ប្រជានេសាទ​នៅ​ខែត្រ​កំពត​តវ៉ា​ប្រឆាំង​នឹង​ការចាក់​ដី​លុប​ឆ្នេរ​សមុទ្រ​របស់​ក្រុមហ៊ុន

ប្រជាពលរដ្ឋ​ខែ្មរ​ជា​អ្នក​នេសាទ​ចំនួន​ប្រមាណ​២០០​នាក់​រស់​នៅ​ក្នុង​ភូមិ​រលួស ឃុំ​បឹងឈូក ស្រុក​កំពត ខេត្ត​កំពត នៅ​ថៃ្ង​សៅរ៍​នេះ បាន​លើក​គ្នា​មក​តវ៉ា​នឹង​ប្តឹង​មក​អង្គការ​សិទ្ធិ​មនុស្ស​អាដហុក​ក្នុង​ខេត្ត​កំពត ដើម្បី​ប្រឆាំង​នឹង​ក្រុមហ៊ុន​ចំនួន​២​ដែល​កំពុងតែ​បូម​ខ្សាច់​និង​ចាក់​ដី​លុប​ឆេ្នរ​សមុទ្រ​បណ្តាល​ឲ្យ​បាត់បង់​ជម្រក​មច្ឆាជាតិ​នៅ​ក្នុង​សមុទ្រ ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ទាំង​នោះ​មិន​អាច​នេសាទ​ត្រី​និង​ក្តាម​សមុទ្រ​ដើម្បី​ទ្រទ្រង់​ជីវភាព​ប្រចាំ​ថៃ្ង​បាន ។
ដោយ សុខ សេរី
2008-08-23
Share

ផ្អែក​តាម​ប្រភព​បាន​ឲ្យ​ដឹង​ថា តំបន់​ឆ្នេរ​សមុទ្រ​កំពុង​រង​ការបូម​ខ្សាច់​ចាក់​ដី​លុប​នោះ​គឺ​ស្ថិត​នៅ​ក្នុង​ភូមិ​កែបថ្មី ភូមិ​ទទឹងថៃ្ង និង​ភូមិរលួស នៅ​ក្នុង​ស្រុក​កំពត ខេត្ត​កំពត ។

លោក គង់ ឆយ អាយុ​៤៧​ឆ្នាំ​តំណាង​ប្រជាពលរដ្ឋ​អ្នក​នេសាទ​រស់​នៅ​ក្នុង​ភូមិ​រលួស ឃុំ​បឹងឈូក ស្រុក​កំពត ខេត្ត​កំពត ក្នុង​ចំណោម​ប្រជាពលរដ្ឋ​អ្នក​នេសាទ​ចំនួន​២០០​នាក់​បាន​មក​តវ៉ា​នៅ​ថៃ្ង​សៅរ៍​នេះ នៅ​ខាង​មុខ​ការិយាល័យ​អង្គការ​សិទ្ធិ​មនុស្ស​អាដហុក​ក្នុង​ខេត្ត​កំពត បាន​មាន​ប្រសាសន៍​ថា ៖ «បូម​ខ្សាច់​លុប​ដី​សមុទ្រ​តែម្ដង ប៉ះពាល់​ធ្ងន់ធ្ងរ​ស្ទើរតែ​គណនា​មិន​កើត ប៉ះពាល់​ទៅ​ដល់​ជម្រក​មច្ឆាជាតិ ហើយ​ម៉្យាងទៀត​ប្រជាជន​រាប់​ពាន់​នាក់​ត្រូវ​ដាច់​បាយ ប៉ុន្តែ​ឥឡូវ​គេ​ចាប់ផ្ដើម​លុប​នៅ​ក្នុង​គម្រោង បើសិន​ទុក​ឲ្យ​គេ​លុប​ពួក​យើង​ខ្ញុំ​នឹង​អត់ វា​បាត់បង់​ទី​ជម្រក បើសិន​ណា​ជា​លុប លុប​ជិត យើង​បាន​កន្លែង​ណា​រក»

លោកស្រី ទ្រី ឈួន អ្នក​សម្រប​សម្រួល​របស់​អង្គការ​សិទ្ធិ​មនុស្ស​អាដហុក​ប្រចាំការ​ក្នុង​ខេត្ត​កំពត ដែល​បាន​ទទួល​ពាក្យបណ្ដឹង​ពី​ប្រជាពលរដ្ឋ​មក​តវ៉ា បាន​មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា ៖ «យើង​ឃើញ​ថា​ផល​ប៉ះពាល់​ហ្នឹង​ធ្ងន់ធ្ងរ​ណាស់ ព្រោះ​ប្រជាពលរដ្ឋ​នៅ​តំបន់​នេះ​អត់​មាន​ស្រែ​ទេ និយាយ​រួម​ប្រជានេសាទ​ធ្ងន់ធ្ងរ​តែម្ដង ព្រោះ​ធនធាន​នៅ​ក្នុង​សមុទ្រ​ហ្នឹង​អស់​ហើយ ព្រោះ​ជម្រក​ត្រី​អី​ត្រូវ​បាត់បង់​អស់​ហើយ គាត់​ទៅ​រក​ឯណា​ទៀត ហើយ​អត់​មាន​កន្លែង​ទៅ​រក​ទៀត ព្រោះ​អី​គេ​បូម​ព័ទ្ធ​ធ្វើ​ជា​ផ្លូវ ធ្វើ​ជា​ថ្នល់​ពេញ​សមុទ្រ​អស់​ហើយ»

ការតវ៉ា​របស់​ប្រជាពលរដ្ឋ​ខែ្មរ​ជា​អ្នក​នេសាទ​សមុទ្រ​ចំនួន​២០០​នាក់​កាលពី​ព្រឹក​ថៃ្ង​សៅរ៍​នេះ នៅ​គ្រា​ដែល​ក្រុមហ៊ុន​ចំនួន​ពីរ​គឺ​ក្រុមហ៊ុន កែវ ជា Limited និង​ក្រុមហ៊ុន​ឈ្មោះ Develop ប៊េន កំពុងតែ​បូម​ខ្សាច់​និង​ចាក់​ដី​លុប​ឆ្នេរ​សមុទ្រ​ចាប់ផ្ដើម​ពី​ភូមិ​រលួស​រយៈពេល​បី​ថៃ្ង​មក​ហើយ ។

លោក ឃឹម សាម៉ន អភិបាល​រង​ខេត្ត​កំពត បាន​មាន​ប្រសាសន៍​ថា​លោក​មិន​អាច​ធ្វើ​អត្ថាធិប្បាយ​អ្វី​បាន​ទេ​ដោយសារតែ​លោក​កំពុងតែ​ជាប់​រវល់​ប្រជុំ​នៅ​ថៃ្ង​សៅរ៍​នេះ ។

មិន​អាច​ទាក់ទង​សុំ​សេចក្តី​អត្ថាធិប្បាយ​និង​ប្រតិកម្ម​បាន​ភ្លាមៗ​ទេ​ពី​តំណាង​ក្រុមហ៊ុន​ដែល​រង​ការចោទ​ប្រកាន់​ពី​ប្រជាពលរដ្ឋ​ខាង​លើ​នេះ ។

ផែ្អក​តាម​ប្រភព​បាន​ឲ្យ​ដឹង​ថា មាន​លិខិត​ស.ជ.ណ.​មួយ​ចុះ​ថៃ្ង​ទី​៣ ខែ​មីនា ឆ្នាំ ២០០៨ កន្លង​ទៅ​នេះ ចុះ​ហត្ថលេខា​ដោយ​លោក ប្រាក់ សុខុន មន្រ្តី​នៃ​ទីស្តីការ​គណៈរដ្ឋមន្រ្តី បាន​អនុញ្ញត​ឲ្យ​ក្រុមហ៊ុន​ឈ្មោះ កែវ ជា Limited និង​ក្រុមហ៊ុន​ឈ្មោះ Develop ប៊េន បូម​ខ្សាច់​និង​ចាក់​ដី​លុប​ឆ្នេរ​សមុទ្រ​ទំហំ​ប្រមាណ​២០០​ហិកតា​ដើម្បី​ធ្វើ​វិនិយោគ​និង​អភិវឌ្ឍ​ឆ្នេរ​សមុទ្រ​នោះ ។

តំណាង​ប្រជាពលរដ្ឋ​មក​តវ៉ា​បាន​គំរាម​ថា ពួក​គេ​នឹង​បន្ត​ការតវ៉ា​ប្រឆាំង​ការបូម​ខ្សាច់​និង​ចាក់​ដី​លុប​ឆ្នេរ​សមុទ្រ​នោះ​ជា​បន្ត​ទៀត ដោយ​ពួកគេ​មាន​គម្រោងការ​ប្រមូល​គ្នា​ជិះ​ទូក​ទៅ​ទ្បោមព័ទ្ធ​ការដ្ឋាន​បូម​ខ្សាច់​និង​ចាក់​ដី​លុប​នោះ ។

ផ្អែក​តាម​ប្រភព​ដដែល​បាន​ឲ្យ​ដឹង​ថា ក្រុមហ៊ុន​នោះ​បាន​សម្រេច​ផ្អាក​ការបូម​ខ្សាច់​និង​ចាក់​ដី​នោះ​ហើយ​នៅ​ថៃ្ង​សៅរ៍​នេះ ហើយ​តំណាង​ក្រុមហ៊ុន​មាន​គម្រោងការ​បើក​ការចរចា​ជាមួយ​តំណាង​ប្រជាពលរដ្ឋ​នៅ​ថៃ្ង​ច័ន្ទ​ដើម​សប្តាហ៍​ខាង​មុខ​នេះ​នៅ​ឯ​ការដ្ឋាន​បូម​ខ្សាច់​តែម្តង ។

ប្រជាពលរដ្ឋ​ដែល​បាន​ឡើង​មក​តវ៉ា​នៅ​ថៃ្ង​សៅរ៍​នេះ​បាន​យល់ព្រម​រំសាយ​ហើយ​វិល​ត្រឡប់​ទៅ​ផ្ទះ​សម្បែង​របស់​ពួក​គេ​វិញ ៕

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល