ប្រជា​នេសាទ​នៅ​ខេត្ត​កំពត​ព្រួយ​បារម្ភ​ពី​ការ​បាត់​បង់​មុខ​របរ

ប្រជាពលរដ្ឋ​ដែល​ប្រកប​របរ​នេសាទ​នៅ​តំបន់​ឆ្នេរ​សមុទ្រ នា​ខេត្ត​កំពត បាន​សម្ដែង​នូវ​ក្ដី​កង្វល់​អំពី​ការ​បាត់បង់​មុខ​របរ​របស់​ពួក​គាត់។
ដោយ អ៊ួន ឈិន
2008-08-11
Share

ប្រជាពលរដ្ឋ​រស់​នៅ​ភូមិ​បឹង​តាព្រាហ្ម ឃុំ​ត្រើយកោះ ស្រុក​កំពង់បាយ ខេត្ត​កំពត បាន​នាំ​គ្នា​ត្អូញត្អែរ​នៅ​ថ្ងៃ​អាទិត្យ ទី​១០ ខែ​សីហា​នេះ ពី​ការ​លំបាក​ដែល​ពួក​គាត់​កំពុង​តែ​ជួប​ប្រទះ ជា​ពិសេស គឺ​ការ​បាត់​បង់​នូវ​មុខ​របរ​នេសាទ​ត​ពូជ​ត​ពង្ស​របស់​ពួក​គាត់ បន្ទាប់​ពី​មាន​ការ​បូម​ដី​លុប​សមុទ្រ​ពី​សំណាក់​ក្រុមហ៊ុន​មួយ​ក្រោម​រូបភាព​អភិវឌ្ឍន៍។

បុរស​វ័យ​ចំណាស់​ម្ចាស់​ស្រុក​ម្នាក់ លោក ឌុច យន បាន​មាន​ប្រសាសន៍​បង្ហាញ​ពី​ក្ដី​អស់​សង្ឃឹម​និង​ភាព​ទាល់​ច្រក​របស់​ពួក​គាត់ យ៉ាង​ដូច្នេះ ៖ «ខ្ញុំ​បាទ សូម​សំណូមពរ​ដល់​សម្ដេច​នាយក​រដ្ឋមន្រ្តី ឲ្យ​លោក​ជួយ​សម្រួល​ទុក​ដី​នេះ ជូន​ប្រជាជន​យើង​នៅ​ម្ដុំ​នេះ រក​ហូបចុក​ជា​បន្ត​ទៅ​ទៀត។ ព្រោះ​តាំង​ពី​ដូន​តា​មក ខ្ញុំ​កើត​មក​អាយុ ៦២​-៦៣​ហើយ មិន​ដែល​អ្នកណា​មក​ធ្វើ​អ៊ីចឹង​ទេ ធ្លាប់តែ​រក​ហូប​ចុក​ហ្នឹង។ ...កុន​ហើយ ឆ្នាំង​បាយ ឆ្នាំង​សម្ល មិន​ដឹង​នៅ​ឯណា​ទេ ព្រោះ​ក្រ​ណាស់»

ស្ត្រី​ម្នាក់​ដែល​សមាជិក​គ្រួសារ​របស់​គាត់​ទាំង​អស់​សុទ្ធ​តែ​ជា​អ្នក​នេសាទ អ្នកស្រី ឃួន ចន្ថា  បាន​រៀបរាប់​ពី​ការលំបាក​ដែល​ពួក​គាត់​កំពុង​តែ​ប្រឈម​មុខ ដូច្នេះ​ថា ៖ «ឥឡូវ ពិបាក​ចិត្ត​ពេក កូន​ខ្ញុំ​ក៏​ធំ ខ្ញុំ​មុខ​របរ​រកស៊ី តាំង​ពី​ដើម ឪពុក​ខ្ញុំ​ធ្វើការ​នៅ​សមុទ្រ រក​ស៊ី តែ​ឥឡូវ មាន​ក្រុមហ៊ុន​មក​ធ្វើ​កន្លែង​សមុទ្រ​អស់ តើ​ក្រុម​គ្រួសារ​ខ្ញុំ​បាន​អី​ហូប ត​ទៅ​មុខ​ទៀត  មាន​តែ​ងាប់​ទេ ត​ទៅ​មុខ រក​អី​បាន»

មេឃុំ​ត្រើយកោះ លោក ពៅ សុន បាន​មាន​ប្រសាសន៍​អះអាង​ពី​លទ្ធភាព​ដែល​អាច​ទទួល​បាន​ពី​គម្រោង​អភិវឌ្ឍន៍​នេះ​និង​ឱកាស​ការងារ​សម្រាប់​ប្រជា​ពលរដ្ឋ​ខ្មែរ ៖ «ពី​ខេត្ត​អី គេ​ឯកភាព​ជាមួយ​គ្នា​ថា រឿង​ផល​ប៉ះពាល់​កាល​ណា​ធ្វើ វា​មាន​អ៊ីចឹង​ហើយ ព្រោះ​ថា សមុទ្រ​យើង​ឥឡូវ​ហ្នឹង បើ​យើង​ថា​ទុក​ដី​ប៉ុណ្ណឹង ក៏​វា​មិន​ចំណេញ​អី​ប៉ុន្មាន ព្រោះ​រកស៊ី​មិន​បាន មិន​ដឹង​យ៉ាងម៉េច ធនធាន​សមុទ្រ ដូច​ថា កំណើន​មនុស្ស​វា​ច្រើន ទូក​ទាល់​តែ​ប្រើ​ឧបករណ៍​ទំនើប អ៊ីចឹង​ទៅ វា​អត់​សូវ​មាន​ត្រី មាន​សាច់​អី​ទេ​សព្វថ្ងៃ»

អ្នក​សម្របសម្រួល​នៃ​សមាគម​ការពារ​សិទ្ធិ​មនុស្ស អាដហុក ប្រចាំ​ខេត្ត​កំពត និង​ក្រុង​កែប  អ្នកស្រី ទ្រី ឈូន បាន​មាន​ប្រសាសន៍​ថា រដ្ឋាភិបាល​ពុំ​បាន​ដាក់​ចេញ​នូវ​គម្រោង​នេះ​ដោយ​អនុលោម​ទៅ​តាម​ច្បាប់​នោះ​ទេ ៖ «ខ្ញុំ​យល់​ឃើញ​ថា រដ្ឋាភិបាល​ខ្លួន​ឯង​ហ្នឹង អត់​គោរព​ច្បាប់​ដែល​ខ្លួន​ឯង​បាន​ចែង​មក​ទេ ពាក់ព័ន្ធ​រឿង​ឲ្យ​ដី​សមុទ្រ ដី​ព្រែក ទៅ​ជា​កម្មសិទ្ធិ​ឯកជន ដោយសារ​ថា ឲ្យ​មន្រ្តី​អ្នក​មាន​អំណាច ហើយ​និង​អ្នក​មាន​លុយ​ហ្នឹង យក​កម្មសិទ្ធិ​លើ​ដី ដែល​ជា​ទ្រព្យ​សម្បត្តិ​សាធារណៈ​របស់​រដ្ឋ។ ហើយ​ដី​ទាំង​នេះ យើង​ឃើញ​ថា វា​ជា​ប្រភេទ​ដី​សមុទ្រ និង​ព្រែក វា​នៅ​បម្រើ​ឲ្យ​ផល​ប្រយោជន៍​សាធារណៈ។ ជាក់ស្ដែង យើង​ឃើញ​ប្រជា​ពលរដ្ឋ​នៅ​ឃុំ​ត្រើយកោះ​ទាំងមូល​ហ្នឹង គាត់​បាន​ប្រកប​របរ​នេសាទ តាំង​ពី​ដូន​ពី​តា​គេ​មក»

គួរ​ជម្រាប​ថា ទាក់ទង​ទៅ​នឹង​គម្រោង​អភិវឌ្ឍន៍​នេះ កាល​ពី​ថ្ងៃ​អាទិត្យ សប្ដាហ៍​មុន យុវជន​ម្នាក់​និង​កុមារា​ម្នាក់ ត្រូវ​បាន​ចាប់​ខ្លួន​ដោយ​កង​កម្លាំង​ប្រដាប់​អាវុធ ហើយ​នាំ​យក​ទៅ​ឃុំ​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពត រយៈ​ពេល​មួយ​យប់ ក្រោម​បទ​ចោទ​ប្រកាន់​ថា បាន​បំផ្លាញ​ខ្យូស​នៅ​តំបន់​ឆ្នេរ​អភិវឌ្ឍន៍៕

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល