សម្ព័ន្ធ​ប្រជា​នេសាទ​កម្ពុជា​រក​វិធី​គ្រប់គ្រង​ធនធាន​ជលផល

នៅ​ពេល​ឡូត៍​នេសាទ​កាត់​មក​ឲ្យ​ប្រើ​ជា​សាធារណៈ​ហើយ បែរ​ជា​មាន​ប្រជាពលរដ្ឋ​តិចតួច​អាច​នេសាទ​បាន តែ​ភាគ​ច្រើន​លើសលប់ គឺ​ឈ្មួញ និង​អ្នក​មាន​អំណាច លក់​ឲ្យ​ជន​បរទេស​ចូល​នេសាទ លួច​ប្រើ​ឧបករណ៍​ទំនើបៗ​ខុស​ច្បាប់។
ដោយ អ៊ុក សាវបូរី
2012.11.22
meeting_305.jpg សិក្ខា​សាលា​ពង្រឹង​សម្ព័ន្ធ​ប្រជា​នេសាទ​កម្ពុជា ជាមួយ​បណ្ដាញ​ពាក់ព័ន្ធ​ដើម្បី​គ្រប់គ្រង​ធនធាន​ជលផល​ប្រកប​ដោយ​និរន្តរភាព នា​រាជធានី​ភ្នំពេញ ថ្ងៃ​២២ វិច្ឆិកា ឆ្នាំ​២០១២។
RFA/Ouk Savborey

បញ្ហា​នេះ ទើប​សម្ព័ន្ធ​ប្រជា​នេសាទ​កម្ពុជា និង​អង្គការ​ក្រៅ​រដ្ឋាភិបាល រក​វិធី​គ្រប់គ្រង​ធនធាន​ជលផល​ឲ្យ​នៅ​តែ​សំបូរ​រហូត​ទៅ។

សម្ព័ន្ធ​ប្រជា​នេសាទ​កម្ពុជា ចំនួន ៦០​នាក់ មក​ពី ៣​តំបន់ គឺ​ទន្លេសាប ទន្លេ​មេគង្គ និង​សមុទ្ទ និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​ ជួបជុំ​គ្នា​រក​វិធី​គ្រប់គ្រង​ធនធាន​ជលផល​ឲ្យ​មាន​និរន្តរភាព។

ការ​ជួប​ជុំ​គ្នា​នេះ គឺ​ក្រោយ​ពី​នាយករដ្ឋមន្ត្រី ហ៊ុន សែន កាត់​ឡូត៍​នេសាទ​មក​ឲ្យ​សាធារណជន​ប្រើប្រាស់​វិញ កាល​ពី​ខែ​មេសា ឆ្នាំ​២០១២។

ប្រធាន​សម្ព័ន្ធ​ប្រជា​នេសាទ​កម្ពុជា លោក ឡុង សូចែត ថ្លែង​នៅ​ថ្ងៃ​២២ ខែ​វិច្ឆិកា ថា ការ​ខិតខំ​ប្រឹងប្រែង​របស់​សម្ព័ន្ធ​ប្រជា​នេសាទ​កម្ពុជា គឺ​ដើម្បី​ការពារ​ផល​ត្រី​ទឹក​សាប និង​ត្រី​ទឹក​ប្រៃ។ ប៉ុន្តែ​ប្រជា​នេសាទ ៣​តំបន់ បាន​រង​នូវ​ការ​ប្ដឹង​ពី​ឈ្មួញ និង​មន្ត្រី​ជលផល​ទៅ​តុលាការ។ តែ​ការ​តស៊ូ​មតិ​បាន​ធ្វើ​ឲ្យ​រាជរដ្ឋាភិបាល​កាត់​ឡូត៍​នេសាទ​នៅ​ជុំវិញ​បឹង​ទន្លេសាប និង​តាម​ខេត្ត​មួយ​ចំនួន មក​ឲ្យ​ប្រជាពលរដ្ឋ​រក​នេសាទ​ជា​សាធារណៈ។ ហេតុ​នេះ​អ្នក​នេសាទ​ត្រូវ​តែ​រួម​គ្នា​ការពារ​ទាំង​ព្រៃ​លិច​ទឹក ទប់​ស្កាត់​បទល្មើស​ដែល​លួច​ប្រើ​ឧបករណ៍​ខុស​ច្បាប់ និង​ទប់ស្កាត់​បច្ចេកទេស​ចាប់​ត្រី​ទំនើប​ដែល​កំពុង​សំរុក​បំផ្លាញ​ត្រី​ក្នុង​ទន្លេ និង​សមុទ្ទ​នៅ​តំបន់​ទាំង​៣។

លោក ឡុង សូចែត៖ «ខ្ញុំ​ឃើញ​ប្រជា​នេសាទ​នៅ​តាម​តំបន់​ភាគ​ច្រើន​នោះ ឃើញ​ចាប់​ផ្តើម​ប្រើ​មង​ក្រឡា ១​តឹក​២​ហ៊ុន និង​ក្រឡា ១​តឹក បាន​សេចក្ដី​ថា ត្រី​នៅ​ក្នុង​បឹង​ទន្លេ​សាប អាច​មាន​ធំៗ​ខ្លះ​មក​វិញ​ហើយ»

តំណាង​ប្រជា​នេសាទ​តំបន់​សមុទ្ទ លោក ឡោ ឈាន ថ្លែង​ថា ការ​ប្រឹងប្រែង​ការពារ​ធនធាន​ជលផល​របស់​ពួក​គាត់​នេះ មិន​មែន​ផល​ប្រយោជន៍​អ្នក​ណា​មួយ ឬ​គណបក្ស​ណា​ទេ គឺ​ការពារ​ផល​ប្រយោជន៍​សង្គម និង​សហគមន៍។ ប៉ុន្តែ​មាន​ក្រុមហ៊ុន​ក្នុង​ស្រុក​មួយ​ចំនួន​ចាក់​ដី​លុប​ឆ្នេរ។ នៅ​ពេល​ពលរដ្ឋ​ទៅ​ការពារ​ទំនប់​ឆ្នេរ រង​នូវ​ការ​ប្តឹង​ឡើង​តុលាការ។

លោក​ថា ប្រជា​នេសាទ​តំបន់​ឆ្នេរ​កំពុង​ប្រឈម គឺ​ក្រុមហ៊ុន​វៀតណាម សុំ​គម្រោង​អភិវឌ្ឍន៍​ព្រៃ​កោងកាង ១.២០០​ហិកតារ ដែល​ប៉ះពាល់​ដល់​កិច្ច​ការពារ​ធនធាន​ជលផល និង​ដែន​នេសាទ៖ «ប្រឈម​មួយ​ទៀត ក្រុមហ៊ុន​គ្រីស្តាល់រាយ ឃើញ​ធ្វើ​សកម្មភាព​ស្តារ​ព្រែក​ត្នោត មាន​ទទឹង ៩០​ម៉ែត្រ បណ្តោយ ៣.៥០0 ជម្រៅ ៦​ម៉ែត្រ និង​បាត ៣០​ម៉ែត្រ»

ប្រធាន​សហគមន៍​នេសាទ​តំបន់​ទន្លេ​មេគង្គ និង​ជា​ប្រធាន​ឡូត៍​លេខ ១៨ ខេត្ត​កណ្ដាល លោក​ ចាន់ សាវ៉ន ថ្លែង​ថា ឡូត៍​លេខ ១៧ កំពុង​មាន​ការ​បាញ់​ថ្នាំ​សម្លាប់​ព្រៃ​លិច​ទឹក និង​ជីវចម្រុះ​ច្រើន​ទៀត នៅ​ក្នុង​ស្រុក​ខ្សាច់កណ្ដាល៖ «បាញ់​សម្លាប់​ព្រៃ​លិច​ទឹក​នៅ​ចំណុច​បឹង​ប្រា​នេះ​តែម្ដង​ តែ​ខ្ញុំ​មិន​ទាន់​អាច​សន្និដ្ឋាន​ថា ហិកតារ​នោះ​ប៉ុន្មាន​ទេ ព្រោះ​ថា យើង​ខ្ញុំ​មិន​ទាន់​សិក្សា​ច្បាស់​លាស់»

មន្ត្រី​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក ខេត្ត​កំពត អ្នកស្រី ទ្រី ឈូន ថ្លែង​ថា ក្រោម​ការ​ជួយ​ការពារ​ផ្លូវ​ច្បាប់ ពី​អង្គការ​សហការ​ធ្វើ​ជា​ដៃគូ​ប្រជា​នេសាទ​នៅ​តំបន់​ទន្លេ​សាប ត្រូវ​តុលាការ​បាន​បញ្ចប់​ការ​ចោទ​មក​លើ​អ្នក​នេសាទ​ចំនួន ២០​នាក់៖ «គឺ​ដើម​ខែ​វិច្ឆិកា នេះ តុលាការ​បាន​ចេញ​ដីកា​លើកលែង​ចោទ​ប្រកាន់​ទៅ​លើ​ប្រជា​នេសាទ​យើង​ទាំង​អស់»

នាយក​ប្រតិបត្តិ​នៃ​អង្គការ​សម្ពន្ធភាព​ដើម្បី​អភិរក្ស​ធនធាន​ជលផល ហៅ​កាត់​ថា (FACT) លោក ឱម សាវ៉ាត ថ្លែង​ថា ស្ថានភាព​នេសាទ​ក្នុង​ឆ្នាំ​២០១២ ទាក់ទង​ការ​ប្រើ​ឧបករណ៍​នេសាទ​ខុស​ច្បាប់ និង​សកម្មភាព​តស៊ូ​មតិ​នានា​របស់​សម្ព័ន្ធ​ប្រជា​នេសាទ​កម្ពុជា មាន​សន្ទុះ​ខ្លាំងក្លា ដោយ​ធ្វើ​ហើយ​ធ្វើ​ទៀត តាម​រយៈ​ការ​ប្រជុំ​ដោះស្រាយ​បញ្ហា​ក្នុង​សិក្ខាសាលា​ ធ្វើ​ជា​ញត្តិ ឬ​សំណូមពរ និង​ជួប​ជាមួយ​ថ្នាក់ដឹកនាំ ជា​ពិសេស​រដ្ឋបាល​ជលផល។

បច្ចុប្បន្ន​ប្រធាន​រដ្ឋបាល​ជលផល បាន​ផ្ដល់​សិទ្ធិ​ជូន​សម្ព័ន្ធ​ប្រជា​នេសាទ​កម្ពុជា ​អាច​ចូល​ជួប និង​ឲ្យ​ជូន​ដំណឹង​ពី​បទល្មើស​នានា ដែល​កើត​មាន​ក្នុង​ស្រុក​លោក​ថា នៅ​ថ្ងៃ​២៣ ខែ​វិច្ឆិកា សម្ព័ន្ធ​ប្រជា​នេសាទ​កម្ពុជា នឹង​នាំ​យក​បញ្ហា​ដែល​បាន​កើត​ក្នុង​តំបន់​ទន្លេសាប ​ទន្លេ​មេគង្គ និង​តំបន់​ឆ្នេរ​សមុទ្ទ ដាក់​ជូន​រដ្ឋបាល​ជលផល​ជួយ​ដោះស្រាយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។