អ្នក​ភូមិ​ជាយ​ដែន​ភៀស​ខ្លួន​ចេញ​ពី​សង្គ្រាម

មន្ត្រី​មូលដ្ឋាន​នៅ​ស្រុក​បន្ទាយ​អំពិល ខេត្ត​ឧត្តរ​មានជ័យ នៅ​ជាប់​តំបន់​ព្រំដែន​ខ្មែរ-ថៃ បាន​អះអាង​ថា មាន​ផ្ទះ​ប្រជា​ពលរដ្ឋ​ចំនួន ៩ ខ្នង និង​សាលា​រៀន​មួយ​ខ្នង​បាន​ឆេះ និង​ខូច​ខាត​ដោយ​សារ​គ្រាប់​កាំភ្លើង​ផ្លោង​របស់​ទាហាន​ថៃ។
ដោយ ហង្ស សាវយុត
2011-04-23
អ៊ីម៉ែល
មតិ
Share
បោះពុម្ព

ការ​ប្រយុទ្ធ​គ្នា​ដ៏​ខ្លាំងក្លា​រវាង​ទាហាន​ខ្មែរ និង​ថៃ ក្នុង​រឿង​ទំនាស់​ព្រំដែន​ដោយ​ប្រើ​សុទ្ធ​តែ​កាំភ្លើង​ធំ​បាញ់​ដាក់​គ្នា​ជា​ច្រើន​ម៉ោង នៅ​ថ្ងៃ​សៅរ៍​ទី ២៣ មេសា បណ្ដាល​ឱ្យ​ប្រជា​ពលរដ្ឋ​ស៊ី​វិល​ភ័យ​ខ្លាច​បាន​ភៀស​​ខ្លួន​ចេញ​ពី​ផ្ទះ​សម្បែង​កាន់​តែ​ច្រើន​ឡើងៗ។

មន្ត្រី​សាលា​ខេត្ត​ឧត្តរមានជ័យ​នៃ​ប្រទេស​កម្ពុជា បាន​ឱ្យ​ដឹង​ថា ចាប់​តាំង​ពី​មាន​ការ​ប្រយុទ្ធ​គ្នា​រវាង​ទាហាន​ខ្មែរ-ថៃ នៅ​តំបន់​ប្រាសាទ​តា​មាន់​ធំ និង​ប្រាសាទ​តា​ក្របី​នៃ​តំបន់​ជាយ​ដែន​ខ្មែរ-ថៃ ចម្ងាយ​ប្រមាណ​ជាង ៤០ គីឡូម៉ែត្រ​ភាគ​ខាង​ជើង​ឆៀង​ខាង​លិច​​ពី​ទី​រួម​ខេត្ត រយៈ​ពេល​ពីរ​ថ្ងៃ​ជាប់ៗ គ្នា​មក​នេះ បណ្ដាល​ឱ្យ​ជន​ភៀស​សឹក​រាប់​ពាន់​នាក់ បាន​បង្ខំ​ចិត្ត​ចាកចេញ​ពី​ផ្ទះ​សម្បែង​កាន់​តែ​ច្រើន​ឡើងៗ ទៅ​រក​ទី​កន្លែង​សុវត្ថិភាព​ជា​បណ្ដោះ​អាសន្ន។

លោក ស៊ិន ប៉ាក់ នាយក​ទីចាត់ការ​ផែនការ និង​វិនិយោគ​ របស់​សាលា​ខេត្ត​ឧត្តរមានជ័យ មាន​ប្រសាសន៍​នៅ​ថ្ងៃ​សៅរ៍​ទី ២៣ ខែ​មេសា​ថា ចំនួន​ជន​ភៀស​សឹក ដែល​គេច​ចេញ​ពី​ក្បែរ​តំបន់​ប្រយុទ្ធ​គ្នា បាន​កើន​ឡើង​ជាង ១១០០ គ្រួសារ​ហើយ​រហូត​មក​ដល់​ថ្ងៃ​ត្រង់​នេះ។​

លោក ស៊ិន ប៉ាក់ ៖ «យើង​ចែក​ជា ២ វត្ត​នៅ​វត្ត​សំរោង​មួយ នៅ​វត្ត​ធម្មយុត្តិ​មួយ។ នៅ​វត្ត​ធម្មយុត្តិ​អំបាញ់មិញ​យើង​បាន ៥៥៥ គ្រួសារ​ស្មើ​នឹង ២០៩៣ នាក់។ ហ្នឹង​មក​ពី​ខាង​ស្រុក​បន្ទាយ​អំពិល​មាន ៤ ឃុំ។ ចេញ​មក​ទាំង​អស់។ ប៉ុន្តែ​គ្រាន់​ថា​តំបន់ ដែល​នៅ​ជាយ​ដែន​ដូច​ជា​ប្រាសាទ​តា​មាន់ តា​ក្របី ឬ​ក៏​គោក​មន គោក​ខ្ពស់ ដែល​ជិត​ហ្នឹង​គាត់​មក​ច្រើន។ ភូមិ​ផ្សេងៗ មក​ឆ្លាស់ៗ ​ទេ។ អ្នក​ដែល​ខ្លាច​​ហើយ​នៅ​ក្រុង​សំរោង​​ហ្នឹង​ភូមិ​ខាង​ឃុំ​បន្សាយ​រក្ស​ហ្នឹង គាត់​ជាប់​ព្រំដែន អីចឹង​គាត់​មក»។

កាកបាទ​ក្រហម​កម្ពុជា និង​គណៈកម្មការ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​ប្រចាំ​តំបន់ និង​អាជ្ញាធរ​ខេត្ត​​កំពុង​តែ​ខ្នះខ្នែង​ក្នុង​ការ​ជួយ​ផ្តល់​កន្លែង​ស្នាក់​នៅ​បណ្តោះ​អាសន្ន និង​ម្ហូប​អាហារ​ឱ្យ​ជន​ភៀស​សឹក​ខ្មែរ​ទាំង​នោះ។

លោក ស សេងហ៊ាង គណៈកម្មការ​ប្រតិបត្តិ​របស់​សាខា​កាកបាទ​ក្រហម​កម្ពុជា​ប្រចាំ​ខេត្ត​ឧត្តរ​មានជ័យ បាន​មាន​ប្រសាសន៍​ថា ចំនួន​ជន​ភៀស​សឹក​ ដែល​ចាក​ចេញ​ពី​ផ្ទះ​សម្បែង​នៅ​ជិត​តំបន់​ព្រំដែន​ខ្មែរ-ថៃ មាន​កាន់​តែ​ច្រើន​ឡើង បន្ទាប់​ពី​អ្នក​ភូមិ​ភ័យ​ខ្លាច​ចំពោះ​ការ​ប្រ​យុទ្ឋ​គ្នា​នៅ​តំបន់​ព្រំដែន​ខ្មែរ-ថៃ​នោះ។

លោក ស សេងហ៊ាង ៖ «រត់​មក​ខ្លះ​បាន​អង្ករ​ទៅ ខ្លះ​អត់​បាន​អង្ករ។ ប៉ុន្តែ​ខាង​ស្រុក ខេត្ត ក្រុង ជា​មួយ​កាកបាទ​ក្រហម ហើយនិង​ខាង​គ្រោះ​មហន្តរាយ​ខេត្ត​នោះ បាន​ឯកភាព​គ្នា​ផ្តល់​អង្ករ​ដាំ​បាយ​ឱ្យ​ហូប​រួម ហើយ​ម្ហូប​រួម​ដែរ។ ដោះ​ស្រាយ​មួយ​ថ្ងៃ​ពីរ​ថ្ងៃ​នេះ ហើយ​ថ្ងៃ​ស្អែក​កាកបាទ​ក្រហម​នឹង​ដឹក​ស្បៀង​មក​ដល់។ រីឯ​ខាង​មន្ទីរ​សុខាភិបាល​មាន​តង់​ចល័ត​របស់​គេ គេ​យក​តង់​ប្រចាំ​ការ​នៅ​ទាំង ២ កន្លែង នោះ​ឯង។ មាន​តែ​នៅ​ឯ​ស្រុក​បន្ទាយ​អំពិល​នៅ​ឯ​ស្រះស្រង់​នោះ​យើង​អត់​មាន​ប៉ុស្តិ៍​សុខភាព​យក​ទៅ​ដាក់​ទេ ប៉ុន្តែ នៅ​ជិត​មណ្ឌល​សុខ​ភាព​នោះ​ឯង»។

មន្ត្រី​កាកបាទ​ក្រហម​កម្ពុជា​ខេត្ត​ឧត្តរមានជ័យ បាន​ឱ្យ​ដឹង​ថា គេ​បាន​ត្រៀម​រៀបចំ​មណ្ឌល​ជន​ភៀស​សឹក​មួយ​កន្លែង នៅ​ស្រុក​ចុងកាល់ ចម្ងាយ​ប្រមាណ​ជាង ៦០ គីឡូម៉ែត្រ ភាគ​ខាង​កើត​តំបន់​ព្រំដែន​ប្រយុទ្ធ​គ្នា​នោះ ហើយ​គេ​នឹង​ដឹក​ជញ្ជូន​ជនស៊ីវិល​ភៀស​សឹក​ទាំង​អស់​ទៅ​ដាក់​នៅ​ក្នុង​មណ្ឌល​ល​នោះ​ប្រសិន​ការ​ប្រយុទ្ធ​គ្នា​រវាង​ទាហាន​ខ្មែរ-ថៃ នៅ​តាម​ព្រំដែន​នៅ​តែ​បន្ត​ទៅ​ទៀត។

កាល​ពី​ព្រឹក​ថ្ងៃ​សៅរ៍​ទី ២៣ ខែ​មេសា​នេះ ការ​ប្រយុទ្ធ​គ្នា​រវាង​ទាហាន​ខ្មែរ-ថៃ​នៅ​ជិត​តំបន់​ប្រាសាទ​តា​មាន់​ធំ និង​ប្រាសាទ​តា​ក្របី បាន​ចាប់​ផ្ដើម​ម្ដង​ទៀត​ ចាប់​តាំង​ពី​ម៉ោង​ជាង ៦ រហូត​ដល់​ម៉ោង​ ១១ កន្លះ។

ទាហាន​ខ្មែរ​បាន​រាយ​ការណ៍​ថា ការ​ប្រយុទ្ធ​គ្នា​ជាង ៣ ម៉ោង​ថ្ងៃ​សៅរ៍​នេះ បណ្ដាល​ឱ្យ​ទាហាន​ខ្មែរ​​ម្នាក់​ស្លាប់ ប៉ុន្តែ ចំនួន​អ្នករបួស​មិន​មាន​ការ​អះអាង​ឡើយ។

ចំណែក​កាសែត ឌឹណេហ្សិន (The Nation) បាន​ឱ្យ​ដឹង​ថា ទាហាន​ថៃ​ម្នាក់​ស្លាប់ និង ១១ បាន​រង​របួស​នៅ​ក្នុង​ការ​ប្រយុទ្ធ​គ្នា​ចុង​ក្រោយ​នេះ។

កាល​ពី​ថ្ងៃ​សុក្រ​ទី ២២ ខែ​មេសា ទាហាន​ខ្មែរ និង​ថៃ​បាន​ប្រយុទ្ធ​គ្នា​យ៉ាង​ខ្លាំង​ក្លា​នៅ​ជិត​ប្រាសាទ​តា​មាន់​ធំ និង​ប្រាសាទ​តា​ក្របី បណ្ដាល​ឱ្យ​ទាហាន​ខ្មែរ​ស្លាប់ ៣ នាក់ និង ៦ នាក់​រង​របួស។ ចំណែក​ទាហាន​ថៃ​បាន​ស្លាប់​ចំនួន​៤នាក់ និង ៨ នាក់​ផ្សេង​ទៀត​រង​របួស។

លោក រឿង ហាំ ជំទប់​ទី ២ ឃុំ​គោក​ខ្ពស់ ដែល​នៅ​ជិត​តំបន់​ព្រំដែន បាន​អះអាង​ថា ក្នុង​ការ​ប្រយុទ្ធ​គ្នា​រវាង​ទាហាន​ខ្មែរ និង​ថៃ​នៅ​ជិត​ប្រាសាទ​តា​មាន់​ធំ និង​ប្រាសាទ​តា​ក្របី កាល​ពី​ព្រឹក​ថ្ងៃ​សៅរ៍​ទី ២៣ ខែ​មេសា​នេះ គ្រាប់​កាំភ្លើង​ធំ​របស់​ថៃ​បាន​បាញ់​ចូល​ភូមិ​ខ្មែរ បណ្ដាល​ឱ្យ​ឆេះ ខូច​ខាត​ផ្ទះ​ចំនួន ៩ ខ្នង​និង​សាលា​រៀន ១ ខ្នង។

លោក រឿង ហាំ ៖ «ឆេះ​សាលា​រៀន​អស់ ១ ខ្នង ហើយ និង​ឆេះ​ផ្ទះ​ប្រជា​ពលរដ្ឋ​អស់​ប្រហែល ៦ ខ្នង​នៅ​ភូមិ​បុស​ធំ។ ឆេះ​ប្រហែល​ជា​ម៉ោង ៨ ម៉ោង ៩ នេះ​ឯង»។

អ្នក​នាំ​ពាក្យ​ក្រសួង​ការពារ​ជាតិ​នៃ​ប្រទេស​កម្ពុជា កាល​ពី​ព្រឹក​ថ្ងៃ​សៅរ៍​នេះ បាន​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​មួយ​ថា ស្ថានការណ៍​នៅ​តាម​បណ្ដោយ​ព្រំដែន​កម្ពុជា​ថៃ​ក្នុង​ខេត្ត​ឧត្តរ​មានជ័យ​នៅ​តែ​បន្ត​ការ​គំរាម​កំហែង​ឈ្លាន​ពាន​ពី​សំណាក់​កងទ័ព​ថៃ ដែល​មិន​ត្រឹម​តែ​លើ​វិស័យ​យោធា​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​ប៉ះពាល់​ដល់​សេចក្ដី​សុខសាន្ត​របស់​ជន​ស៊ីវិល​កម្ពុជា​ទៀត​ផង៕

ព័ត៌មាន (2)
Share

អ្នក​អាន​អនាមិក

This is the lesson that we should not trust Thai people and next time if we catch their soldier, we must not release them because they are the one who invades us all the time.

Apr 24, 2011 11:57 PM

អ្នក​អាន​អនាមិក

Please show fresh image of human suffering from Cambodia side. I dont see it, if you look at bangkok post, Thai show picture of woman feeding her children in the tunnel hiding from rocket launcher. If you claim to have such suffering, then where is the proof. The world is watching.

Apr 24, 2011 04:27 PM

គេហទំព័រ​ទាំងមូល