គ.ជ.ប.ប្រកាសពីនីតិវិធីថ្មីក្នុងការឃោសនាបោះឆ្នោត
2009.03.14

អគ្គលេខាធិការគ.ជ.ប. លោក ទេព នីថា មានប្រសាសន៍នៅថ្ងៃសុក្រ ទី១៣ ខែមីនា ឆ្នាំ២០០៩ ថា នីតិវិធីឃោសនាបោះឆ្នោតថ្មីសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឆ្នាំ២០០៩នេះ ថែមនីតិវិធីថ្មីមួយទៀតហាមជនបរទេសដែលមានវត្តមានក្នុងព្រះរាជាណាចក្រកម្ពុជាចូលរួមឃោសនាបោះឆ្នោតដើម្បីគាំទ្រឬប្រឆាំងគណបក្សនយោបាយណាមួយ។
លោក ទេព នីថា បានមានប្រសាសន៍ថា ៖ «ឃោសនាបោះឆ្នោតកាលពីឆ្នាំ២០០៨កន្លងមកដែលមានជនបរទេសម្នាក់បានឡើងទៅថ្លែងលើវេទិកាឃោសនារបស់គណបក្សមួយនៅខេត្តកំពង់ចាម ហើយមានការប្ដឹងតវ៉ាដោយយើងពុំមានដាក់នៅក្នុងនីតិវិធី អ៊ីចឹងយើងពិបាកចាត់វិធានការទៅលើករណីនេះ។ អ៊ីចឹងហើយទើបដកពិសោធន៍អ៊ីចឹងបានឆ្នាំនេះ សម្រាប់ការបោះឆ្នោតនេះគឺយើងបានចែងនៅក្នុងនីតិវិធីមិនអនុញ្ញាតឲ្យជនបរទេសដែលមានវត្តមាននៅប្រទេសកម្ពុជាចូលរួមក្នុងការឃោសនានយោបាយឲ្យគណបក្សណាទេ»។
តំណាងគណបក្សសមរង្ស៊ី លោក រស់ សួរ ឲ្យដឹងថា គ.ជ.ប.ថែមនីតិវិធីថ្មីហាមជនបរទេសមិនឲ្យចូលរួមឃោសនាបោះឆ្នោតនេះតើគ.ជ.ប.បានស្គាល់ឬអនុវត្តបានទេលើជនអន្តោប្រវេសន៍វៀតណាមដែលបានចូលរួមបោះឆ្នោតនៅកម្ពុជា។
ចំណែកនាយកអង្គការខុមហ្វ្រែល លោក គល់ បញ្ញា មានប្រសាសន៍ថា បន្ថែមទៅលើនីតិវិធីថ្មីនោះគ.ជ.ប.គួរតែយកចិត្តទុកដាក់ទៅលើមន្រ្តីរាជការជានគរបាល អាវុធហត្ថ យោធា ដែលបានចូលរួមឃោសនាបោះឆ្នោតឲ្យគណបក្សនយោបាយនាំឲ្យបាត់បង់ភាពឯករាជ្យ អព្យាក្រឹត របស់អ្នកការពារសណ្តាប់ធ្នាប់និងព្រំដែនប្រទេសកម្ពុជា។
សមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត លោក ឃ្លោក ប៊ុតឌី មានប្រសាសន៍ថា នៅថ្ងៃ១៧ ខែឧសភា ឆ្នាំ២០០៩ខាងមុខ ប្រទេសកម្ពុជានឹងធ្វើការបោះឆ្នោតអសកលជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។
លោកបន្តថា ការឃោសនាបោះឆ្នោតគឺឲ្យគណបក្សនយោបាយនិងបេក្ខជនឈរឈ្មោះធ្វើការផ្សព្វផ្សាយជាសាធារណៈនូវកម្មវិធីនយោបាយរបស់ខ្លួនជូនអ្នកបោះឆ្នោត។ ការឃោសនានោះមានតែ១៥ថ្ងៃទេ ហើយត្រូវបញ្ចប់ឲ្យបាន២៤ម៉ោងមុនការបោះឆ្នោត ប៉ុន្តែរាល់អ្នកឃោសនាត្រូវគោរពនីតិវិធីនៃច្បាប់របស់គ.ជ.ប.។
លោក ឃ្លោក ប៊ុតឌី បានឲ្យដឹងថា ៖ «ទាក់ទងនឹងការឃោសនាហ្នឹងគឺថា មានបំរាមថែមទៀតហ្នឹងគឺមានការគាបសង្កត់ ការគំរាមកំហែងឬបង្ខំឲ្យធ្វើសម្បថឬផ្ដិតមេដៃសន្យាបោះឆ្នោតឲ្យគណបក្សណាមួយ»។
របាយការណ៍បណ្តោះអាសន្នពីគ.ជ.ប.ឲ្យដឹងថា គណបក្សនយោបាយ៤បានចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឆ្នាំ២០០៩ មានគណបក្សប្រជាជនកម្ពុជា គណបក្សសមរង្ស៊ី គណបក្ស នរោត្តម រណឫទ្ធិ និងគណបក្ស ហ៊្វុនស៊ិនប៉ិច។ គណបក្សទាំង៤នោះមានបេក្ខជនឈរឈ្មោះសរុប១៧.២៩៣នាក់ក្នុងនោះមានស្រ្តី២.៥៥៣នាក់៕