អាជ្ញាធរ​ប្រកាស​បើក​រដូវ​នេសាទ​ឡើង​វិញ

រដ្ឋបាល​ជលផល​នៃ​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់​និង​នេសាទ បាន​ប្រកាស​រដូវ​បើក​នេសាទ​វិញ​ហើយ ចាប់​ពី​ដើម​ខែ​តុលា​នេះ​ត​ទៅ ដោយ​បាន​អនុញ្ញាត​ឲ្យ​មាន​ការ​នេសាទ​ជា​លក្ខណៈ​សិប្បកម្ម​និង​នេសាទ​គ្រប់​ប្រភេទ​នៅ​តាម​បឹង ស្ទឹង​និង​ទន្លេ ក្រោយ​ពី​បាន​បិទ​រដូវ​នេសាទ​រយៈពេល​ច្រើន​ខែ​មក​ហើយ។
ដោយ សុខ សេរី
2009.10.06
នេសាទ​៣០៥ កម្មករ​លាង​ត្រី​ដើម្បី​ធ្វើ​ប្រហុក នៅ​ភូមិ​ច្រាំងចំរេះ ក្នុង​ខណ្ឌ​ឫស្សីកែវ ក្រុង​ភ្នំពេញ កាលពី​ថ្ងៃ​៨ មករា ២០០៩។
AFP Photo/Tang Chhin Sothy

លោក ណៅ ធួក ប្រធាន​រដ្ឋបាល​ជលផល​នៃ​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់​និង​នេសាទ បាន​មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា ៖ «បើក​តាំង​ពី​ថ្ងៃ​១ ខែ​១០​ហ្នឹង​មក ប៉ែក​ខាង​ជើង​ខ្សែ​ស្រប​ទន្លេ​ចតុមុខ ខេត្ត​នៅ​ខាង​ជើង​ខ្សែ​ស្រប​ទន្លេ​ចតុមុខ ខេត្ត​ជុំវិញ​បឹង​ទន្លេ​សាប ខេត្ត​ក្រចេះ ស្ទឹងត្រែង​អី​ទាំងអស់​ហ្នឹង បាត់ដំបង។ អនុញ្ញាត​ឲ្យ​បើក​នេសាទ​សិប្បកម្ម​បាន​គ្រប់​ប្រភេទ»

លោក​បាន​រំពឹង​ទុក​ថា ប្រទេស​កម្ពុជា​នឹង​ប្រមូល​ទិន្នផល​ត្រី​ទឹក​សាប​បាន​ចំនួន​ប្រមាណ​៣៨០​ពាន់​តោន​ទៅ​៤០០​ពាន់​តោន​នៅ​ឆ្នាំ​២០០៩​នេះ និង​ទិន្នផល​ត្រី​ទឹក​ប្រៃ​ឬ​សមុទ្រ​នឹង​ទទួល​បាន​ចំនួន​ប្រមាណ​៦៥​ពាន់​តោន​នៅ​ឆ្នាំ​ដដែល​នេះ។

លោក ណៅ ធួក បាន​មាន​ប្រសាសន៍​បញ្ជាក់​ទៀត​ថា នៅ​ក្នុង​អំទ្បុង​រដូវ​បិទ​នេសាទ​រយៈពេល​៤​ខែ​កន្លង​មក​នេះ រដ្ឋបាល​ជលផល​បាន​បង្រ្កាប​និង​រឹប​អូស​បាន​របាំង​ស្បៃ​មុង​នេសាទ​ខុស​ច្បាប់​ចំនួន​ប្រមាណ​១​លាន​ម៉ែត្រ ព្រម​ទាំង​ឧបករណ៍​ឆក់​ត្រី​ចំនួន​ប្រមាណ​៤​ពាន់​គ្រឿង​ត្រូវ​បាន​ដុត​បំផ្លាញ​ចោល។ ក្រៅ​ពី​នេះ​មនុស្ស​ចំនួន​ប្រមាណ​៥០​នាក់​ត្រូវ​បាន​អាជ្ញាធរ​រដ្ឋបាល​ជលផល​ចាប់​ខ្លួន​បញ្ជូន​ទៅ​តុលាការ​ដើម្បី​ផ្តន្ទា​ទោស ក្រោម​បទល្មើស​នេសាទ​ខុស​ច្បាប់​នៅ​ក្នុង​រដូវ​បិទ​នេសាទ​កន្លង​មក​នេះ។

ជាមួយ​គ្នា​នេះ​ដែរ ប្រភព​ពី​ប្រជាពលរដ្ឋ​ធ្លាប់​បាន​ត្អូញត្អែរ​ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា ការ​នេសាទ​ជា​លក្ខណៈ​គ្រួសារ​របស់​ពលរដ្ឋ​ជា​ញឹកញាប់​ត្រូវ​បាន​អាជ្ញាធរ​បង្រ្កាប ប៉ុន្តែ​ការ​នេសាទ​ខុស​ច្បាប់​របស់​ឈ្មួញ​ធំៗ​បាន​កើត​មាន​ឡើង​ជា​ច្រើន​ករណី ដូច​ជា​នៅ​ក្នុង​ខេត្ត​ព្រៃវែង ខេត្ត​បាត់ដំបង ខេត្ត​ស្ទឹងត្រែង និង​ខេត្ត​ក្រចេះ ជាដើម។

តំណាង​ប្រជាពលរដ្ឋ​មួយចំនួន​នៅ​ក្នុង​ស្រុក​ពាមជរ ខេត្ត​ព្រៃវែង ដែល​រង​ការ​បង្រ្កាប​ដោយសារ​តែ​នេសាទ​បន្តិច​បន្តួច​ជា​លក្ខណៈ​គ្រួសារ​កន្លង​មក បាន​ថែ្លង​រិះគន់​ថា ៖ «ចំពោះ​ឈ្មួញ​ហ្នឹង​គេ​មិន​ដែល​បាន​ចាប់​ទេ ចាប់​តែ​ប្រជាពលរដ្ឋ​ដែល​រកស៊ី​ស្មោះ​ត្រង់ ដូច​ជា​ដាក់​មង ដាក់​សន្ទូច​ហ្នឹង គេ​ឃាត់ គេ​ចាប់ គេ​ឲ្យ​បង់​លុយ។ ដូច​ជា​ស្បៃ​យឺន​ហ្នឹង គឺ​គេ​ចាប់​តែ​យឺន​ខ្មែរ​ទេ គេ​កាត់​ចោល​អ៊ីចឹង តែ​បើ​យឺន​វៀតណាម​នៅ​ពេញ​ទាំង​អស់។ យឺន​វៀតណាម​នៅ​ពេញ​ក្រោយ​ប៉ុស្តិ៍​កន្លែង​ជលផល​ហ្នឹង នៅ​ខាង​ក្រោយ​ហ្នឹង​យ៉ាង​ណែន​តែម្ដង»

សុខ សេរី ៖ លោក​បាន​ឃើញ​ផ្ទាល់​ភ្នែក​ឬ​ក៏​យ៉ាង​ម៉េច? ពលរដ្ឋ ៖ ខ្ញុំ​ឃើញ​ផ្ទាល់​តែម្ដង។ សង្ឃឹម​ថា អាជ្ញាធរ​នឹង​ជួយ​ដោះស្រាយ​ឲ្យ​ប្រជាពលរដ្ឋ​រកស៊ី​បាន មាន​សិទ្ធិ​រកស៊ី​លើ​ទឹក​ដី​របស់​ខ្មែរ​យើង។ ទឹក​ដី​របស់​ខ្មែរ​គឺ​ត្រី​របស់​ខ្មែរ។

សូម​ជម្រាប​ថា រដ្ឋបាល​ជលផល​នៅ​ក្នុង​ប្រទេស​កម្ពុជា​បាន​ដាំ​ព្រៃ​លិច​ទឹក​ទ្បើង​វិញ​បាន​ចំនួន​ប្រមាណ​៩០​ហិកតារ​ហើយ​នៅ​តាម​បណ្តា​ខេត្ត​នានា ដូច​ជា​ខេត្ត​កំពត ខេត្ត​កោះកុង ខេត្ត​កំពង់សោម និង​ខេត្ត​តាកែវ ជាដើម ចាប់​តាំង​ពី​ដើម​ខែ​កក្កដា​មក ដើម្បី​ជា​ជម្រក​ត្រី​ពង​ដែល​ព្រៃ​លិច​ទឹក​ទាំង​នោះ​បាន​រង​ការ​កាប់​បំផ្លាញ​ខុស​ច្បាប់​កន្លង​មក៕

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។