បទល្មើស​នេសាទ​នៅ​បឹង​ទន្លេ​សាប កំពុង​តែ​កម្រើក​ឡើង​វិញ

បទល្មើស​នេសាទ​នៅ​បឹង​ទន្លេ​សាប កំពុង​តែ​កម្រើក​ឡើង​វិញ និង​រីក​រាល​ដាល​គួរ​ឲ្យ​ព្រួយ​បារម្ភ ក្រោយ​ពី​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រកាស​លុប​ឡូត៍​នេសាទ​ឯកជន​សរុប​ចំនួន ៣៧ កន្លែង នៅ​បឹង​ទន្លេ​សាប កាល​ពី​ខែ​កុម្ភៈ ឆ្នាំ ២០១២ កន្លង​មក​នេះ។

0:00 / 0:00

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ថ្ងៃ​ទី ១១ ខែ មេសា ឆ្នាំ ២០១២ បាន​អំពាវនាវ​សុំ​ឲ្យ​ប្រជា​នេសាទ​នៅ​បឹង​ទន្លេ​សាប បញ្ឈប់​ការ​នេសាទ​ដោយ​ប្រើប្រាស់​ឧបករណ៍​ខុស​ច្បាប់ ដូច​ជា ការ​ឆក់​ត្រី និង​សំណាញ់​ក្រឡា​ញឹក ដើម្បី​ចាប់​ត្រី នៅ​តំបន់​អភិរក្ស​ត្រី​ធម្មជាតិ​នៅ​បឹង​ទន្លេ​សាប និង​តំបន់​នេសាទ​ជា​សាធារណៈ។

លោក​នាយក​រដ្ឋមន្ត្រី​បញ្ជាក់​ថា បើ​មិន​ដូច្នោះ​ទេ អ្នក​ប្រព្រឹត្ត​បទ​ល្មើស​នេសាទ​ខុស​ច្បាប់​នោះ និង​ត្រូវ​ចាប់​ឃាត់ ខ្លួន​ផ្ដន្ទាទោស​តាម​ច្បាប់​ជលផល។ លោក​ព្រមាន​ទៀត​ថា លោក​មិន​សម្រួល​ឲ្យ​មាន​ការ​លើក​លែង​ទោស ឬ​ដោះ​លែង​ឲ្យ​មាន​សេរីភាព​វិញ ដូច​ពេល​មុន​ទៀត​ឡើយ។

ការ​ព្រមាន​នេះ បាន​ធ្វើ​ឡើង​ក្រោយ​ពី​មន្ត្រី​ជលផល​បាន​ចុះ​បង្ក្រាប​បទល្មើស​នេសាទ​ត្រី នៅ​បឹង​ទន្លេ សាប ចំនួន​ជាង ៥០០ ករណី នៅ​ខែ​មីនា ឆ្នាំ ២០១២ ថ្មីៗ នេះ និង​បទល្មើស​នេសាទ​ថ្មី​មួយ​ចំនួន​ទៀត នៅ​ខែ​មេសា ឆ្នាំ ២០១២។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន មាន​ប្រសាសន៍​នៅ​ឯ​ពិធី​បិទ​សន្និបាត​បូក​សរុប​ការងារ​ឆ្នាំ ២០១១ របស់​ក្រសួង​កសិកម្ម រុក្ខា ប្រមាញ់ និង​នេសាទ នៅ​មហាវិទ្យាល័យ​កសិកម្ម ចម្ការ​ដូង​ថា សូម​ឲ្យ​ប្រជាពលរដ្ឋ​កុំ​ប្រើ​ឧបករណ៍​នេសាទ​ខុស​ច្បាប់ បំផ្លាញ​ធនធាន​មច្ឆា​ជាតិ នៅ​បឹង​ទន្លេ​សាប។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន៖ «ចាប់​ពី​ពេល​នេះ​តទៅ គឺ​អត់​មាន​ការ​យោគយល់​បាន​បន្ថែម​ទេ។ ចាំ​ឲ្យ​ដោះ​ទៀត អត់​ទេ។ គុក​ហើយ​និយាយ​ឲ្យ​ច្បាស់​ត្រង់ៗ ជា​មួយ​គ្នា។ ចង់​ទៅ​ចាប់​មួយ​ថ្ងៃ ២ ថ្ងៃ ៣ ថ្ងៃ ឬ​ចាប់​មួយ​អាទិត្យ​នៅ​កន្លែង​ហ្នឹង​ក៏​បាន ឱ្យ​តែ​ប្រើ​ឧបករណ៍​ត្រូវ​ច្បាប់»។

លោក ហ៊ុន សែន ក៏​បាន​ទទូច​សុំ​ឲ្យ​អាជ្ញាធរ​នៅ​មូលដ្ឋាន ជា​ពិសេស​អាជ្ញាធរ​ខេត្ត​កំពង់ធំ ជាប់​បឹង​ទន្លេសាប ត្រូវ​ចូលរួម​សហការ​បង្ក្រាប​បទល្មើស​នេសាទ​ត្រី ពីព្រោះ​កន្លង​មក អាជ្ញាធរ​នៅ​ខេត្ត​កំពង់ធំ មិន​បាន​សហការ​ទេ ជាមួយ​រដ្ឋបាល​ជលផល។

រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខា ប្រមាញ់ និង​នេសាទ លោក ច័ន្ទ សារុន មាន​ប្រសាសន៍​ថា ការ​អំពាវនាវ​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន គឺ​មាន​សារៈសំខាន់​ណាស់។

លោក ច័ន្ទ សារុន ៖ «ពង្រឹង​ដល់​ការងារ​បង្ក្រាប​បទល្មើស​នេសាទ»។

ជា​រួម កិច្ច​ខិតខំ​ប្រឹងប្រែង​ការពារ​មច្ឆា​ជាតិ​នៅ​បឹង​ទន្លេសាប​នោះ គឺ​នៅ​គ្រា​ដែល​រដ្ឋបាល​ជលផល​នៃ​ក្រសួង​កសិកម្ម រុក្ខា ប្រមាញ់ និង​នេសាទ កំពុង​បាន​កំណត់​តំបន់​អភិរក្ស​ត្រី​ជិត​ផុត​ពូជ​ចំនួន ៥៨ ប្រភេទ នៅ​តំបន់​អភិរក្ស​ត្រី​ជិត​ផុត​ពូជ ចំនួន ៥០ កន្លែង​នៅ​បឹង​ទន្លេ​សាប ដែល​មាន​ផ្ទៃ​ទឹក​ទំហំ​ជិត ១០ ម៉ឺន​ហិកតារ ក្រោយ​ពី​លោក ហ៊ុន សែន បាន​ប្រកាស​លុប​ឡូត៍​នេសាទ​ឯកជន​សរុប ចំនួន ៣៧ កន្លែង​នៅ​បឹង​ទន្លេ​សាប កាល​ពី​ខែ​កុម្ភៈ ឆ្នាំ ២០១២ ថ្មីៗ នេះ។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏​បាន​ទទូច​សុំ​ឲ្យ​អាជ្ញាធរ​នៅ​មូលដ្ឋាន នៅ​ខេត្ត​ចំនួន ៨ នៅ​ជុំវិញ​បឹង​ទន្លេសាប សហការ​ជាមួយ​រដ្ឋបាល​ជលផល បង្ក្រាប​បទ​ល្មើស​នេសាទ នៅ​បឹង​ទន្លេសាប ពីព្រោះ​រដ្ឋបាល​ជលផល មិន​អាច​ធ្វើ​ការងារ​នេះ​តែ​ម្នាក់​ឯង​បាន​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃ​ថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។