តុលាការខេត្តកំពង់ស្ពឺកោះហៅសកម្មជនការពារព្រៃឈើម្នាក់ទៅសាកសួរ
2009.12.22

តុលាការសាលាដំបូងខេត្តកំពង់ស្ពឺ បានកោះហៅសម្មជនការពារព្រៃឈើម្នាក់ទៅសាកសួរនៅថៃ្ងទី២៣ ខែធ្នូឆាប់ៗនេះ នៅជុំវិញសំណុំរឿងព្រហ្មទណ្ឌចោទប្រកាន់ថា សកម្មជនរូបនោះបានរំលោភដែនការពារព្រៃឈើរបស់ក្រសួងបរិស្ថាននៅក្នុងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ខេត្តកំពង់ស្ពឺនោះ និងបទចោទប្រកាន់ថា លោកបានជំរិតទារប្រាក់ពីឈ្មួញកាប់ព្រៃឈើខុសច្បាប់កាលពីឆ្នាំ២០០៨កន្លងទៅ។
ដើមបណ្តឹងដែលបានប្តឹងសកម្មជនរូបនេះ គឺជាប្រធានអនុរក្សនៃដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់នោះ។
លោក ម៉ុត ដារ៉ា ជាព្រះរាជអាជ្ញារងនៃតុលាការខេត្តកំពង់ស្ពឺ បានមានប្រសាសន៍ថា នឹងមិនមានការចាប់ឃាត់ខ្លួនទេក្រោយពីការសាកសួរនោះ។
លោក ម៉ុត ដារ៉ា មានប្រសាសន៍ដូច្នេះ ៖ «អញ្ជើញគាត់មកសាកសួរ មើលក្នុងដីកាហ្នឹងមានហើយ ហៅគាត់ទៅសាកសួរទេ មិនមែនហៅមកចាប់ខ្លួនឯណា»។
លោក ជា ហ៊ាន ជាប្រធានអង្គការឃ្លាំមើលនិងការពារសម្បត្តិធនធានធម្មជាតិនៃប្រទេសកម្ពុជា ដែលរងការកោះហៅនោះបានមានប្រសាសន៍ប្រាប់វិទ្យុអាស៊ីសេរីថា ៖ «លោកព្រះរាជអាជ្ញាឲ្យចូលខ្លួនថ្ងៃទី២៣ (ធ្នូ)។ ខ្ញុំត្រូវតែចូល។ ខ្ញុំមានការព្រួយបារម្ភដែរចំពោះបញ្ហាតុលាការ បើលោកមានយុត្តិធម៌មិនបញ្ហាទេ ខ្លាចក្រែងលោលោកពុំមានយុត្តិធម៌។ ឲ្យខ្ញុំចូលនៅថ្ងៃទី២៣ វេលាម៉ោង២និង៣០នាទីល្ងាច»។
លោក អំ សំអាត ជាប្រធានក្រុមស៊ើបអង្កេតនៃអង្គការការពារសិទ្ធិមនុស្សហៅកាត់ថា លីកាដូ បានមានប្រសាសន៍ថា ៖ «ជា ហ៊ាន គាត់បានទៅស្នាក់ការលីកាដូកំពង់ស្ពឺ ដើម្បីសុំឲ្យយើងជួយឃ្លាំមើលអំពីសុវត្ថិភាពរបស់គាត់។ លោកបំពេញតួនាទីដើម្បីការពារធនធានធម្មជាតិត្រូវបានប្ដឹងបកចោទប្រកាន់ថារំលោភទៅវិញ ដែលជាការមួយដ៏សោកស្ដាយដែលសកម្មជនការពារធនធានធម្មជាតិនិងបរិស្ថានបែរជាត្រូវបានរងការចោទប្រកាន់ទៅវិញ»។
ក្រុមមន្រ្តីអនុរក្សនៃដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ខេត្តកំពង់ស្ពឺ បានបឹ្តងចោទប្រកាន់លោក ជា ហ៊ាន ខាងលើនេះ ដោយសារតែលោកបានដឹកនាំសកម្មជនរបស់លោកជាច្រើននាក់ចូលទៅតាមដាន និងឃ្លាំមើលសកម្មភាពកាប់ព្រៃឈើនិងដឹកឈើប្រណីតខុសច្បាប់ កាលពីខែកញ្ញា ឆ្នាំ២០០៨ និងសកម្មភាពកាប់ព្រៃឈើវាតទីយកដីធ្លីចំនួន៣.០០០ហិកតា នៅចំណុចស្ទឹងអូរអញ្ចាញ ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។
លោក ជា ហ៊ាន ត្រូវបានគេកត់សម្គាល់ថា ជាសកម្មជនការពារព្រៃឈើដែលបានរិះគន់ដោយចំហចំពោះមន្រ្តីបរិស្ថាននៅក្នុងខេត្តកំពង់ស្ពឺ អំពីការបណ្តែតបណ្តោយឲ្យមានបទល្មើសព្រៃឈើខុសច្បាប់នៅទីនោះ៕