ជន​រងគ្រោះ​ដោយ​អគ្គីភ័យ​នៅ​សង្កាត់​ទឹកថ្លា​អំពាវនាវ​រក​ជំនួយ

ជន​រងគ្រោះ​ដោយ​អគ្គីភ័យ​នៅ​សង្កាត់​ទឹកថ្លា ខណ្ឌ​សែនសុខ ក្រុង​ភ្នំពេញ បាន​អំពាវនាវ​សុំ​ការជួយ​អន្ដរាគមន៍​ពី​សំណាក់​រដ្ឋាភិបាល​និង​សប្បុរសជន​នានា​ដើម្បី​ផ្ដល់​ឲ្យ​ពួក​គេ​អាច​វិល​ត្រឡប់​ទៅ​រស់នៅ​ក្នុង​ភូមិ​ចាស់​វិញ។
ដោយ កែវពេជ្រ មេត្តា
2009.06.13
ជន​រង​គ្រោះ​ដោយ​អគ្គីភ័យ303 ពលរដ្ឋ​រង​គ្រោះ​ដោយសារ​អគ្គីភ័យ​នៅ​ភូមិ​ត្រពាំង​ឈូក សង្កាត់​ទឹក​ថ្លា ក្រុង​ភ្នំពេញ តវ៉ា​នៅ​មុខ​សាលា​ខណ្ឌ​សែនសុខ ទាមទារ​ជំនួយ​ពី​អាជ្ញាធរ​នៅ​ថ្ងៃ​ទី​១៦ មីនា ២០០៩។
RFA/Keo Pech Metta

«សូម​សំណូមពរ​ឲ្យ​រាជ​រដ្ឋាភិបាល​ជួយ​ដោះស្រាយ​កន្លែង​ហ្នឹង​ឲ្យ​បាន​ឆាប់។ ជា​ពិសេស​សាលា​ក្រុង​ឲ្យ​មក​ជួយ​ធ្វើ​ស្ពាន​ឲ្យ​ពួក​ខ្ញុំ​ផង ព្រោះ​អី​ប្រជាជន​នៅ​កន្លែង​នេះ​អត់​មាន​លទ្ធភាព​ទេ...» ៖ នេះ​ជា​ការអំពាវនាវ​របស់​ជន​រងគ្រោះ​ដោយសារ​អគ្គីភ័យ​ដែល​រស់នៅ​លើ​ទឹក​នៅ​ភូមិ​ត្រពាំងឈូក សង្កាត់​ទឹកថ្លា ខណ្ឌ​សែនសុខ ក្រុង​ភ្នំពេញ ក្រោយ​ពី​ត្រូវ​បាន​ភ្លើង​ឆេះ​ផ្ទះ​សម្បែង​អស់​ទ្រព្យ​សម្បត្ដិ​កាលពី​ជាង​មួយ​ឆ្នាំ​កន្លង​ទៅ​ដើម្បី​សុំ​ការជួយ​អន្ដរាគមន៍​ពី​សំណាក់​រាជ​រដ្ឋាភិបាល​និង​សប្បុរសជន​នានា​ដើម្បី​ផ្ដល់​ឲ្យ​ពួក​គេ​អាច​វិល​ត្រឡប់​ទៅ​រស់នៅ​ក្នុង​ភូមិ​ចាស់​វិញ។

ជន​រងគ្រោះ​ដោយ​អគ្គីភ័យ​បាន​បញ្ជាក់​ទៀត​ថា កន្លង​មក​គេ​ធ្លាប់​បាន​ធ្វើការ​អំពាវនាវ​ដល់​រាជ​រដ្ឋាភិបាល​ជា​រឿយៗ​ដែរ ហើយ​មន្ដ្រី​របស់​សាលា​ក្រុង​ភ្នំពេញ ព្រម​ទាំង​អភិបាល​ខណ្ឌ​ក៏​បាន​ចុះ​មក​មើល ថែម​ទាំង​ប្រាប់​ថា​គេ​នឹង​ជួយ​ដោះស្រាយ​សង់​ស្ពាន​ឲ្យ ប៉ុន្តែ​តម្រូវ​ឲ្យ​ប្រជាពលរដ្ឋ​ជួយ​ចេញ​ថវិកា​ខ្លះ។

ជន​រងគ្រោះ​ទាំង​នោះ​បាន​បន្ថែម​ទៀត​ថា ស្រាប់​តែ​មក​ដល់​ពេល​នេះ​អ្វីៗ​ដែល​មន្ដ្រី​បាន​សន្យា​នោះ​មិន​ឃើញ​មាន​លេច​ចេញ​ជា​រូបរាង​អ្វី​ទេ ៖ «គាត់​បាន​មក​សួរ​មតិ​ប្រជាជន​ថា​អាច​មាន​លទ្ធភាព​ជួយ​ស្ពាន​ហ្នឹង​ខ្លះ​ដែរ​ឬ​អត់​ទេ? ប្រជាជន​ថា​អាច​ជួយ​បាន​មួយ​គ្រួសារ​២៥​(ដុល្លារ)។ ប្រធាន​ក្រុម​ប្រធាន​អី​ហ្នឹង​ព្រម​ហើយ ប៉ុន្តែ​ដល់​ឥឡូវ​ហ្នឹង​ឮ​សូរ​ថា​គេ​អត់​មាន​លទ្ធភាព​ជួយ​វិញ»

អភិបាល​ខណ្ឌ​សែនសុខ លោក​បណ្ឌិត ខួង ស្រេង បាន​មាន​ប្រសាសន៍​ប្រាប់​ដែរ​ថា លោក​មិន​បាន​ធ្វើការ​សន្យា​អ្វី​ទេ​គឺ​គ្រាន់តែ​ប្រាប់​ប្រជាពលរដ្ឋ​ថា លោក​នឹង​ប្រឹងប្រែង​រក​សប្បុរសជន​ឲ្យ​ជួយ ពីព្រោះ​ថ្នាក់​ដឹកនាំ​ខណ្ឌ​មិន​មាន​លទ្ធភាព​ជួយ​សង់​ស្ពាន​នោះ​បាន​ឡើយ។

អ្នក​តំណាង​រាស្ដ្រ​មណ្ឌល​ភ្នំពេញ​មួយ​រូប លោក ហូ វណ្ណ បាន​មាន​ប្រសាសន៍​ដែរ​ថា សម្រាប់​លោក​ជា​តំណាង​រាស្ដ្រ​ក៏​មិន​អាច​ធ្វើ​អ្វី​បាន​ដែរ​គឺ​បាន​ត្រឹមតែ​ធ្វើការ​អំពាវនាវ​ដល់​រាជ​រដ្ឋាភិបាល​ពីព្រោះ​កិច្ចការ​នោះ​គឺ​លោក​ជា​អ្នក​ដោះស្រាយ។

លោក ហូ វណ្ណ បាន​មាន​ប្រសាសន៍​ថា ៖ «ហើយ​ទី​២​ទៀត ខាង​គ្រោះ​មហន្តរាយ​ឬ​ក៏​កាកបាទក្រហម​អាច​នឹង​បំពេញ​បន្ថែម​ជាមួយ​នឹង​រដ្ឋាភិបាល»

លោក ម៉ាន់ ឈឿន អភិបាល​រង​ក្រុង​ភ្នំពេញ​បាន​បញ្ជាក់​ប្រាប់​ដែរ​ថា សាលា​ក្រុង​ភ្នំពេញ​ក៏​ដូច​ជា​រាជ​រដ្ឋាភិបាល​មិន​បាន​ព្រងើយ​កន្ដើយ​ទេ ចំពោះ​បញ្ហា​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​នោះ​គឺ​សាលា​ក្រុង​ក៏​កំពុង​តែ​ស្វះស្វែង​រក​សប្បុរសជន​ឲ្យ​គេ​ជួយ​ដែរ។

លោក ម៉ាន់ ឈឿន បាន​បញ្ជាក់​ថា ៖ «កំពុង​តែ​រៀបចំ​ហើយ កំពុង​តែ​ឲ្យ​សាលា​ខណ្ឌ​សែនសុខ​រៀបចំ​កម្មវិធី​ថា​តើ​ត្រូវ​ជួយ​គាត់​របៀប​ម៉េច?»

ប្រជាពលរដ្ឋ​រងគ្រោះ​ដោយសារ​អគ្គីភ័យ​នៅ​ភូមិ​ត្រពាំងឈូក​ដែល​គេ​ប៉ាន់​ប្រមាណ​ថា​មាន​៤០០​គ្រួសារ​នោះ គេ​កំពុង​រង់ចាំ​ការដោះស្រាយ​ពី​អាជ្ញាធរ​ក្រុង ហើយ​ក៏​សូម​ធ្វើការ​អំពាវនាវ​ដល់​ប្រមុខ​រាជ​រដ្ឋាភិបាល គឺ​លោក​នាយក​រដ្ឋមន្ដ្រី ហ៊ុនសែន ផងដែរ ដោយ​សុំ​ឲ្យ​ជួយ​យ៉ាង​ហោច​ណាស់​សង់​ស្ពាន​និង​ផ្លូវ​ថ្នល់​ចូល​ក្នុង​ភូមិ​ដើម្បី​ឲ្យ​ពួក​គេ​អាច​មាន​លទ្ធភាព​សង់​លំនៅ​ឡើង​វិញ។

ជន​រងគ្រោះ​ដដែល​បាន​បន្ដ​ថា ការស្នាក់នៅ​ក្នុង​តង់​កៅស៊ូ​អស់​រយៈពេល​មួយ​ឆ្នាំ​កន្លង​មក​នេះ​បាន​ធ្វើ​ឲ្យ​គេ​ប្រឈម​មុខ​នឹង​បញ្ហា​លំបាក​ជា​ច្រើន​ដូច​ជា​ជម្រក​ត្រូវ​លេច​ធ្លុះធ្លាយ ខ្វះ​អនាម័យ និង​បញ្ហា​អសន្តិសុខ៕

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។