រដ្ឋាភិបាល​កម្ពុជា​លុប​ចោល​ឡូត៍​នេសាទ​ក្នុង​ខេត្ត​ចំនួន ៤

អនុ​ក្រឹត្យ​លេខ​៣៥ អ.ន.ក្រ ចុះ​ថ្ងៃ​ទី​៥ ខែ​មីនា របស់​រដ្ឋាភិបាល​កម្ពុជា បាន​សម្រេច​រំសាយ​ឡូត៍​នេសាទ​ក្នុង​ខេត្ត​ចំនួន៤ ដើម្បី​បង្កើន​ធនធាន​ធម្មជាតិ និង​បង្ក​លក្ខណៈ​ងាយ​ស្រួល​ឲ្យ​ការ​នេសាទ​ជា​លក្ខណៈ​គ្រួសារ ​។ ការ​សម្រេច​នេះ​នឹង​ត្រូវ​ចាប់​ផ្ដើម​អនុវត្តន៍ នៅ​ថ្ងៃ​ទី​១០ ខែ​មេសា ឆ្នាំ ២០១២។
ដោយ សុ ជីវី
2012.03.06

បណ្ដា​ឡូត៍​នេសាទ​ទាំង​អស់​​ ក្នុង​ ខេត្ត​កណ្ដាល​ កំពង់​ចាម ព្រៃ​វែង និង​តាកែវ ត្រូវ​រំសាយ​ជា​កន្លែង​នេសាទ​បម្រុង ផ្ដល់​ទៅ​អោយ​ពលរដ្ឋ និង​កន្លែង​អភិ​រក្ស​ជល​ផល។ ការ​រំសាយ​ឡូត៍​នេសាទ​នោះ មិន​ប៉ះពាល់​ដល់​គន្លង​ដាយ​ត្រី ដាយ​បង្កង និង​ដាយ​ត្រី​លិញ​ទេ។

អនុ​ក្រឹត្យ​លេខ ៣៥ របស់​រដ្ឋាភិបាល​កម្ពុជា បញ្ជាក់​ថា រដ្ឋបាល​ជល​ផល​នៃ​ក្រសួង​កសិកម្ម ​រុក្ខា​ប្រមាញ់ និង​នេសាទ ​ត្រូវ​ទទួល​បន្ទុក បោះ​បង្គោល​ព្រំ​ប្រទល់​កន្លែង​អភិរក្ស​ជលផល និង​កន្លែង​នេសាទ​គ្រួសារ ព្រមទាំង​រៀបចំ​ប្រគល់​នេសាទ​បម្រុង​ជូន​សហគមន៍​នេសាទ ដើម្បី​គ្រប់​គ្រង និង​ប្រើ​ប្រាស់​​ប្រ​កប​ដោយ​ការ​ទទួល​ខុស​ត្រូវ​។

អនុក្រឹត្យ​របស់​រាជ​រដ្ឋាភិបាល​ បន្ត​ថា ចំពោះ​សហគមន៍​នេសាទ ដែល​មាន​កន្លែង​នេសាទ​ជាប់​​ព្រំ​ប្រ​ទល់​ប្រ​ទេស​វៀតណាម ត្រូវ​អនុញ្ញាត​អោយ​បោះ​របាំង​ធ្នស់​ចាប់​ត្រី ប៉ុន្តែ​ហាម​មិន​អោយ​មាន​អាជីវកម្ម​ផ្ដាច់​មុខ​ឡើយ។ ចំណែក​ ឧបករណ៍​ នេសាទ​ជា​លក្ខណៈ​គ្រួសារ​ មិន​ចាំ​បាច់​កំណត់​ចំនួន និង​មាន​វិសាល​ភាព​អនុ​វត្ត​ទូ​ទាំង​ប្រ​ទេស។

លោក ណៅ ធួក ប្រតិភូ​រដ្ឋាភិបាល ទទួល​បន្ទុក​ប្រធាន​រដ្ឋ​បាល​ជល​ផល។ លោក មាន​ប្រសាសន៍​ថា នៅ​ក្នុង​ខេត្ត​ទាំង​៤ មាន​ឡូត៍​នេសាទ​ចំនួន ៤៧។ ក្នុង​មួយ​ឆ្នាំៗ ឡូត៍​នេសាទ​ទាំង​នោះ​ផ្ដល់​ប្រាក់​ចំណូល​ដល់​ថវិកា​ជាតិ​ប្រមាណ ១ លាន ដុល្លារ។ តែ​លោក​ថា​ការ​ផ្ដល់​ឡូត៍​នេសាទ​ទាំង​នោះ​ទៅ​អោយ​ពលរដ្ឋ​គឺ​មាន​ផល​ចំណេញ​ច្រើន​ជាង។

លោក ណៅ ធួក៖ «បាទ​! វា​បាន​ទៅ​ប្រជា​ពលរដ្ឋ​ច្រើន ព្រោះ​ខ្មែរ​យើង​ជា​សង្គម​បរិភោគ​ត្រី។ ហី​គាត់​នែក ហូប​ត្រី​ច្រើន។ ខ្មែរ​យើង​ហូប​ដល់​ទៅ ៥២,៤ គីឡូ​ក្រាម​ក្នុង​​មួយ​នាក់​ក្នុង​មួយ​ឆ្នាំ។ អីចឹង​ហើយ​កាលណា​ផ្ដល់​អោយ​ទៅ​ប្រជា​​ពលរដ្ឋ​គឺ​គាត់​អាច​នេសាទ​បាន​ច្រើន»។

លោក ឈិត សំអាត នាយក​ប្រតិបត្តិ​​វេទិកា​អង្គការ​មិនមែន​រដ្ឋាភិបាល​ស្ដីពី​ កម្ពុជា សាទរ​ចំពោះ​សេចក្ដី​សម្រេច​របស់​រដ្ឋាភិបាល។ លោក​ក៏​បាន​ស្នើ​​អោយ​ភាគី​ពាក់​ព័ន្ធ​ពង្រឹង​ការ​អនុវត្ត​ច្បាប់ ដែល​ធានា​ថា ពលរដ្ឋ​នៅ​មូលដ្ឋាន​ទទួល​បាន​អត្ថ​ប្រយោជន៍​ពិត​ប្រាកដ។

លោក ឈិត សំអាត៖ «ពិសេស​អោយ​មាន​ការ​ចូល​រួម​ពី​​សហគមន៍​នៅ​ក្នុង​តំបន់​អោយ​បាន​ច្រើន អោយ​គាត់​មាន​ការ​ចូល​រួម​ក្នុង​ការ​បោះ​បង្គោល ឬ​ការ​ធ្វើ​សម្រេច​ចិត្ត​ផ្សេងៗ។​ហើយ​ក៏​ពង្រឹង​ការ​អនុ​វត្ត​ច្បាប់​នេសាទ​របស់​យើង​ដែល​មាន​ស្រាប់​ហ្នឹង​បន្ថែម​ដែរ ដើម្បី​ចូល​រួម​ចំណែក​ក្នុង​ការ​ការ​ពារ ទិន្នផល ឬ​ផលិត​ផល ឬ​ក៏​ពូជ​ត្រី​ដែល​យើង​មាន​នៅ​ក្នុង​ទន្លេ»។

បើ​តាម​លោក ណៅ ធួក ការ​រំសាយ​ឡូត៍​នេសាទ​ចំនួន ៤៧ បន្ថែម​ទៀត​នេះ ជា​ផ្នែក​មួយ​នៃ​កំណែ​ទម្រង់​របស់​រដ្ឋាភិបាល លើ​ផ្នែក​ជល​ផល​ក្នុង​ការ​លើក​កម្ពស់​ការ​នេសាទ​ជា​លក្ខណៈ​គ្រួ​សារ។ គម្រោង​នេះ​ស្រប​គ្នា​នឹង​គម្រោង​ជា​សកល​របស់​អង្គការ​ស្បៀង​អាហារ និង​កសិកម្ម​របស់​អង្គការ​សហប្រជាជាតិ ដែល​ធានា​នូវ​និរន្តរភាព​នៃ​ការ​នេសាទ​លក្ខណៈ​គ្រួសារ។

ប៉ុន្តែ​លោក សុន ឆ័យ តំណាងរាស្ត្រ​គណបក្ស សម រង្ស៊ី បាន​អោយ​ដឹង​ថា វិធានការ​បែប​នេះ ជា​រឿយៗ តែង​កើត​ឡើង​ នៅ​មុន​ការ​បោះ​ឆ្នោត។ លោក សុន ឆ័យ បន្ត​ថា ទោះ​ជា​យ៉ាង​ណា​ក្ដី ប្រជា​ពលរដ្ឋ​ពិត​ជា​បាន​មើល​ឃើញ និង​អាច​បែងចែក​បាន​ត្រឹម​ត្រូវ​នៅ​ពេល​ពួក​គាត់​ចូលរួម​ក្នុង​ការ​បោះឆ្នោត​រើស​មេឃុំ ចៅ​សង្កាត់​ថ្មី ជិត​មក​ដល់ នៅ​ខែ​មិថុនា។

លោក សុន ឆ័យ៖ «ពលរដ្ឋ​លោក​ដឹង​ហើយ​ថា សម័យ​កាល​ណា ដែល​លោក​ទទួល​រង​វេទនា​ជាង​គេ នៃ​ការ​លក់​ដូរ​ឡូត៍​នេសាទ​យ៉ាង​អនាធិបតេយ្យ គឺ​សម័យ​នៃ​ការ​កាន់​កាប់​ ដោយ​រដ្ឋាភិបាល​សព្វថ្ងៃ​នេះ​ឯង។ ខ្ញុំ​ថា ពលរដ្ឋ​គាត់​មិន​ទៅ​ត្រេក​អរ​អី​ប៉ុន្មាន​ទេ។ ព្រោះ​យើង​ដឹង​ហើយ​សកម្មភាព​មន្ត្រី​ពុក​រលួយ​ក្នុង​វិស័យ​ជល​ផល​នេះ ក៏​មិន​នាំ​អោយ​មាន​ការ​ធានា​នូវ​ទិន្នផល​មច្ឆា​ជាតិ និង​ជួយ​សម្រួល​ដល់​ជីវិត​រស់​នៅ​ប្រជា​ពលរដ្ឋ​ប៉ុន្មាន​ទេ»។

ទំនាស់​លើ​បញ្ហា​ឡូត៍​នេសាទ ជា​រឿង​មួយ​ស្រួចស្រាល់​ខ្លាំងក្លា​នៅ​តាម​បណ្ដា​ខេត្ត ដែល​មាន ឡូតិ៍​នេសាទ​មួយ​ចំនួន។ ការ​ដេញ​ថ្លៃ​ឡូត៍​នេសាទ ក៏​បាន​បង្កើត​ឲ្យ​មាន​រឿង​ពុករលួយ សូកប៉ាន់ ហើយ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏​ធ្លាប់​ទារ​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​ផង​ដែរ។

កាល​ពី​ដើម​ខែ​កុម្ភៈ​កន្លង​ទៅ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ចេញ​បញ្ជា​ផ្ទាល់​មាត់​មួយ ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​បិទ​ឡូត៍​នេសាទ​ទាំង​អស់ នៅ​តំបន់​បឹង​ទន្លេសាប។ មាន​ឡូត៍​ចំនួន ៣៥ ស្ថិត​ក្នុង​ខេត្ត​ចំនួន ៥ គឺ​ខេត្ត​កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង សៀមរាប និង​កំពង់ធំ ត្រូវ​បិទ​ភ្លាមៗ និង​ឡូត៍​នេសាទ​ពីរ​ទៀត នៅ​ក្នុង​ខេត្ត​បន្ទាយ​មានជ័យ រង់ចាំ​ផុត​អាណត្តិ។

ការ​បិទ​ឡូត៍​នេសាទ​ទាំង​នោះ គឺ​ដើម្បី​កាត់​បន្ថយ​ជម្លោះ រវាង​ប្រជា​ពលរដ្ឋ និង​ម្ចាស់​ឡូត៍ និង​ផ្ដល់​ឱកាស​​ឲ្យ​ប្រជា​ពលរដ្ឋ​បាន​នេសាទ ជា​លក្ខណៈ​គ្រួសារ។

តាម​ការ​បញ្ជាក់​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ឲ្យ​ដឹង​ថា ផល​ត្រី​ទឹក​សាប​បាន​កើន​ឡើង​បន្ទាប់​ពី​បាន​ព្យួរ​ការ​នេសាទ នៅ​តាម​ឡូត៍​នេសាទ​នៅ​តំបន់​បឹង​ទន្លេសាប​មួយ​រយៈ​ពេល​ខ្លី កាល​ពី​ឆ្នាំ ២០១១។

ទិន្នន័យ​ទទួល​បាន​ពី​រដ្ឋបាល​ជល​ផល​នៃ​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​បង្ហាញ​ថា កម្ពុជា​ទទួល​បាន​បរិមាណ​ផល​ត្រី​សរុប ៦០ ម៉ឺន​តោន កាល​ពី​ឆ្នាំ ២០១១ ពោល​គឺ​កើន​ឡើង​ប្រហែល ៥ ម៉ឺន​តោន បើ​ធៀប​នឹង​ឆ្នាំ ២០១០៕

កំណត់​ចំណាំ៖ ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ ដើម្បី​រក្សា​សេចក្ដី​​ថ្លៃថ្នូរ យើង​​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា​ដែល​មិន​​ជេរ​​ប្រមាថ​​ដល់​​អ្នក​​ដទៃ​តែ​ប៉ុណ្ណោះ។

កំណត់​ចំណាំ៖ ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ ដើម្បី​រក្សា​សេចក្ដី​​ថ្លៃថ្នូរ យើង​​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា​ដែល​មិន​​ជេរ​​ប្រមាថ​​ដល់​​អ្នក​​ដទៃ​តែ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

មតិយោបល់៖

Anonymous
Mar 06, 2012 08:28 AM

សង្ឃឹមថាការបិទឡូត៍នេសាទទាំងនេះពុំមែនជាការបើកផ្លូវ;
វាតទីទឹកសម្រាប់ជនជាតិដ៍ទៃយកធ្វើជាកន្លែងចតផ្វះទឹក
នោះទេ។

Anonymous
Mar 07, 2012 11:08 AM

ជិតដល់បោះឆ្នោតហើយ គឺគាត់ធ្វើដូចេ្នះ ដើម្បីទាក់ទាញសនឹ្លកឆ្នោត នឹងយកប្រៀបលើគណបក្សប្រឆាំង។

Anonymous
Mar 07, 2012 01:52 PM

បិទឡូត័នេសាទហាមឃាត់ខ្មែរបានតែមិនអាចហាមឃាត់យួនបានទេ។​ ហ៊ុន សែន​មិនហ៊ានជាមួយយូនដាច់ខាត។​យូនបញ្ជាធើអីត្រូវធើហ្នឹង ហ៊ានក្អកត្បកបែកក្បាល។