អគ្គិភ័យ​បំផ្លាញ​ផ្ទះ​៤៥០​ខ្នង នៅ​ក្នុង​សង្កាត់​ទឹកថ្លា

យ៉ាងហោចណាស់​មាន​ផ្ទះ​ចំនួន៤៥០​ខ្នង ត្រូវ​បាន​បំផ្លាញ នៅ​ក្នុង​អគ្គិភ័យ​ដ៏​ធំ​សម្បើម​មួយ នា​ព្រឹក​ថ្ងៃ​សុក្រ​នេះ នៅ​តំបន់​អ្នក​ក្រី​ក្រ ក្នុងសង្កាត់​ទឹកថ្លា ក្រុង​ភ្នំពេញ ។
ដោយ គឹម ពៅសុត្តន្ត វិទ្យុឤស៊ីសេរី
2008.04.13
សុត្តន្ត ឡាន​ទឹក ចត​នៅ​ក្បែរ​កន្លែង​ភ្លើង​​ឆេះ ក្នុង​​សង្កាត់​ទឹកថ្លា ក្រុង​ភ្នំពេញ ថ្ងៃ១១ មេសា ២០០៨។
RFA Photo/Kim Peousotan

របាយការណ៍​បណ្តោះ​ឤសន្ន​របស់​ប៉ូលិស ឱ្យ​ដឹង​ថា យ៉ាងហោចណាស់​មាន​ផ្ទះ​ចំនួន៤៥០​ខ្នង ត្រូវ​បាន​បំផ្លាញ នៅ​ក្នុង​អគ្គិភ័យ​ដ៏​ធំ​សម្បើម​មួយ នា​ព្រឹក​ថ្ងៃ​សុក្រ​នេះ នៅ​តំបន់​អ្នក​ក្រី​ក្រ ខាង​លិច​ក្រុង​ភ្នំពេញ ទល់​មុខ​មន្ទីរ​ពេទ្យ លោកសង្ឃ ។

លោក ប៉ែន ថុល មេប៉ុស្តិ៍​សង្កាត់​ទឹកថ្លា មាន​ប្រសាសន៍​ថា មិន​ទាន់​ដឹង​នៅឡើយ អំពី​ចំនួន​អ្នក​រងរបួស ឬ​ក៏​អ្នកស្លាប់ នៅ​ក្នុង​ព្រឹត្តិការណ៍​នោះ​ទេ ។ ឤជ្ញាធរ កំពុង​ខ្នះ​ខ្នែង​ស្រាវជ្រាវ និង​បន្ត​សរុបរបាយការណ៍​នៃ​ការ​ខូច​ខាត ៖ «šយើង​គ្រាន់​តែ​ថា ឆេះ​នេះ វា​ឆេះ​ហួស​ពី​ការ​ស្មាន ។ ថ្នាក់​ដឹកនាំ យកចិត្តទុកដាក់​ជួយណាស់ ហើយ​ជួយ​សង្គ្រោះ​អត់ទាន់›»

អគ្គិភ័យ​នេះ​ចាប់ផ្តើម​ឡើង ចាប់​តាំង​ពី​ម៉ោង ៥​ទៀប​ភ្លឺ រហូត​ដល់​ម៉ោង ១១​ថ្ងៃ​ត្រង់ គឺ​ប្រើ​ពេល​អស់​ចំនួន ៦​ម៉ោង ដោយ​លេប​ត្របាក់​លំនៅ​របស់​អ្នកភូមិ​ទាំងស្រុង គ្មាន​សល់ ដែល​លំនៅ​ទាំង​នោះ ភាគ​ច្រើន​សង់​អំពី​ឈើ នៅ​លើ​បឹង​ទឹក​ស្អុយ ដោយ​ប្រើ​ស្ពាន​តូច​ៗ​ជា​ផ្លូវ ។

អ្នករងគ្រោះ​ដែល​កំពុង​ប្រមូល​អីវ៉ាន់​ចាស់​ៗ​បន្តិច​បន្តួច រត់​ចេញ​ពី​ភ្លើង ទឹកមុខ​ជោគជាំ​ដោយ​ទឹក​ភ្នែក បាន​និយាយ​ប្រាប់ វិទ្យុ​ឤស៊ីសេរី ថា ៖ «šខាង​ក្រោយ​ផ្ទះ​ស្រី​ៗ វា​ជួលប៉ុន្មាន​បន្ទប់ ហើយ​វា​វេច​បង្វេច​រត់បាត់ ។ ខ្ញុំ​ក្រោក​អត់​ទាន់​ផង ក្រោក​ឡើង​ភ្លើង​ឆេះ​ហើយ ។ ផ្ទះ​ខ្ញុំ​ឆេះ​អស់​ហើយ យក​បាន​ខ្លះ... ។ កាល​ពី​មុន​ដំបូង ផ្ទះ​ហ្នឹង​អត់​ទាន់​ឆេះ ខ្ញុំ​ហៅ​ឡាន​ទឹក​មក ឡាន​ទឹក​អត់​មក គេ​ថា​អត់​មាន​ទឹកៗ ទាល់​តែ​ឆេះ​ជ្រុល បាន​ពូ​មួយ​ជួយ​ខ្ញុំ ឥឡូវ​ទាល់​តែ​ឆេះ​អស់​ទៅ›»

នៅ​ពេល​ដែល​យើង​បាន​ទៅ​ដល់​ទីនោះ វេលា​ប្រហែល​ម៉ោង ៥​កន្លះ​ទៀប​ភ្លឺ យើង​បាន​ឃើញ​រថយន្ត​ពន្លត់​អគ្គិភ័យ ប្រហែល​៥​គ្រឿង នៅ​កន្លែង​កើតហេតុ ប៉ុន្តែ​មិន​ទាន់​ឃើញ​មាន​ធ្វើ​សកម្មភាព​ឡើយ ។ ក្រុម​ពន្លត់​អគ្គិភ័យ បាន​និយាយ​ថា គ្មាន​ច្រក​ចូល​ក្នុង​ការ​ចូល​ពន្លត់ ។ ភ្លើង​បាន​ឆាប​ឆេះ​សន្ធោ​សន្ធៅ រីក​រាល​ធំ​ទៅ​ៗ រហូត​ដល់​កម្ទេច​ផ្ទះ​នៅ​តំបន់​នោះ​ទាំងស្រុង ។

អ្នក​រងគ្រោះ​ជាច្រើន​នាក់​និយាយ​ថា គេ​បាន​ទារ​ប្រាក់​មុន​នឹង​ពន្លត់ ។ បុរស​ម្នាក់ ដែល​មាន​សម្លៀក​បំពាក់ ប្រឡាក់​ដោយ​កម្ទេច​កម្ទី​ផ្ទះ​ឆេះ តាំង​ពី​ជើង​រហូត​ដល់​ក្បាល ទទឹក​ខ្លួន​ជោគ ហើយ​ធំ​ក្លិន​ឈ្ងៀម និយាយ​អំពី​មូលហេតុ នៃ​ភ្លើង​ឆេះ​ផ្ទះ និង​ការ​សូក​ប៉ាន់ ៖ «šឆេះ​អស់​ហើយ ...ឱ្យ​លុយ​គេ ៤០០ហើយ គេ​អត់​បាញ់​ឱ្យ​ផង ភ្លើង​ខ្លាំង​ពេក យើង​ឱ្យ​លុយ​សុំ​ឱ្យ​គេ​បាញ់​ឱ្យ ប៉ុន្តែ​អត់​បាញ់​ឱ្យ ។ មូលហេតុ​ផ្ទះ​ស្រី​ខូច វា​ជួល​នៅ​ក្បែរ​ហ្នឹង»›

ប្រភព​ពី​ឤជ្ញាធរ​វិញ​បាន​អះ​ឤង​ថា គេ​បាន​ប្រើ​រថយន្ត​ពន្លត់​អគ្គិភ័យ ចំនួន​២០០​គ្រឿង ដើម្បី​សង្គ្រោះ មក​ដល់​ពេលនេះ​គេ​កំពុង​គិត​គូរ​អំពី ការ​ផ្តល់​ស្បៀង​ឤហារ និង​ជម្រក​បណ្តោះឤសន្ន សម្រាប់​អ្នក​រងគ្រោះ ។

អភិបាលរង​ក្រុង​ភ្នំពេញ លោក ម៉ាន់ ឈឿន មាន​ប្រសាសន៍​យ៉ាង​ដូច្នេះ ៖ «šយើង​នឹង​អំពាវនាវ​បន្ត​ទៀត សប្បុរស​ជន ជា​ពិសេស​មុន​គេ គឺ​កាកបាទ​ក្រហម​ ហ្នឹង​ហើយ ។ ឤជ្ញាធរ​ដែនដី ឤច​ថា លោក​នឹង​រក​សប្បុរសជន​ថែមទៀត មកជួយ ។ ផែនការ​ដោះ​ស្រាយ​នេះ វា​ជា​ភារកិច្ច​របស់​យើង​ហើយ›»

គ្មាន​ប្រភព​ផ្លូវការ​ណាមួយ អះឤង​អំពី​មូលហេតុ​នៃ​អគ្គិភ័យ​នេះ​នៅ​ឡើយ​ទេ ។ ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី ក្រសួង​មហាផ្ទៃ លោក ស ខេង ជាមួយ​នឹង អង្គការ​ក្រៅរដ្ឋាភិបាល និង​ក្រុម​ពេទ្យ​ជា​ច្រើន បាន​មាន​វត្តមាន​នៅ​ក្នុង​កិច្ច​សង្គ្រោះ​នោះ​ដែរ ។

នៅ​ពេល​នេះ មនុស្ស​រាប់​រយនាក់​កំពុង​ប្រឈមមុខ​នឹង បញ្ហា​អត់​ទី​ជម្រក នៅ​គ្រា​ដែល​បុណ្យ​ចូល​ឆ្នាំ​ថ្មី នឹង​មក​ដល់​នា​រយៈពេល​ពីរ​ថ្ងៃ​ខាង​មុខ​នេះ ៕

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។