សហគមន៍​នេសាទ​នៅ​ខែត្រ​ព្រះសីហនុ​ប្រតិកម្ម​នឹង​គម្រោង​បូម​ខ្សាច់

យ៉ាង​ហោច​ណាស់ ប្រជា​សហគមន៍​នេសាទ​តំបន់​ឆ្នេរ​សមុទ្រ​ស្រុក​ស្ទឹងហាវ ខេត្ត​ព្រះសីហនុ ជា​ច្រើន​រយ​គ្រួសារ បាន​ប្រតិកម្ម​ជំទាស់​ចំពោះ​ការ​ប៉ុនប៉ង​របស់​ក្រុមហ៊ុន​ឯកជន​មួយចំនួន​ក្នុង​ការ​បូម​ខ្សាច់​បាត​ឆ្នេរ​សមុទ្រ​ក្នុង​ស្រុក​ស្ទឹងហាវ។
ដោយ សេក បណ្ឌិត
2009-12-06
Share
ខែត្រ​ព្រះសីហនុ​៣០៥ ១១-មេសា-២០០៣: ទេសចរ​ងូត​ទឹក​កម្សាន្ត​នៅ​ខែត្រ​ព្រះសីហនុ។
AFP Photo/Rob Elliott

អនុ​ប្រធាន​សហគមន៍​នេសាទ​តំបន់​ឆ្នេរ​ស្រុក​ស្ទឹងហាវ ខេត្ត​ព្រះសីហនុ លោក អ៊ុំ ដេង បាន​ឲ្យ​វិទ្យុ​អាស៊ីសេរី​ដឹង​នៅ​ថ្ងៃ​សៅរ៍ ទី​៥ ធ្នូ​នេះ ថា កាល​ពី​ពាក់​កណ្តាល​ខែ​វិច្ឆិកា​កន្លង​ទៅ​ថ្មីៗ​នេះ ក្រុមហ៊ុន សុវណ្ណភូមិ និង​មន្រ្តី​ជលផល​ខេត្ត បាន​មក​ធ្វើ​ការ​សម្រប​សម្រួល​ស្វែងរក​អន្តរាគមន៍​ពី​អាជា្ញធរ​និង​ការ​គាំទ្រ​ពី​ប្រជាពលរដ្ឋ ក្នុង​ការ​អនុវត្ត​លើ​គម្រោង​បូម​ខ្សាច់​បាត​ឆ្នេរ​ស្ថិត​នៅ​ចន្លោះ​ពី​កោះ​ដែកគោល ខេត្ត​ព្រះសីហនុ ឆ្ពោះ​មក​ឆ្នេរ​ស្រុក​ស្ទឹងហាវ ចំនួន ១៨.៤៣២​ហិកតា។

ការ​ជំទាស់​បាន​ធ្វើ​ឡើង​ក្រោយ​ពី​ការ​បារម្ភ​ថា គម្រោង​បូម​ខ្សាច់​បាត​ឆ្នេរ​នោះ​នឹង​នាំ​ឲ្យ​មាន​ការ​វិនាស​ហិនហោច​ត្រី​និង​ធនធាន​ធម្មជាតិ​ក្នុង​ទឹក​សមុទ្រ ដែល​ប្រជាពលរដ្ឋ​នៅ​តំបន់​នោះ​ធ្លាប់​អាស្រ័យ​ផល​ក្នុង​ការ​ចិញ្ចឹម​ជីវិត​គ្រួសារ។

លោក អ៊ុំ ដេង បាន​បញ្ជាក់​ថា ៖ «ផល​ប៉ះពាល់​វា​មាន​រន្ធ​ក្ដាម រន្ធ​បង្គា រន្ធ​បង្កង រន្ធ​សត្វ​ដទៃៗ​ទៀត​ជា​ធនធាន​ជលផល​ហ្នឹង ធ្វើ​ឲ្យ​អស់​តែម្ដង ធ្វើ​ឲ្យ​ទឹក​ស្អុយ ត្រី​នៅ​មិន​បាន»

លោក​បន្ត​ថា ប្រជាពលរដ្ឋ​ភាគ​ច្រើន​មាន​ប្រតិកម្ម​ជំទាស់​យ៉ាង​ដាច់ខាត​ជាមួយ​នឹង​គម្រោងការ​បូម​ខ្សាច់​នេះ ហើយ​បាន​អំពាវនាវ​ឲ្យ​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន ជួយ​ទប់ស្កាត់។

លោក អ៊ុំ ដេង បាន​មាន​ប្រសាសន៍​ថា ៖ «សូម​រដ្ឋាភិបាល​មេត្តា​កុំ​ឲ្យ​ក្រុមហ៊ុន សុវណ្ណភូមិ ឬ​ក៏​ក្រុមហ៊ុន​ដទៃ​ទៀត មក​បូម​ដី​ខ្សាច់​នៅ​ក្នុង​តំបន់​ឆក​សមុទ្រ​កំពង់សោម ព្រោះ​ថា បូម​ទៅ​ធ្វើ​ឲ្យ​លក្ខណៈ​បាត​សមុទ្រ​មិន​មាន​ធម្មជាតិ ធ្វើ​ឲ្យ​ខូច​ប្រព័ន្ធ​អេកូឡូស៊ី​សមុទ្រ​ហ្នឹង​តែម្ដង គឺ​ធនធាន​ជលផល​នឹង​ត្រូវ​បាត់បង់ ហិនហោច ធ្វើ​ឲ្យ​អ្នក​នេសាទ​ក្រីក្រ​ត្រូវតែ​ដាច់​ពោះ​ស្លាប់»

វិទ្យុ​អាស៊ីសេរី​មិន​ទាន់​អាច​ទាក់ទង​សុំ​ការ​បញ្ជាក់​ពី​ក្រុមហ៊ុន សុវណ្ណភូមិ ដែល​ត្រូវ​ប្រជាពលរដ្ឋ​ចោទ​ប្រកាន់​នោះ​បាន​នៅ​ឡើយ​នៅ​សៅរ៍ ទី​៥ ធ្នូ​នេះ។

ដោយឡែក​ប្រធាន​មន្ទីរ​ជលផល​ខេត្ត​ព្រះសីហនុ លោក ដួង សំអាត បាន​ប្រាប់​វិទ្យុ​អាស៊ីសេរី​តាម​ទូរស័ព្ទ​មក​ថា ពិត​ជា​មាន​ក្រុមហ៊ុន​មក​រត់ការ​លើ​ករណី​បូម​ខ្សាច់​នេះ​មែន ប៉ុន្តែ​មក​ដល់​នេះ​លោក​មិន​ទាន់​បាន​ទទួល​ការ​សម្រេច​យ៉ាង​ណា​ពី​ថ្នាក់​លើ​នៅ​ឡើយ។

កាល​ពី​ដើម​ឆ្នាំ​កន្លង​ទៅ​នេះ ប្រមុខ​រដ្ឋាភិបាល​ធ្លាប់​បាន​ប្រកាស​បញ្ឈប់​ការ​ធ្វើ​អាជីវកម្ម​លក់​ទៅ​បរទេស​ដើម្បី​រក្សា​ធនធាន​ធម្មជាតិ និង​ទប់ទល់​ចំពោះ​ការ​បាក់​ច្រាំង​ទន្លេ​ជាដើម។ ការ​ប្រកាស​ធ្វើ​ឡើង​ក្រោយ​ពី​របាយការណ៍​ជា​ច្រើន​របស់​ប្រជាពលរដ្ឋ​បាន​និយាយ​អំពី​ការ​រង​គ្រោះ​ក្រោយ​ពី​ការ​អនុញ្ញាត​នៃ​ការ​ធ្វើ​អាជីវកម្ម​ខ្សាច់​នេះ។

ក្រុម​ប្រជាពលរដ្ឋ​នៅ​ស្រុក​ស្ទឹងហាវ​បាន​ឲ្យ​ដឹង​ថា ក្រៅ​ពី​ការ​បូម​ខ្សាច់​ក៏​នៅ​មាន​ក្រុមហ៊ុន​កំពុង​រត់ការ​រុករក​រ៉ែ​ធ្យូង​ថ្ម​ថែម​ទៀត។ គេ​នៅ​មិន​ទាន់​ដឹង​នៅ​ឡើយ​ថា អំពី​គម្រោង​បូម​ខ្សាច់ ក្រុមហ៊ុន​នេះ​ធ្វើ​ឡើង​ដើម្បី​គោលដៅ​អ្វី​នៅ​ឡើយ​ទេ ហើយ​ក្រុម​ប្រជាពលរដ្ឋ​ក៏​សម្ដែង​ការ​ព្រួយ​បារម្ភ​ផងដែរ​ថា ប្រការ​នេះ​វា​មាន​ផល​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ដល់​បរិស្ថាន​ធនធាន​ធម្មជាតិ ជា​ពិសេស​ការ​រស់នៅ​របស់​ប្រជាពលរដ្ឋ​ក្រីក្រ​ជាង ១.០០០​គ្រួសារ​ដែល​រស់នៅ​ពឹង​តែ​ទៅ​លើ​ធនធាន​ធម្មជាតិ ដូច​ជា​ការ​នេសាទ​ជាដើម៕

ព័ត៌មាន (2)

មើល​មតិ​ទាំង​អស់.

Anonymous says:
Dec 06, 2009 03:57 AM

AFTER SOME OF H.E GOT MILLION OF DOLLAR FROM THOSE IVESTORS, THE POVERTY PEOPLE WILL FACE WITH HUNRY, WHO IS GOING TO RESPONSIBLE FOR THEIR LIVES THAT LIVED AROUND THEIR. DID THOSE CORRUPTOR H.E KNOW HOW TO SOLVE THE PROBLEM WITH OUT YOUR A BIG BROTHER INVOLVED WITH? WHERE IS THE CORRUPTION MONEY THAT THEY GOT FROM THOSE INVESTORS? WHEN IS THIS ISSUED GOING TO BE SOLVED?

Anonymous says:
Dec 05, 2009 08:30 PM

I am personally impressed with the standing up of members of the community fishery in Steung Harve. This is a democracy in the making that every resource dependent community should model after when facing with any private profit motive effort to exploit the community resources. Bravo! Steung Harve community! We are your back!

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល