ផល​ត្រី​ក្នុង​ឆ្នាំ​២០១០​ធ្លាក់​ចុះ

មន្ត្រី​ជាន់​ខ្ពស់​រដ្ឋបាល​ជលផល​ប្រទេស​កម្ពុជា បាន​ឲ្យ​ដឹង​ថា នៅ​ឆ្នាំ​២០១០​នេះ ផល​ត្រី​ទឹក​សាប ផល​ត្រី​ទឹក​ប្រៃ និង​ផល​ត្រី​ចិញ្ចឹម​នៅ​ក្នុង​ស្រះ គឺ​ប្រមូល​បាន​ចំនួន​ជាង ៥០០​ពាន់​តោន ដែល​ជា​ចំនួន​តិច​ជាង​ឆ្នាំ​២០០៩ កន្លង​ទៅ​បន្តិចបន្តួច។
ដោយ សុខ សេរី
2010-12-14
Share
ត្រី​៣០៥ ត្រី​នៅ​ក្នុង​ស្ថានីយ​ចិញ្ចឹម​ត្រី​មួយ​កន្លែង​ស្ថិត​នៅ​ស្រុក​ស្អាង ខេត្ត​កណ្ដាល
RFA/Kim Peou

ផល​ត្រី​ទឹក​ប្រៃ​ដែល​ប្រមូល​បាន គឺ​មាន​ចំនួន ៧៥​ពាន់​តោន និង​ផល​ត្រី​ទឹក​សាប គឺ​ប្រមូល​បាន​ចំនួន​ប្រហែល​ចំនួន ៣៧០​ពាន់​តោន សម្រាប់​ឆ្នាំ​២០១០​នេះ។ ត្រី​ដែល​ចិញ្ចឹម​ក្នុង​ស្រះ​នានា គឺ​ប្រមូល​បាន​ចំនួន ៦៥​ពាន់​តោន។

ប្រធាន​រដ្ឋបាល​ជលផល​នៃ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ប្រទេស​កម្ពុជា លោក ណៅ ធួក បាន​មាន​ប្រសាសន៍​ថា លោក​ទើប​តែ​បាន​ទៅ​ពិនិត្យ​ការ​ប្រមូល​ផល​ត្រី​នៅ​ក្នុង​ខេត្ត​មួយ​ចំនួន​នៅ​តាម​បណ្ដោយ​បឹង​ទន្លេ​សាប​ថ្មីៗ​នេះ ដូចជា​ខេត្ត​ពោធិ៍សាត់ បាត់ដំបង និង​ខេត្ត​កំពង់ឆ្នាំង។

លោក​បន្ត​ថា ៖ «ឥឡូវ​នេះ​ការ​ព្រួយ​បារម្ភ គឺ​សំខាន់​បំផុត​ការ​ប្រើ​ឧបករណ៍​នេសាទ​ល្មើស​ច្បាប់។ បើ​នៅ​បឹង​ទន្លេ​សាប គឺ​ការ​ប្រើ​ឧបករណ៍​ហៅ​ថា ប ឬ​ក៏​ប្រើ​អំពី​សាច់​អួន​រាប់​គីឡូម៉ែត្រ។ យើង​ចាប់​យក​ចិត្ត​ទុក​ដាក់​បង្ក្រាប​ហ្នឹង ពីព្រោះ​វា​ចាប់​ច្រើន ហើយ​គេ​ធ្វើ​ខុស​រដូវ ពីព្រោះ​ឥឡូវ​ហ្នឹង​យើង​មិន​ទាន់​អនុញ្ញាត​ឲ្យ​ធ្វើ​ទេ»

រដ្ឋបាល​ជលផល​បាន​បង្កើន​ការ​បង្ក្រាប​បទល្មើស​នេសាទ​ខុស​ច្បាប់​ចំនួន​ជាង ៦.៦០០​ករណី​នៅ​ក្នុង​ឆ្នាំ​២០១០​នេះ គឺ​លើស​ឆ្នាំ​២០០៩ កន្លង​ទៅ ដើម្បី​រក្សា​ផល​ត្រី​ឲ្យ​បាន​ច្រើន​នៅ​ឆ្នាំ​២០១០ ដោយសារ​កម្ពស់​ទឹក​ទន្លេ​សាប និង​ទន្លេ​មេគង្គ ទាប​ជាង​ឆ្នាំ​២០០៩ កន្លង​ទៅ​រវាង​ពី ១​ម៉ែត្រ ទៅ ២​ម៉ែត្រ ដែល​ធ្វើ​ឲ្យ​ត្រី​ពង​កូន​បាន​តិច។

សកម្មជន​ការពារ​ធនធាន​ជលផល​បាន​ឲ្យ​ដឹង​ថា មាន​ប្រជាពលរដ្ឋ​ចំនួន ១,៥​លាន​នាក់​រស់​នៅ​ពឹង​ផ្អែក​ទាំង​ស្រុង​លើ​ការ​នេសាទ​ត្រី និង​ប្រជាពលរដ្ឋ​ជាង ៤​លាន​នាក់​ទៀត​រស់​នៅ​ពឹង​ផ្អែក​បន្ទាប់បន្សំ​លើ​ការ​នេសាទ​ត្រី។

ប្រធាន​ស្ដីទី​នៃ​សម្ព័ន្ធភាព​ដើម្បី​អភិរក្ស​ធនធាន​ជលផល​នៅ​ក្នុង​ប្រទេស​កម្ពុជា លោក អ៊ុំ សាវ៉ាត បាន​មាន​ប្រសាសន៍​ថា លោក​គាំទ្រ​ឲ្យ​មាន​ការ​បន្ត​បង្ក្រាប​បទល្មើស​នេសាទ​ខ្លាំងក្លា​នៅ​ឆ្នាំ​ក្រោយ​ៗ​ទៀត ៖ «ពិសេស​គឺ​ការ​ប្រើ​ឧបករណ៍​ខុស​ច្បាប់ ហើយ​ទន្ទឹម​នឹង​នេះ​ដែរ ក៏​យើង​សុំ​ឲ្យ​ក្រសួង​កសិកម្ម​ជួយ​បង្ក​លក្ខណៈ​យ៉ាង​ណា​ឲ្យ​សេចក្ដី​ប្រកាស​ស្ដី​ពី​ការ​ប្រើប្រាស់​ឧបករណ៍​នេសាទ​ជា​លក្ខណៈ​គ្រួសារ​ហ្នឹង អាច​ឲ្យ​អ្នក​នេសាទ​យើង​គាត់​ប្រើប្រាស់​ឧបករណ៍​នៅ​ក្នុង​ក្របខ័ណ្ឌ​មួយ អាច​ចិញ្ចឹម​ជីវិត​បាន»

រដ្ឋបាល​ជលផល​បាន​បំផុស​ឲ្យ​ប្រជាពលរដ្ឋ​នៅ​ទូទាំង​ប្រទេស​កម្ពុជា ធ្វើ​ស្រះ​ចិញ្ចឹម​ត្រី​បាន​ចំនួន​ជាង ៥​ម៉ឺន​ស្រះ​ហើយ តាំង​ពី​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រកាស​កាល​ពី​ថ្ងៃ​ទី​១ ខែ​កក្កដា ឆ្នាំ​២០០៩ កន្លង​ទៅ នៅ​ក្នុង​ខេត្ត​កែប។

មន្ត្រី​រដ្ឋបាល​ជលផល​មាន​គម្រោង​ការ​បំផុស​ឲ្យ​ប្រជាពលរដ្ឋ​ធ្វើ​ស្រះ​ចិញ្ចឹម​ត្រី​ឲ្យ​បាន​ចំនួន​ច្រើន​លាន​ស្រះ​ចិញ្ចឹម​ត្រី ដើម្បី​ចៀសវាង​ការ​ពឹង​ផ្អែក​ខ្លាំង​ពេក​លើ​ត្រី​ធម្មជាតិ​នៅ​ក្នុង​ទន្លេ​សាប ទន្លេ​មេគង្គ និង​បឹង​ធម្មជាតិ​ជាដើម៕

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល