជាក់​បន្ថែម​ថា អធិការ​ខណ្ឌ​ពោធិ៍សែនជ័យ កំពុង​រៀបចំ​សំណុំ​រឿង ដើម្បី​បញ្ជូន​ជន​សង្ស័យ​ទៅ​កាន់​តុលាការ​សាលា​ដំបូង​រាជធានី​ភ្នំពេញ៖ «នៅ​កន្លែង​ប៉ូលិស​នៅ​ឡើយ កំពុង​រៀបចំ​សំណុំ​ឯកសារ​បញ្ជូន​ទៅ​តុលាការ»

ទាក់​ទង​នឹង​ការ​សម្លាប់​កូន​ខ្លួន​ឯង​នេះ ជំទប់​ទី១ ខណ្ឌ​ពោធិ៍សែនជ័យ លោក វ៉ា សារ៉ង មាន​ប្រសាសន៍​ថា មូលហេតុ​នាំ​ឲ្យ​ជន​សង្ស័យ​ឈាន​ដល់​សម្លាប់​កូន​ប្រុស​បង្កើត​របស់​ខ្លួន​នោះ ដោយ​សារ​បុរស​រូប​នេះ​ពិបាក​ចិត្ត​នឹង​ការ​ចាញ់​ល្បែង និង​ខឹង​ប្រពន្ធ​លែងលះ​នឹង​ខ្លួន៖ «បន្ទាប់​ពី​មាន​ការ​បែក​បាក់ រស់នៅ​មិន​ចុះ​សម្រុង​គ្នា​រវាង​ប្ដី​ប្រពន្ធ គាត់​ហ្នឹង​ក៏​បែរ​ទៅ​ជា​លេង​ល្បែង​ស៊ីសង ដល់​ហើយ​មាន​ការ​ចាញ់​ច្រើន បំផ្លាញ​ទ្រព្យ​សម្បត្តិ​ច្រើន»

ស្រដៀង​គ្នា​នេះ លោក វង សេរីវុទ្ធ លើក​ឡើង​ថា តាម​ចម្លើយ​របស់​ជន​សង្ស័យ បាន​ឆ្លើយ​ថា ខ្លួន​មិន​ចង់​ឃើញ​កូន​ទាំង​ពីរ​នាក់​រស់នៅ​កំព្រា ដោយ​ឃើញ​ឪពុក​ម្ដាយ​ខ្លួន​ឯង​បែក​បាក់​គ្នា ដូច្នេះ​ទើប​ខ្លួន​សម្រេច​ចិត្ត​សម្លាប់​កូន​នោះ៖ «ករណី​ដែល​ថា វា​មាន​បញ្ហា​ខ្លះៗ​ក្នុង​គ្រួសារ ទីមួយ ប្ដី​ប្រពន្ធ​វា​លែងលះ​គ្នា នៅ​សល់​កូន​ពីរ​នាក់​ហ្នឹង ហើយ​ប្រពន្ធ​នៅ​ឯ​រកាកោង​ឯណោះ។ ទីពីរ បញ្ហា​ដែល​ស្មុគស្មាញ​របស់​វា កង្វល់​របស់​វា​ហ្នឹង បញ្ហា​លេង​ល្បែង លេង​អី​ស៊ីសង​ទៅ ដល់​ពេល​វា​ចាញ់​ច្រើន​ទៅ ដល់​ពេល​វា​តុកស៊ិក​វា​ផង វា​បង្ក​បញ្ហា​ហ្នឹង​ឡើង»

ចៅ​សង្កាត់​ចោមចៅ លោក វ៉ា សារ៉ង ឲ្យ​ដឹង​ថា លោក កែវ ឡាដាំង ជា​ទាហាន​ផ្នែក​រដ្ឋបាល​កង​វិស្វកម្ម នៃ​អគ្គបញ្ជាការ​កងទ័ព​ជើង​គោក បាន​សម្លាប់​កូន​ខ្លួន​ឯង​បង្កើត ដោយ​ច្របាច់​ក និង​ខ្ទប់​ដង្ហើម​ឲ្យ​ស្លាប់ កាល​ពី​ថ្ងៃ​ទី​២៨ ខែ​សីហា។ កូន​ប្រុស​ពីរ​នាក់​ដែល​ស្លាប់​នោះ ទី១ ឈ្មោះ កែវ សុវណ្ណ អាយុ​៧ឆ្នាំ និង​ទី២ ឈ្មោះ កែវ ដារ៉ា អាយុ​៣ឆ្នាំ ស្ថិត​នៅ​ភូមិ​ព្រៃព្រីងខាងត្បូង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍សែនជ័យ រាជធានី​ភ្នំពេញ។ មូលហេតុ​ឈាន​ដល់​ការ​សម្លាប់​កូន​ខ្លួន ដោយ​សារ​បុរស​នេះ​ចាញ់​ល្បែង និង​ខឹង​ប្រពន្ធ​ខ្លួន​ឯង​សុំ​លែងលះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។