អ្នកភូមិចាមនៅសង្កាត់ច្រាំងចំរេះ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ នៅថ្ងៃទី ២ ខែមករា ឆ្នាំ ២០១២ បានសំដែងភាពរីករាយ ដោយសារតែពួកគាត់បានប្រមូលផលត្រីកើនជាងឆ្នាំមុនៗ ចំនួន ២ ឬ ៣ ដង ដើម្បីធ្វើប្រហុក និងផ្អកសម្រាប់ឆ្នាំ ២០១២។ ប្រជាពលរដ្ឋបានអះអាងថា ប្រហុក និងផ្អក នៅឆ្នាំ ២០១២ គឺមិនខ្វះសម្រាប់បរិភោគទេ។
ត្រីរៀលជាច្រើនរយតោន ដែលគេកាត់ក្បាលដោយម៉ាស៊ីនរួចហើយ គឺមានតម្លៃរវាងពី ៥០០រៀល ទៅ ៨០០ រៀល ក្នុងមួយគីឡូក្រាម សម្រាប់លក់ឲ្យប្រជាពលរដ្ឋមកពីខេត្តនានា ដើម្បីធ្វើប្រហុក ឬផ្អក។ តម្លៃនេះ គឺថោកជាងឆ្នាំ ២០១០ កន្លងទៅ ដែលមានតម្លៃប្រមាណ ១.៨០០រៀល ឬជិត ២.០០០រៀលក្នុងមួយគីឡូក្រាម។
អ្នកភូមិមួយរូបនៅសង្កាត់ច្រាំងចំរេះ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ឈ្មោះ សា សារលឹម អាយុ ៥៥ឆ្នាំ បានថ្លែងនៅក្បែរកន្លែងប្រមូលផលត្រីថា អ្នកស្រីគ្រោងធ្វើប្រហុកឲ្យបាន ១០០តោននៅឆ្នាំ ២០១២នេះ ដោយសារតែផលត្រីសម្បូណ៌ជាងឆ្នាំមុនៗ។ កាលពីឆ្នាំមុន អ្នកស្រីធ្វើប្រហុកបានតែ ២០ តោន ដោយសារតែខ្សត់ត្រី។
ឈ្មោះ សា សារលឹម៖ «ឆ្នាំនេះសប្បាយចិត្តណាស់ ព្រោះធ្លាក់ត្រីមកច្រើន តាំងពីទន្លេសាបរហូតមកដល់ភ្នំពេញយើងណា ហូរហែមក ហើយប្រជាជនសប្បាយ។ ហ្នឹងហើយអត់បានបិទឡូត៍នេសាទទេ។ បើកឡូត៍នេសាទទាំងអស់។ ហ្នឹងហើយ ប្រជាជនសម្បូរសប្បាយ»។
ជនជាតិម្នាក់ទៀត ឈ្មោះ ម៉ូត សាលេស អាយុ ៤៨ឆ្នាំ បាននិយាយថា លោកគ្រោងធ្វើប្រហុកឲ្យបានជាង ១០០តោនដែរ នៅឆ្នាំនេះ។ ប៉ុន្តែ លោកព្រួយបារម្ភអំពីខ្វះកម្លាំងកម្មករធ្វើប្រហុក ដោយសារតែផលត្រីសម្បូណ៌ជាងឆ្នាំមុនៗ។
លោក ម៉ូត សាលេស៖ «សប្បាយ! ធ្វើមិនទាន់។ សម្បូណ៌ពេកធ្វើ (ប្រហុក) មិនទាន់។
សុខ សេរី៖ «មូលហេតុអ្វីបានសម្បូណ៌បាទ»?
ម៉ូត សាសេស៖ «មូលហេតុមកពីគេដកឡូត៍នេសាទចេញអស់បានសម្បូណ៌។ ខ្ញុំបើវាយទាន់បាន ១០០តោន គឺធ្វើ ១០០តោន។ បើធ្វើអត់ទាន់ បានប៉ុន្មាន គឺធ្វើប៉ុណ្ណឹង»។
ទាក់ទងនឹងការប្រមូលផលត្រីធ្វើប្រហុកនេះ ប្រធានរដ្ឋបាលជលផលនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ណៅ ធួក មានប្រសាសន៍ថា លោកក៏រីករាយដែរ ដោយសារផលត្រីកើនច្រើនបែបនេះ។
លោក ណៅ ធួក៖ «សូមថ្លែងអំណរគុណ ចំពោះសម្ដេច តេជោ ហ៊ុន សែន ដែលលោកបានឈ្លាសវៃ ក្នុងការផ្អាកឡូត៍នេសាទនៅបឹងទន្លេសាប និងធ្វើឲ្យប្រហុក ផលត្រីជាទូទៅនេះកើនឡើងយ៉ាងច្រើន សម្រាប់បម្រើផលប្រយោជន៍ដល់ប្រជាពលរដ្ឋយើងទូទៅ ដែលត្រូវការប្រហុកនេះគ្រប់គ្នា»។
ការកើនផលត្រីទឹកសាបនៅឆ្នាំ ២០១១ គឺក្រោយពេលដែលរដ្ឋាភិបាលបានបង្ក្រាបបទល្មើសនេសាទនៅបឹងទន្លេសាបកន្លងមក និងបានរឹបអូសឡូត៍នេសាទឯកជនចំនួន ៣៥ នៅបឹងទន្លេសាប ដាក់ជាសម្បត្តិរដ្ឋ ដើម្បីបង្កើនផលត្រី នៅឆ្នាំក្រោយៗ ទៀត។
រដ្ឋបាលជលផល បានបើករដូវនេសាទ នៅថ្ងៃទី១ ខែតុលា ឆ្នាំ ២០១១ កន្លងទៅនេះ។ ប៉ុន្តែ រដូវដែលប្រជាពលរដ្ឋប្រមូលផលត្រីទឹកសាប ដើម្បីធ្វើប្រហុក ឬផ្អកនោះ គឺចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី ៧ ខែមករា ដើមឆ្នាំ ២០១២។ ការប្រមូលផលត្រីទឹកសាបនេះ និងធ្វើម្ដងទៀត នៅដើមខែកុម្ភៈ ឆ្នាំ ២០១២។
រដ្ឋបាលជលផលមានផែនការប្រមូលផលត្រី ដើម្បីធ្វើប្រហុក និងផ្អកឲ្យបានចំនួនជាង ៥សែនតោន នៅឆ្នាំ ២០១២ គឺកើនជាងឆ្នាំ ២០១០ កន្លងទៅ។ ទីផ្សារសម្រាប់នាំចេញប្រហុកជាច្រើនពាន់តោនពីកម្ពុជានោះ គឺទៅប្រទេសថៃ ដើម្បីយកទៅកែច្នៃបន្ថែមទៀត៕